Tuesday, April 30, 2013

​ព្រះពុទ្ធ​រូប​អង្គ​ធំ​​ក្នុង​វត្ត​ព្រះអង្គធំ​​កសាង​រួច​រាល់​ ក្រសួងវប្ប​ធម៌​​​​ត្រៀម​ដាក់​​បញ្ចូល​​​ជាបេតិ​កភណ្ឌ​ជាតិ​

0 comments




ខេត្ត​កំពង់​ចាម​ ៖ ស្រប​ពេល​ដែល​ព្រះ​អង្គ​ធំ​​មាន​កម្ពស់​៩,១០​​ម៉ែត្រ​សាង​​សង់​អំ​ពី​ថ្ម​ ភក់​រួច​រាល់​១០០​ ភាគរយ ​រួម​ផ្សំ​នឹង​សមិ​ទ្ធ​ផល​ផ្សេង​ៗ​ទៀត​ជា​ច្រើន​​រំលេច​ទៅ​ដោយ​ក្បូរ​ក្បាច់ ​រចនា​​ដ៏​​ល្អគួរ​ឲ្យចង់​​គយ​គន់​ក្នុង​បរិ​វេណ​វត្ត​មហោ​ស​ថ​សុវ​ណ្ណគិរី​ បឹង​ដែង​​ ​ហៅ​វត្ត​ព្រះ​អង្គ​ធំ​ស្ថិត​នៅ​ភូមិ​បឹង​ដែង​​ ឃុំ​ព្រែក​កក់​ ស្រុកស្ទឹង​ត្រង់​​​​​ មាន​ការ​​រីក​ចម្រើន​យ៉ាង​ផុល​ផុស​នោះ​​ ពុទ្ធ​បរិស័ទជិត​ឆ្ងាយ​​​មាន​ការ​ចាប់​អារម្ម​ណ៍​​​ និង​កោត​សរសើរ​​យ៉ាង​ខ្លាំង​​ ។ ​

​នៅ​ព្រឹកថ្ងៃទី​​​២៧​ មេសា​ សម្តេច​ព្រះ​មហា​អរិយ​វង្ស​ សៅរ៍​​​ ចន្ទថុល្ល​​​ ព្រះចៅ​អធិ​ការ​វត្ត​លង្កា​ព្រះកុសុមា​រាម​បាន​ដឹក​នាំ​ព្រះ​សង្ឃ​ជា​ច្រើន​ អង្គ​​និមន្ត​​​ទៅ​ទស្សនា​​ដោយផ្ទាល់​​ ហើយ​បាន​​កោត​សរ​សើរ​​​ចំពោះព្រះ​ពុទ្ធ​រូប​អង្គ​ធំ​​​ក្រោមការ​ផ្តួច​ផ្តើម ​​កសាង​ពី​​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរា​ជា​ណា​ច​ក្រកម្ពុ​ជា​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ ​សែន​ ​​ព្រម​ទាំង​​សមិ​ទ្ធ​ផល​​​ផ្សេង​ៗ​​ទៀត​ក្នុង​វត្ត​​​ព្រះ​អង្គ​ធំ ។

លោក ឃឹម សារិទ្ធ រដ្ឋ​លេខា​ធិការ​​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ ទី​ប្រឹក្សា​​ផ្ទាល់​​​សម្ដេច​​តេ​ជោ​​​ ហ៊ុន សែន ​​​​​មាន ប្រសាសន៍​​​ថា ​​ព្រះវិហារ​​​តូច​នៅ​ក្បែរជណ្ដើរ​​​ចុះ​ពីលើ​ភ្នំ​​បឹង​ដែង​​បាន​ជួស​ជុល​​ ​​​ និង​សាង​សង់​បន្ថែម​ឱ្យ​វែង​​ជាង​មុន ​និង​​ប្រក់​ដំបូល​​ តែមិនមាន​ ជញ្ជាំង​​ទេ​​​ ។ ​​​លើស​ពី​នេះ​​រៀប​ក្រាល​ឥដ្ឋ​បាន​ស្អាត​​សម្រាប់​​លោក​​​តា លោក​យាយ​​​​ និង​សប្បុរស​ជន​មក​ពី​ទីជិត​​ឬ​ឆ្ងាយ​​ចូល​​​ធ្វើបុណ្យ​ទាន​​​​​​ និង​​ចូល​​សម្រាក​លេង​​ដើម្បី​យក កម្លាំង​​ ដោយ​​សារ​ទីនេះមាន ជំនោរខ្យល់​​​បក់​ពី​ទន្លេមេគង្គ​​​​ត្រជាក់ស្រួល​ ។ ​

លោក ឃឹម សារិទ្ធ​ ​​ឱ្យ​ដឹង​ថា ​ព្រះវិហារ​​បាន​​ក​សា​ង​​​ឡើង​​​នៅ​ក្នុងអំឡុង​ឆ្នាំ​​​១៨៨៥ ​ដោ​យ​​លោក​តា​​​ហៃ ​កែវ  ។ លុះ​​ដល់​របប​ប៉ុល ពត ​ព្រះវិ​ហា​រ​​​នេះ​​ត្រូ​វ​​​​គេ​វាយ​បំ​ផ្លាញ​ចោល​​អស់​ ។ ក្រោ​យ​​មក​​​ក្រោម​ការ​ផ្ដួច​ផ្ដើម​គំនិត​​​ពី​​​​សម្ដេច​តេជោ ហ៊ុន សែន និង​​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ​ប៊ុន រ៉ានី ហ៊ុន សែន បាន​ចាត់​ឱ្យ​​លោក​ជំទាវ​ ម៉ែន សំអន ​​ឧប​​នា​​យក​រដ្ឋ​​មន្ត្រី​ប្រចាំ​ការ​ដឹក​​នាំ​កសាង​សមិទ្ធ​​ផល​នានា​ នៅក្នុងវត្ត​អារាម​បឹង​ដែង ជាមួយ​​នឹងក្រសួងវប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​នៅ​ក្នុង​ឆ្នាំ​​២០១១  ។

​​លោក​រដ្ឋ​លេខា​ធិការ​ ​​ឱ្យ​ដឹង​ថា ​កាល​ពី​​មុន​មាន​​តូប​របស់លោក​តា​ លោក​យាយ​​បឹង​ដែង​ដែល​ជា​ម្ចាស់​ទឹក ​ម្ចាស់​ដី​ថែរក្សា​ភូមិ​ឋាន​នេះ​​​ ប៉ុន្តែ​​ក្រោយ​​មក​គេ​បាន​​​សាង​សង់​​ជា​វិមាន​​​ល្អ​ស្អាត​​​​ជាង​មុន​​​ តាម​ម៉ូដ​​​​បុរាណ​ចិន  ។ អាស្រម​​ទាំង​​នេះ​​​​​គេ​ជឿ​​ថា មាន​​​បារមី​ខ្លាំង​ពូកែ​​​ដែល​ប្រ​ជា​ពលរដ្ឋ​​​ពី​គ្រប់​ទិស​ទី​​ទៅ​បន់​​ ស្រន់​ ។ ​​​ចំពោះ​​ព្រះ​អង្គ​ធំ​​​មាន​កម្ពស់​​៩,១០ ម៉ែត្រ​​​​​សាង​សង់​​ពីថ្ម​ភក់​​សុទ្ធ​សាធ​​ដោយ​ប្រើ​ពេល​​​​​២១​ខែ​ និង​១២ថ្ងៃ ​មាន​ន័យ​ថា ២១ខែ​​​គឺ​​បញ្ជាក់​ពី​ការ​សងគុណ​ឪពុក​ ១២​ថ្ងៃបញ្ជាក់​ពី​ការ​​សង​គុណ​ម្ដាយ​ ​។ ភ្នែ​ន​​​​ព្រះអង្គ​​​ឆ្វេង​-ស្ដាំ​​ប្រវែង​​៦,១០​ម៉ែត្រ  និង​១តឹក បូក​ទៅ​បាន​៧​ដែល​បញ្ជាក់​​​ពី​​ការ​ឧទ្ទិស​បុណ្យ​កុសល​​ដល់​ញាតិមិត្ត​​ ទាំង​​៧សន្ដាន​ ។ ចាប់​ពី​បល្ល័ង្កក្រោម​​មាន​កម្ពស់​​​៩,១០​ម៉ែត្រ​ បញ្ជាក់​ពី​​មនុស្ស​​​យើង​នៅក្នុង​ផ្ទៃ​​៩ ខែ​​១០ថ្ងៃ  ។​

​​​លោក​​ រដ្ឋ​លេខា​ធិកា​របន្ត​ថា ​កាល​ពីបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃ​ណី​ជាតិ​ខ្មែរកន្លង​​​ទៅ​មាន​​ប្រជា​ជន​​​ ​ពី​​គ្រប់​ទិស​ទី​​​​ទៅ​លេង​វត្ត​​ព្រះអង្គ​ធំ​​ច្រើន​​​ព្រោះ​​តែ​​ចង់ឃើញ ​សមិទ្ធ​ផល​​ទាំង​នោះ ។ ​​​​​ជ​ាក់​ស្ដែង​កាល​ពី​​ថ្ងៃទី​​២៤ និង​​២៥ មេសា ​អ្នក​ដែល​​ ទៅ​​បុណ្យ​​នៅ​វត្ត​ដី​ក្រហម​ ឃុំ​សូភាស ស្រុក​ស្ទឹង​ត្រង់ ​បាន​​​ឆ្លៀត​ចូល​​ទស្សនា​​វត្តព្រះអង្គ​​ធំ ​​ហើយ​​​កោ​ត​​សរសើរ​​ថា ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រហែ​ល​​​ជា​មាន​តែវត្ត​​​នេះ​​ទេ​​​ដែល​ល្អ​​​ ជាង​គេ​​ ។  ​

​​លោក ឃឹម សារិទ្ធ ​បញ្ជាក់​​ថា ព្រះ​អង្គ​តូច ធំ​​​កសាង​​ដោយ​ថ្ម​ភក់​ និងឈើ​​ទាំងអស់​ចំណាយ​​​ថវិកា​​អស់​ជាង​​​​៧០ម៉ឺន​​​ដុល្លារ​​​ ហើយពុំ​​ជំពាក់ថ្លៃ​ជាង​​​ទេ ​​។ ​បើ​​គិត​ឱ្យ​​រួច​រាល់ជាស្ថាពរ​​​នោះនឹង​ត្រូវ​​ចំណា​យ​​​​រហូត​ដល់​ទៅ​​ ជាង​​១លាន​​​ដុល្លារ​ឯ​ណោះ​​ ​។ ​ក្នុងពេល​ខាង​មុខ​ក្រសួង​វប្ប​ធម៌នឹង​បញ្ចូល​វត្តព្រះអង្គ​ធំ​ជា​​​បេតិ​ កភណ្ឌ​ជាតិ​​ទៀត​ផង  ។  ​សម្ដេច​ព្រះមហា​អរិយ​វង្ស សៅរ៍​ ចន្ទថុល្ល  ព្រះចៅអធិការ​វត្ត​​លង្កា​ព្រះ​​កុសុមារាម​មាន​ថេរ​ដីកា​ថា ព្រះអង្គ​មានក្ដី​​រំភើប​រីក​រាយ​ឥត​ឧបមា​ នៅ ពេល​បាន​និមន្ត​​​​ទៅឃើញ​សមិទ្ធ​ផល​​​​​ប្រណីត​នានា​​ក្នុងវត្ត​ព្រះអង្គ​ធំ ​ ​​ ។ សមិទ្ធ​ផល​ទាំង​​​នេះ​បញ្ជាក់​​ថា សម្ដេច​តេជោ ​និង​លោកជំទាវ​​កិត្តិ​ព្រឹទ្ធបណ្ឌិត​ពិត​ជា​​យក​ចិត្ត​ទុក្ខ​ដាក់​​ចំពោះ​ វិស័យ​​ព្រះពុទ្ធ​សាសនា​​ ។ ​​

​សម្ដេច​ព្រះមហា​អរិយវង្ស​បានអំពាវ​ នាវ​​ដល់ពុទ្ធបរិស័ទ​ និងមន្ត្រី​រាជ​​ការ​​​ឱ្យ​​​​​ចូល​រួមចំណែក​​​ចូល​បុណ្យ​​ដើម្បី​​កសាង​ស​ មិទ្ធ​ផល​​នានា​ដែល​កំពុង​​​តែ​ខ្វះ​ខាត​​បច្ច័យ​​ដើម្បី​​​ឱ្យ​បានរួច​ រាល់ជា​ស្ថាពរ​​​តាម​សទ្ធា​ជ្រះ​ថ្លា​​រៀង​ៗខ្លួន ។​ នៅ​ក្នុង​​ឱកាស​​​នោះ​​សម្ដេច​ព្រះមហា​អរិយវង្ស សៅរ៍​ ​ចន្ទថុល​​បាន​​ចូល​​បច្ច័យ​​ចំនួន​​៥០០​​ដុល្លារ ព្រះ​ញាណ​វង្ស ឃឹម សន ​​​​២០០​ដុល្លារ ​និង​ព្រះ​សា​សន​មង្គល គាន សុគន្ធ ​​​ចំនួន​៤០​ម៉ឺន​រៀល​​​ ៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន