Thursday, May 30, 2013
កម្ចីនៅធនាគារកើនឡើងខ្ពស់ក្នុងត្រីមាសទី១
ភ្នំពេញៈ ការផ្តល់កម្ចីពីគ្រឹះស្ថានធនាគារនៅកម្ពុជាគិតមកត្រឹមដំណាច់ត្រីមាសទីមួយឆ្នាំនេះមានការកើនឡើងប្រមាណ៣២ ភាគរយបើប្រៀបធៀបនឹងដំណាច់ត្រីមាសទីមួយកាលពីឆ្នាំមុន ស្របពេលកំណើនប្រាក់បញ្ញើក្នុងរយៈពេលដូចគ្នាបានកើនឡើងប្រមាណ២៨ភាគរយ។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា(NBC)។
របាយការណ៍ហិរញ្ញវត្ថុពី NBC ដែលភ្នំពេញ ប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបង្ហាញថា គិតមកត្រឹមដំណាច់ខែមីនាទំហំប្រាក់កម្ចីដែលផ្តល់ដោយគ្រឹះស្ថានធនាគារនៅកម្ពុជាមានចំនួនសរុប ៦,១៤ពាន់លានដុល្លារ គឺកើនឡើងពីចំនួនប្រហែល៤,៦៥ ពាន់លានដុល្លារកាលខែមីនាឆ្នាំមុន។ ស្របពេលជាមួយគ្នានេះទំហំប្រាក់បញ្ញើសរុបបានកើនឡើងដល់៦,៣៩ ពាន់លានដុល្លារ។
លោកស្រី ងួន សុខា អគ្គនាយិកាធនាគារជាតិនៃកម្ពុជាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា ការរីកចម្រើនផ្នែកប្រព័ន្ធធនាគារទាំងផ្នែកប្រាក់កម្ចី និង ប្រាក់បញ្ញើគឺជាការឆ្លុះបញ្ចាំងពីកំណើនផ្នែកសេដ្ឋកិច្ចក្នុងប្រទេសព្រោះថាវិស័យធនាគារប្រៀបបានដូចជាប្រេងរំអិលដើម្បីរុញច្រានសកម្មភាពសេដ្ឋកិច្ច។
លោកស្រីបានបន្តថា៖ «តម្រូវការសេវាហិរញ្ញវត្ថុមានទំហំធំណាស់នៅកម្ពុជា។ ប្រទេសយើងនៅតែរក្សាបានអត្រាកំណើនសេដ្ឋកិច្ចក្នុងចន្លោះពី៧ ទៅ៨ ភាគរយប្រចាំឆ្នាំ ដូច្នេះអត្រាកំណើនប្រាក់កម្ចីនិងប្រាក់បញ្ញើនឹងនៅបន្តមានក្នុងអត្រាដែលយើងឃើញនាពេលនេះ»។
លោកស្រីបានលើកឡើងថាចំនួនកម្ចីដែលប្រឈមនឹងហានិភ័យមានត្រឹមតែ២ភាគរយប៉ុណ្ណោះ ដែលនេះជាសូចនាករដ៏សំខាន់មួយបង្ហាញថា វិស័យធនាគារមានការរីកចម្រើនប្រកបដោយសុខុមាលភាព។
ការរក្សាកំណើនលើទំហំប្រាក់កម្ចីនេះបានរួមចំណែកពីវិស័យផ្សេងៗជាច្រើន ហើយការផ្តល់កម្ចីទៅលើវិស័យកសិកម្មបានរួមចំណែកសំខាន់ជាងគេ។
អត្រាកំណើនលើកម្ចីផ្នែកកសិកម្មនៅដំណាច់ត្រីមាសទីមួយនេះ មានប្រហែល៤០ភាគរយ បើធៀបនឹងដំណាច់ត្រីមាសទីមួយកាលពីឆ្នាំមុន។
អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា ការផ្តល់ប្រាក់កម្ចីពីគ្រឹះស្ថានធនាគារទៅឲ្យវិស័យកសិកម្មកំពុងមាននិន្នាការកើនឡើង ជាពិសេសនៅរយៈពេលចុងក្រោយនេះ។ តំណាងគ្រឹះស្ថានធនាគារធំៗបានបង្ហាញទំនុកចិត្តជាងមុនលើការផ្តល់កម្ចីលើវិស័យកសិកម្មបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំទ្រវិស័យកសិកម្ម ជាពិសេសគោលនយោបាយនាំចេញអង្ករ។
របាយការណ៍ស្តីពីការផ្តល់ប្រាក់កម្ចីនៅធនាគារអេស៊ីលីដាដែលជាធនាគារក្នុងស្រុកធំមួយនៅកម្ពុជាបានបង្ហាញថា គិតមកដល់ដំណាច់ត្រីមាសទីមួយឆ្នាំនេះ ការផ្តល់ប្រាក់កម្ចីសរុបនៅក្នុងធនាគារអេស៊ីលីដា បានឈានដល់១,៣៥ ពាន់លានដុល្លារ ហើយក្នុងនោះការផ្តល់កម្ចីដល់វិស័យកសិកម្មមានដល់ទៅ២៥៤ លានដុល្លារ។ អត្រានេះតំណាងឲ្យប្រមាណ១៩ ភាគរយនៃការផ្តល់ប្រាក់កម្ចីសរុប។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឲ្យដឹងថា៖ «ទំនុកចិត្តក្នុងការផ្តល់កម្ចីដល់វិស័យកសិកម្មមានកាន់តែខ្លាំងជាងមុនដោយសារគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការពង្រឹងការអភិវឌ្ឍវិស័យកសិកម្មពិសេសគោលនយោបាយនំាចេញអង្ករ»។លោកបានបញ្ជាក់បន្ថែមថា ការផ្តល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវមានរហូតដល់១៦ លានដុល្លារគិតមកត្រឹមដំណាច់ខែមីនាឆ្នាំនេះ តែធនាគាររបស់លោកមិនបានរាប់បញ្ចូលកម្ចីកសិកម្មទេ។
លោក Grant Knuckey នាយកប្រតិបត្តិធនាគារ ANZ Royal បានឲ្យដឹងថា ការផ្តល់កម្ចីទៅលើវិស័យកសិកម្មកំពុងកើនឡើងគួរឲ្យកត់សម្គាល់។
គិតមកដល់ដំណាច់ត្រីមាសទីមួយឆ្នាំនេះធនាគារ ANZ Royal បានផ្តល់កម្ចីដល់វិស័យកសិកម្មកើនឡើងប្រមាណ៣៥ភាគរយប្រៀបធៀបនឹងដំណាច់ត្រីមាសទីមួយកាលពីឆ្នាំមុន។
លោកបានលើកឡើងថា៖« វិស័យកសិកម្មជាវិស័យដ៏សំខាន់មួយសម្រាប់ការរីកចម្រើនដល់វិស័យធនាគារ។ តែរហូតមកទល់ពេលនេះបញ្ហាប្រឈមមួយចំនួននៅតែកើតមានដូចជា ការមិនបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានត្រឹមត្រូវ និងកង្វះឯកសារពាក់ព័ន្ធផ្សេងៗ[ពីអ្នកទទួលកម្ចី]»៕ ប្រភពពី Postkhmer.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment