Tuesday, April 23, 2013
កង្វះគុណភាពអប់រំរបស់កម្ពុជា ខណៈការរឹតចំណងសេដ្ឋកិច្ចក្នុងតំបន់កាន់តែខិតចូលមកដល់
និស្សិតដែលបញ្ចប់ការសិក្សាក្នុងពេលទទួលសញ្ញាបត្រនាពេលកន្លងមក។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ កសិករ ប៉ែត រដ្ឋ រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយផ្ទះរបស់គាត់មានចម្ងាយប្រហែលតែ១គីឡូម៉ែត្រប៉ុណ្ណោះពី ព្រំដែនកម្ពុជា-ថៃ។
ជារឿយៗគាត់តែងឆ្លងកាត់ព្រំដែនចូលទៅប្រទេសថៃដើម្បីរៀនភាសា ថៃនៅក្នុងវិទ្យាល័យមួយ ដែលស្ថិតក្នុងស្រុក ខ្លង ហាត ក្នុងខេត្ត ស្រះកែវ របស់ថៃដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់គាត់។
រាល់ពេលដែលលោកឈានជើងចូលក្នុងទឹកដីប្រទេសថៃ ប៉ែត រដ្ឋ តែងមានការភ្ញាក់ផ្អើលពីភាពខុសប្លែកគ្នារវាងស្ថានភាពនៃការ អភិវឌ្ឍនៃតំបន់ក្បែរព្រំដែនប្រទេសថៃ ធៀបនឹងស្រុកកំណើតរបស់គាត់។
ខណៈដែលអ្វីៗហាក់មានភាពខុសគ្នាឆ្ងាយរវាងប្រទេសទាំងពីរ ប៉ែត រដ្ឋ សង្កេតឃើញថា សាលា រៀន និង ប្រព័ន្ធអប់រំ ក្នុងប្រទេសថៃនៅជាប់ព្រំដែនកម្ពុជាមានភាពទំនើបជាងសាលារៀននៅ ក្នុងស្រុកកំណើតរបស់គាត់យ៉ាងខ្លាំង។
លោកនិយាយថា៖ «សិស្សសាលារបស់គេស្លៀកពាក់ឯកសណ្ឋានបាន ត្រឹមត្រូវនិង គោរពវិន័យបានល្អប្រសើរជាងយើងឆ្ងាយណាស់។ គ្រូៗជាច្រើន ខ្លះជិះឡានខ្លះជិះម៉ូតូ ទៅសាលារៀនតាមផ្លូវចាក់កៅស៊ូយ៉ាងងាយស្រួល។ ខ្ញុំគិតថា គុណភាពអប់រំរបស់គេទំនើបជាងយើងឆ្ងាយណាស់ ហើយគុណភាពសិស្សគេក៏ល្អជាងយើងខ្លាំងដែរ»។
វិសមភាពក្នុងការទទួលបានគុណភាពនៃការអប់រំល្អនេះមិនមែនកើត មានឡើងតែរវាងស្រុក សំពៅលូន និង ស្រុក ខ្លង ហាត ឬ រវាងប្រទេសកម្ពុជា និង ថៃ ឡើយ តែគម្លាតនៃការអភិវឌ្ឍធនធានមនុស្សកើតឡើងជាទូទៅនៅតាមបណ្តា ប្រទេសនៅក្នុងតំបន់អាស៊ាន។
ភាពមិនស្មើគ្នានៃការអភិវឌ្ឍវិស័យអប់រំ តែងកើតមានរវាងប្រទេសជាសមាជិកក្នុងតំបន់ដែលមានការអភិវឌ្ឍតិច តួច និង សមាជិកដែលមានសេដ្ឋកិច្ចជឿនលឿនជាង។
យោងតាមរបាយការណ៍ថ្មីមួយរបស់ស្នងការនៃអង្គការសហប្រជាជាតិ ដើម្បីសេដ្ឋកិច្ចនិង សង្គម ក្នុងតំបន់អាស៊ី និង ប៉ាស៊ីហ្វិក(ESCAP) បានចេញផ្សាយកាលពីសប្តាហ៍មុនបង្ហាញថា គម្លាតនៃការអភិវឌ្ឍធនធានមនុស្សក្នុងតំបន់អាស៊ាននៅតែជាបញ្ហា ប្រឈមយ៉ាងខ្លាំង ជាពិសេសរវាងបណ្តាប្រទេសជាសមាជិកអាស៊ានចាស់ និងប្រទេសដែលមានការអភិវឌ្ឍតិចតួចរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម (CLMV)។
ការសិក្សានេះអះអាងថា បញ្ហានេះគឺជាក្តីបារម្ភយ៉ាងចម្បងមួយខណៈដែលសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ហៅកាត់ថា អាស៊ាន កំពុងរៀបចំដំណើរការក្នុងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុង ឆ្នាំ២០១៥។
របាយការណ៍ដដែលបង្ហាញថា៖ «អត្រាអក្ខរភាពក្នុងប្រទេសកម្ពុជាមានចំនួនប្រហែល៧៥ភាគរយ ទាបជាងឆ្ងាយបើប្រៀបធៀបទៅបណ្តាប្រទេសក្នុងតំបន់ដែលមានអត្រា អក្ខរភាពចន្លោះពី៩០ ទៅ៩៥ ភាគរយ(លើកលែងប្រទេសឡាវ)។ការចំណាយទៅលើវិស័យអប់រំរបស់កម្ពុជា មានប្រហែល ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស(GDP)»។
របាយការណ៍បង្ហាញថា គម្លាតនៃការអភិវឌ្ឍលើវិស័យធនធានមនុស្សគឺជាក្តីបារម្ភយ៉ាង ខ្លាំងផងដែរដែលវាអាចផ្តល់ផលប៉ះពាល់អវិជ្ជមានដល់ដំណើរការខិត ខំប្រឹងប្រែងបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និង វប្បធម៌ តាមបណ្តាប្រទេសក្នុងតំបន់។
ខណៈប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចូលក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ានក្នុងឆ្នាំ២០១៥ អ្នកជំនាញខាងសេដ្ឋកិច្ចបានលើកឡើងថា ការពង្រឹងផលិតភាពធនធាន មនុស្សកម្ពុជានិងភាពប្រកួតប្រជែងក្នុងវិស័យការងារ គឺជាភាពចំាបាច់បើមិនដូច្នេះទេនិសិ្សតបញ្ចប់ការសិក្សាពីសាកល វិទ្យាល័យ និងកម្មករតាមបណ្តារោងចក្រឧស្សាហកម្មផ្សេងៗ អាចនឹងខាតបង់អត្ថប្រយោជន៍។
លោក វង្ស សំអាង អ្នកជំនាញសេដ្ឋកិច្ច និង ជាអ្នកចាត់ការទូទៅក្នុងក្រុមហ៊ុន សោម៉ា ខនសាលធីង គ្រុបបានឲ្យដឹងថា ប្រទេសកម្ពុជាអាចប្រឈមនឹងការប្រកួតប្រជែងដ៏តានតឹងមួយ នៅពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ានចូលមកដល់ព្រោះថា គុណភាពធនធានមនុស្សរបស់ប្រទេសកម្ពុជាលើជំនាញដូចជាធនាគារ ហិរញ្ញវត្ថុ ការគ្រប់គ្រងនិងជំនាញផ្សេងទៀតនៅខ្សោយជាងប្រទេសជាគូប្រកួត ប្រជែងក្នុងតំបន់។
លោកបន្តថា៖ «គុណភាពប្រព័ន្ធអប់រំនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ាន រួមទាំងការតាំងចិត្តរបស់សិស្សគេផង មានភាពប្រកួតប្រជែងខ្លាំងជាងក្នុងប្រទេសយើង។ ដូច្នេះប្រធានក្រុមហ៊ុនអាចសម្រេចចិត្តជួលបុគ្គលិកពីប្រទេសថៃ ឬ សិង្ហបុរី ដែលមានភាពប្រកួតប្រជែងជាងឲ្យមកធ្វើការក្នុងតំណែងជាអ្នកគ្រប់ គ្រងឬប្រធានផ្នែកសំខាន់ៗរបស់ក្រុមហ៊ុន»។
យ៉ាងណាក៏ដោយលោកបានរំឭកថា សិស្ស និសិ្សត បញ្ចប់ការសិក្សាដែលមានគុណភាពគ្រប់គ្រាន់នឹងទទួលបានប្រាក់ខែ ខ្ពស់ព្រោះពួកគេនឹងទទួលបានឱកាសការងារច្រើនជាងមុន។
របាយការណ៍ពី ESCAP បានលើកឡើងថា៖ «ដើម្បីឲ្យប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម) ទទួលបានអត្ថប្រយោជន៍ពេញលេញពីការចូលរួមជាសមាជិកសមាគមសេដ្ឋកិច្ច អាស៊ាននៅឆ្នាំ២០១៥ ការផ្តោតសំខាន់លើការពង្រឹងវិស័យអប់រំ និង ធនធានមនុស្សគឺជាភាពចាំបាច់»៕
ដកស្រង់ចេញពី http://postkhmer.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment