ការសាក់ អក្សរ ឬរូបនេះរូបនោះលើខ្លួន ត្រូវបានទទួលការពេញនិយម
បំផុតតាំងពីសម័យបុរាណ កាលរហូតមកទល់នឹង បច្ចុប្បន្ននេះ។
ការសាក់មានច្រើនប្រភេទ និងច្រើនយ៉ាង ទៅតាមគោលបំណងរបស់អ្នក ដែលចង់សាក់
អាចជាការសាក់ ដើម្បីសោភ័ណភាព ដើម្បីបង្ហាញពីភាពរឹងមាំ សង្ហា ក្លាហាន
ឬជាការដាស់នូវមន្ដអាគម ផ្លូវងងឹត ឬឧទ្ទិសដល់សាសនាណាមួយ ។
តើការសាក់ពិតជាមានប្រយោជន៍បែបនេះមែនឬ? តើគួរសម្រេចចិត្ដសាក់ឬអត់?
គេហទំព័រសុខភាពកម្ពុជា សូមបង្ហាញជូនមិត្ដអ្នកអាន
នូវចំណេះដឹងខ្លះៗទាក់ទងនឹងការសាក់ តាមរយៈកិច្ចសម្ភាសន៍ ជាមួយលោកវេជ្ជបណ្ឌិត
ចាន់ វិចិត្រ ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ។
ការសាក់ ជាអ្វី?
សាក់គឺជាការបញ្ចូលនូវជាតិថ្នាំពណ៌ មានខៀវ ខ្មៅ ក្រហម លឿងជាដើម
ចូលទៅក្នុងស្បែកតាមរយៈម្ជុល ឬឧបករណ៍អ្វីមួយដែលមុត។ តាំងពីបុរាណមក
គេឃើញមានត្រឹមតែការសាក់ ដូចជាសាក់រូបផ្សេងៗ ឬយ័ន្ដដើម្បីឧទ្ទិសដល់សាសនា ឬ
ជាសញ្ញាមួយសម្រាប់សម្គាល់បក្សក្រុមណាមួយតែប៉ុណ្ណោះ។ តែបច្ចុប្បន្ននេះ
គេឃើញមានការសាក់ ដើម្បីសោភ័ណភាពច្រើន ជាង ដើម្បីគោលបំណងផ្សេងទៀត
ដោយរាប់បញ្ចូលទាំងការសាក់ចិញ្ចើម សាក់បបូរមាត់ សាក់ឈ្មោះមនុស្សជាទីស្រឡាញ់
ដោយភ្ជាប់ជាមួយបេះដូង ពណ៌ក្រហមទុំជាដើម។ បច្ចុប្បន្ននេះ
ភាគច្រើនគេឃើញអ្នកដែលសាក់បែបនេះ មានចាប់ពីវ័យជំទង់ ឡើងទៅ។
មូលហេតុនៃការសាក់
កាលពីបុរាណ មានកុលសម្ព័ន្ធមួយចំនួន តែងតែតម្រូវឱ្យសាក់នៅ
លើរាងកាយគ្រប់បុរស ពេញវ័យទាំងអស់ ដោយចង់ បង្ហាញឱ្យឃើញពីភាពពេញកម្លាំង
និងវិរៈភាពរបស់ពួកគេ។ សម្រាប់បុព្វបុរសខ្មែរ
ដែលសុទ្ធសឹងជាអ្នកពូកែខាងមន្ដអាគម ការ សាក់យ័ន្ដមន្ដអាគម ក៏ត្រូវបានពេញនិយម
និងបន្ដអនុវត្ដមកដល់ បច្ចុប្បន្ននេះដែរ។
សម្រាប់ជនបរទេសក៏មានជំនឿបែបនេះខ្លះ ដែរ
តែបច្ចុប្បន្នជំនឿទាំងនោះមានការថមថយចុះខ្លះហើយ ដោយភាគច្រើននៃអ្នកដែល
ទទួលយកការសាក់មានគោលបំណង ចង់ស្អាត ឬលម្អកាយ ចង់សាកល្បង
ចង់បង្ហាញពីភាពក្លាហាន ភាពកាចសាហាវ ឬភាពអស្ចារ្យរបស់ពួកគេ។ មានហេតុផលមួយ
ចំនួនទៀតដែរ ដែលតម្រូវឱ្យ យុវវ័យជ្រើសរើសការសាក់
ដូចជាតាមរយៈការអូសទាញពីមិត្ដភក្ដិ ឬចង់បង្ហាញពីភាពអស្ចារ្យ ឬ
ភាពជាមនុស្សធំប្រាប់ដល់យុវវ័យផ្សេងទៀត ឬការចូលរួមនៅក្នុងក្រុមបក្សណាមួយ
ក៏តម្រូវឱ្យមានការសាក់ជាសញ្ញាសម្គាល់ ដែរ។
ផលវិបាកនៃការសាក់
ការសាក់មិនមែនសុទ្ធតែមិន មានបញ្ហានៅរាល់មនុស្សគ្រប់គ្នាទេ
ទោះបីជាការសាក់អនុវត្ដ តាមលក្ខណៈបច្ចេកទេស ត្រឹមត្រូវ
និងមានអនាម័យគ្រប់គ្រាន់ក៏ដោយ។ រាល់ការសាក់សុទ្ធតែត្រូវចំណាយថវិកា ថាមពល
កម្លាំងកាយ និងកម្លាំងចិត្ដខ្ពស់ ព្រោះការសាក់មានការឈឺចាប់ខ្លាំង
ដោយសារត្រូវយកដែកមុតស្រួច មកចាក់ទៅលើរាងកាយ។ មានយុវវ័យមិនតិចទេដែលចង់សាក់
ហើយបានបោះបង់ចោល ការសាក់នៅពាក់កណ្ដាលទី ដែលបណ្ដាលឱ្យមានស្លាកស្នាម
ឬមានរូបមិនពេញចិត្ដជាដើម នៅ លើរាងកាយ។ ពេលដែលចង់លុបរូប
សាក់ត្រូវចំណាយថវិកាច្រើន និងប្រថុយប្រថានខ្លាំង។ ករណីលុបមិនត្រូវតាមក្បួន
ឬមិន មែនលុបដោយអ្នកឯកទេស នាំឱ្យមានគ្រោះថ្នាក់ខូចស្បែក
និងមានផលវិបាកផ្សេងទៀតនៅលើស្បែក ដោយសារជាតិគីមីមាន
ប្រតិកម្មបានជ្រៀបចូលទៅក្នុងស្បែក ដូចជាបង្កឱ្យរមាស់ ជ្រីវជ្រួញ
ផ្លែសាច់ជាដើម។ ការសាក់អាចមានបញ្ហានៅពេលដែល ឈានដល់វ័យចំណាស់
ព្រោះស្នាមសាក់មិនមាន ការផ្លាស់ប្ដូរទៅតាមអាយុកាលទេ។ មិនទាន់មានច្បាប់កំណត់
ឬតម្រូវការច្បាស់ លាស់ណាមួយដែលថា តើពេលណាទើបអាចសាក់បាននោះទេ
វាគឺជាជម្រើសរបស់អ្នកដែលចង់សាក់់។ ល្អបំផុតបើគាត់ដឹងថា សាច់គាត់ឆាប់ផ្លែ
មិនគួរជ្រើសរើសការសាក់ទេ។ បើមិនមានការសម្អាតនូវឧបករណ៍សាក់ឱ្យបានត្រឹមត្រូវ
លោកអ្នកងាយឆ្លង មេរោគផ្សេងៗ ដូចជាមេរោគថ្លើម មេរោគអេដស៍ជាដើម
ដែលឆ្លងតាមម្ជុល ឬដែកសាក់។
ដំបូន្មានអ្នកជំនាញ
បើសិនជាមិនចាំបាច់ សូមកុំសាក់ ហើយសូមចាំថាការសាក់ចំណាយ ថវិកាតិច
តែដល់លុបសាក់វិញចំណាយថវិកាច្រើន ណាស់។ គួរមានការពិនិត្យ
ឬប្រឹក្សាជាមួយនឹងគ្រូពេទ្យ សើស្បែកជាបន្ទាន់
ប្រសិនបើលោកអ្នកមានបញ្ហាលើស្បែក។ បើករណី ចង់លុបសាក់ សូមណែនាំថាវិធីលុបសាក់
ដែលត្រឹមត្រូវមានតែម៉ាស៊ីនលុបឡាស៊ែរ និងអនុវត្ដដោយអ្នកជំនាញត្រឹមត្រូវតែ
ប៉ុណ្ណោះដែលមានប្រសិទ្ធភាព។
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
Friday, May 31, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment