ខេត្តឧត្តរមានជ័យ ដែលមានភូមិសាស្ត្រជាប់ជួរភ្នំដងរែក
និងជាប់ព្រំដែនគ្នាជាមួយខេត្តបូរីរ៉ាំ ខេត្តសុរិន្ទ ខេត្តស៊ីសាកេត
នៃប្រទេសថៃ
កំពុងមានបញ្ហាជាច្រើនទាក់ទងនឹងប្រជាពលរដ្ឋខ្មែរឆ្លងដែនខុស
ច្បាប់ទៅរកការងារធ្វើ និងទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
បញ្ហាឆ្លងដែននេះ ជាញឹកញាប់បណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរខ្លះស្លាប់
ខ្លះរងរបួស ដោយសារទាហានថៃ បាញ់
និងខ្លះទៀតត្រូវចាប់ខ្លួនយកទៅកាត់ទោស។
អាជ្ញាធរខេត្ត
ឧត្តរមានជ័យ បានប្ដេជ្ញាថា នឹងចាត់វិធានការថ្មីយ៉ាងហ្មត់ចត់
ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋខ្មែរកុំឱ្យឆ្លងដែនខុសច្បាប់ទៅរក
ការងារធ្វើ និងទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ
នោះឱ្យបានជាស្ថាពរ។
អភិបាលខេត្តឧត្តរមានជ័យ លោកឧត្ដមសេនីយ៍ ស
ថាវី ដែលទើបតែឡើងកាន់តំណែងថ្មីកាលពី ៣ថ្ងៃមុន។
លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី៥ ខែឧសភា ថា
លោកនឹងចាត់វិធានការផ្លូវច្បាប់ទៅតាមបទបញ្ជាថ្មីរបស់រដ្ឋាភិបាល
លេខ ០២
ដើម្បីទប់ស្កាត់ឱ្យបាននូវការឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើ
និងទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ នោះ។
អភិបាលខេត្តដដែល
បានបញ្ជាក់ថា លោកកំពុងតែពិនិត្យមើលថា
តើក្នុងចំណោមប្រជាពលរដ្ឋនាំគ្នាឆ្លងដែនទៅកាប់ឈើគ្រញូង
និងទៅរកការងារធ្វើឯប្រទេសថៃ នោះ ជាអ្នករស់នៅខេត្តឧត្តរមានជ័យ
ប៉ុន្មាន និងអ្នកមកពីខេត្តផ្សេងប៉ុន្មាន?
ចំពោះប្រជាពលរដ្ឋដែលនៅក្នុងខេត្តឧត្តរមានជ័យ
គឺលោកនឹងប្រឹងប្រែងទាក់ទងជាមួយក្រុមហ៊ុនក្នុងខេត្តនេះមួយចំនួន
ដើម្បីរកការងារឱ្យពួកគេធ្វើ កុំឱ្យឆ្លងដែនខុសច្បាប់បន្តទៀត។
លោក
ឧត្ដមសេនីយ៍ ស ថាវី៖
«ឥឡូវខ្ញុំកំពុងឱ្យធ្វើការកោះប្រជុំគណៈបញ្ជាការឯកភាពក្នុងការ
រឹតបន្តឹងបញ្ហាចំណាកស្រុករបស់ប្រជាពលរដ្ឋឡើងទៅអូសឈើគ្រញូងនៅ
ក្នុងទឹកដីថៃ ដោយខុសច្បាប់នេះ។
អ៊ីចឹងខ្ញុំកំពុងដាក់បទបញ្ជាតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ
ហើយនិងវិធានការទប់ស្កាត់ និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់»។
ពីរបី
ឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ន
ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែនាំគ្នាឆ្លងដែនខុសច្បាប់តាម
ព្រំដែនខេត្តឧត្តរមានជ័យ ចូលទៅក្នុងទឹកដីថៃ។
អនុប្រធាន
ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកអូរស្មាច់ លោក ពៅ
ផេង បានមានប្រសាសន៍ថា កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅ ទាហានថៃ
នៃស្រុកបាងក្រួត ខេត្តបូរីរ៉ាំ បានចាប់ខ្លួនបុរសខ្មែរម្នាក់ឈ្មោះ
វី ធឿង អាយុ ២៧ឆ្នាំ ជាអ្នកភូមិត្នោត សង្កាត់បន្សាយរក្ស ក្រុងសំរោង
ប្រគល់មកឱ្យអាជ្ញាធរខ្មែរវិញ។
ប្រជាពលរដ្ឋខ្មែរម្នាក់នោះ
គឺក្នុងចំណោមគ្នីគ្នា
៦នាក់ផ្សេងទៀតដែលបានឆ្លងដែនខុសច្បាប់ទៅក្នុងទឹកដីថៃ
រហូតមកដល់បច្ចុប្បន្ន អ្នក ៦នាក់ទៀតកំពុងបាត់ខ្លួន៖
«ចូលនៅឯប្រាសាទខ្នារ ឯណោះ ប៉ុន្តែដល់បានម្នាក់ហ្នឹងមក
គេបញ្ជូនមកតាមច្រកអូរស្មាច់យើងនេះវិញ។ ម្នាក់ហ្នឹងវាវង្វេងទៅ
ដើរចូលបន្ទាយទាហានថៃ។ ទៅតែខោខ្លី ដើរចូលបន្ទាយថៃ
សុំទឹកអីផឹកអីទៅ គេចងមុខអីទៅគេបញ្ជូនមក។ វាឆ្លើយថា
វាទៅដាំដំឡូង»។
សមាគមការពារសិទ្ធិមនុស្សអាដហុក
ខេត្តឧត្តរមានជ័យ
ព្រួយបារម្ភជាខ្លាំងចំពោះប្រជាពលរដ្ឋខ្មែរដែលតែងឆ្លងដែនខុស
ច្បាប់ទៅក្នុងទឹកដីថៃនេះ។
សមាគមអាដហុក
និងសមត្ថកិច្ចនៅតាមព្រំដែនបានឱ្យថា តាមតួលេខត្រួសៗ
ចាប់តាំងពីអំឡុងខែមករា រហូតដល់ខែមេសា ឆ្នាំ២០១៣
គឺមានប្រជាពលរដ្ឋខ្មែរចំនួន ១៥នាក់ហើយ បានស្លាប់ដោយសារទាហានថៃ
បាញ់នៅពេលឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ៕ ប្រភព៖ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment