Friday, April 26, 2013

កម្ពុជា​ត្រៀម​បញ្ជូន​ឯកសារ​ផែនទី​បន្ថែម​ ទៅកាន់​តុលាការ​ឡាអេ​ នៅ​ថ្ងៃនេះ​ ឬ​ថ្ងៃស្អែក​

0 comments
 រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ ការបរទេស នឹង​បញ្ជូន​ឯកសារ​ផែនទី​បន្ថែម ទៅកាន់​តុលាការ​ឡាអេ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ឬ​ក៏​យ៉ាងយូរ​ត្រឹម​ថ្ងៃសុក្រ ទី២៦​មេសា​ស្អែក។ ជា​ការ​បន្ថែម​ឯកសារ តាម​ការ​ចង់បាន​របស់ តុលាការ​យុត្តិធម៌​អន្តរជាតិ ជុំវិញ​ជម្លោះ បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តីពី​ប្រាសាទ​ព្រះវិហារ។ ចំណែក​ភាគី​ថៃ នឹងដាក់​ឯកសារ​ផែនទី​បន្ថែម ទៅកាន់​តុលាការ​ឡាអេ នៅ​ថ្ងៃ​២៦​មេសា ដែលជា​ថ្ងៃកំណត់​ចុងក្រោយ របស់​តុលាការ។
លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និងជា​សមាជិក​ក្រុមការងារ​កម្ពុជា ដែល​បាន​ទៅ​តតាំង​ក្តី នៅ​តុលាការ​ឡាអេ បានប្រាប់​អ្នក​កាសែត នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ចៅក្រម​បាន​កំណត់ឲ្យ​កម្ពុជា និងថៃ ឆ្លើយ​តប និង​ដាក់​ឯកសារ​ផែនទី​បន្ថែម ឲ្យបាន​មុន​ថ្ងៃ​សុក្រ ទី​២៦​មេសា វេលា​ម៉ោង ៥ ល្ងាច។ ដូច្នេះ​កម្ពុជា​អាចដាក់​ជូន​តុលាការ​នៅ​ថ្ងៃនេះ ឬ​ក៏​ថ្ងៃស្អែក។ កម្ពុជា​នឹងដាក់​ឲ្យ​ទាន់ពេល​កំណត់​របស់​តុលាការ។
លោក ឡុង វិសាលោ បាន​បន្ថែម​ថា ឯកសារ​ផែនទី​របស់​កម្ពុជា ដែល​ត្រូវដាក់​ទៅ​កាន់​តុលាការ​​ឡាអេ រួមមាន ផែនទី និង​ការពន្យល់​ប្រាប់​តុលាការ​ពី​វត្ថុបំណង​ចង់បាន​របស់​កម្ពុជា ដោយ​មាន​ផែន​ទី​ភ្ជាប់​ទៅ​ជាមួយ។

ក្នុង​សវនាការ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩​មេសា កម្ពុជា​ចង់ឲ្យ​តុលាការ​អន្តរជាតិ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ពាក់ព័ន្ធ​នឹង​ព្រំដែន​នៅជាប់​ប្រាសាទ​ព្រះវិហារ​ដែល​កំពុង​មាន​ជម្លោះ។
ជា​ការ​កត់​សម្គាល់ បន្ទាប់ពី​ការ​ឡើង​ផ្តល់​អំណះអំណាង​រៀងៗ​ខ្លួន រវាង​ភាគី​កម្ពុជា និង​ភាគី​ថៃ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទាំងពីរ ក្នុង​សវនាការ​ផ្ទាល់មាត់ កាលពី​ថ្ងៃ​ទី​១៥ ដល់ថ្ងៃ​ទី​១៩​មេសា ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​តម្រូវ​ឲ្យ​ភាគី​ជម្លោះ​ទាំងពីរ​ដាក់​ឯកសារ​ផែនទី​បន្ថែម។

ភាគី​ថៃ​តាមរយៈ​រដ្ឋមន្ត្រី​ការបរទេស បាន​ប្រកាស​ថា ថៃ​នឹង​ដាក់​ឯកសារ​ផែនទី​ទៅកាន់​តុលាការ​ឡាអេ នៅថ្ងៃ​ទី​២៦​មេសា ស្អែក​នេះ។ សេចក្តី​សម្រេច​ដូច្នេះ បាន​ឆ្លង​គណៈ​រដ្ឋមន្ត្រីថៃ​របស់​លោកស្រី យ៉ីងឡាក់ រួចរាល់​ហើយ។

សម្រាប់​ភាគី​កម្ពុជា គឺ​សំអាង​លើ​ផែនទី​ឧបសម្ព័ន្ធ​១ ដែល​មាន​ភ្ជាប់នឹង​សាលក្រម​ឆ្នាំ​១៩៦២។ ជា​ផែនទី​ដែល​ធ្វើឡើង​ដោយ​គណៈកម្មការ​ព្រំដែន​ចម្រុះ​បារាំង-សៀម ឆ្នាំ១៩០៧ ដើម្បី​កំណត់​​​ព្រំដែន​កម្ពុជា និងថៃ ហើយ​តុលាការ​យកទៅ​សម្រេច​ក្តី នៅឆ្នាំ​១៩៦២ ដាក់​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ទឹកដី និង​អធិបតេយ្យភាព​របស់​កម្ពុជា៕ ដោយៈ លី ម៉េងហួរ - RFI

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន