Rotha Company
 
Showing posts with label ចូលឆ្នាំ. Show all posts
Showing posts with label ចូលឆ្នាំ. Show all posts

Saturday, February 9, 2013

ថ្ងៃបុណ្យចូលឆ្នាំចិន តំណមអ្វីខ្លះ?

0 comments
ភ្នំពេញ: តាមប្រវត្តិសាស្ត្រចិន មានជំនឿលើការគោរពបុណ្យចូលឆ្នាំថ្មីយ៉ាងកប់ជ្រៅ។ គេមានតំណមជាច្រើន នៅក្នុងអំឡុងពេលចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១ ឬហៅថា “ឈឺអ៊ិច”។ ក្នុងរយៈពេល៣ថ្ងៃនេះ គេចាត់ទុក ជាថ្ងៃពិសេសបំផុត ដែលមិនត្រូវធ្វើអ្វីកករល្អក់នាំឲ្យប៉ះពាល់ដល់សិរីមង្គល ឬដល់ឆ្នាំថ្មីនោះឡើយ។ គេត្រួវធ្វើ ឲ្យសប្បាយនាំសិរីសួស្តីចូលខ្លួន និងក្រុមគ្រួសារ។
តំណមមិនយំ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ជនជាតិចិនមានតំណមមិនឲ្យកើតរឿងយំសោកសៅ ពីព្រោះថាវាអាចនាំមក នូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំថែមទៀតផង។ តំណមនេះសូម្បីតែកូនចៅ ដែលរឹងរូសក៏ឪពុកម្តាយ ឬមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន។

តែងខ្លួនស្អាត ប៉ុន្តែមិនគួរកក់សក់ ការស្លៀកពាក់ខោអាវថ្មី និងខ្លួនស្អាតបាទជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបក្នុង ការទទួលឆ្នាំថ្មីនេះ។ ទោះបីជាយ៉ាងណាក្នុងអំឡុងពេលនេះ គេមានតំណមមួយទៀតគឺហាមកក់សក់ក្បាល ប៉ុន្តែកន្លែង ដទៃៗទៀតអាចធ្វើការសម្អាតបានធម្មតា ព្រោះហេតុថាការកក់សក់គេមានជំនឿថាហាក់បីដូចជាការ លាងជម្រះជោគសំណាងចេញពីខ្លួនដូច្នេះដែរ។ ចំពោះសម្លៀកបំពាក់ ពណ៌ក្រហមជាទីពេញនិយមបំផុត ដែលគេប្រើសម្រាប់ស្លៀកពាក់ក្នុងអំឡុងចូលឆ្នាំចិន។ ពណ៌នេះគេចាត់ទុកជាពណ៌ “ងូវហេង” នាំជោគលាភ និងសិរីសួស្តី។ សម្រាប់ក្មេង ឬមនុស្សនៅលីវ គេតែងឲ្យ អាំងប៉ាវ ដែលជាកញ្ចប់ លុយពណ៌ក្រហម ព្រមទាំងក្រដាសប្រាក់ថ្មីៗ ដើម្បីទទួលជោគលាភ។

ហាមចូលបន្ទប់របស់អ្នកដទៃ ការចូលទៅរកនរណា ម្នាក់ក្នុងបន្ទប់ដេករបស់គេក្នុងថ្ងែបុណ្យចូលឆ្នាំចិន ចាត់ទុកជាជោគសំណាងអាក្រក់។ ដូច្នេះទោះបីអ្នកមានរោគជំងឺ ដែលត្រូវចូលទៅសួរសុខទុក្ខ ក៏ចាំបាច់ត្រូវចេញមកអង្គុយ ក្នុងបន្ទប់ទទួលភ្ញៀវដែរ។ ម្យ៉ាងមួយទៀត មិនគួរប្រើកាំបិត ឬកន្ត្រៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ព្រោះគេមានជំនឿថា នេះជាការកាត់ជោគលាភ ហើយបើមានមុតដៃជើងផង គឺកាន់តែជួបរឿងអាក្រក់ថែមទៀត។

មិនឲ្យបែកចាន ឬកែវ ក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ ព្រោះបើមានបង្កឲ្យប្រេះស្រាំ ឬធ្លាក់ បែកជាការនាំឲ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តីសុខ នោះឡើយ៕ ដោយ: វឿន សាវុធ - CEN

Read more...

ដើមផ្កាអង្គាសីល ក្នុងជំនឿ ជនជាតិចិន

0 comments
ភ្នំពេញ: រដូវកាលចូលឆ្នាំចិន-វៀតណាម មកដល់ហើយ។ រីឯតាមដងផ្លូវមួយចំនួនក៏មានអ្នកលក់ដើមផ្កាអង្គាសីលជាច្រើនជាប់ៗ គ្នា ដែលអ្នកខ្លះយកមកដោយផ្ទាល់ និងខ្លះទៀតទិញបន្តពីឈ្មួញកណ្តាល។ ចំណែកប្រជាជនជនដែលមានជំនឿទៅលើដើមផ្កាអង្គាសីលនេះ ក៏បាន ដណ្តើមគ្នាទិញយ៉ាងច្រើនកកកុញ នាំឲ្យកកស្ទះចរាចរណ៍ថែមទៀតផង។ ចុះដើមផ្កាអង្គាសីលទាំងនោះមានអត្ថន័យយ៉ាងណាក្នុងក្រអៅបេះដូងនៃជន ជាតិចិន? ប្រជាជនចិនជាច្រើននាក់បានឈរទិញដើមផ្កាអង្គាសីល នៅម្តុំវត្តសំពៅមាស បានប្រាប់ឲ្យដឹងថាពួកគេមិនដឹងថាដើមផ្កាអង្គាសីល មានអត្ថន័យយ៉ាងខ្លះនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ដើមផ្កាអង្គាសីលទាំងនោះអាចនាំលាភសំណាង និងសេចក្តីសុខដល់ក្រុមគ្រួសារពួកគេ ជាពិសេសរកស៊ីមានបានទៅតាមនោះដែរ។ អ្នកស្រី គឹមលាន អាយុ៣៨ឆ្នាំ ជាអាជីវករលក់គ្រឿងកាឡៃនៅផ្សារអូរឡាំពិច បាននិយាយថា “អត់ដឹងថាវាមានន័យម៉េចទេ តែខ្ញុំគិតថាផ្កាទាំងហ្នឹងមានអីដាក់ទៅរកស៊ីមានបានសុខសប្បាយដែរតើ!។ ស្រដៀងគ្នានេះដែរ អ្នកស្រី ជីវ ហ្គិច អាយុ៤២ឆ្នាំ បាននិយាយថា “ខ្ញុំអត់ដឹងថាមានន័យម៉េចផង ឃើញគេដាក់ក៏ដាក់ហ្នឹងគេដែរទៅ”។ គាត់បន្តថា “ខ្ញុំមកទិញផ្កាអង្គាសីលហ្នឹងរាល់តែឆ្នាំ។ មកពីដាក់អាហ្នឹងទៅល្អ បើសិនជាថ្ងៃចូលឆ្នាំវារីកស្រុះល្អ បានន័យថាយើងរកស៊ីមានបាន ត្រជាក់ត្រជុំតាមហ្នឹងដែរ”។ ចំពោះ អាជីវករ សៅ គឹមសាន អាយុ៤៤ឆ្នាំ បានប្រកបមុខរបរលក់ដើមផ្កាអង្គាសីលនេះ រយៈពេល៥ឆ្នាំកន្លងមកហើយ បានរៀបរាប់ឲ្យដឹងថា គាត់បានយកផ្កាអង្គាសីលទាំងនេះមកពីស្រែអំបិលដោយខ្លួនឯងផ្ទាល់ ចំនួន៨០ ទៅ១០០បាច់ធំៗជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃលក់ចេញវិញចាប់ពី១០ដុល្លារឡើង និងអាស្រ័យទៅលើបាច់តូច និងបាច់ធំ។ ទន្ទឹមនឹងនេះដែរ ដើមផ្កាអង្គាសីលគឺមានផ្កាល្អជាងរាល់ឆ្នាំទៅទៀត។ គាត់បាននិយាយថា “ផ្កាអង្គាសីលឆ្នាំនេះល្អៗជាងឆ្នាំមុនៗ ហើយតម្លៃវាមានពី១០ដុល្លារឡើង អាស្រ័យលើផ្កាល្អ មិនល្អ”។ ទាក់ទិន នឹងជំនឿទៅលើដើមផ្កាអង្គាសីលនេះដែរ លោក ចាំង ឈើលី ជាអ្នកទទួលខុសត្រូវទូទៅនៅមជ្ឈមណ្ឌលមហាធម៌មេត្រី-កម្ពុជា និងជាអ្នកគ្រប់គ្រងសាសនាចិននៅកម្ពុជា បានឲ្យដឹងថា ដើមផ្កាអង្គាសីលនេះមិនមែនតំណាងឲ្យការរកស៊ីមានបាននោះទេ។ ក៏ប៉ុន្តែមានផ្កាមួយទៀតឈ្មោះ “ផ្កាមុហន” ទើបតំណាងឲ្យការរកស៊ីមានបាន។
គាត់បាននិយាយថា “ផ្កាអង្គាសីលនេះដែរ នៅរដូវធា្លក់ព្រិល ឬជារដូវរងា គឺវារីកកាន់ តែស្គុះស្គាយ បានន័យថាកាលណាកាន់តែត្រជាក់ផ្កាអង្គាសីលនេះកាន់តែល្អ ស្រស់ស្អាតថែមទៀតផង។ រីឯមូលហេតុដែលនាំឲ្យប្រជាជនចិននិយមដាក់ដើមផ្កាអង្គាសីលនៅពេល ចូលឆ្នាំចិននោះ គឺថាជាផ្កាមួយតំណាងឲ្យភាពតស៊ូមោះមុត និងមានស្មារតីហានអង្គអាចណាស់ ទៅវិញទេ”។ គាត់និយាយ បន្តថា មួយវិញទៀតនៅក្នុងប្រពៃណីជនជាតិចិន ដើមផ្កាអង្គាសីល ដើមផ្កាមុហន និង ដើមស្រល់ នៅពេលរដូវរងាចូលមកដល់វាកាន់តែរីកល្អ នៅពេល អាកាសធាតុកាន់តែត្រជាក់។
គាត់បាននិយាយថា “ដូច្នេះដើមផ្កាអង្គាសីលនេះ គឺតំណាងឲ្យស្មារតីរបស់អំបូរចិន មួយប្រភេទគឺ “ជនជាតិហាន” ពីព្រោះថានៅក្នុងចំណោមជនជាតិចិនទាំងអស់មានតែ ជនជាតិហាននេះទេ ដែលមានប្រជាជនច្រើនជាងគេ។ បើកាលពីមុនប្រជាជនចិន មានបែងចែកជាជនជាតិហាន ជនជាតិផ្សេងទៀត ក៏ប៉ុន្តែនាពេលបច្ចុប្បន្នគេលែងបែងចែកដូចមុនទៀតហើយ គឺគេច្របាច់បញ្ចូលគ្នាតែមួយ”។ ប្រភពខាងលើបន្ថែមថា លើសនេះទៀត ផ្កាអង្គាសីលនេះ កាលណារីកកាន់តែស្គុះស្គាយ រីឯក្លិនរបស់វាកាន់តែក្រអូប និងជាពិសេសតំណាងឲ្យជនជាតិហានដែលមានស្មារតីតស៊ូ ទោះបីមានភាពត្រជាក់យ៉ាងណាក៏ដោយតែងតែឈានទៅមុខជានិច្ច។ ចំណែកនៅក្នុងចម្រៀងជាតិរបស់ជនជាតិចិនផងដែរ ក៏យកផ្កាអង្គាសីលនេះ មកតំណាងដូចគ្នា។
អ្នកទទួលខុសត្រូវទូទៅនៅមជ្ឈមណ្ឌលមហាធម៌ មេត្រី-កម្ពុជា និងជាអ្នកគ្រប់គ្រងសាសនាចិននៅកម្ពុជា បានបន្ថែមទៀតថា ផ្កាអង្គាសីលនេះដែរ គឺមាន២ពណ៌ ដែលមាន ពណ៌លឿង និងពណ៌ផ្កាឈូក។ ចំពោះការទិញដើមផ្កាអង្គាសីលមកដាក់តាំងនៅផ្ទះ ពេលចូលឆ្នាំចិននោះ គឺមិនមានការបែងចែកមួយណាល្អ ឬមិនល្អនោះទេ គ្រាន់តែថាជ្រើសរើសយកដើមផ្កាអង្គាសីលណាមួយដែលមានមែក និងផ្កាច្រើន នោះទើបជាការល្អ និងតំណាងឲ្យត្រជាក់ត្រជុំហើយ៕ ដោយ: វឿន សាវុធ - CEN
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន