Thursday, May 2, 2013

ក្រសួង​នឹង​កោះ​ប្រជុំ​ក្រុមហ៊ុន​ទូរស័ព្ទ​ទាំងអស់

0 comments

ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ខ្លួន​នឹង​កោះ​ហៅ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ទាំង​អស់​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ពិចារណា​ឡើង​វិញ​លើ​តម្លៃ​មូលដ្ឋាន​សម្រាប់​ការ​ហៅ​ចេញ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​បន្ទាប់​ពី​មាន​ការ​មិន​សុខ​ចិត្ត​របស់​ប្រតិបត្តិ​ករ​ ក្នុង​ឧស្សាហកម្ម​នេះ​ទៅ​នឹង​គូ​ប្រជែង​ដែល​ផ្តល់​ជូន​អតិថិជន​។
លោក ម៉ៅ ចរិយា ប្រធាន​និយតករ​ទូរគមនាគមន៍​កម្ពុជា បាន​និយាយ​ថា លោក​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​សប្តាហ៍​ក្រោយ​ដើម្បី​ ពិភាក្សា​រឿង​តម្លៃ​នៃ​ការ​ហៅ​ទូរស័ព្ទ​និង​គុណភាព​របស់​សេវាកម្ម។ លោក​បន្ត​ថា​៖​«យើង​កំណត់​តម្លៃ​ឲ្យ​ថោក និង មាន​គុណភាព​។​យើង​ការពារ​អ្នក​ប្រើ​ប្រាស់​។ នេះ​ជា​តួនាទី​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា​។ យើង​នឹង​ធ្វើ​ឲ្យ​តម្លៃ​កាន់​តែ​សមរម្យ​និង​ថោក​ហើយ​យើង​ចៀសវាង​មិន​ឲ្យ​ ប្រតិបត្តិ​ករ​បោក​ប្រាស់​គ្នា​»។
លោក​បញ្ជាក់​ថា កិច្ច​ប្រជុំ​ខាង​មុខ​នោះ​ក៏​នឹង​ពិភាក្សា​ទៅ​លើ​តម្លៃ​មូលដ្ឋាន​សម្រាប់​ ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​អនុវត្ត​ដើម្បី​បញ្ចៀស​ជម្លោះ​តាម​រយៈ​ការ​ចោទ​ ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​។
ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ថា​តើ ការ​កំណត់​របស់​ក្រសួង​បែប​នេះ​នឹង​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​ប្រជែង​នៃ​ ទីផ្សារ​សេរី​ឬ​ទេ លោក​និយាយ​ថា តម្លៃ​ប្រតិបតិ្តការ​ក្រោម​តម្លៃ​កំណត់​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាត​បង់។
លោក​បន្ត​ថា​៖ «​ពួក​គេ​មិន​គោរព​គ្នា ហើយ​បោក​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក​ត​»។
លោក Thomas Hundt នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ទូរស័ព្ទ​ចល័ត Smart​បាន​និយាយ​ថា មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​កិច្ច​ប្រជុំ​នោះ​ទេ​តែ​វា​ក៏​មិន​មាន​ន័យ​ថា​ កិច្ច​ប្រជុំ​គ្មាន​នោះ​ទេ​។
លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​ដឹង​ថា​អ្វី​ជា​ទិសដៅ​នៃ​កិច្ច​ប្រជុំ​នោះ​ទេ​តែ​ខ្ញុំ​គិត​ ថា​មតិ​មហាជន​ដែល​អ្នក​បាន​ឃើញ​គឺ​និយាយ​គ្រប់​ទី​កន្លែង ភាសា​ខ្លាំង​នៅ​ទី​សាធារណៈ​គឺ​អតិថិជន​មិន​សប្បាយ​ចិត្ត»។
មតិ​សាធារណៈ​បាន​បន្ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​វិធានការ​របស់​រដ្ឋាភិបាល​ដែល​មិន​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​សេរី​នេះ​។
លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​និយាយ​ថា វិធានការ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើ​ប្រាស់​ ដែល​តែង​តែ​ចង់​បាន​សេវាកម្ម​ថោក​ជាង​សម្រាប់​សន្សំ​សំចៃ​ផ្នែក​សេដ្ឋកិច្ច​ ។
លោក​បន្ត​ថា​រដ្ឋាភិបាល​បាន​កំណត់​តម្លៃ​បែប​នេះ​គឺ​ប្រាស់​ចាក​នឹង​គោល​ ការណ៍​ទីផ្សារ​សេរី​ដែល​រដ្ឋាភិបាល​បាន​អះ​អាង​នោះ ហើយ​សកម្មភាព​កំណត់​តម្លៃ​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​ប្រយោជន៍​ក្រុមហ៊ុន​ណា​ ដែល​ជា​ខ្សែ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ លោក​បាន​លើក​ឡើង​ថា ករណី​តម្លៃ​រថយន្ត​ក្រុង​នៅ​ថ្ងៃ​បុណ្យ​ធំៗ​ទោះ​បី​មាន​សេចក្តី​ជូន​ដំណឹង​ របស់​មន្ត្រី​ក៏​គេ​មិន​បាន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ដែរ ហើយ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខាត​បង់​ប្រយោជន៍​។
លោក​បាន​បន្ត​ទៀត​ថា៖ «​ផល​ចំណេញ​សម្រាប់​គ្នា​គាត់ គឺ​គាត់​ចាត់​ការ​ឲ្យ​មាន​ប្រសិទ្ធភាព ចំណែក​រឿង​ណា​មិន​មាន​ប្រយោជន៍​ដល់​គ្នា​គាត់ គេ​ធ្វើ​មិន​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​»។
លោក​បាន​ព្រមាន​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ ក្រុមហ៊ុន​ដែល​មិន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នឹង​មិន​អាច​ឈរ​ជើង​នៅ​ទីផ្សារ​ កម្ពុជា​បាន​ទេ ហើយ​ពេល​នោះ​ទីផ្សារ​កម្ពុជា​នឹង​ត្រឡប់​ទៅ​រក​ទីផ្សារ​បែប​សង្គម​និយម​។
ថ្មីៗ​នេះ​ក្រុមហ៊ុន​របស់ Beeline បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ពី​កម្ពុជា​នឹង​បាន​លក់​ភាគ​ហ៊ុន​ទៅ​ឲ្យ​ឧកញ៉ា​ក្នុង​ស្រុក​ម្នាក់។
បញ្ហា នេះ​ត្រូវ​បាន​អ្នក​លេង​បណ្តាញ​សង្គម ឬ Facebook បាន​នំា​គ្នា​រិះគន់​ទៅ​លើ​ក្រុមហ៊ុន Cellcard ដែល​បាន​ស្នើ​ឲ្យ​ក្រសួង​បញ្ឈប់​ការ​ផ្តល់​ជូន​របស់​ក្រុមហ៊ុន​ផ្សេង​ទៅ​ដល់ ​អតិថិជន​របស់​ខ្លួន​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​។
ក្រុមហ៊ុន Smart និង Beeline ជា​ក្រុមហ៊ុន​ផ្តល់​ជូន​ដល់​អតិថិជន​តាម​រយៈ​កម្មវិធី​ប្តូរ​ប្រាក់​និង​ អត្ថ​ប្រយោជន៍​ច្រើន​ផ្សេង​ទៀត​ហើយ​ក្រសួង​ប្រៃសណីយ៍​ក៏​បាន​ចេញ​លិខិត​ ព្រមាន​ម្តង​ហើយ​ដល់​ក្រុមហ៊ុន​ទាំង​នេះ​ឲ្យ​ឈប់​ការ​ផ្សព្វ​ផ្សាយ​ដែល​ ផ្ទុយ​នឹង​ប្រកាស​របស់​ក្រសួង​កាល​ពី​លើក​មុន។
លោក Anthony Galliano នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodian Investment Management បាន​ឲ្យ​ដឹង​ថា​ការ​រួម​បញ្ចូល​គ្នា​នៃ​វិស័យ​ទូរស័ព្ទ​ចល័ត​គឺជា​បញ្ហា​និង ​បណ្តាល​ឲ្យ​ក្រុមហ៊ុន​មាន​ភាព​រឹង​មាំ​។ លោក​បន្ត​ថា៖ «​ពេល​ដែល​ទីផ្សារ​កាន់​តែ​តូច​ចំពោះ​ប្រតិបត្តិ​ករ​បី​សំខាន់ៗ ការ​រំពឹង​ទុក​គឺថា​តម្លៃ​នឹង​កាន់​តែ​ប្រកួត​ប្រជែង»។
លោក សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និយាយ​កាល​ពី​ម្សិល​មិញ​ថា ទីផ្សារ​របស់​កម្ពុជា​តូច ហើយ​មិន​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ណា​ចង់​បើក​ប្រតិបត្តិ​ការ​នៅ​ទីផ្សារ កម្ពុជា​ទៀត​ទេ តែ​វា​ពុំ​មាន​ន័យ​ថា​វិស័យ​ទូរគមនាគមន៍​មិន​រីក​ចម្រើន​នោះ​ដែរ ខណៈ​ស៊ីម​កាត​បាន​ចេញ​ឲ្យ​ប្រើ​ប្រាស់​មាន​រហូត​ជិត​២០​លាន​ស៊ីម​រហូត​មក​ ដល់​ពេល​នេះ​។
ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន​៧​កំពុង​ប្រតិបត្តិការ​៕ Postkhmer.com

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន