Rotha Company
 
Showing posts with label បណ្តាញ​សហគមន៍​ព្រៃឡង់. Show all posts
Showing posts with label បណ្តាញ​សហគមន៍​ព្រៃឡង់. Show all posts

Monday, June 17, 2013

សហគមន៍​នៅ​មណ្ឌលគិរី​គ្រោង​ប្ដឹង​រឿង​កាប់​ឈើ​ខុស​ច្បាប់

0 comments
សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​ យក​ដី​អនាធិបតេយ្យ​នៅ​ខេត្ត​មណ្ឌលគិរី កើត​មាន​កាន់​តែ​ច្រើន​តាម​រយៈ​ការ​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​បរិស្ថាន​ជួល​ កម្មករ​ស៊ី​ឈ្នួល​កាប់​រាន​ព្រៃ ដើម្បី​យក​ដី​ជា​សម្បទាន​សង្គម​កិច្ច។

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ តំបន់​នោះ​អះអាង​ថា ការ​កាប់​រាន​ព្រៃ​នេះ កំពុង​បំពាន​ទៅ​លើ​ព្រៃ​ស្រោង ព្រៃ​តំណម និង​ព្រៃ​កប់​សព​ប្រពៃណី​ជនជាតិ​ជាតិ​ដើម​ភាគ​តិច។
តំណាង​សហគមន៍​ជនជាតិ​ដើម​ព្នង​នៅ​ភូមិ​ ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៣ អះអាង​ថា នឹង​ដាក់​ពាក្យ​ប្ដឹង​តាម​ផ្លូវ​តុលាការ​ដើម្បី​ចាត់​វិធានការ​ស៊ើប​អង្កេត​ ពី​សកម្មភាព​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នេះ។
ចាប់​ពី​ខែ​មេសា រហូត​បច្ចុប្បន្ន សហគមន៍​ភូមិ​ពូលុ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​មាន​ខ្មែរ​និង​ចាម​មក​ពី​ខេត្ត​កំពង់ចាម បាន​ចូល​ទៅ​កាប់​រាន​ព្រៃ​ចាប់​ពី​ចុង​ភូមិ​ពូលុ រហូត​ដល់​តំបន់​វារយោង ដើម្បី​ចាប់​យក​ដី​អនាធិបតេយ្យ។ ក្រុម​សហគមន៍​បាន​ចុះ​ទប់ស្កាត់​ចំនួន​បី​លើក និង​ចាប់​បាន​ម៉ាស៊ីន​កាត់​ឈើ ៥​គ្រឿង ប៉ុន្តែ​សកម្មភាព​កាប់​ព្រៃ​អនាធិបតេយ្យ​នេះ​នៅ​តែ​បន្ត​កាន់​តែ​ច្រើន​ឡើង។ បច្ចុប្បន្ន​ព្រៃ​ឈើ​ប្រមាណ​ជាង ១០០​ហិកតារ​ហើយ​ត្រូវ​គេ​កាប់​រាន ហើយ​ហ៊ុមព័ទ្ធ​យក​ដី​ជា​កម្មសិទ្ធិ។
ប្រធាន​សហគមន៍​ភូមិ​ពូលុ លោក ឃុត ចាន់រ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​កម្មករ​ស៊ី​ឈ្នួល​ជា​ច្រើន​អះអាង​ថា បុរស​ម្នាក់​ជា​មន្ត្រី​បរិស្ថាន​ឈ្មោះ សុះ ម៉ាឡែន ជា​អ្នក​ជួល​ពួក​គេ​ឲ្យ​កាប់​ព្រៃ​នេះ​ដើម្បី​យក​ដី​ជា​សម្បទាន​សង្គមកិច្ច និង​មាន​ផ្លាក​តូចៗ មាន​សរសេរ​អក្សរ​ដាក់​ថា ដី​លំនៅឋាន​ប្រមាណ ២០០​ផ្លាក​ត្រូវ​បាន​គេ​បោះ​នៅ​លើ​ក្បាល​ដី​ដែល​បាន​កាប់​រាន​នោះ។
លោក​បន្ត​ថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​បរិស្ថាន មិន​បាន​ចាត់​វិធានការ​ទប់​ស្កាត់​ករណី​នោះ​ទេ ហេតុ​នេះ​ទើប​សហគមន៍​សម្រេច​ថា នឹង​រៀបចំ​ពាក្យ​ប្ដឹង​តាម​ផ្លូវ​តុលាការ​វិញ៖ «តំបន់​ដែល​គេ​កាប់​ បំផ្លាញ​ហ្នឹង​ច្រើន​តែ​បង​ប្អូន​ចាម ហើយ​មួយ​ចំនួន​បើ​យើង​សួរ​នាំ​ទៅ​គេ​ថា​ខ្មែរ មក​ពី​ខេត្ត​កំពង់ចាម មក​ស៊ី​ឈ្នួល។ យើង​មើល​ឃើញ​ថា នេះ​ជា​ផលប្រយោជន៍​សម្រាប់​សហគមន៍​ក៏​ជា​ផលប្រយោជន៍​សម្រាប់​ពិភពលោក»
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា មិន​អាច​ស្វែង​រក​អាសយដ្ឋាន​ទាក់ទង​បុរស​ឈ្មោះ ម៉ាឡែន ដើម្បី​សុំ​បំភ្លឺ​ពី​ករណី​នេះ​បាន​ទេ។ ក៏​ប៉ុន្តែ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល បដិសេធ​ថា បុរស​ឈ្មោះ សុះ ម៉ាឡែន មិន​មែន​ជា​មន្ត្រី​បរិស្ថាន​នោះ​ទេ។
លោក​បន្ត​ថា ព្រៃ​តំបន់​នោះ​មិន​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​ទៀត​ទេ៖ «អា ​ហ្នឹង​ការ​សម្រេច​របស់​ខេត្ត​ពី​មុន​មក ខ្ញុំ​មិន​ដឹង​ដែរ ព្រោះ​ដី​ហ្នឹង​វា​លែង​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​បរិស្ថាន​ហើយ​តែ​កាត់​ ចេញ​ទៅ​ជា​សម្បទាន​សង្គមកិច្ច​ទៅ មិន​ឋិត​ក្នុង​តំបន់​អភិរក្ស​ទៀត​ទេ»
អភិបាល​រង​ស្រុក​ពេជ្រាដា លោក ខាំ ដារ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ដែល​ចូល​ទៅ​កាប់​រាន​ព្រៃ​នោះ គឺ​ដឹកនាំ​ដោយ​ឈ្មោះ សុះ ម៉ាឡែន ជា​តំណាង​ប្រជាពលរដ្ឋ​អ្នក​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​ប៊ូស្រា។ អតីត​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ចាន់ យឿន បាន​ចុះ​ហត្ថលេខា​ឯកភាព​ឲ្យ​កាប់​ឆ្ការ​ព្រៃ សំអាត​ដី​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ តាម​សំណើ​របស់​តំណាង​ប្រជាពលរដ្ឋ​នោះ។
លោក​បន្ត​ថា អាជ្ញាធរ​ស្រុក​បាន​ចុះ​ទប់ស្កាត់​មិន​ឲ្យ​កាប់​រាន​ត​ទៅ​ទៀត​ទេ ពីព្រោះ​លិខិត​អនុញ្ញាត​ដែល​ចុះ​ហត្ថលេខា​ដោយ​អតីត​អភិបាល​ខេត្ត​មិន​ស្រប​ តាម​នីតិវិធី​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ឡើយ៖ «ឯកសារ​ហ្នឹង​ អត់ ​មាន​ឆ្លង​ស្រុក ឃុំ ទេ គេ​មិន​ទាន់​ចែក​ឲ្យ​ទេ។ ដី​ហ្នឹង​ធ្វើ​អនុបយោគ​ហើយ គាត់​ថា ចាប់​ឆ្នោត។ មិន​ទាន់​បាន​ចាប់​ឆ្នោត​វា​រុក​រាន​ទន្ទ្រាន​កាប់»
នាយ​រង​ខុទ្ទកាល័យ​សាលា​ខេត្ត​មណ្ឌលគិរី លោក មឹង សុចាន់ថា មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​មាន​គោលការណ៍​កាត់​ដី​ព្រៃ​នៅ​តំបន់​ពូលុ ប្រមាណ​ជាង ២.៤០០​ហិកតារ ជា​ដី​សម្បទាន​សង្គមកិច្ច ក៏​ប៉ុន្តែ​មិន​ទាន់​មាន​គោលការណ៍​ចែក​ដី​តំបន់​នោះ​នៅ​ឡើយ។
លោក​បដិសេធ​ថា មិន​បាន​ដឹង​ពី​សកម្មភាព​ចុះ​កាប់​ឆ្ការ​ព្រៃ​យក​ដី​មុន​ការ​បែង​ចែក​របស់​គណៈកម្មការ​ផ្ដល់​ដី​សម្បទាន​នោះ​ទេ៖ «យើង ​កំពុង​រៀបចំ​បង្កើត​ក្រុម​ការងារ រៀបចំ​វាយ​តម្លៃ​ផ្ដល់​ឲ្យ​ពួក​គាត់​ដែល​គ្មាន​ពិត​ប្រាកដ មាន​លិខិត​ច្បាស់លាស់។ អា​ហ្នឹង​យើង​ចង់​ធ្វើ​ម៉េច​ឲ្យ​វា​ចំ និង​ដល់​ដៃ​ពលរដ្ឋ​ពិត​ប្រាកដ»
មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃ​ឈើ​សមាគម​ អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ចុះ​អង្កេត​ដល់​កន្លែង​មាន​ទំនាស់​នោះ​សង្កេត​ឃើញ​ថា សកម្មភាព​កាប់​រាន​ព្រៃ​បាន​បំពាន​ទៅ​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ តំបន់​នោះ ដែល​​ជា​អ្នក​ថែរក្សា​អាស្រ័យ​ផល​ព្រៃ​ឈើ និង​បំពាន​ទៅ​លើ​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ​ពិសេស​កាប់​រាន​ព្រៃ​គោរព​បូជា និង​ព្រៃ​តំបន់​កប់​សព​ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច៕ ប្រភពព័ត៌មាន ៖ RFA
Read more...

Wednesday, May 29, 2013

គំនរ​ឈើ​ហ៊ុប​ច្រើន​សម្បើម​ក្នុង​ដី​សម្បទាន​ព្រៃឡង់

0 comments

កំពង់ធំៈ គំនរ​ឈើ​ហ៊ុប​រាប់​ម៉ឺន​ដើម​ត្រូវ​បាន​ក្រុមហ៊ុន​វៀតណាម CRCK និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល កាប់​គរ នៅ​រាយ​ប៉ាយ​ពេញ​ព្រៃ ដែល​ឈើ​មួយ​ចំនួន​ត្រូវ​បាន​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​កាប់​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​របស់​ខ្លួន ហើយ​ដឹក​ចូល​ទៅ​ក្នុង​តំបន់​ដី​សម្បទាន​ដើម្បី​ធ្វើ​ឲ្យ​ទៅ​ជា​ស្រប​ច្បាប់ មុន​នឹង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​។ នេះ​បើ​យោង​តាម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍ ដែល​បាន​ដើរ​រុក​ល្បាត​ព្រៃ ហើយ​ដែល​បាន​ថត​ជា​ខ្សែ​វីដេអូ និង​រូបថត ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏​ធំ​សម្បើម​នេះ។
យោង​តាម​ខ្សែ​វីដេអូ និង​រូបភាព ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ម្សិលមិញ បាន​បង្ហាញ​ថា ឈើ​ប្រភេទ​ដួង​ចែម ធ្នង់ ផ្ចឹក ត្រូវ​បាន​គេ​កាប់​គរ​ជា​គំនរ ដែល​ឈើ​ខ្លះ​ត្រូវ​បាន​គេ​អារ​ច្រៀក​រួច​ហើយ ខ្លះ​នៅ​ទាំង​មូល​ព្រម​ទាំង​មាន​ម៉ាស៊ីន​ស្ទូច ដើម្បី​ស្ទូច​យក​ទៅ​ដាក់​នៅ​ក្នុង​រថយន្ត​យ៉ីឌុប​ដែល​បាន​ដឹក​ចេញ​ពី​ឃុំ រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ របស់​ក្រុមហ៊ុន លោក​ឧកញ៉ា​ទ្រី ភាព និង​ក្រុមហ៊ុន CRCK ដឹក​តាម​ផ្លូវ​លំ ចូល​តាម​ឃុំ​ដង​កាំបិត ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ដែល​ជា​ចំណុច​ស្តុក​ឈើ​ហ៊ុប​មូល​និង​ជា​កន្លែង​រោង​ម៉ាស៊ីន​អារ​ឈើ ដែល​ធ្វើ​អាជីវកម្ម​ទាំង​ក្នុង​ក្រុមហ៊ុន និង​ក្រៅ​ក្រុមហ៊ុន​យ៉ាង​ច្រើន​សម្បើម។
លោក ឈឹម សាវុធ អ្នក​សម្រប​សម្រួល​វេទិកា​សាធារណៈ​នៅ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ដែល​បាន​ចុះ​ទៅ​ធ្វើ​ការ​អង្កេត​ដោយ​ផ្ទាល់​ជាមួយ​ប្រជា​សហគមន៍​បាន​ថ្លែង​ថា ឈើ​មូល​គ្រប់​ប្រភេទ​រាប់​ម៉ឺន​ដើម​ទាំង​កាប់​ចាស់​និង​កាប់​ថ្មីៗ ត្រូវ​បាន​ស្តុក​ទុក​នៅ​ក្នុង​កន្លែង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន CRCK នៅ​ក្នុង​ឃុំ​ដង​កាំបិត ឃុំ​មាន​រិទ្ធ និង​កន្លែង​ស្តុក​ឈើ​ទី​ពីរ នៅ​ចំណុច​ក្បាល​អូរ​ក្រសាំង ដែល​មាន​ចម្ងាយ​ប្រមាណ​១៦ គីឡូម៉ែត្រ ពី​ទី​តាំង​ទី១ ហើយ​កម្មករ​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​នេះ បាន​អះ​អាង​ថា​ឈើ​ដ៏​ច្រើន​សម្បើម​ទាំង​នេះ បាន​ដឹក​ចេញ​ពី​ព្រៃឡង់ តាម​ផ្លូវ​ចំនួន​៣​ខ្សែ​។ លោក​ឲ្យ​ដឹង​ទៀត​ថា​៖ «​ព្រៃឡង់​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​យ៉ាង​រង្គាល​ពី​សំណាក់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព និង​ក្រុមហ៊ុន​វៀតណាម CRCK »។
លោក សាវុធ បាន​ឲ្យ​ដឹង​ទៀត​ថា​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ក្រុមហ៊ុន​មាន​ពីរ​ក្រុម​គឺ​រថយន្ត​យីឌុប​កង់​១៦ និង​កង់​១៨ ដែល​អាច​ផ្ទុក​ទម្ងន់​បាន​ពី​៣០ ទៅ​៥០តោន ហើយ​ក្នុង ១ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​មាន​រថយន្ត​ពី​១៥​ទៅ​២០ គ្រឿង បាន​បើក​ចូល​ទៅ​ដឹក​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន ហើយ​ដឹក​ចេញ​តាម​ច្រក​ទំរីង ឡើង​ទៅ​ផ្លូវ​ជាតិ ចេញ​តាម​កំពង់​ថ្ម រួច​ដឹក​បន្ត​កាត់​ខេត្ត​កំពង់ចាម​ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម​។ លោក​បញ្ជាក់​ថា​៖ «​ចំពោះ​ក្រុមហ៊ុន​ទី្រ ភាព វិញ​គឺ​ឲ្យ​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ឈើ​នៅ​ក្នុង​ស្រុក​ជ័យ​សែន ស្រុក​រវៀង ដោយ​ដឹក​តាម​គោ​យន្ត​ក្នុង​មួយ​ថ្ងៃៗ​មាន​ពី​២០​ទៅ​៣០ គោយន្ត គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ចេញ​មក​ចាប់​នោះ​ទេ​។ ខ្ញុំ​សោក​ស្តាយ​ព្រៃ​ឈើ​រក​ពាក្យ​អ្វី​មក​ថ្លែង​មិន​បាន​នោះ​ទេ»។
លោក ហឿន សុភាព តំណាង​បណ្តាញ​សហគមន៍​ព្រៃឡង់ នៅ​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា សកម្មភាព​កាប់​ឈើ​នៅ​ព្រៃឡង់​សព្វ​ថ្ងៃ​នេះ គឺ​កំពុង​តែ​ធ្ងន់ធ្ងរ​ទៅៗ ដោយ​សារ​តែ​ក្រុមហ៊ុន CRCK របស់​វៀតណាម បាន​កាប់​បំផ្លាញ​ឈើ​ស្ទើរ​តែ​អស់​ទៅ​ហើយ​ដែល​យ៉ាង​យូរ​បំផុត ៣ ឆ្នាំ​ទៀត​ព្រៃឡង់ នឹង​ក្លាយ​ទៅ​ជា​វាល​ឡង់​ហើយ ប្រសិន​បើ​អាជ្ញាធរ​និង​រដ្ឋាភិបាល នៅ​តែ​ព្រងើយ​កន្តើយ​មិន​ព្រម​ចាត់​វិធានការ​ទប់​ស្កាត់​ទេ​នោះ។
លោក​បាន​ថ្លែង​ថា​៖«ពួក​យើង​សហគមន៍​បាន​ត្រឹម​តែ​ដើរ​ល្បាត​តែ​នៅ​ពេល​ដែល​យើង​ត្រឡប់​មក​វិញ​គេ​នៅ​តែ​កាប់​ដដែល​យើង​មិន​អាច​ទប់​ស្កាត់​ពួក​គេ​បាន​នោះ​ទេ​»។
ក្រុមហ៊ុន​ដាំ​កៅស៊ូ វៀតណាម CRCK បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១០ លើ​ផ្ទៃ​ដី​ចំនួន ៦១៥៥ ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​សណ្តាន់​។ រីឯ​ក្រុមហ៊ុន ទី្រ ភាព អ៊ីមផត​អ៊ិចផត បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ក្នុង​ខែ ឧសភា ឆ្នាំ ២០១១ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​បឹង​ពែរ ស្ថិត​នៅ​ក្នុង​ស្រុក​រវៀង លើ​ផ្ទៃ​សរុប​ចំនួន ៩៩១៦ ហិកតា។ បើ​តាម​ប្រជា​សហគមន៍​ទី​តាំង​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ គឺ​សុទ្ធ​តែ​ជា​ព្រៃ​ស្រោង។
លោក NGUYEN DUY LINH ប្រធាន​ក្រុមហ៊ុន CRCK និង​លោក ឧកញ៉ា ទ្រី ភាព ពុំ​អាច​ទាក់​ទង សុំ​ការ​អធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ។
លោក ឆេង គឹម ស៊ុន ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ពុំ​អាច​ទាក់​ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ឡើយ​កាល​ពី​ម្សិលមិញ។
ប៉ុន្តែ លោក អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ​បាន​ការពារ​ក្រុមហ៊ុន​វៀតណាម​ដោយ​ថ្លែង​ថា ក្រុមហ៊ុន​របស់​វៀតណាម ស៊ី.អ.ស៊ី.ខេ ពុំ​មែន​ជា​អ្នក​ប្រមូល​ឈើ​ដោយ​ផ្ទាល់​ទេ អ្នក​ដែល​កាប់​ឈើ គឺជា​ក្រុមហ៊ុន​របស់​ខ្មែរ ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់​វៀតណាម​ឡើយ។ លោក​បាន​ថ្លែង​ថា​៖«ក្រុមហ៊ុន​របស់​វៀតណាម គេ​យក​តែ​ដី​ទេ គឺ​មាន​ក្រុមហ៊ុន​ខ្មែរ​ក្នុង​ស្រុក គេ​ទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋ ដើម្បី​កាប់​ឈើ​មុន​នឹង​ក្រុមហ៊ុន​ចាប់​ផ្តើម​ដាំ​កៅស៊ូ ហើយ​ក្រុមហ៊ុន​នោះ​ក៏​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ផង​ដែរ»៕ ប្រភពពី http://postkhmer.com/index.php/national/1-national-news/98431-2013-05-28-03-32-13

Read more...

Tuesday, May 7, 2013

ព្រៃឡង់​នៅ​តែ​ត្រូវ​កាប់​បំផ្លាញ​ក្រោម​ស្លាក​ក្រុមហ៊ុន​វៀតណាម

0 comments
កំពង់ធំៈ បន្ទាប់​ពី​ការ​ដើរ​ល្បាត​ព្រៃ​អស់​រយៈពេល​៣ថ្ងៃ បណ្តាញ​សហគមន៍​ព្រៃឡង់ ប្រមាណ ៥០ នាក់ បាន​ធ្វើ​ការ​បំផ្លាញ​ម៉ាស៊ីន​ត្រង់​សឺន័រ​អារ​ឈើ​ចំនួន​៥គ្រឿង​ដែល​ពួក​គេ​ រឹប​អូស​បាន​ពី​អ្នក​កាប់​ឈើ និង​បាន​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ យ៉ាង​ហោច​ណាស់​ក៏​មាន​រថយន្ត​ដឹក​ឈើ​ហ៊ុប ដឹក​ឈើ​មូល​ប្រមាណ​ពី​១០ ទៅ​១៥ គ្រឿង​ក្នុង​មួយ​ថ្ងៃៗ​ចេញ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​វៀតណាម CRCK ជា​ឈើ​ដែល​ត្រូវ​បាន​គេ​កាប់​នៅ​ខាង​ក្រៅ​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ នេះ។
លោក ហឿន សុភាព តំណាង​បណ្តាញ​សហគមន៍​ព្រៃឡង់ មក​ពី​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​នាំ​គ្នា​ដើរ​ល្បាត​ព្រៃ​ចំនួន​៣ថ្ងៃ​គឺ​ ចាប់​ពី​ថ្ងៃ​ទី១ ខែ​ឧសភា ដល់​ថ្ងៃ​ទី៣ ខែ​ឧសភា នៅ​ចំណុច​មួយ​ចំនួន​ហើយ​បាន​ប្រទះ​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ព្រៃ​ឡង់​ យ៉ាង​ច្រើន​មាន​ការ​កាប់​ឆ្ការ​ព្រៃ​ធ្វើ​ចម្ការ​និង​ការ​កាប់​ព្រៃ​យក​ឈើ​ លក់​ឲ្យ​ឈ្មួញ រី​ឯ​ក្រុមហ៊ុន​វិញ​បាន​ដឹក​ជញ្ជូន​ឈើ​យ៉ាង​សស្រាក់​សស្រាំ​ទៅ​ដាក់​ក្នុង​ ក្រុមហ៊ុន​ដី​សម្បទាន​វៀតណាម​CRCK ដើម្បី​ប្រែ​កា្លយ​ឈើ​ដែល​ត្រូវ​បាន​កាប់​ដោយ​ខុស​ច្បាប់​នៅ​ក្រៅ​តំបន់​ដី​ សម្បទាន​ឲ្យ​ទៅ​ជា​ឈើ​ស្រប​ច្បាប់​ដែល​កាប់​នៅ​ក្នុង​តំបន់​ដី​សម្បទាន​វិញ​ ។ លោក​បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​ស្តាយ​ណាស់​ពី​ព្រោះ​ក្នុង​មួយ​ថ្ងៃ​រថយន្ត​ដឹក​ឈើ​ចេញ​ប្រមាណ​ពី​ ១០​ទៅ​១៥ គ្រឿង ហើយ​នៅ​ក្នុង​មួយ​ឡាន​ផ្ទុក​ឈើ​ប្រមាណ​ពី​៤០​ទៅ​៥០​ម៉ែត្រ​គុប​ដូច្នេះ​តើ​ ព្រៃ​ឡង់​នឹង​ត្រូវ​កាប់​អស់​ក្នុង​ពេល​ឆាប់ៗ​នេះ​»។
នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ដែល​ក្រុម​សហគមន៍​នាំ​គ្នា​ដើរ​ល្បាត​ព្រៃ​រឹប​អូស​បាន​ម៉ាស៊ីន​ត្រង់សឺន័រ​ ចំនួន ៥គ្រឿង​ឈើ​ដែល​អារ​ទុក​ចោល​ប្រមាណ​៣០ ម៉ែត្រ​គុប និង​បាន​រាប់​ឃើញ​រថយន្ត​ដឹក​ឈើ​មូល​ចេញ​ពី​ក្រុមហ៊ុន CRCK ប្រមាណ​ពី ១០ ទៅ​១៥ គ្រឿង​ក្នុង​មួយ​ថ្ងៃ។ លោក​បាន​ចោទ​សួរ​ថា​៖​«អ្វី​ដែល​យើង​ឆ្ងល់​នោះ​គឺ​នៅ​ពេល​ដែល​យើង​ចាប់​បាន​ ម៉ាស៊ីន​អារ​ឈើ​ស្រាប់​តែ​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​សណ្តាន់​បាន​ទូរស័ព្ទ​មក​ ពួក​យើង​ថា​ឲ្យ​សម្រួល​គ្នា​ហើយ​ប្រគល់​ម៉ាស៊ីន​នោះ ឲ្យ​ទៅ​ម្ចាស់​គេ​វិញ​ដូច្នេះ​បាន​ន័យ​ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​អាជ្ញាធរ​ទាំង​ អស់​នោះ»។
លោក ឈាង វុទ្ធី តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ម៉ាស៊ីន​អារ​ឈើ បាន​គំរាម​កាប់​ក្បាល​ប្រជា​សហគមន៍​។ លោក​និយាយ​ថា​៖ «ខ្ញុំ​នឹង​ដាក់​បណ្តឹង​ការពារ​ចំពោះ​អ្នក​ដែល​បាន​មក​គំរាម​ពួក​ខ្ញុំ​នៅ​ ផ្ទះ​ពី​ព្រោះ​យើង​បារម្ភ​ថា បើ​ថ្ងៃ​ណា​មួយ មាន​បញ្ហា​យើង​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ប្រព្រឹត្ត។ យើង​ជា​អ្នក​ការពារ​ព្រៃ​ឈើ​តែង​តែ​រងគ្រោះ​បែប​នេះ​ដូច​ឃើញ​គំរូ​លោក​ឈុត វុទ្ធី ស្រាប់ ស្រឡាញ់​ព្រៃឈើ​ស្លាប់​នៅ​ក្នុង​កន្លែង​ព្រៃ​ឈើ​តែ​ម្តង​»។
ប្រជា​សហគមន៍​បាន​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ នៅ​តែ​មិន​ចាត់​វិធានការ​ទប់​ស្កាត់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​ សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​តែ​បែរ​ជា​ធ្វើ​ការ​កាប់​ឈើ​នៅ​ខាង​ក្រៅ​តំបន់​ដី ​សម្បទាន​របស់​ខ្លួន​ទេ នោះ​ព្រៃឡង់ នឹង​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​យូរ​នោះ​ទេ​ពីព្រោះ​ក្នុង​មួយ​ថ្ងៃៗ​ឈើ​ ប្រមាណ​ពី ៤០០ ទៅ ៥០០ ម៉ែត្រ​គុប​ត្រូវ​បាន​គេ​កាប់។
លោក អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ បាន​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដោយ​លោក​មាន​ប្រសាសន៍​ថា កំពុង​ជាប់​រវល់​។
លោក ស៊ឹម វណ្ណា អភិបាល​ស្រុក​សណ្តាន់​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ជន​អនា​ធិបតេយ្យ ធ្វើ​ការ​ឈូស ឆាយ ដី​ព្រៃ និង​កាប់​ឈើ​លក់​ខុស​ច្បាប់​មែន ហើយ​សមត្ថកិច្ច​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ-ឃុំ ដើម្បី​ធ្វើ​ការ​ទប់ស្កាត់​។ លោក​ថ្លែង​ថា​៖​«​ចំពោះ​ក្រុមហ៊ុន CRCK គឺ​គេ​កាប់​ព្រៃ​តែ​នៅ​ក្នុង​តំបន់​ព្រៃ​គុប​របស់​គេ​ដែល​ទទួល​បាន​ពី​ រដ្ឋាភិបាល​ប៉ុណ្ណោះ​គេ​ពុំ​បាន​ប៉ះពាល់​ដី​ព្រៃ​ឡង់​នោះ​ទេ​។ ខ្ញុំ​ពុំ​បាន​ទទួល​ព័ត៌មាន​ទេ​ទាក់​ទិន​ទៅ​នឹង​ក្រុមហ៊ុន​ដែល​បាន​ដឹក​ឈើ​ ចេញ​ទាំង​ឡានៗ​ដោយ​ពុំ​ទាន់​កែ​ច្នៃ​នោះ»។
សហគមន៍​ព្រៃ​ឡង់​តែង​តែ​ទទូច​និង​ជំរុញ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​រាជ​រដ្ឋាភិបាល​អនុម័ត​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត ​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ«​ព្រៃ​ឡង់».ឲ្យ​បាន​ឆាប់ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ទាន់​ពេល​វេលា​និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ សហការ​ក្នុង​ការ​ការពារ ព្រៃ​ឡង់​រួម​គ្នា​។
លោក ឈឹម សាវុធ អ្នក​សម្រប​សម្រួល សម្រាប់​វេទិកា​សាធារណៈ នៅ​មជ្ឈមណ្ឌល សិទិ្ធ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា ព្រៃ​ឡង់​កំពុង​តែ​ទទួល​រង​នូវ​ការ​វិនាសកម្ម​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ អំឡុង​១​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​សារ​តែ​អាជ្ញាធរ​មូលដ្ឋាន​មាន​ជាប់​ពាក់​ ព័ន្ធ​នៅ​ក្នុង​ការ​បំផ្លាញ​ព្រៃ​ឈើ​ទាំង​អស់​នោះ​។ លោក​និយាយ​ថា ៖ «សព្វ​ថ្ងៃ​នេះ​គេ​នាំ​គ្នា​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់ ទិញ​ពី​ប្រជា​ពលរដ្ឋ​ហើយ​ដឹក​ឈើ​ទាំង​អស់​នោះ​ទៅ​ដាក់​ក្នុង​ក្រុមហ៊ុន CRCK របស់​វៀតណាម​ដើម្បី​ឲ្យ​វា​ស្រប​ច្បាប់​តាម​ពិត​ក្រុមហ៊ុន​នោះ​បាន​ឈូស​ឆាយ​ ដី​ព្រៃ​ដែល​ទទួល​ពី​រដ្ឋាភិបាល​នោះ​រួច​រាល់​អស់​ហើយ​គ្មាន​នៅ​សល់​ទៀត​នោះ ​ទេ»។
យោង​តាម​របាយ​ការណ៍​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១២​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុមហ៊ុន​ចំនួន ៣៣ ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​វិនិយោគ ​នៅ​ក្នុង​តំបន់​ព្រៃឡង់​ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន​១០៤៥៨៥៧ ហិកតា ក្នុង​នោះ​ដី​សម្បទាន​ព្រៃ​ឈើ​មាន​ចំនួន​៧៤៤៧២០ ហិកតា ដែល​មាន​ក្រុមហ៊ុន​ចំនួន​៥ ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ចំនួន ១២០៦៩៥​ហិកតា ដែល​មាន​ក្រុមហ៊ុន​ចំនួន​១៤ និង​ដី​សម្បទាន​រ៉ែ​មាន​ចំនួន ១៨០៤៤២ ហិកតា ដែល​មាន​ក្រុមហ៊ុន​ចំនួន​១៤៕ ប្រភពពី Postkhmer.com
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន