ខេត្តកណ្តាល: លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង
ត្រូវបានផ្ទេរពីមន្ទីរឃុំឃាំង នៅសាលាក្តីខ្មែរក្រហម
ទៅជាប់ឃុំឃាំងនៅពន្ធនាគារតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៦
ខែមិថុនា ឆ្នាំ២០១៣។ នៅម៉ោង ៨ ព្រឹកនេះ ឡានដឹកលោក កាំង ហ្គេកអ៊ាវ
ហៅ ឌុច បានចូលទៅដល់ពន្ធនាគារតាខ្មៅនៅខេត្តកណ្តាលហើយ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងថា លោក
កាំង ហ្គេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង សម័យខ្មែរក្រហម
ដែលត្រូវបានតុលាការខ្មែរក្រហម បានសម្រេចផ្តន្ទាទោស
ដាក់ពន្ធនាគារមួយជីវិត
ត្រូវបានបញ្ជូនចេញពីមន្ទីរឃុំឃាំងរបស់សាលាក្តីខ្មែរក្រហម កាលពីម៉ោង ៧
និង ៥ នាទី ព្រឹកថ្ងៃទី៦មិថុនានេះ ទៅកាន់មន្ទីរឃុំឃាំង
នៅក្នុងពន្ធនាគារខេត្តកណ្តាល
ដើម្បីអនុវត្តន៍ទោសជាប់ពន្ធនាគារដែលនៅសេសសល់របស់គាត់
ចាប់ពីថ្ងៃនេះតទៅ។
ហេតុអ្វីបានជាត្រូវបញ្ជូនលោក ឌុច
ទៅឃុំឃាំងនៅពន្ធនាគារថ្នាក់ជាតិ? លោក នេត្រ ភក្ត្រា ពន្យល់ថា
“យើងដឹងហើយថា ឌុច ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត
ដោយសារសាលាក្តីខ្មែរក្រហម ដែលមានឈ្មោះជាផ្លូវការថា
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក.
ប្រកាសកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ តែសហព្រះរាជអាជ្ញា
បានដាក់សំណើមួយ សុំឲ្យឌុចបន្តឃុំឃាំងនៅសាលាក្តីខ្មែរក្រហម ឬ
អ.វ.ត.ក. រហូតដល់បញ្ចប់ការផ្តល់សក្ខីកម្មរបស់គាត់
ក្នុងនាមជាសាក្សី នៅក្នុងសំណុំរឿង០០២ ហើយនៅពេលនេះ ឌុច
បានបញ្ចប់ការផ្តល់សក្ខីកម្មរួចហើយ។ អ៊ីចឹងហើយ
បានជាតុលាការត្រូវបន្តឃុំខ្លួនរបស់គាត់នៅសាលាក្តីខ្មែរក្រហម
រហូតដល់ថ្ងៃទី៦មិថុនា ឆ្នាំ២០១៣នេះ
ហើយត្រូវបានបញ្ជូនគាត់ទៅកាន់ពន្ធនាគារខេត្តកណ្តាល
នៅថ្ងៃទី៦មិថុនានេះ”។
លោក នេត្រ ភក្ត្រា បានបន្តថា ច្បាប់នៅក្នុងសាលាក្តីខ្មែរក្រហម
បានកំណត់ថា អ.វ.ត.ក. ជាតុលាការជាតិ
ដែលត្រូវអនុវត្តន៍ច្បាប់តាមប្រទេសកម្ពុជា ហើយអាជ្ញាធរកម្ពុជា
ជាអ្នកទទួលខុសត្រូវចុងក្រោយសម្រាប់ការដាក់ពន្ធនាគាររាល់អតីតមេដឹកនាំ
ខ្មែរក្រហមទាំងអស់ ដែលត្រូវបានផ្តន្ទាទោស ប្រកាសដោយ អ.វ.ត.ក.។
ហេតុនេះហើយ បានជាគេបញ្ជូនលោក កាំង ហ្គេកអ៊ាវ ហៅ ឌុច ទៅកាន់ពន្ធនាគារ
នៅខេត្តកណ្តាល។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ក៏បានគូសបញ្ជាក់ថា
ការសម្រេចបញ្ជូន ឌុច ទៅឃុំឃាំងបន្តនៅពន្ធនាគារខេត្តកណ្តាល
ធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃពីក្រុមមន្ត្រីបុគ្គលិករបស់
ការិយាល័យសហព្រះរាជអាជ្ញារួចមក។ នោះគឺជាការយល់ឃើញថា
ពន្ធនាគារខេត្តកណ្តាល សមស្របដែលអាចឲ្យលោក កាំង ហ្គេកអ៊ាវ
នៅអនុវត្តន៍ទោសបាន។
ពន្ធនាគារខេត្តកណ្តាល នៅទីក្រុងតាខ្មៅ ជាពន្ធនាគារគំរូមួយ
ដែលទទួលជំនួយពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី
ហើយមានការអនុវត្តន៍គោរពនូវសិទ្ធិរបស់អ្នកជាប់ឃុំ
ព្រមទាំងមានការកែលម្អ ខុសពីពន្ធនាគារតាមបណ្តាខេត្តរាជធានី
ទូទាំងប្រទេស។
សូមរម្លឹកថា អតីតមេគុកទួលស្លែង លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច
ត្រូវបានសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២
បានសម្រេចផ្តន្ទាទោសបិទផ្លូវតវ៉ា ដោយដាក់ពន្ធនាគារមួយជីវិត
ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម ធ្វើទារុណកម្ម
និងសម្លាប់អ្នកទោសនៅគុកទួលស្លែង សម័យខ្មែរក្រហម។
គេហទំព័រសាលាក្តីខ្មែរក្រហម បង្ហាញថា នៅក្នុងឆ្នាំ១៩៦៥ ឌុច
បានក្លាយទៅជាគ្រូបង្រៀនផ្នែកគណិតវិទ្យា ហើយមួយរយៈក្រោយមក
គាត់ត្រូវបានចោទថាបានចូលរួមជាមួយបក្សកុម្មុយនីស្ត។
គាត់ត្រូវប៉ូលិសរបស់សម្តេច សីហនុ ចាប់ខ្លួនក្នុងឆ្នាំ១៩៦៨
ប៉ុន្តែត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅពេលរដ្ឋប្រហារទម្លាក់
សម្តេចសីហនុ នៅឆ្នាំ១៩៧០។ ពីខែកក្កដា ឆ្នាំ១៩៧១ ដល់ខែមករា
ឆ្នាំ១៩៧៥ ឌុច ត្រូវ បានចោទថាមានតួនាទីជាប្រធានការិយាល័យទី១៣ ឬ
ម-១៣ (គឺជាមន្ទីរសន្តិសុខមួយទៀតរបស់បក្សកុម្មុយនីស្តកម្ពុជា
មានទីតាំងនៅភាគខាងជើងទីក្រុងភ្នំពេញ)។ ឌុច
បន្តរស់នៅជាមួយខ្មែរក្រហមរហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០
ទើបគាត់ត្រឡប់មកធ្វើជាគ្រូបង្រៀនវិញ។
បន្ទាប់ពីមរណភាពរបស់ប្រពន្ធគាត់ដោយសារអំពើប្លន់នៅឆ្នាំ១៩៩៥ ឌុច
បានប្តូរមកកាន់សាសនាគ្រិស្ត និងបានផ្លាស់ទៅរស់នៅស្រុកសំឡូត
រហូតដល់ពេលដែលគាត់ត្រូវបានប្រទះឃើញដោយអ្នកសារព័ត៌មានមួយរូប
ក្នុងឆ្នាំ១៩៩៩។ បន្ទាប់មក ឌុច ត្រូវបានចាប់ខ្លួនដោយកងទ័ពកម្ពុជា។
រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៧ ទើប ឌុច
ត្រូវបានបញ្ជូនទៅឃុំឃាំង នៅសាលាក្តីខ្មែរក្រហម
ដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា
ដើម្បីជំនុំជម្រះក្តី៕
ប្រភព CEN
Subscribe to:
Post Comments (Atom)
No comments:
Post a Comment