Friday, April 26, 2013

រក​ឃើញ​ឈើ​ជាង​១ម៉ឺន​៦ពាន់​ដើម​ត្រូវ​គេ​កាប់​ដឹក​ចូល​ក្រុមហ៊ុន​វៀតណាម-ចិន

0 comments
រតនគិរីៈ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ ព្រម​ទាំង​ក្រុម​អាជ្ញាធរ​មូលដ្ឋាន បាន​នាំ​គ្នា​ដើរ​ល្បាត​ព្រៃ​កាល​ពី​ម្សិលមិញ ហើយ​បាន​ប្រទះ​ឃើញ​ឈើ​ជាង ១ ម៉ឺន ៦ ពាន់​ដើម​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ក្នុង​ស្រុក​កូន​មុំ​ដែល​ឈើ​ ទាំង​នេះ ត្រូវ​គេ​ដឹក​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច វៀតណាម និង​ចិន។
មន្ត្រី​អង្គការ​អាដ​ហុក​ឈរ​ផ្អែក​ឈើ​​ ដែល​ត្រូវ​គេ​កាប់​ផ្តួល​ថ្មីៗ​។ រូបថត អង្គ​ការ​អាដ​ហុក​
មន្ត្រី​អង្គការ​អាដ​ហុក​ឈរ​ផ្អែក​ឈើ​​ ដែល​ត្រូវ​គេ​កាប់​ផ្តួល​ថ្មីៗ​។ រូបថត អង្គ​ការ​អាដ​ហុក​
លោក ឆាយ ធី អ្នក​សម្រប​សម្រួល​សមាគម​សិទិ្ធ​មនុស្ស​អាដហុក បាន​ឲ្យ​ដឹង​ថា៖«​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​ដើរ​ដង​ជ័រ​ទឹក​តាម​ដើម​ឈើ​ក្នុង ​តំបន់​នោះ​បាន​រក​ឃើញ​ថា​ដើម​ឈើ​ប្រមាណ​ជាង១​ម៉ឺន ៦ ពាន់​ដើម​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​លើ​ផ្ទៃ​ដី​សរុប​ប្រមាណ​១៥​គីឡូម៉ែត្រ​ ការ៉េ»។
លោក ឆាយ ធី បាន​បន្ត​ថា​ប្រភេទ​ដើម​ឈើ​ទាំង​នោះ មាន​ដូច​ជា គគីរ ឈើ​ទាល ត្រាច ផ្តៀក និង​សុក្រំ​ជា​ដើម ដែល​មាន​មុខ​កាត់​ចាប់​ពី​កន្លះ​ម៉ែត្រ​ឡើង​ទៅ ហើយ​ចំនួន​ប៉ាន់​ប្រមាណ​លើ​ការ​កាប់​នេះ មិន​ទាន់​គិត​លើ​ផ្ទៃ​ដី​សរុប​ដែល​ក្រុមហ៊ុន​វៀតណាម និង​ចិន​បាន​កាប់​នោះ​ទេ។
លោក ឆាយ ធី​បាន​បន្ថែម​ថា​៖​«ពួក​ឈ្មួញ​ពីរ​បី​ក្រុម​បាន​ដណ្តើម​គ្នា​កាប់ និង​ដឹក​តាម​ឡាន​ពី​២០ ទៅ ៣០ គ្រឿង​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ក្នុង​មួយ​ថ្ងៃៗ​។ តែ​គេ​បាន​ផ្អាក​សកម្មភាព​ហើយ​នៅ​ពេល​រឿង​នេះ​បែក​ធ្លាយ​កាល​ពី ២ អាទិត្យ​មុន​»។ លោក​បន្ត​ថា​ជាក់​ស្តែង​គ្រាន់​តែ​មួយ​កន្លែង​អ្នក​ចុះ​ពិនិត្យ​ទាំង​អស់​ បាន​ឃើញ​ដើម​ឈើ​ជាង​៣​ពាន់​ដើម ត្រូវ​បាន​គេ​កាប់​ផ្តួល ហើយ​ដឹក​ចេញ​មិន​ទាន់​។ នៅ​សល់​បី​កន្លែង​ផ្សេង​ទៀត​ដែល​ពួក​លោក​ពិបាក​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់។
ប្រជា​ពលរដ្ឋ​ម្នាក់​ដែល​ជួយ​ជូន​ក្រុម​ អាជ្ញាធរ​មូលដ្ឋាន នៅ​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ បាន​ឲ្យ​ដឹង​ថា​ដើម​ឈើ​ច្បោះ​ជ័រ ចំនួន ៤០០ ដើម ដែល​គ្រួសារ​របស់​លោក ធ្លាប់​ចោះ​យក​ជ័រ​ត្រូវ​បាន​គេ​កាប់​ផ្តួល​ទាំង​អស់​។ បុរស​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ បាន​បញ្ជាក់​ថា​៖​ឈ្មួញ​អ្នក​កាប់​និង​ទិញ​ម្នាក់​ឈ្មោះ ថា បាន​កាប់​ដើម​ច្បោះ​ជ័រ​របស់​ខ្ញុំ​អស់​។​គេ​ថា​ឲ្យ​កាប់​ក៏​កាប់ មិន​ឲ្យ​កាប់​ក៏​កាប់​ដែរ​។ ពេល​នេះ អ្នក​ភូមិ​យើង​អស់​មុខ​របរ​អី​រក​ហើយ​។ ពលរដ្ឋ​យើង​អស់​ជម្រើស​ហើយ​ទើប​ហ៊ាន​និយាយ​នេះ​»។
កាល​ពី​ថ្ងៃ​អាទិត្យ ទី២១​ខែ​មេសា​អាជ្ញាធរ​មូលដ្ឋាន និង​មន្រ្តី​ក្រសួង​កសិកម្ម​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ព្រៃឈើ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ក្នុង​ស្រុក​កូន​មុំ​នេះ​ដែរ បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​នោះ។ លោក​ឈឹម សុឃឹម មេ​ឃុំ​ស្រែ​អង្គ្រង បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​ជូន​មន្រ្តី​ពី​ក្រសួង​កសិកម្ម​ទៅ​ត្រួត​ពិនិត្យ ហើយ​បាន​ឃើញ​ថា​ពិត​ជា​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ ព្រៃ​នោះ​មែន។
លោក​ឈឹម សុឃឹម​បាន​បញ្ជាក់​ថា​៖​«យើង​ឃើញ​ជន​ជាតិ​វៀតណាម​បួន​នាក់ កំពុង​ដឹក​ឈើ​ចូល​ទៅ​ក្នុង​ដី​ក្រុមហ៊ុន​ហុង​អាញ​អណ្តូង​មាស។ ពួក​គេ​និយាយ​ភាសា​វៀតណាម។ យើង​មិន​ចេះ​ស្តាប់​ទេ ទើប​មិន​ដឹង​សួរ​នាំ​យ៉ាង​ម៉េច តែ​ខ្ញុំ​គិត​ថា​ពួក​គេ​ជា​បុគ្គលិក​របស់​ក្រុម​នេះ​ហើយ»។ ទោះ​យ៉ាង​ណា​លោក​ស៊ឹម រឹទ្ធិ មន្ត្រី​ក្រសួង​កសិកម្ម​ដែល​បាន​ចុះ​ទៅ​ជាមួយ​លោក​មេ​ឃុំ​រូប​នេះ បាន​អះ​អាង​ផ្ទុយ​គ្នា​ទៅ​វិញ​។ លោក​ស៊ឹម រឹទ្ធិ​បាន​ថ្លែង​ដូច្នេះ​ថា​៖​«​យើង​ឃើញ​ពលរដ្ឋ​ខ្មែរ​យើង​កាប់​ឈើ​នៅ​ទី​ នោះ​យក​ទៅ​ធ្វើ​ផ្ទះ​។ មាន​កាប់​តិច​តួច​ប៉ុណ្ណោះ​។ យើង​បាន​ហាម​ឃាត់​ពួក​គេ​មិន​ឲ្យ​កាប់​បន្ត​ទៀត​»។
ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​ហុង​អាញ​អណ្តូង​មាស​បាន​ទេ​។ អនុក្រឹត​របស់​រដ្ឋាភិបាល​ដែល​ចុះ​ហត្ថលេខា ដោយ​លោក​នាយ​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន នេះ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ ៩៧៨៥ ហិកតា​កាល​ពី​ឆ្នាំ ២០១១។
លោក យី សុខសាន្ត មន្ត្រី​ស៊ើប​អង្កេត​ដី​ធ្លី​និង​ធន​ធាន​ធម្មជាតិ នៃ​សមាគម​អាដហុក​នៅ​ការិយាល័យ​ភ្នំពេញ ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា​លោក​នឹង​ធ្វើ​របាយ​ការណ៍​ពី ​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​ទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​ចំណាត់​ការ​បន្ទាន់​ទប់​ស្កាត់​និង​ចាប់​ជន​ល្មើស​បញ្ជូន​ទៅ ​តុលាការ​។
លោក​ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទិ្ធ​មនុស្ស​អាដហុក​បាន​លើក​ ឡើង​ថា​រដ្ឋាភិបាល​កម្ពុជា​ស្ទើរ​តែ​បរាជ័យ​ទាំង​ស្រុង​នៅ​ក្នុង​ការ​ទប់​ ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​។ លោក​ចាន់ សុវ៉េត បាន​ថ្លែង​ដូច្នេះ​ថា​៖ «បើ​រដ្ឋាភិបាល​គ្រាន់​តែ​ចេញ​បទ​បញ្ជា​ដោយ​គ្មាន​ការ​អនុវត្ត​ជាក់​ស្តែង ប្រកប​ដោយ​ប្រសិទ្ធភាព​បែប​នេះ នោះ​ព្រៃ​ឈើ​ស្រុក​ខ្មែរ​នឹង​ត្រូវ​វិនាស​អស់​គ្មាន​សល់ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​»។
ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ស្ថិត​នៅ​ក្នុង​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ស្ទឹងត្រែង ដែល​មាន​ទំហំ​ប្រមាណ​ជា ២៥០០ គីឡូម៉ែត្រ​ការ៉េ។
លោក​ប៉ាវ ហមផាន អភិបាល​ខេត្ត​រតនគិរី បាន​ថ្លែង​ថា លោក​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​អំពី​ការ​កាប់​ឈើ​នេះ​ឡើយ ហើយ​នៅ​ពេល​ដែល​លោក​ទទួល​បាន​ព័ត៌មាន​នេះ ពី​អាជ្ញាធរ​មូលដ្ឋាន​លោក​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល​៕ ដោយៈ ផាក់ ស៊ាងលី - ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន