កិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃកាលពីថ្ងៃម្សិលមិញនៅសណ្ឋាគារ សូហ្វីតែល។ រូបថត ម៉ៃ វីរៈ
ភ្នំពេញៈ ប្រទេសថៃបានយល់ព្រមកាត់បន្ថយបែបបទរដ្ឋបាលជាច្រើនក្នុងការនាំ ចូលពោត និង ដំឡូងមី ពីកម្ពុជា ដើម្បីឲ្យដំណើរការនាំចេញផលិតផលនេះកាន់តែងាយស្រួលជាងមុនដែល ភាគីទាំងពីរសង្ឃឹមថាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយ ជីវភាពប្រជាកសិករនៅតាមតំបន់ជាយដែនឲ្យកាន់តែប្រសើរឡើង។
លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់អ្នកសារព័ត៌មានកាល ពីល្ងាចម្សិលមិញបន្ទាប់ពីបានបញ្ចប់ការប្រជុំបិទទ្វារជាមួយរដ្ឋ មន្រ្តីក្រសួងពាណិជ្ជកម្មថៃថា ប្រទេសទាំងពីរមានគោលបំណងក្នុងការពង្រឹងកិច្ចសហការខាងផ្នែក សេដ្ឋកិច្ច និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែប្រសើរឡើង។
លោកបានឲ្យដឹងថា កិច្ចប្រជុំនោះបានសម្រេចកិច្ចព្រមព្រៀងល្អៗ ដែលលោកសង្ឃឹមថានឹងរួមចំណែកដើម្បីកែលម្អស្ថានភាពនៃការរស់នៅ របស់ប្រជាកសិករ។
លោកបន្តថា៖ «ខាងភាគីថៃបានឯកភាពថានឹងសម្រួលនិតីវិធីក្នុងការនាំចូលជាច្រើន [ដែលកាលពីមុនមានភាពតឹងតែងខ្លាំង] ដើម្បីអនុញ្ញាតឲ្យដំឡូងមី និង ពោតរបស់កម្ពុជាអាចឆ្លងដែនទៅប្រទេសថៃបានងាយស្រួលជាងមុន។ ក្រៅពីនេះយើងក៏បានពង្រឹងកិច្ចសហការនៅតាមព្រំដែនផងដែរដើម្បី អាចនាំចេញអង្ករឲ្យបានច្រើនថែមទៀត»។
ទិន្នន័យនាំចេញពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា កាលពីឆ្នាំមុនប្រទេសកម្ពុជាបាននាំចេញពោតសរុប ២០ ៤៤៣តោនធ្លាក់ចុះប្រមាណ៤២ ភាគរយបើធៀបនឹងឆ្នាំ២០១១ ដែលមាន៣៥ ៣៨១ តោន។តែការនាំចេញដំឡូងមីមានការកើនឡើងដល់ប្រមាណ ៧២២ ២៧៣ តោន ដែលចំនួននេះបានកើនឡើង១៦០ ភាគរយ ប្រៀបធៀបទៅឆ្នាំ២០១១។
យោងតាមឯកសារសង្ខេបពីកិច្ចប្រជុំកាលពីម្សិលមិញប្រទេសថៃជាដៃ គូពាណិជ្ជកម្មធំជាងគេទីពីររបស់កម្ពុជាក្នុងចំណោមប្រទេសក្នុង តំបន់អាស៊ាន ខណៈប្រទេសកម្ពុជាជាដៃគូពាណិជ្ជកម្មទី៨របស់ថៃក្នុងចំណោមប្រទេស ជាសមាជិកអាស៊ាន។
លោក ប៊ូសុង ថឺរីយ៉ាភីរុម រដ្ឋមន្រ្តីពាណិជ្ជកម្មថៃបានឲ្យដឹងថាទំហំនៃការដោះដូរ ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនឹងបន្តកើនឡើងពិសេសនៅពេល សមាហរណកម្មសេដ្ឋកិច្ចអាស៊ានបានចូលមកដល់ក្នុងឆ្នាំ២០១៥។ លោកបន្តថា៖ «យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីបង្កើនការវិនិយោគនិងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ពីរ»។
កាលពីឆ្នាំ២០១២ កម្ពុជាបាននាំចេញទំនិញគិតជាទឹកប្រាក់សរុបប្រមាណ២៥១ លានដុល្លារ ទៅថៃ ខណៈថៃនាំចូលគិតជាទឹកប្រាក់ប្រមាណ ៣ ៧៨៦ លានដុល្លារមកកម្ពុជា៕
ប្រភពមកពី Postkhmer.com
No comments:
Post a Comment