Saturday, May 4, 2013

អង្គការ​សិទ្ធិ​មនុស្ស៖ ​កម្ពុជា​គួរ​បញ្ឈប់​ប្រើប្រាស់​តុលាការ​បង្ក្រាប​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស

0 comments
វ៉ាស៊ីនតោន៖ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា កម្ពុជា​គួរ​បញ្ឈប់​ប្រើប្រាស់​តុលាការ​ដើម្បី​បង្ក្រាប​ក្រុម​មន្ត្រី​ សិទ្ធិ​មនុស្ស។ មាន​ក្តី​បារម្ភ​ខ្លះៗ​ថា កំណើន​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នឹង​រីក​ធំ​ឡើង ប្រសិន​បើ​តុលាការ​ត្រូវ​គេ​បន្ត​ប្រើប្រាស់​ដើម្បី​បិទ​សិទ្ធិ​ក្រុម​ សិទ្ធិ​មនុស្ស​និង​អ្នក​មាន​សំឡេង​ជំទាស់។
សកម្មជន​ ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ដើរ​ដង្ហែ​ក្បួន​ដើម្បី​កត់សម្គាល់​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ក្នុង​ ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃច័ន្ទ ទី​១០ ខែធ្នូ​ឆ្នាំ២០១២។
សកម្មជន​សិទ្ធិ​មនុស្ស​ដែល​លេច​ធ្លោ​ម្នាក់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ អាដហុក លោក​ចាន់ សុវ៉េត​កំពុង​ជាប់​ប្តឹង​ផ្តល់​ជាថ្មី​ទៀត​ពី​សំណាក់​មេឃុំ​គណបក្ស​ គ្រប់គ្រង​ អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ពី​បទ​ញុះញង់​និង​ផ្សព្វផ្សាយ​ ព័ត៌មាន​មិនពិត​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​នៅ​តំបន់មួយ​ ដែល​គ្រប់គ្រង​ដោយ​ អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​គឺ​ឧញ្ញ៉ា​ទ្រី ភាព។ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​និយាយ​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​សំឡេង​ជំទាស់​នឹង​នាំ​ឲ្យ​ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការណ៍​ពិត។​

លោកចាន់ សុវ៉េត ​អនុប្រធាន​ការិយាល័យ​ស៊ើប​អង្គេត​នៃ​អង្គការ​អាដហុក ​បាន​ ចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ​ដែល​កំពុង​មាន​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ​ ក្រុមហ៊ុន​ MDS​របស់​លោក​ឧកញ៉ា​ ទ្រី ភាព​ និងផ្នែក​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​នៅ​ក្នុង​ឃុំថ្ម​ដារ ​ស្រុក​វាលវែង ​ខេត្ត​ពោធិ៍សាត់។​ លោកសុវ៉េត​ត្រូវ​រង​នូវ​ពាក្យ​បណ្តឹង​ពី​មេឃុំ​គណបក្ស​កាន់​អំណាច​គឺ​លោក​ ព្រំ ងួន​ នៃឃុំ​ថ្មដារ ក្រោយពី​លោក​បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​បណ្តាញ​ព័ត៌មាន​ទាក់ទង​នឹង​សិទ្ធិ​ កាន់កាប់​ដីធ្លី​និង​ការ​អភិវឌ្ឍ​ដែល​គ្មាន​ការ​រីក​ចម្រើន​ទៅមុខ​ លើ​ដី​សម្បទាន​សេដ្ឋ​កិច្ច​នេះ។ ​តុលាការ​ខេត្ត​ពោធិ៍សាត់​មិនទាន់​មាន​ការ​ចោទ​ប្រកាន់​ ឬ​កោះ​ទៅ​សាកសួរ​នៅ​ឡើយ​ទេ​ តែ​អះអាង​ថា​ បាន​ទទួល​ពាក្យ​បណ្តឹង​ហើយ។​

ទោះជា ​យ៉ាងណា​ក៏ដោយ​ លោក​ហ្វ៊ីល រ៉ប៊ឺតសុន​ (Phil Robertson) ​បាន​ប្រដូច​ ចំណាត់​ការ​លើ​ករណី​លោក​ចាន់ សុវ៉េត​ គឺ​ជា​ការ​សម្លាប់​មាន់​ដើម្បី​បន្លាច​សត្វ​ស្វា​ និង​ជា​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធិភាព​ ដើម្បី​បំបិទ​សំឡេង​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​ការ​បង្ហាញ​ការណ៍​ពិត​ និង​ជួយ​ដល់​ពល​រដ្ឋ​ដែល​ត្រូវ​គេ​រំលោភ​បំពាន​សិទ្ធិ។​

«រដ្ឋាភិបាល ​កម្ពុជា​ទទួល​បាន​ប្រសិទ្ធិភាព​ក្នុង​ការ​គម្រាម​កំហែង​ពលរដ្ឋ​ ដោយ​ការ​ប្រើប្រាស់​តុលាការ​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​ ដើម្បី​វាយ​ប្រហារ​អ្នក​មាន​និន្នាការ​ជំទាស់​និង​ចាប់​ពួកគេ​ដាក់គុក​ពី​បទ ​ប្រឌិត​ការ​ចោទ​ប្រកាន់។​ ដូច្នេះ​ជា​ថ្មី​ម្តង​ទៀត​ យើង​ទំនង​ជាអាច​ឃើញ​ល្បែង​មួយ​ទៀត​ចេញ​ពីការ​ប្រឌិត​ការ​ចោទ​ប្រកាន់​ពី​បទ​ ចោទ​ប្រកាន់​តាម​បែប​នយោបាយ​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​លោក​ចាន់ ​សុវ៉េត»។​

មន្ត្រី​សិទ្ធិ​មនុស្ស​ពីរនាក់​មក​ពី​អង្គការ​អាដហុក​ និង​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ដីធ្លី​៤៦​នាក់​ត្រូវ​រងការ​គម្រាម​ កំហែង​តាម​ប្រព័ន្ធ​តុលាការ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល​បីខែ​ដើម​ឆ្នាំ​ នេះ។​ លោកចាន់ សុវ៉េត​ កាលពី​ថ្មីនេះ​ ធ្លាប់​ទទួល​រង​ការ​ចោទ​ប្រកាន់​ម្តង​ហើយ​ពីបទ​ពាក់​ព័ន្ធ​នឹង​ការ​ជួយ​ដល់​ ក្រុម​របស់​លោក​ប៊ុន រដ្ឋា ​ដែល​ត្រូវ​រដ្ឋាភិបាល​ប្តឹង​ចោទ​ថា​ ប៉ុនប៉ង​ធ្វើ​អបគមន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល។​

លោក​យ័ប គឹមទឹង​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ មាន​មូលដ្ឋាន​នៅ​ស.រ.អា.​បាន​អះអាង​ថា​ ការ​ចាប់​ ការ​បង្រ្កាប​មន្ត្រី​សិទ្ធិ​មនុស្ស​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិច្ចការ​ របស់​ពួក​គេ​ និង​ប៉ះពាល់​ការ​រីក​លូតលាស់​របស់​ប្រទេស​កម្ពុជា។​

«នៅ ​ស្រុក​ខ្មែរ​យើង​ឥឡូវ​នេះ​ដូច​ថា ​រដ្ឋាភិបាល​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​មួយ​ដើម្បី​បិទ​សិទ្ធិ​មនុស្ស​ ដើម្បី​មិនឲ្យ​និយាយ​ស្តីអី​ឲ្យ​បាន​ត្រឹម​ត្រូវ ​ពីព្រោះ​ជួន​កាល​ ដល់ពេល​បិទមាត់​អញ្ចឹង​ទៅ​រដ្ឋាភិបាល​មិន​ដឹង​ថា ​ខ្លួន​ធ្វើ​អី​ខុស​នៅ​ក្នុង​ប្រទេស​ទេ ​ដល់​ពេល​អញ្ចឹង​ទៅ​ រដ្ឋាភិបាល​មិន​អាច​ជួយ​ឲ្យ​ប្រទេស​យើង​រីក​ចម្រើន​ទៅ​មុខ»។​

លោក Robertson​ និង​លោក​គឹមទឹង​បាន​អះអាង​ថា​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាង​ឲ្យ​ក្លាយជា​រដ្ឋាភិបាល​ដែល​គិត​ពី​ប្រជា​ ពលរដ្ឋ ​មាន​តម្លាភាព​ មាន​អភិបាល​កិច្ច​ល្អ ​តែ​មិន​គួរ​ជា​រដ្ឋាភិបាល​ដែល​មាន​អំពើ​ពុក​រលួយ ​ហើយ​ធ្វើ​គម្រោង​ការ​ពុករ​លួយ​ជាមួយ​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ទេ។​

ប្រទេស ​កម្ពុជា​ផ្តល់ដី​សម្បទាន​ដល់​ក្រុមហ៊ុន​ឯកជន​ជាង​២​លាន​ហិចតា​ដើម្បី​ កាអភិវឌ្ឍ​នៅ​ទូទាំង​ប្រទេស។​ តែ​ពល​រដ្ឋ​ជា​ច្រើន​ ដែល​រង​គ្រោះ​ដោយសារ​ដីធ្លី​ ​បាន​សម្តែង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ផ្តល់ដី​សម្បទាន​ទាំង​នោះ​ ដោយសារ​ថា​ មាន​ការ​រំលោភ​បំពាន​ដីធ្លី​ ផ្ទះ​សម្បែង​របស់​ពួកគេ​ មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ប៉ះពាល់​ដល់​ព្រៃ​ធម្មជាតិ​របស់​ជនជាតិ​ដើម​ភាគតិច​ជាដើម។​ កម្ម​សិទ្ធិ​ដីធ្លី​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​ក្នុង​ទំនាស់​ដីធ្លី​ បច្ចុប្បន្ន។ ​ជា​ឧទាហរណ៍​សម្បទាន​ដីព្រៃ​មួយ​កន្លែង​ក្នុង​ឃុំ​ថ្មដារ​ ខេត្ត​ពោធិ៍សាត់​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ជាង​៥០០​គ្រួសារ ​ក្រោយពី​រដ្ឋាភិ​បាល​បានផ្តល់​សម្បទាន​កាល​ពី​៥​ឆ្នាំ​មុន។​ ​ដី​នោះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​អភិវឌ្ឍ។​ តែ​រយៈ​ពេល​៥ឆ្នាំ​ហើយ​ គ្មាន​អ្វី​ប្រែប្រួល​ទេ​ ក្រៅពី​អ្វី​ដែល​អ្នក​ស្រុក​និង​មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា ​មាន​ការ​កាប់ឈើ​ និង​ឈូសឆាយ​ខ្លះៗ។​ ក្រុម​អ្នក​ស្រុក​កំពុង​តវ៉ា​សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដល់​ការ​ប៉ះពាល់​ដី​ របស់​ពួក​គេ​ទាំង​នោះ។​

លោកចាន់ សុវ៉េត ​មន្ត្រី​សិទ្ធិ​មនុស្ស​អាហុក​បាន​អះអាង​ថា ​លោក​ត្រូវ​បាន​អង្គការ​របស់​លោក​ចាត់​ឲ្យ​ទៅ​ឲ្យ​ឃ្លាំមើល​ទំនាស់​ដីធ្លី​ និង​ផ្តល់​ជំនួយ​ប្រឹក្សា​តាម​ផ្លូវ​ច្បាប់​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ហិង្សា ​ដូច​ដែល​ច្បាប់​បាន​កំណត់ឲ្យ។​

«ហើយ​យើង​ខ្ញុំ​ជឿជាក់​ថា​ ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​អំពើ​ញុះញង់​ឬ​ក៏​ផ្សាយ​ព័ត៌មាន​មិនពិត​អ្វី​នោះ​ ទេ។​ ទាក់ទង​នឹង​ទំនាស់​គឺ​ប្រជាជន​គាត់​បាន​និយាយ​ពេញៗ​មាត់​នៅ​ក្នុង​ករណី​ដែល​ គាត់​មាន​ទំនាស់​ជាមួយ​ក្រុម​ហ៊ុន​ MDS»។​

ប្រទេស​កម្ពុជា​ត្រូវ​ ស.រ.អា.​ចាត់​បញ្ចូល​ក្នុងប្រទេស​ដែលមាន​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ ធ្ងន់ធ្ងរ។​ ​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​ការ​បរទេស​ស.រ.អា. ​កាលពី​សប្តាហ៍មុន​ បាន​និយាយ​ថា ​ប្រព័ន្ធ​តុលាការ​មាន​លក្ខណៈ​ទន់ខ្សោយ​ ស្ថិត​នៅក្រោម​ឥទ្ធិពល​នយោបាយ​របស់​អ្នក​មាន​អំណាច​ បាន​ធ្វើឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ច្រើន​ក្នុង​ប្រទេស​កម្ពុជា៕ ​ ប្រភព៖ VOA

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន