ភ្នំពេញៈ
ចិនបានផ្តល់ជំនួយជាទឹកប្រាក់៤០ម៉ឺនដុល្លារដល់កម្ពុជាដើម្បី
អនុវត្តគម្រោងបណ្តុះបណ្តាលផ្នែកបច្ចេកទេសដាំដុះនិងប្រមូលផលដំឡូង
មីឲ្យមានគុណភាពស្របតាមស្តង់ដារទីផ្សារសំដៅរួមចំណែកបង្កើន
ផលិតភាពនាំចេញពិសេសលទ្ធភាពនាំចេញទៅទីផ្សារប្រទេសចិន។
ការផ្តល់ហិរញ្ញប្បទាននេះបានធ្វើឡើងកាលពីម្សិលមិញ
ក្នុងគម្រោងកិច្ចសហប្រតិបត្តិការត្រីភាគីលើការអភិវឌ្ឍផលិតកម្ម
ដំឡូងមីនៅកម្ពុជាដែលចូលរួមសហការដោយភាគីចិន កម្ពុជា និង
អង្គការសហប្រជាជាតិដើម្បីការអភិវឌ្ឍ(UNDP)។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាកាលពីម្សិលមិញ លោកស្រី Lv
Zhouxiang តំណាងក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ដោយមើលឃើញថា
កម្ពុជាមានតម្រូវការផ្នែកបច្ចេកទេសដើម្បីពង្រឹងគុណភាពផលិតផល
ដំឡូងមី ដូច្នេះចិន និង UNDP
ក៏សម្រេចបន្តកិច្ចសហការបន្ថែមទៀតក្នុងការផ្តល់ជំនួយថវិកា
និងបច្ចេកទេសដើម្បីរួមចំណែកពង្រឹងផលិតកម្មដំឡូងមីនៅកម្ពុជា។
លោកស្រីបន្តថា៖
«កិច្ចសហការនេះមានគោលបំណងធ្វើឲ្យអ្នកផលិត[កសិករ] អ្នកកែច្នៃ
និង
អ្នកនាំចេញដំឡូងមីនៅកម្ពុជាអាចមានលទ្ធភាពនាំចេញផលិតផលរបស់
ខ្លួនទៅទីផ្សារបានកាន់តែច្រើន»។
លោកស្រីបានបន្តថា
គម្រោងនេះនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស
កម្ពុជាក្នុងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅលើទីផ្សារ
និងការធ្វើពិពិធកម្មផលិតផលនាំចេញផងដែរ។
គម្រោងកិច្ចសហប្រតិបត្តិការនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីពេល
នេះរហូតដល់ដំណាច់ខែមីនាឆ្នាំ២០១៤។ការគាំទ្រផ្នែកហិរញ្ញវត្ថុ
និងការផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកទេសនេះគឺជាដំណាក់កាលទី
ពីរហើយ។ក្នុងដំណាក់កាលដំបូងចិនបានផ្តល់ថវិកាចំនួន២១ម៉ឺន
ដុល្លារលើគម្រោងស្រដៀងគ្នានេះ។
ដំឡូងមី
ជាដំណាំកសិកម្មធំជាងគេទីពីរនៅកម្ពុជាបន្ទាប់ពីដំណាំស្រូវហើយ
វាក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការរួមចំណែកអភិវឌ្ឍ
ស្ថានភាពនៃការរស់នៅរបស់ប្រជាជន។
កាលពីឆ្នាំមុនដំឡូងមីត្រូវបានដំាដុះលើផ្ទៃដីសរុប ៣៣៧ ៤៤១ ហិកតានឹងទទួលផលសរុបប្រមាណ៨លានតោន។
ចំណូលពីការលក់ដំឡូងមីមានចន្លោះពី ២០០ លានដុល្លារ ទៅ ៣០០
លានដុល្លារក្នុងមួយឆ្នាំ
រួមបញ្ចូលទាំងការនាំចេញផ្លូវការនិងក្រៅផ្លូវការ។
នេះបើតាមតួលេខក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
ទិន្នន័យបង្ហាញថា
ក្នុងចំណោមការនាំចេញសរុបកម្ពុជាបាននាំចេញប្រហែល៩០
ភាគរយទៅប្រទេស ថៃ និង វៀតណាម ទាំងមិនទាន់កែច្នៃ។
អ្នកស្រី នង រតនា
អ្នកវិភាគគម្រោងកាត់បន្ថយភាពក្រីក្រប្រចាំអង្គការ UNDP
ឲ្យដឹងថាបច្ចុប្បន្នចំណិតដំឡូងមីស្ងួតរបស់កម្ពុជាមិនអាចនាំចេញ
ទៅចិនបានទេដោយសារអសមត្ថភាពក្នុងការបំពេញតាមស្តង់ដារ
ការគ្រប់គ្រងអនាម័យ និង
ភូតគាមអនាម័យដែលមិនសមស្របតាមលក្ខខណ្ឌតម្រូវពីខាងទីផ្សារចិន។
អ្នកស្រីបន្តថា៖
«គម្រោងកិច្ចសហប្រតិបត្តិការនេះនឹងជួយបណ្តុះបណ្តាលអ្នកផលិតនិង
អ្នកនាំចេញឲ្យយល់កាន់តែច្បាស់ពីលក្ខខណ្ឌតម្រូវនៅលើទីផ្សារ
ប្រទេសចិន។ ដូច្នេះយើងសង្ឃឹមថា
វានឹងរួមចំណែកពង្រឹងការនាំចេញដំឡូងមីពីកម្ពុជាដោយផ្ទាល់ទៅ
ចិនកាន់តែច្រើនជាងនេះ»។
អ្នកស្រី សេតស៊ុគុ យ៉ាម៉ាសាគិ នាយក UNDP ប្រចាំកម្ពុជាឲ្យដឹងថា
សព្វថ្ងៃនេះកម្ពុជាគឺជាប្រទេសផលិតដំឡូងមីធំជាងគេទីប្រាំពីរ
ក្នុងតំបន់អាស៊ី
និងត្រូវគេព្យាករថានឹងក្លាយជាអ្នកផលិតធំទីប្រាំ បន្ទាប់ពីថៃ
ឥណ្ឌូនេស៊ី ឥណ្ឌា និង ចិន នៅ ២០១៨។
ទិន្នន័យនំាចេញរបស់ក្រសួងពាណិជ្ជកម្មក្នុងត្រីមាសទីមួយឆ្នាំ
នេះបង្ហាញថា កម្ពុជានាំចេញដំឡូងមីស្រស់និងស្ងួតសរុប២៤,៥
ម៉ឺនតោនធ្លាក់ចុះប្រមាណ៤៧
ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមាន៤៦,៥ ម៉ឺនតោន៕ ប្រភពពី postkhmer.com
Wednesday, May 22, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment