បន្ទាប់ពីគ្រោះថ្នាក់រលំអគារកាត់ដេរនៅប្រទេសបង់ក្លាដែស
ដែលបានបណ្តាលឲ្យកម្មករកាត់ដេរយ៉ាងហោចណាស់ ជាង ១.០០០ នាក់ ស្លាប់
កាលពីពេលថ្មីៗ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ
កម្មករក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes តាមផ្លូវជាតិលេខ៣
ក្នុងខេត្តកំពង់ស្ពឺ ក៏ជួបប្រទះនឹងគ្រោះថ្នាក់
ដោយសារតែធ្នើផ្ទុកឥវ៉ាន់ បានបាក់រលំ។ ហេតុការណ៍នោះ
បានបណ្តាលឲ្យកម្មករស្លាប់៣នាក់ និង ៦ នាក់ផ្សេងទៀត រងរបួស។
អាជ្ញាធរកម្ពុជា បានចាត់ទុកហេតុការណ៍បាក់រលំនោះ
ថាមកពីការសាងសង់អគារខុសលក្ខណៈបច្ចេកទេស
ហើយបានប្រកាសផ្តើមធ្វើអធិការកិច្ចលើអគាររោងចក្រកាត់ដេរ
នៅទូទាំងប្រទេស។
ធ្នើផ្ទុកឥវ៉ាន់ ក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes
បានបាក់រលំ សង្កត់កម្មករ ក្នុងពេលធ្វើការ កាលពីព្រឹកព្រលឹមម៉ោងជាង ៧
ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣។ រោងចក្រផលិតស្បែកជើងនោះ
ស្ថិតនៅតាមផ្លូវជាតិលេខ៣ ជិតផ្សារត្រាំខ្នា ក្នុងភូមិអង្គសុគន្ធា
ឃុំមហាឫស្សី ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បន្ទាប់ពី
ប៉ូលិស និងទាហាន រុកអស់ពេលពេញមួយព្រឹក នៅគំនរបាក់បែក
ក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes ក្នុងខេត្តកំពង់ស្ពឺ
តុល្យការចុងក្រោយ បានបង្ហាញថា មានកម្មករ ៣ នាក់ បានស្លាប់ និង ៦
នាក់ទៀត បានរងរបួស។ នេះបើតាមលោក អ៊ិត សំហេង
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកកាសែត នៅរោងចក្រកើតហេតុ
កាលពីព្រឹកថ្ងៃទី១៦ឧសភាថា
ហេតុការណ៍បាក់ធ្នើផ្ទុកឥវ៉ាន់ក្នុងរោងចក្រផលិតស្បែកជើង Wing Star
Shoes បណ្តាលមកពីការសាងសង់អគារបន្ថែមខុសលក្ខណៈបច្ចេកទេស
ហើយផ្ទុកលើសទម្ងន់។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានបញ្ជាក់ថា
បេឡាជាតិរបបសន្តិសុខសង្គម
ជាអ្នកទទួលខុសត្រូវរ៉ាប់រងលើការចំណាយទាំងស្រុង ទាំងការព្យាបាល
និងទាំងការរៀបចំបុណ្យសព ចំពោះកម្មករស្លាប់ និងរបួស។
ចំពោះ
ការចោទសួរលើវិធានការផ្តន្ទាទោសទៅលើក្រុមហ៊ុនរោងចក្រផលិតស្បែកជើង
ដែលបានសាងសង់អគារខុសលក្ខណៈបច្ចេកទេសបង្កឲ្យមានកម្មករស្លាប់
និងរបួសដូច្នេះ ត្រូវបានលោក អ៊ិត សំហេង គូសបញ្ជាក់ប្រាប់អ្នកកាសែតថា
ក្រសួងនិងអាជ្ញាធរពាក់ព័ន្ធនឹងធ្វើការអង្កេតចំពោះឧបទ្ទវហេតុនោះ
ហើយរដ្ឋាភិបាលនឹងចាត់វិធានការទៅតាមផ្លូវច្បាប់
ចំពោះក្រុមហ៊ុនរោងចក្រផលិតស្បែកជើង។
តំណាងរោងចក្រផលិត
ស្បែកជើងរបស់ចិនតៃវ៉ាន់ Wing Star Shoes បានទទួលស្គាល់ថា
ឧបទ្ទេវហេតុបាក់រលំធ្នើនោះ ដោយសារតែការផ្ទុកលើសទម្ងន់
នាំឲ្យរលំសង្កត់កម្មករ ស្លាប់ និងរបួស។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី
អ៊ិត សំហេង បានគូសបញ្ជាក់ថា
ឧបទ្ទវហេតុបាក់រលំធ្នើផ្ទុកឥវ៉ាន់ក្នុងរោងចក្រផលិតស្បែកជើងនោះ
ជាហេតុការណ៍មួយដែលទាញអារម្មណ៍របស់ក្រសួង
និងអាជ្ញាធរពាក់ព័ន្ធលើបញ្ហាបច្ចេកទេសនៃការសាងសង់អគាររោងចក្រនៅ
កម្ពុជា។
តាមលោករដ្ឋមន្ត្រី រដ្ឋាភិបាល
នឹងបង្កើតគណៈកម្មការមួយដើម្បីអង្កេតករណីនេះឲ្យម៉ត់ចត់
ហើយចាត់វិធានការតាមច្បាប់។ ក្នុងនោះ
ក្រសួងសង្គមកិច្ចក៏ដូចជាក្រសួងពាក់ព័ន្ធទាំងអស់
នឹងឲ្យមានការធ្វើអធិការកិច្ចទៀងទាត់ ប្រចាំខែ ប្រចាំត្រីមាស
និងអធិការកិច្ចចៃដន្យ ចំពោះអគាររោងចក្រកាត់ដេរសម្លៀកបំពាក់
និងផលិតស្បែកជើងទាំងអស់ ដែលកំពុងដំណើរការរាល់ថ្ងៃ នៅកម្ពុជា។
ក្នុងករណីមានការសង្ស័យ រដ្ឋាភិបាលនឹងធ្វើការណែនាំឲ្យមានការកែប្រែ៕ ប្រភព៖ RFI
Subscribe to:
Post Comments (Atom)
No comments:
Post a Comment