Rotha Company
 
Showing posts with label គ.ជ.ប. Show all posts
Showing posts with label គ.ជ.ប. Show all posts

Thursday, October 17, 2013

សាលាក្រុង នឹង​ជួប​ប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១៨​តុលា​

0 comments
ប្រភពមកពី CEN.com.kh : ភ្នំពេញ: លោក ឃួ​ង ស្រេង ​អភិបាលរង សាលា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យដឹងថា ខាង​សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​លិខិត​ជូន​ស្តីពី​ការធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួចហើយ​។ នៅ​ថ្ងៃ​ទី​១៨ ខែតុលា លោក​នឹង​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​ខាង​គណបក្ស សង្គ្រោះ​ជាតិ អំពី​ការធ្វើ​បាតុកម្ម​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ មាន​សិទ្ធិ​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​តែ​ក្រោម ២០០ នាក់​ទេ​។ បើ​លើស​ពី ២០០ នាក់ ត្រូវ​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា ទាក់ទង​ការធ្វើ​បាតុកម្ម​នេះ បើ​តាម​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​លោក គឺ​ចំពោះ​រដ្ឋសភា និង​រាជរដ្ឋាភិបាល គឺ​បាន​សម្រេច​អស់ហើយ ហើយ​គាត់​នៅ​តវ៉ា​អំពី​បញ្ហា​អ្វី​ទៀត សាលា​រាជធានី​ភ្នំពេញ និង​ពិនិត្យមើល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើ​ប​បញ្ហា​នេះ​។

​លោក​អភិបាលរង បន្តថា គួរតែ​គណបក្សប្រឆាំង បង្វែរ​ការធ្វើ​បាតុកម្ម​ទៅ​ពិនិត្យ​មើល​ប្រជាជន ដែល​កំពុង​តែ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ល្អ​ជាង​។​

​សូម​រម្លឹកថា អ្នកដឹកនាំ​បាតុកម្ម នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជូនដំណឹង ស្តីពី ការធ្វើ​មហា​បាតុកម្ម​អហិង្សា និង​ដង្ហែ​ក្បួន​ដោយ​សន្តិវិធី​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣.២៤.២៥ ខែតុលា ទៅ​អភិបាល​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៣ ដើម្បី​ស្វែងរក​ការពិត និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព​ឲ្យបាន​ពេញលេញ​តាម​កិច្ចព្រមព្រៀ​ង​ទីក្រុង​ប៉ារីស​៕​
Read more...

Wednesday, June 26, 2013

អតីត​សមាជិក​បក្ស​ប្រឆាំង​អះអាង​ថា​ដឹកនាំ​សកម្មជន​ជាង​៦០០​នាក់​ចូល​បក្ស​ប្រជាជន

0 comments
ប្រភព​ពី​អតីត​សកម្មជន​ គណបក្ស សម រង្ស៊ី បាន​ឱ្យ​ដឹង​ថា សកម្មជន​គណបក្ស សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​សៀមរាប និង​នៅ​តាម​បណ្ដា​ស្រុក​ខ្លះ​ទៀត​ចំនួន​ប្រមាណ​ជាង ៦០០​នាក់ ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច។
មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​កម្មវិធី​ទទួល​យក​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​នោះ​កាល​ពី​ថ្ងៃ​ ទី២៤ ខែ​មិថុនា នៅ​ឯ​ស្រុក​ស្វាយលើ ចម្ងាយ​ប្រមាណ​ជាង ៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប។
មេ​ចលនា​អូស​ទាញ​មនុស្ស​ចេញ​ពី​គណបក្ស​ ប្រឆាំង​មួយ​ក្រុម ហើយ​ទៅ​ចុះ​ចូល​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា បាន​រិះគន់​ថា ពួក​គេ​មិន​អាច​ទ្រាំ​នៅ​បាន​ទៀត​ទេ ដោយសារ​តែ​មន្ត្រី​ធំៗ​ក្នុង​ជួរ​គណបក្ស​ប្រឆាំង​គិត​តែ​ពី​ពង្រឹង​អំណាច​ ផ្ទាល់​ខ្លួន ដោយ​មិន​គិត​ផល​ប្រយោជន៍​គណបក្ស។
ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ម្នាក់ និង​អតីត​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ខ្លះ​ទៀត​នៅ​ខេត្ត​សៀមរាប បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
អតីត​អនុប្រធាន​រដ្ឋបាល​របស់​គណបក្ស សម រង្ស៊ី ខេត្ត​សៀមរាប គឺ​លោក ឆាន ប៉ូឡូ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹកនាំ​សកម្មជន​ថ្នាក់​ខេត្ត ស្រុក និង​ឃុំ​ខ្លះ​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦២៣​នាក់ ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ពេល​ថ្មីៗ៖ «មូលហេតុ ​ចម្បង​ដែល​ពួក​យើង​ខ្ញុំ​ទាំងអស់​គ្នា​ចាក​ចេញ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​ថ្នាក់​ដឹកនាំ​កំពូលៗ គឺ​គិត​តែ​ពី​ប្រយោជន៍​លាភ​សក្ការៈ និង​បក្ខពួក​និយម ហើយ​ជា​មនុស្ស​ដែល​មិន​សូវ​គិត​ធ្វើ​ម៉េច​ឱ្យ​បក្ស​ខ្លាំង​ទេ គិត​តែ​ពី​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​តែ​ក្រុម ឬ​ក៏​បក្ខពួក​របស់​គាត់​ហ្នឹង​ខ្លាំង ទោះ​បី​ជា​ធ្វើ​ឱ្យ​បក្ស​ហ្នឹង​ខ្សោយ​ទន់​ក៏ដោយ»
អភិបាល​ស្រុក និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ស្រុក​ស្វាយលើ លោក សិ ប៊ុនស៊ិន បាន​មាន​ប្រសាសន៍​ថា សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ទាំង​នោះ​មក​ពី​ច្រើន​កន្លែង ហើយ​ស្រុក​របស់​លោក​បាន​រៀបចំ​ធ្វើ​ពិធី​ទទួល​យក​ពួក​គេ។
នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​ដែល​សកម្មជន ឬ​សមាជិក​គណបក្ស​ប្រឆាំង និង​គណបក្ស​ផ្សេងៗ​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​គណបក្ស​របស់​គេ​ទៅ​ចូលរួម​ជាមួយ ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច។ ស្ទើរ​តែ​រាល់​ពេល​នៃ​ការ​បោះឆ្នោត​ជិត​មក​ដល់ បញ្ហា​ចាក​ចេញ​ពី​គណបក្ស​មួយ ចូល​ទៅ​គណបក្ស​មួយ​ទៀត គឺ​តែង​កើត​មាន​ជាច្រើន​លើក​មក​ហើយ។
ទោះ​យ៉ាង​ណា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប លោក សុខ គឹមសេង បាន​ឱ្យ​ដឹង​ថា មេ​ខ្យល់​ដែល​ដឹកនាំ​មនុស្ស​មួយ​ចំនួន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ កម្ពុជា នោះ គឺ​ជា​អតីត​សកម្មជន​គណបក្ស សម រង្ស៊ី ដែល​គណបក្ស​បាន​ដក​ហូត​តួនាទី​កាល​ពី​ជាង ៦​ខែ​មុន ហើយ​មិន​មាន​ចំនួន​មនុស្ស​រាប់​រយ​នាក់​ទៅ​ចុះ​ចូល​ដូច​គេ​អះអាង​នោះ​ឡើយ។
លោក សុខ គឹមសេង៖ «ជា​ការ​ពិត ពួក​គាត់​ហ្នឹង​ជា​អតីត​គណបក្ស សម រង្ស៊ី ដែល​ត្រូវ​បាន​គណបក្ស​ដក​ចេញ​ពី​តួនាទី និង​ដក​ចេញ​ពី​សមាជិក​ភាព ដោយសារ​តែ​គាត់​ប្រព្រឹត្ត​នូវ​ទោស​កំហុស​ជាច្រើន តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។ គាត់​មិន​មែន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ទេ។ ព័ត៌មាន គឺ​គណបក្ស​ប្រជាជន​កម្ពុជា ចូល​ចិត្ត​តែ​បំផ្លើស​អីចឹង ប៉ុន្តែ​តាម​ការ​ពិត យើង​ឃើញ​ហើយ​តែ​គ្នា​គាត់​ប៉ុន្មាន​នាក់ ដែល​គណបក្ស សម រង្ស៊ី ដក​ហូត​តំណែង ដោយសារ​តែ​គាត់​មាន​កំហុស​ខុស​ឆ្គង​មិន​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​តែ​ ប៉ុណ្ណឹង។ ក៏ប៉ុន្តែ សកម្មជន​ដទៃ​ទៀត​អត់​មាន​ការ​ចុះ​ចូល​ទេ»
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ជ្រើស​រើស​គណបក្ស​ ដែល​ខ្លួន​ស្រឡាញ់ ក៏ប៉ុន្តែ​ការ​ចាក​ចេញ​របស់​សមាជិក​នៃ​គណបក្ស​នយោបាយ​មួយ​ទៅ​ចុះ​ចូល​ជាមួយ​ គណបក្ស​នយោបាយ​មួយ​ទៀត បើ​ទោះ​បី​ជា​មិន​ប៉ះពាល់​ធំ​ដុំ ក៏​វា​អាច​នឹង​ប៉ះពាល់​ទៅ​ដល់​អារម្មណ៍​អ្នក​បោះឆ្នោត​ខ្លះៗ។
មិន​មែន​តែ​ខេត្ត​សៀមរាប ទេ ដែល​មាន​ការ​អះអាង​ថា សមាជិក​គណបក្ស​ប្រឆាំង​បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​នៅ​ខេត្ត​កំពត ខេត្ត​កណ្ដាល និង​តំបន់​មួយ​ចំនួន​ទៀត ក៏​មាន​សេចក្តី​រាយការណ៍​ពី​ការ​ចុះ​ចូល​ដូច​គ្នា​នេះ​ដែរ។
ទោះ​យ៉ាង​ណា ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កណ្ដាល លោក ធួង សុខា បាន​អះអាង​ថា ពុំ​មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ណា​មួយ​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ព័ត៌មាន​ផ្សព្វផ្សាយ​នោះ​ទេ។ លោក ធួង សុខា បញ្ជាក់​ថា បុរស​ម្នាក់​ឈ្មោះ ហ៊ល សំនៀង ដែល​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ មិន​មែន​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កណ្ដាល ឡើយ គឺ​គ្រាន់​តែ​ជា​អតីត​សកម្មជន​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​ដក​ហូត​ពី​តួនាទី​ជា​យូរ​មក​ហើយ៕ ប្រភពព័ត៌មាន ៖ RFA
Read more...

Monday, June 24, 2013

បទ​វិភាគ៖ តើ​មធ្យោបាយ​ប្រជែង​គ្នា​របស់​បក្ស​ធំៗ​២​ចំណេញ​ជាតិ​ឬ​ទេ?

0 comments
ប្រទេស​កម្ពុជា ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចំនួន ៤​ដង​ទៅ​ហើយ។ នៅ​សល់​រយៈពេល​ជាង​១​ខែ​ទៀត ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នឹង​ចូល​មក​ដល់។ អ្នក​នយោបាយ​គណបក្ស​ធំ​ពីរ គឺ​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចាប់​ផ្ដើម​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​ពី​ សំណាក់​ប្រជាពលរដ្ឋ។
តើ​មធ្យោបាយ​ប្រជែង​គ្នា​របស់​គណបក្ស​ទាំង​ពីរ​មាន​ផលប្រយោជន៍​ឬ​ទេ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ?
មិន​ខុស​ពី​ការ​បោះ​ឆ្នោត​មុនៗ​ទេ គណបក្ស​កាន់​អំណាច​នៅ​តែ​ប្រើ​យុទ្ធសាស្ត្រ​ដដែលៗ​ដើម្បី​ស្រូប​ទាញ​ ប្រជាប្រិយភាព​របស់​ខ្លួន។ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​ប្រារព្ធ​សមាជ​រួម​បញ្ចូល​គ្នា ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៣ រួច​មក គណបក្ស​ប្រជាជន​កម្ពុជា ក៏​ប្រើប្រាស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ជា​ស្ថាប័ន​រដ្ឋ ទៅ​វាយ​ប្រហារ​គណបក្ស​ប្រឆាំង។
អង្គភាព​នេះ​បាន​ផ្សព្វផ្សាយ​ខ្សែ​អាត់​ សំឡេង​ដែល​ជា​ការ​ទិតៀន​គ្នា​ទៅ​ វិញ​ទៅ​មក​របស់​លោក សម រង្ស៉ី និង​លោក កឹម សុខា កាល​ពី​មិន​ទាន់​ជាគ្នា ព្រម​ទាំង​ដាក់​ឈ្មោះ​ខ្សែ​អាត់​នោះ​ថា អាយ៉ៃ​ឆ្លើយឆ្លង និង​ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​យក​ទៅ​ប្រាប់​ពលរដ្ឋ​ថា មេ​បក្ស​ប្រឆាំង​ទាំង​២ មិន​អាច​រួបរួម​គ្នា​បាន​ទេ។
មុខ​របួស​គណបក្ស​ប្រឆាំង​ប៉ង់សឺម៉ង់ (រុំ​របួស) មិន​ទាន់​ជិត​ស្រួល​បួល​ផង ត្រូវ​គណបក្ស​កាន់​អំណាច​យក​ឈើ​ចាក់​បន្ថែម​ទៀ ក្រោយ​ការ​ចាក់​ផ្សាយ​អំពី​ការ​ធ្លាប់​បែក​បាក់​គ្នា​រវាង​មេ​បក្ស​ទាំង​ពីរ ​មិន​បាន​ប៉ុន្មាន​ផង លោក កឹម សុខុន ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក កឹម សុខា ចាប់​ផ្ដើម​វាយ​ប្រហារ​ទៅ​លើ​បង​របស់​ខ្លួន ដោយ​មាន​ខ្លឹមសារ​សំខាន់ គឺ​ធ្វើ​យ៉ាង​ម៉េច​កុំឲ្យ​ពលរដ្ឋ​ជឿ​លើ​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ។ សំដី​របស់​លោក កឹម សុខុន បាន​ត្រូវ​គេ​យក​ទៅ​ផ្សព្វផ្សាយ​ស្ទើរ​គ្រប់​កញ្ចក់​ទូរទស្សន៍​ក្នុង​ ប្រទេស។ ល្បិច​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​ប្រើប្រាស់​ម្ដង​រួច​ទៅ​ហើយ​កាល​ទសវត្ស ​១៩៩០ ដែល​គណបក្ស​នេះ​យក​ព្រះអង្គម្ចាស់ នរោត្ដម ចក្រពង្ស់ ទៅ​បង្អាប់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។
លោក កឹម សុខុន ក៏​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ផ្ដល់​រង្វាន់​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ កណ្ដាល សន្តិសុខ​​ក្រសួង​មហាផ្ទៃ ពាក់​ផ្កាយ​ពីរ។
បន្ទាប់​ពី​ប្អូន​ប្រុស​លោក កឹម សុខា បាន​តំណែង​រួច​មក គណបក្ស​កាន់​អំណាច​នៅ​តែ​យក​ទឹក​អាស៊ីដ​ទៅ​លាង​មុខ​របួស​បក្ស​ប្រឆាំង​ដែល​ កំពុង​រីក​នោះ។ គណបក្ស​ប្រជាជន​លាតត្រដាង​ខ្សែ​អាត់​សំឡេង​របស់​លោក កឹម សុខា ដែល​មាន​ពាក្យ​និយាយ​ថា គុក​ទួលស្លែង​ជា​ឆាក​ដែល​វៀតណាម​បង្កើត។គ្រាន់​តែ​លឺ​ពាក្យ​នេះ​ភ្លាម លោក ជុំ ម៉ី ដែល​ជា​អ្នក​មិន​គាំទ្រ​គណបក្ស​ប្រឆាំង​ស្រាប់​ផង​នោះ ក៏​បាន​ប្រកាស​តិះដៀល​លោក កឹម សុខា ថា​ជា​អ្នក​បំភ្លៃ​ប្រវត្តិសាស្ត្រ និង​ទាមទារ​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មួយ​នេះ សូម​អភ័យទោស​ជា​សាធារណៈ។
បន្ទាប់​ពី​គ្មាន​ការ​សូម​អភ័យទោស លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បង្ហើប​មុន​លោក ជុំ ម៉ី ដោយ​ទំនង​ជា​ដឹង​មុន​ថា អាច​នឹង​មាន​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។ ភ្លាមៗ​នោះ លោក ជុំ ម៉ី ​ក៏​បាន​ចេញ​លិខិត​មួយ​ស្នើ​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​ក្រោក​ឈរ​ឡើង ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​លោក កឹម សុខា។ មនុស្ស​ជាង ៣​ម៉ឺន​នាក់់ សុទ្ធ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទូទាំង​ប្រទេស ចេញ​ធ្វើ​បាតុកម្ម​ព្រមៗ​គ្នា យក​ញត្តិ​ដាក់​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។
ស្រប​គ្នា​នោះ លោក ហ៊ុន សែន បញ្ជា​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច អនុម័ត​ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ប្រល័យ ​ពូជ​សាសន៍​ខ្មែរ​ក្រហម​យ៉ាង​ឆាប់​រហ័ស ទោះ​បី​ជា​រង​ការ​រិះគន់​ពី​សង្គម​ស៊ីវិល​ថា មិន​បាន​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ក៏ដោយ។
ឃើញ​មុខ​របួស​គណបក្ស​ប្រឆាំង​កាន់​តែ​ ដុនដាប​ទៅៗ លោក ហ៊ុន សែន ក៏​បាន​ជួយ​អង្អែល​លេង​បន្តិចៗ ដោយ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ត​ទៅ​ទៀត។ តែ​ធាតុ​ពិត​គណបក្ស​ប្រឆាំង​មិន​បាន​ធូរ​ស្រាល​ប៉ុន្មាន​ទេ។ ផ្អាក​បាតុកម្ម​មែន តែ​លោក កឹម សុខា បែរ​ជា​ត្រូវ​ដើរ​ជាន់​បន្លា​បន្ថែម​ទៀត។ បណ្ដឹង​ចំនួន ២ បាន​ទៅ​ដល់​ដៃ​តុលាការ​ខេត្ត​ស្វាយរៀង និង​តុលាការ​រាជធានី​ភ្នំពេញ។ ករណី​ទី​១ ជា​បណ្ដឹង​របស់​ស្ត្រី​ម្នាក់ ឈ្មោះ សំ ផល្លា ជា​ម្ដាយ​របស់​ស្ត្រី​ដែល​អះអាង​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា កាល​ពី​ជាង ១០​ឆ្នាំ​មុន ដែល​ប្ដឹង​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​អំឡុង​ពេល​លោក កឹម សុខា ចុះ​ទៅ​ជួប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា។ ករណី​ទី​២ ជា​បណ្ដឹង​លោក ជុំ ម៉ី ប្ដឹង​ប្រឆាំង​លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នូវ​ពាក្យ​ដែល​លោក កឹម សុខា ទំនង​ជា​បាន​និយាយ​ថា គុក​ទួលស្លែង​ជា​ឆាក​ដែល​វៀតណាម បង្កើត។
ចំណែក​ឯ​គណបក្ស​ប្រឆាំង​វិញ ចាប់​ពី​បង្រួបបង្រួម​គ្នា​ជា​ផ្លូវការ​មក គណបក្ស​នេះ​ផ្តើម​ដោយ​គោលនយោបាយ​ដូចការ​បាញ់​គ្រាប់​កាំភ្លើង ដែល​គណបក្ស​កាន់​អំណាច​មិន​ធ្លាប់​ហ៊ាន​បាញ់​ទាល់តែសោះ។
គោលនយោបាយ ៧​ចំណុច​របស់​គណបក្ស​ប្រឆាំង មាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​មាន​អាយុ​ចាប់​ពី ៦៤ ឡើង​ទៅ​ចំនួន ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ កម្មករ ផ្ដល់​សេវា​សុខភាព​មិន​បង់​ប្រាក់​ចំពោះ​ជន​ក្រីក្រ ផ្ដល់​ការ​អប់រំ និង​បញ្ចុះ​តម្លៃ​ប្រេងសាំង ជី​កសិកម្ម អគ្គីសនី ជាដើម។
ពេល​បាញ់​កាំភ្លើង​តូច​បើក​ផ្លូវ​ហើយ គណបក្ស​ប្រឆាំង​បាញ់​កាំភ្លើង​ធំ​តែម្ដង គឺ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ដើម្បី​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប) តាម​អនុ​សាសន៍​សង្គម​ស៊ីវិល និង​អនុសាសន៍​របស់​តំណាង​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ អង្គការ​សហប្រជាជាតិ លោក សុរិយ៉ា ស៊ូប៊ែឌី (Surya Subedi)។ បាតុកម្ម​ទី​១​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ដើម្បី​យក​ញត្តិ​ទៅ​ដាក់​ជូន គ.ជ.ប។ កង​កម្លាំង​សន្តិសុខ​រាប់​ពាន់​នាក់ បាន​ដាក់​ពង្រាយ​ដើម្បី​ទប់ស្កាត់​និង​បង្រ្កាប ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ហែ​ក្បួន​ឡើយ ដោយ​គ្រាន់​តែ​រង់ចាំ​ប្រគល់​ញត្តិ​ឲ្យ គ.ជ.ប នៅ​នឹង​ទីលាន​សេរីភាព​ប៉ុណ្ណោះ។
បាតុកម្ម​នេះ​ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ ទុក​ថា ជា​ការ​សាក​ល្បង​ពី​សន្ទស្សន៍​នៃ​ការ​គាំទ្រ និង​វាស់​ស្ទង់​ពី​ទំហំ​ទប់ទល់ និង​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ប៉ុណ្ណោះ។ ពេល​នោះ​មន្ត្រី គ.ជ.ប បាន​បដិសេធ​មិន​ធ្វើ​ការ​ផ្លាស់ប្ដូរ​អ្វី​បន្តិច​ឡើយ ហើយ​ចាត់​ទុក​ថា ញត្តិ​គណបក្ស​ប្រឆាំង​មិន​មាន​តម្លៃ។
គណបក្ស​ជំទាស់​ប្រកាស​ធ្វើ​បាតុកម្ម​ទី​២ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ស្រប​ពេល​ដែល​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ការ​ជួប​ជុំ​នោះ​មាន​មនុស្ស​ជាង ៥​ពាន់​នាក់​ចូល​រួម ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​សហគមន៍​អឺរ៉ុប និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ ​នៅ​កម្ពុជា។ ហើយ​មាន​តែ​សកម្មជន​បក្ស​ប្រឆាំង ១០០​នាក់​ប៉ុណ្ណោះ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ហែ​ក្បួន។ ប៉ុន្តែ​ដល់​ពេល​ហែ​ក្បួន​ពិតប្រាកដ សកម្មជន​គណបក្ស​ប្រឆាំង​ជាង ៥​ពាន់​នាក់​បាន​ទម្លុះ​រនាំង​សមត្ថកិច្ច​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ​តាម​ បំណង។
មន្ត្រី​បក្ស​ប្រឆាំង​ចូល​ជួប​មន្ត្រី​ អង្គការ​សហ​ប្រជាជាតិ និង​មន្ត្រី​សហគមន៍​អឺរ៉ុប សុំ​ឲ្យ​ភាគី​អន្តរជាតិ​ទាំង​ពីរ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប និង​អន្តរាគមន៍​យក​លោក សម រង្ស៉ី ចូល​ស្រុក​វិញ។ រី​ឯ​លោក សម រង្ស៉ី គេ​មិន​រំពឹង​ថា នឹង​បាន​ចូល​ស្រុក​វិញ​នោះ ក៏​បាន​ដើរ​ប្រកូកប្រកាស​ប្រាប់​អន្តរជាតិ​ឲ្យ​ជួយ។ រហូត​ដល់​រដ្ឋាភិបាល​ថៃ ​ដឹក​នាំ​ដោយ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែល​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន មិន​ឲ្យ​ចូល​ស្រុក​ថៃ ទៀត ក្រោម​ហេតុផល​រក្សា​ទំនាក់ទំនង​ល្អ​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។
ក្រៅ​ពី​ប្រើ​កាំភ្លើង​ធំៗ បាញ់​លើ​គណបក្ស​ប្រជាជន គណបក្ស​ប្រឆាំង​ថែម​ទាំង​ប្រើ​គ្រាប់​បែក​បោក​បន្ត​កន្ទុយ​គ្នា​ទៀត។ បក្ស​កាន់​អំណាច​ត្រូវ​បាន​គណបក្ស​ប្រឆាំង​លាតត្រ​ដាង​នៅ​ឆាក​អន្តរជាតិ​លើ​ បញ្ហា​មួយ​ចំនួន ដូចជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​រំលោភ​បំពាន​ដីធ្លី និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ការ​គាប​សង្កត់​ផ្នែក​នយោបាយ​ជាដើម។ ចំណែក​ឯ​នៅ​ក្នុង​ប្រទេស គណបក្ស​ប្រឆាំង​បាន​រិះគន់​ពី​អសមត្ថភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ អន្តោប្រវេសន៍ ដែល​ផ្ដោត​សំខាន់​លើ​អន្តោប្រវេសន៍​ពី​ប្រទេស​វៀតណាម។
បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ ជាតិ កាល​ពី​ចុង​សប្ដាហ៍​មុន ថែម​ទាំង​ដាក់​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​បណ្ដឹង​នេះ ចោទ​លោក ហ៊ុន សែន ថា បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ជាង ៤​ម៉ឺន​នាក់ រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ស្រប​​ច្បាប់។
សកម្មភាព​របស់​គណបក្ស​ធំៗ​ពីរ​មុន​ការ​បោះ ​ឆ្នោត​នេះ ទំនង​ជា​ចេតនា​ក្នុង​ការ​យក​ឈ្នះ​គ្នា​ម្ខាងៗ ដោយ​វាយ​ប្រហារ​ចំ​ជីពចរ​រសើបៗ​របស់​គូប្រជែង​ប៉ុណ្ណោះ។ ព្រឹត្តិការណ៍​ទាំង​នោះ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ពលរដ្ឋ​ជក់ចិត្ត ប៉ុន្តែ​មិន​បាន​បង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​នោះ ​ឡើយ។ ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ចំណេះ​ដឹង​ជា​មុន​សិន មុន​នឹង​សម្រេច​ចិត្ត​ថា​តើ​គួរ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​នោះ? ប្រភពព័ត៌មាន ៖ វិទ្យុអាស៊ីសេរី
Read more...

Thursday, June 6, 2013

ព្រឹកស្អែក​ គ.ជ.ប​ នឹងបើក​កិច្ចប្រជុំ​ស្តីពីការ​ផ្សព្វផ្សាយ​នីតិវិធី​នៃយុទ្ឋនាការ​ឃោសនា​រកសំឡេង​បោះឆ្នោត

0 comments
នៅទីស្នាក់ការ​កណ្តាល​នៃគណៈកម្មាធិការ​ជាតិរៀបចំ​ ការបោះឆ្នោត​ (គជប) ​ស្ថិតក្នុងបរិវេណ​ក្រសួង​មហាផ្ទៃ ​នាម៉ោង១០ព្រឹក​ថ្ងៃទី ០៧​ មិថុនា ​២០១៣​នេះ មានរៀបចំ​បើក​កិច្ចប្រជុំ​ស្តីពីការ​ផ្សព្វផ្សាយ​នីតិវិធីនៃ​យុទ្ឋនាការ​ ឃោសនា​រកសំឡេងឆ្នោត​ ។
កិច្ចប្រជុំ​នេះ​ ក្រោមអធិបតី​ភាព​​លោក សោម ច័ន្ទ​ឌីណា​​ សមាជិក​ គ.ជ.ប​ ​ព្រមទំាងមានការចូលរួម​ពីតំណាង​គណបក្ស​នយោបាយ​ទំាង៨ ដែលនឹង​ចូលរួម​ប្រកួតប្រជែងក្នុង​ការបោះ​ឆ្នោត​​ជ្រើសតំាង​តំណាងរាស្រ្ត​ សំរាប់​នីតិកាល​ទី៥ អង្គការ​សង្គម​ស៊ីវិល​ និង អ្នកកាសែត​ជាច្រើននាក់ទៀត ៕
Read more...

Wednesday, May 22, 2013

ប្រធាន គ.ជ.ប ជួបជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ

0 comments
ភ្នំពេញ: ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. លោក អ៊ឹម សួស្តី បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា នៅ​ទីស្តីការ គ​.​ជ​.​ប កាលពី​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣​។​
​លោក អ៊ឹម សួស្តី បាន​មានប្រសាសន៍ ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា នៅក្នុង​ជំនួប​នោះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ បានលើកឡើង​អំពី​កង្វល់​អ្វីដែល​គាត់​បានឃើញ និង​អ្វីដែល​គេ​បាន​ប្រាប់​គាត់​។
​លោក​ក៏បាន​បកស្រាយ​ទៅវិញ​អំពី​កង្វល់ ​ថា អ្វីដែល គ​.​ជ​.​ប ធ្វើបាន​តាមផ្លូវ​ច្បាប់ និង​អ្វីដែល​វា​លំបាក​ខាង​ផ្លូវច្បាប់ និង​អ្វីដែល​លំបាក​ខាង​បច្ចេកទេស គ​.​ជ​.​ប ប្រាប់​ទាំងអស់​ជុំវិញ​បញ្ហា​នេះ​។​

​លោក​បាន​បញ្ជាក់ថា ក្តីកង្វល់​ដែល​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ បានលើកឡើង​គឺ អំពី​បញ្ជី​បោះឆ្នោត ការប្រើ​មធ្យោបាយ​រដ្ឋ និង​ជុំវិញ​ការជ្រើសរើស​មន្ត្រី​... ហើយ​ការលើកឡើង​នេះ​គឺជា​ការលើកឡើង​ដដែលៗ​។ ការជួប​នេះ ក៏​ជា​ឱកាសល្អ​ដែរ ដែល​គជប បាន​ពន្យល់​ដល់​អ្នករាយការណ៍​ពិសេស ឲ្យ​យល់​ពី​សភាពការណ៍​នៅ​ស្រុក​ខ្មែរ អំពី​ច្បាប់​នៅ​ស្រុក​ខ្មែរ ដែល គ​.​ជ​.​ប បានធ្វើ​កន្លងមក​។​

​លោក​ប្រធាន គ​.​ជ​.​ប បានលើកឡើង​ទៀតថា នៅក្នុង​ជំនួប​នេះ គ​.​ជ​.​ប បើកចំហ​ថា អ្នកណា​ដែល​ចង់ដឹង គ​.​ជ​.​ប នឹង​ប្រាប់​។ ការជួបគ្នា រវាង​រូបលោក នឹង​លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី នេះ​គឺជា​ឱកាស​មួយ ដែល គ​.​ជ​.​ប ចង់​ប្រាប់​ដល់​គាត់​ថា អ្វីដែល គ​.​ជ​.​ប បានធ្វើ កំពុង​ធ្វើ ហើយ​ការលំបាក ដែល គ​.​ជ​.​ប បាន​ជួបប្រទះ​។​

​ចំណែក​លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី បាន​ថ្លែងប្រាប់​អ្នកកាសែត ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ជំនួប​រវាង​រូបលោក ជាមួយនឹង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺ​បាន​ពិភាក្សា​អំពី​អនុសាសន៍​របស់លោក ដែល​បានដាក់​ឲ្យ គ​.​ជ​.​ប នាពេល​កន្លងមក​។ គ​.​ជ​.​ប បានផ្តល់​ការឆ្លើយតប​មក​ឲ្យ​លោក​វិញ ទាក់ទង​អនុសាសន៍​របស់លោក​។​

​សូមជម្រាបថា លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ អ​.​ស​.​ប ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា មក​ធ្វើ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែលជា​បេសកកម្ម​លើក​ទី​៩ នៅ​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៣​។​

​បេសកកម្ម​នេះ នឹង​ផ្ដោតលើ​ការតាមដាន​អនុសាសន៍ ដែល​លោក ស៊ូ​ប៊ែ​រ​ឌី បានលើកឡើង នៅក្នុង​របាយការណ៍រ​ប​ស់លោក កាលពី​លើក​មុន ព្រមទាំង​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ជំរុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​ កិច្ចប្រជុំ​រវាង​លោក អ៊ឹម សួស្តី និង​លោក ស៊ូ​រិ​យា ប្រាសាទ ស៊ូ​ប៊ែ​រ​ឌី នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣ គឺធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង រួបរួម​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បានធ្វើ​បាតុកម្ម ដាក់​ញត្តិ ទៅកាន់​សហភាព​អឺរ៉ុប និង​លោក ស៊ូ​រិ​យា ស៊ូ​ប៊ែ​រ​ឌី កាលពី​ព្រឹក​ថ្ងៃទី​២០​ឧសភា ឆ្នាំ​២០១៣​។ ញត្តិ​នោះ ស្នើ​ឲ្យ​មានការ​កែទម្រង់​គ​.​ជ​.​ប​. និង​កែសំរួល​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ជាដើម​៕ ប្រភព៖ CEN


Read more...

តើ​លោក ស៊ូប៊ែឌី មាន​ឥទ្ធិពល​លើ គ.ជ.ប ដែរ​ឬ​ទេ?

0 comments
ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក អ៊ឹម សួស្តី បាន​អនុញ្ញាត​ឲ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Prasad Subedi) ជួប​ពិភាក្សា​ការងារ​នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា។ ការ​ជួប​ពិភាក្សា​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​ដាក់​ញត្តិ​ជូន​លោក ស៊ូប៊ែឌី ទាមទារ​ឲ្យ​លោក​ជួយ​ដាក់​សម្ពាធ​ដល់ គ.ជ.ប កែ​ទម្រង់​សមាសភាព​ក្បាល​ម៉ាស៊ីន​ដឹកនាំ គ.ជ.ប និង​សុំ​ឲ្យ​អនុវត្ត​តាម​អនុសាសន៍​សង្គម​ស៊ីវិល។

តើ​លោក ស៊ូប៊ែឌី មាន​ឥទ្ធិពល​អាច​ជំរុញ​ឲ្យ គ.ជ.ប ធ្វើ​កំណែ​ទម្រង់​បាន​ដែរ​ឬ​ទេ?

មន្ត្រី ​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​ថា លោក សុរិយា ស៊ូប៊ែឌី មិន​មាន​ឥទ្ធិពល ឬ​អាច​ដាក់​សម្ពាធ​មក​លើ គ.ជ.ប ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​ជា​ការ​ទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​បាន​ឡើយ។

គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ជាង ៥​ពាន់​នាក់ បាន​ដាក់​លិខិត​ជូន​លោក សុរិយា ស៊ូប៊ែឌី កាល​ពី​ថ្ងៃ​ទី២០ ខែ​ឧសភា។ ញត្តិ​នោះ​បាន​ស្នើ​ឲ្យ​លោក ស៊ូប៊ែឌី ជួយ​ជំរុញ​ឲ្យ គ.ជ.ប សើរើ​ឡើង​វិញ​នូវ​បញ្ជី​អ្នក​បោះឆ្នោត​ដែល​មាន​ភាព​មិន​ប្រក្រតី​តាម​ការ​រក ​ឃើញ​របស់​អង្គការ អ៊ីន.ឌី.អាយ (NDI) របស់​សហរដ្ឋ​អាមេរិក និង​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ក្នុង​ស្រុក ខុមហ្វ្រែល (Comfrel)។ ញត្តិ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត ស្នើ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច បញ្ឈប់​ការ​ប្រើប្រាស់​តួនាទី និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​រដ្ឋ ដើម្បី​វាយ​ប្រហារ​លើ​គណបក្ស​ប្រជែង​ជាដើម។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ពន្យល់​ថា ការ​ស្នើសុំ​នោះ​មិន​មាន​អ្វី​ប្លែក​នោះ​ទេ។ លោក​បញ្ជាក់​ថា គ.ជ.ប នៅ​តែ​បន្ត​ជំហរ​អនុវត្ត​តាម​ច្បាប់​ដដែល ហើយ​ថា​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល មិន​អាច​យក​សម្ពាធ​ពី​លោក ស៊ូប៊ែឌី មក​ដាក់​ឲ្យ គ.ជ.ប អនុវត្ត​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ឡើយ៖ «ខ្ញុំ​គ្រាន់​តែ​រំលឹក​ឡើង​វិញ គ.ជ.ប នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ដដែល​ក្នុង​ការ​អនុវត្ត​តាម​ច្បាប់។ អ្វី​ដែល​ដាក់​បន្ទុក ឬ​ដាក់​សម្ពាធ​មក​លើ គ.ជ.ប ដែល​មិន​មែន​ជា​សមត្ថកិច្ច គ.ជ.ប គឺ គ.ជ.ប មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​ត្រូវ​អនុវត្ត​តាម​ច្បាប់»។

ការ ​ប្រកាន់​ជំហរ​នឹង​របស់ គ.ជ.ប ក្នុង​កាលៈទេសៈ​ជិត​បោះឆ្នោត​នោះ​ត្រូវ​បាន​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក ហង្ស ពុទ្ធា យល់​ថា ការ​ចាប់​ផ្ដើម​ប្រកួត​ប្រជែង ផ្ដើម​ដោយ​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង គ.ជ.ប ជាមួយ​គណបក្ស​នយោបាយ​មុន​ការ​បោះឆ្នោត នាំ​ឲ្យ​មាន​ការ​ច្រាន​ចោល​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ មួយ​វិញ​ទៀត ម្ចាស់​ឆ្នោត​អាច​នឹង​បាត់​ជំនឿ​ទៅ​លើ គ.ជ.ប និង​អាច​លះបង់​សិទ្ធិ​ទៅ​បោះឆ្នោត​បាន៖ «អ្វី​ដែល​បារម្ភ​នោះ​ត្រង់​ថា ការ​ចាប់​ផ្ដើម​ប្រកួត​ប្រជែង​នោះ ផ្ដើម​ចេញ​ពី​ការ​មិន​ទុក​ចិត្ត​គ្នា​ទៅ​ហើយ អ៊ីចឹង​ការ​ប្រកាស​លទ្ធផល​អាច​នឹង​ប្រកាស​ថា​មិន​ទទួល​យក ឬ​គ្មាន​ន័យ​ស្អី​សម្រាប់​អ្នក​ចូលរួម​ការ​បោះឆ្នោត​នេះ ក៏​អាច​ធ្វើ​ឲ្យ​សភាពការណ៍​តានតឹង​អាច​នឹង​កើត​មាន​ឡើង»។

មិន​ខុស​ គ្នា​ដែរ អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត មាន​មតិ​ថា លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ​អាច​និយាយ​បាន​ថា នឹង​មាន​ការ​បដិសេធ​មិន​ទទួល​ស្គាល់ បើ​ទោះ​បី​ជា​គណបក្ស​ណា​មួយ​ជា​អ្នក​ឈ្នះ​ក៏ដោយ។ អ្នកស្រី​បញ្ជាក់​ថា លោក ស៊ូប៊ែឌី មាន​ឱកាស​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​បេសកកម្ម​លើក​នេះ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដែល​ជា​បញ្ជា​ការ​របស់ គ.ជ.ប ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ និង​កែ​ទម្រង់ គ.ជ.ប តាម​ការ​ទទូច​សុំ​ពី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង៖ «យើង​អាច​ទាយ​ដឹង​ថា នឹង​គ្មាន​ការ​ទទួល​ស្គាល់​ទៅ​ហើយ​នរណា​ឈ្នះ​ក៏ដោយ នរណា​ចាញ់​ក៏ដោយ។ ប៉ុន្តែ អ្នក​បញ្ជា​លើ​បញ្ជា​ការ​នោះ គឺ​នាយក​រដ្ឋមន្ត្រី មិន​មែន គ.ជ.ប ហ្នឹង​អាច​ដោះដូរ​បាន​ស្រេច​តែ​ចិត្ត។ ត្រង់​ថា កែ​មិន​កែ​ស្អី​នៅ​លើ​ប្រមុខ​រដ្ឋាភិបាល មិន​មែន​នៅ​ត្រឹម គ.ជ.ប ទេ»។

ទោះ ​យ៉ាង​ណា មន្ត្រី គ.ជ.ប លោក ទេព នីថា បញ្ជាក់​ថា ការ​ទស្សន៍ទាយ​លទ្ធផល​ទុក​មុន និង​ការ​ប៉ាន់​ថា​លទ្ធផល​បោះឆ្នោត​នោះ​អាច​នឹង​ត្រូវ​បដិសេធ​មិន​ទទួល​ ស្គាល់​ផ្លូវ​ការ​នោះ គ្រាន់​ជា​ទស្សនៈ​បែប​នយោបាយ​ប៉ុណ្ណោះ។ លោក​ពន្យល់​ថា គណបក្ស​ទាំងអស់​ដែល​បាន​ឈរ​ឈ្មោះ​ចូល​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​សកល​នា​ខែ ​កក្កដា ខាង​មុខ បាន​ចុះ​កិច្ច​សន្យា​ជា​មុន​ជាមួយ គ.ជ.ប ថា​នឹង​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ប្រព្រឹត្ត ​ទៅ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ម្យ៉ាង ការ​បដិសេធ​លទ្ធផល​បោះឆ្នោត​នោះ​សោត ក៏​មិន​អាច​ស្ទះ​ដំណើរ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ​ដែរ ប្រសិន​បើ​គណបក្ស​ណា​មួយ​រក​សំឡេង​អាសនៈ​សភា​បាន​លើស​ពី ៥០ បូក ១ នោះ។

អ្នក ​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី យល់​ថា ការ​ដែល​រដ្ឋាភិបាល និង គ.ជ.ប មិន​ទទួល​នូវ​ការ​ស្នើសុំ​របស់​លោក ស៊ូប៊ែឌី ជា​ការ​ខាត​បង់ និង​ធ្វើ​ឲ្យ​កម្ពុជា ស្ថិត​នៅ​ឯកោ​ពី​ប្រទេស​ដែល​មាន​លិខិត​បទដ្ឋាន​ក្នុង​តំបន់ និង​អន្តរជាតិ។ លោក កែម ឡី ពន្យល់​ថា អង្គការ​សហប្រជាជាតិ​មាន​តួនាទី​សំខាន់​ក្នុង​ការ​តាម​ដាន និង​ត្រួត​ពិនិត្យ​អនុវត្ត​កិច្ចការ​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​ជាដើម។

លោក កែម ឡី៖ «វា​មិន​ជា​បញ្ហា​ទេ ប្រទេស​យើង​មាន​ឯករាជ្យ​ភាព ប៉ុន្តែ​តម្លៃ​របស់​វា​យើង​ចង់​បាន​តម្លៃ​ឲ្យ​ប្រទេស​យើង​ខិត​មក​ប្រទេស​ឯកោ ឬ​ក៏​តម្លៃ​របស់​យើង​ស្ថិត​ក្នុង​ប្រទេស​គោរព​នូវ​លិខិត​បទដ្ឋាន​គតិយុត្តិ​ ជា​លក្ខណៈ​តំបន់ ឬ​លក្ខណៈ​អន្តរជាតិ។ ឧទាហរណ៍ ដូច​ជា​យើង​ព្រម​យក​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ យើង​ត្រូវ​តែ​គោរព​អនុសាសន៍​របស់​គេ បើ​ទោះ​បី​ជា​អនុសាសន៍​នោះ​ល្អ ឬ​មិន​ល្អ​ក៏ដោយ ក៏​យើង​យក​មក​សិក្សា ហើយ​ត្រូវ​យក​មក​កែប្រែ»។

ដំណើរ ​បេសកកម្ម​លើក​ទី៩ រយៈពេល ១​សប្ដាហ៍​នៅ​កម្ពុជា របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី នឹង​ស្វែង​យល់​ពី​ភាព​រីក​ចម្រើន​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ទាំង​ឡាយ​ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ កំណែ​ទម្រង់​សភា កំណែ​ប្រព័ន្ធ​បោះឆ្នោត និង​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​លោក​បាន​ធ្វើ​បន្ទាប់​ពី​បេសកកម្ម​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។ បេសកកម្ម​របស់​លោក​លើក​នេះ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង រំពឹង​ទុក​ថា នឹង​អាច​ជួយ​បង្កើន​បរិយាកាស​ងាយ​ស្រួល​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នា​ខែ​កក្កដា ខាង​មុខ។

អង្គការ​ឃ្លាំ​មើល​ការ​ បោះឆ្នោត​នៅ​កម្ពុជា យល់​ថា បើ​ទោះ​ជា គ.ជ.ប មិន​អនុវត្ត​តាម​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល ឬ​អនុសាសន៍​របស់​លោក សុរិយា ស៊ូប៊ែឌី ក៏ដោយ ក៏​ចំណុច​មួយ​ដែល គ.ជ.ប អាច​ធ្វើ​ទៅ​បាន​ដើម្បី​ឲ្យ​មាន​ការ​សុខ​ចិត្ត​ទាំងអស់​គ្នា​នោះ គឺ​ការ​បង្កើត​នូវ​គណៈកម្មការ​ជ្រើស​រើស​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​ បោះឆ្នោត និង​មន្ត្រី​ការិយាល័យ​រៀបចំ​ការ​បោះឆ្នោត។ ការ​បង្កើត​គណៈកម្មការ​ជ្រើស​រើស​នោះ អាច​ធ្វើ​ទាន់​ពេល​វេលា និង​មិន​ខុស​ច្បាប់​នោះ​ទេ។ ម្យ៉ាង អាច​លាង​ជម្រះ​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ដែល​លើក​ឡើង​ថា គ.ជ.ប តែង​ជ្រើស​រើស​មន្ត្រី​បោះឆ្នោត​តែ​បក្ខពួក​របស់​ខ្លួន និង​នាំ​ឲ្យ​ខ្វះ​ទំនុក​ចិត្ត​ពី​គណបក្ស​ដទៃ ចំពោះ​ការ​ជឿជាក់​ថា​មន្ត្រី​ទាំង​នោះ​អាច​អនុវត្តន៍​ជា​អាជ្ញា​កណ្ដាល​ ក្នុង​ការ​បោះឆ្នោត​បាន​ដែរ ឬ​យ៉ាង​ណា៕ ប្រភព៖ RFA
Read more...

លោក ស៊ូប៊ែឌី ជួប គ.ជ.ប លើក​ឡើងពី​​បញ្ហា​បោះឆ្នោតជាតិ នៅខែ​កក្កដា

0 comments
នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១​ឧសភា​នេះ លោក ស៊ូ​រិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​.​។ លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. បាន​ចាត់​ទុក​កិច្ចប្រជុំ​ជាង ២ ម៉ោង​នៅ​ព្រឹក​មិញ ថា​ជា​ឱកាសល្អ ដែល​គ​.​ជ​.​ប​. បាន​ពន្យល់​ដល់​លោក ស៊ូ​ប៊ែ​ឌី អំពី​កង្វល់ ដែល​អ្នករាយការណ៍​ពិសេស បានឃើញ និង​បានឮ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោតជាតិ នៅ​ខែ​កក្កដា​ខាងមុខ ដូចជា បញ្ហា​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ការ​ជ្រើសរើស​មន្ត្រី​រៀបចំ​ការបោះឆ្នោត ជាដើម​។ ប៉ុន្តែ​លោក អ៊ឹម សួស្តី បាន​អះអាង​ថា អវត្តមាន​របស់​លោក សមរង្ស៊ី សម្រាប់​ការបោះឆ្នោត​ជាតិ នា​ខែ​កក្កដា​ខាងមុខ មិន​ត្រូវបាន​អ្នករាយការណ៍​ពិសេស​លើកឡើង​ទេ។​ កិច្ចប្រជុំ​រវាង​លោក អ៊ឹម សួស្តី ប្រធាន​គ​.​ជ​.​ប​. និង​លោក ស៊ូ​រិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៣ គឺ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង រួបរួម​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ធ្វើ​បាតុកម្ម ដាក់​ញត្តិ ទៅកាន់​សហភាព​អឺរ៉ុប និង​ដាក់ជូន​លោក ស៊ូ​រិយា ស៊ូ​ប៊ែ​ឌី កាលពី​ព្រឹក​ថ្ងៃទី​២០​ឧសភា ឆ្នាំ​២០១៣​។ ញត្តិ​របស់​បក្ស​ប្រឆាំង បាន​ស្នើ​ឲ្យមាន​ការកែទ​ម្រង់​គ​.​ជ​.​ប​. និង​កែសំរួល​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ជាដើម​

បន្ទាប់ពី​ កិច្ចប្រជុំ នៅ​គ​.​ជ​.​ប​. នា​ព្រឹក​មិញ លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា លោក​ស៊ូ​ប៊ែ​ឌី បានលើកឡើង​ពី​កង្វល់ ដែល​គាត់​បាន​ឃើញ និង​គាត់​បាន​ឮ តាមរយៈ​ដែល​គេ​ប្រាប់​គាត់​។ គ​.​ជ​.​ប​. ក៏​បាន​បកស្រាយ​ទៅវិញ​ពី​កង្វល់​នោះ នូវ​អ្វី​ដែល​គ​.​ជ​.​ប​. អាច​ធ្វើបាន​តាម​ផ្លូវច្បាប់ និង​អ្វី​ដែល​លំបាក​តាម​ផ្លូវច្បាប់ ព្រមទាំង​ផ្លូវ​បច្ចេកទេស​។ កង្វល់​របស់​លោក​ស៊ូ​ប៊ែ​ឌី ជុំវិញ​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ ត្រូវបាន​លោក អ៊ឹម សួស្តី លើក​ឡើងថា ជុំវិញ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ការប្រើប្រាស់​មធ្យោបាយរ​ដ្ឋ និង​ជុំវិញ​ការជ្រើសរើស​មន្ត្រី​រៀបចំ​ការបោះឆ្នោត ដែល​ជា​បញ្ហា​ដដែលៗ។

លោក អ៊ឹម សួស្តី បានចាត់ទុក​កិច្ចប្រជុំ​រវាង​រូប​លោក និង​លោក ស៊ូ​ប៊ែ​ឌី នៅ​ព្រឹក​មិញ ថា​ជា​ឱកាសល្អ ដែល​គ​.​ជ​.​ប​.​បាន​ពន្យល់​លោក ស៊ូ​ប៊ែ​ឌី អំពី​សភាពការណ៍​ស្រុក​ខ្មែរ និង​អំពី​ច្បាប់​ស្រុក​ខ្មែរ ព្រមទាំង​បទពិសោធន៍ ដែល​គ​.​ជ​.​ប​. ធ្លាប់​ធ្វើ​កន្លងមក​។ លោក​ប្រធាន គ​.​ជ​.​ប បាន​លើកឡើង​ទៀត​ថា នៅក្នុង​ជំនួប​នោះ គ​.​ជ​.​ប បើក​ចំហ​ថា អ្នកណា​ដែល​ចង់ដឹង គ​.​ជ​.​ប​.​នឹង​ប្រាប់​។ ការជួបគ្នា រវាង​រូប​លោក នឹង​លោក ស៊ូ​ប៊ែ​ឌី គឺជា​ឱកាស​មួយ ដែល គ​.​ជ​.​ប ចង់​ប្រាប់​ដល់​គាត់​ថា អ្វីដែល គ​.​ជ​.​ប បានធ្វើ និង​កំពុង​ធ្វើ ហើយ​ការលំបាក ដែល គ​.​ជ​.​ប បាន​ជួបប្រទះ​។

យ៉ាង​ណា​ក៏​ដោយ លោក អ៊ឹម សួស្តី បាន​លើកឡើង​ថា លោក ស៊ូ​ប៊ែ​ឌី មិន​បាន​លើកឡើង​ពី​អវត្តមាន​របស់​លោក សមរង្ស៊ី សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាង​មុខ​ឡើយ​។ ចំណែក​អ្នករាយការណ៍​ពិសេស លោក ស៊ូ​ប៊ែ​ឌី បាន​ប្រាប់​អ្នកកាសែត​នៅ​គ​.​ជ​.​ប​. នា​ព្រឹក​មិញ​ថា លោក និង​ប្រធាន​គ​.​ជ​.​ប​. បាន​ពិភាក្សា​អំពី​អនុសាសន៍​របស់​លោក ដែល​បាន​ដាក់ឲ្យ គ​.​ជ​.​ប នា​ពេលកន្លងមក ជុំវិញ​កំណែទម្រង់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ លោក​ស៊ូ​ប៊ែ​ឌី ដែល​មក​បំពេញបេសកកម្ម នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ក៏​បាន​អះអាង​ថា លោក​នៅតែ​បារម្ភ​ពី​នីតិវិធី​រៀបចំ​ការបោះឆ្នោត នាពេលខាងមុខ រួម​ទាំង​ការ​បាត់​ឈ្មោះ​អ្នកបោះឆ្នោត ដូច​អ្វី​ដែល​សង្គម​ស៊ីវិល និង​បក្សប្រឆាំង បានលើកឡើង ជាដើម​៕ ប្រភព៖ RFI
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន