Monday, April 22, 2013

ហេតុអ្វីបានជាយើងស្រវឹង?

0 comments
barneygumbleនៅក្នុងពិភព​គីមីមាន​អាល់កុលជាច្រើនប្រភេទ ប៉ុន្តែអាល់កុលដែលយើងតែងតែ​និយមជាងគេនោះ​គឺ​អេតាណុល។  រូបរាង​ម៉ូលេគុល​របស់​អេតាណុល​គឺ​ជា​ភ្នាក់​ងារ​ដែល​ធ្វើឲ្យស្រា ឬក៏ស្រាបៀរដែលយើង​ពិសាជះឥទ្ធិពល​ដល់​ខួរក្បាល​ របស់​យើង។ ម៉ូលេគុល​របស់​អេតាណុល​គឺ​មាន​ទំហំតូចណាស់ ដែល​កកើត​ឡើង​ដោយ​ការ​រួមបញ្ចូល​គ្នា​រវាង អាតូម​កាបូន​២ អាតូម​អ៊ីដ្រូសែន៦ និង​អាតូម​អ៊ុកស៊ីសែន១។ អេតាណុល​គឺសារធាតុ​ដែលអាច​រលាយ​ក្នុងទឹក ​ជាហេតុ​ធ្វើ​ឲ្យ​វា​អាច​ជ្រាប​ចូល​ក្នុង​ចរន្ត​ឈាម និង​ធ្វើ​ការ​សាយភាយ​ទៅ​គ្រប់​ទី​កន្លែង​នៃ​សារពាង្គកាយ (សំខាន់​បំផុតគឺថ្លើម និង​ខួរក្បាល)។ វា​ក៏ជា​សារធាតុ​រលាយ​ក្នុង​ខ្លាញ់ផងដែរ  ដែលជាហេតុធ្វើ​ឲ្យ​វា​ជ្រាប​ចូល​ភ្នាសកោសិកាផ្សេងៗ និង​ទីកន្លែងដ៏ទៃទៀត​ដែលជា​ធម្មតា​មិនអាចជ្រាបទៅដល់។
បរិមាណ​អេតាណុលជាក់លាក់ណាមួយ​ដែល​អ្នក​បានបរិភោគ​ នឹងធ្វើដំណើរ​ឆ្លង​ទៅពោះវៀនតូច​របស់អ្នក បន្ទាប់​មកត្រូវ​បាន​ស្រូប​ចូលទៅ​ក្នុង​ចរន្តឈាម  រួច​បញ្ចូន​ទៅ​ខួរក្បាល។ យោងតាមការសិក្សាស្រាវជ្រាវ ​មិនទាន់​មានការ​សន្និដ្ឋាន​ជាក់លាក់​ណាដែលឆ្លើយ​នឹង​សំណួរថាតើ​អេតាណុល​ ជះឥទ្ធិពល​ដល់​ខួរក្បាល​ដោយ​របៀបណា​ឲ្យ​ប្រាកដនោះទេ។ ប៉ុន្តែ​មាន​ទ្រឹស្តី​មួយចំនួន​បាន​​ធ្វើការ​បកស្រាយ​ស្តី​ពី​បញ្ហានេះ។ កាយវិការ និងប្រតិកម្ម​យឺតៗ ការនិយាយ​ឡុលៗ និង​ការ​បាត់​បង់ការចងចាំ​នៅពេលដែលអ្នកស្រវឹងគឺអាច​បណ្តាល​មក​ពី​សារធាតុ​ អេតាណុលធ្វើការភ្ចាប់​ទៅនឹង​សរសៃ​ប្រសាទ​Glutamateដែលនៅក្នុង​ប្រព័ន្ធ​ ប្រសាទ​នៃ​ខួរក្បាល​របស់អ្នក។ សរសៃ​ប្រសាទ​ទាំងនេះ​ ដែលជាធម្មតា​ទទួល​សញ្ញា​គីមី(Chemical Signal)ពី​កន្លែង​ផ្សេងៗ​នៃ​ខួរ ​ក្បាល តែ​ផ្ទុយទៅវិញ​បែជា​​ទទួល​ម៉ូលេគុល​អេតាណុល ដែល​មូលហេតុនេះធ្វើឲ្យ​ដំណើរ​ការ​នៃការទទួលសញ្ញា​មាន​ការរំខាន ហើយជាលទ្ធផលនាំឲ្យ​ខួរក្បាល​ទាំងមូល​មាន​ដំណើរការ​យឺតយ៉ាវ។ អេតាណុលក៏ធ្វើការភ្ចាប់ខ្លួន​ជាមួយ​នឹង​សរសៃប្រសាទGABA( gamma-aminobutyric acid)ដែលជា​ធម្មតាវាមាន​មុខងារ​បន្ថយល្បឿន​សកម្មភាពខួរក្បាល។ ខុសគ្នា​នឹង​ Glutamate អេតាណុល​បានធ្វើ​ឲ្យ​សរសៃប្រសាទ​GABA ងាយ​រងឥទ្ធិពល ដែលជាហេតុនាំឲ្យ​សកម្មភាពខួរក្បាល​មាន​សកម្មភាព​កាន់តែ​យឺត ឬស្ពឹក។
ជាតិ​អាល់កុល​មិនមែនគ្រាន់​តែ​ជាភ្នាក់ងារ​ធ្វើឲ្យសកម្មភាព​ ខួរក្បាលរបស់អ្នកមាន​សកម្មភាពយឺតប៉ុណ្ណោះទេ  តែវាក៏ជា​ភ្នាក់​ងារ​ជួយ​ឲ្យ​សារធាតុ​ dopamine និង endorphins ផលិតឡើង ដែលទាំងពីរនេះគឺជាសារធាតុ​គីមី​ធ្វើឲ្យ​មនុស្ស​មាន​អារម្មណ៍​សប្បាយរីករាយ។

ម៉ូលេគុល​អេតាណុល

ប្រភព៖ How it works, Book of amazing answers to curious questions 2012

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន