ប្រភព Postkhmer : ភ្នំពេញៈ ៧ ឆ្នាំមុន ដីព្រៃប្រហែលកន្លះហិកតាត្រូវបានប្រែក្លាយជាចម្ការម្រេច ដែលមានជន្លង់១ ៥០០ ប៉ុណ្ណោះសម្រាប់របរជាលក្ខណៈគ្រួសារប៉ុន្តែទិន្នផលល្អនៃម្រេចកំពតបានធ្វើឲ្យម្ចាស់ចម្ការបានអភិវឌ្ឍកសិកម្មនេះឆ្ពោះទៅរកពាណិជ្ជកម្ម។
បីឆ្នាំក្រោយម្រេចដែលបានដាំដុះលើផ្ទៃដីកន្លះហិកតានោះបានផ្តល់ផល ប្រមាណ ១,៥ តោននៅឆ្នាំ ២០០៩។ រហូតដល់ពេលនេះទំហំដីត្រូវបានពង្រីករហូតដល់ ៥ ហិកតា។
អ្នកស្រី ហ៊ីម អាណា អាយុ ៣៤ ឆ្នាំ ជានាយិកាក្រុមហ៊ុន Starling Farm Kampot Pepper និយាយថា គំនិតដំបូងក្នុងការដាំដុះម្រេចនេះគឺបន្ទាប់ពីស្វាមីអ្នកស្រីបានសួររកផលិតផលពិសេសរបស់កម្ពុជាដែលមានភាពល្បីល្បាញជាប់ទាក់ទងនឹងវប្បធម៌។ អ្នកស្រីបន្តថា៖ «ប្ដីរបស់ខ្ញុំសួរខ្ញុំថាតើមានផលិតផលជាពិសេសណាមួយទេ ហើយជាផលិតផលដែលមានគេដឹងយ៉ាងច្បាស់នៅកម្ពុជាទាក់ទងជាមួយនឹងវប្បធម៌របស់យើង? នៅពេលនោះខ្ញុំគិតមើលបន្តិច ហើយគិតថា ម្រេចកំពតគឺត្រូវបានគេដឹងច្បាស់ជាងគេ»។
ការប្រមូលផលក្នុងឆ្នាំទីមួយនោះមានចំនួនច្រើនធ្វើឲ្យការប្រើប្រាស់ក្នុងគ្រួសារ និងចែកចាយឲ្យមិត្តភក្តិមិនអស់ អ្នកស្រីក៏ចាប់ផ្តើមបែកគំនិតបង្កើតក្រុមហ៊ុននាំចេញម្រេច ឈ្មោះថា Bright Starling Holding ចាប់ពីឆ្នាំ ២០១០សម្រាប់ការនាំចេញម្រេចកំពតមានគុណភាពឆ្ពោះទៅ រកទីផ្សារអន្តរជាតិ។
មកដល់ឆ្នាំនេះអ្នកស្រីបានពង្រីក ផ្ទៃដីដល់ ៥ ហិកតា ប៉ុន្តែមានតែ ៣ ហិកតាប៉ុណ្ណោះដែលផ្ដល់ផលខណៈដីពីរហិកតាទៀតត្រូវការរយៈពេលពីរបីឆ្នាំទៀត។
អ្នកស្រី អាណា កើតនៅឃុំ ព្រែកពោធិ៍ ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ហើយបានរៀបការជាមួយជនបរទេសឈ្មោះ Mark Hanna មកពីប្រទេស ហូឡង់ និងមានកូនបីនាក់។ អ្នកស្រីនិយាយថា៖ «យើងមិនដែលមានបទពិសោធក្នុងការដាំម្រេចនោះទេ ប៉ុន្តែយើងមានសំណាងដែលមានឪពុកមាម្នាក់ដែលចូលចិត្តអាជីពក្នុងវិស័យកសិកម្ម។ ខ្ញុំមិនដែលគិតថា យើងទទួលបានប្រាក់ចំណេញពីម្រេចទេ វាគឺជាចំណង់ចំណូលចិត្តរបស់យើង»។
ការបង្កើតក្រុមហ៊ុនបានដំណើរការឡើង ក្រោយពេលអ្នកស្រីមិនឃើញមានក្រុមហ៊ុនច្រើនបាននាំចេញម្រេចទៅទីផ្សារអន្តរជាតិ លើកលែងតែក្រុមហ៊ុន farm link ltd នៅខេត្ត កំពតមួយប៉ុណ្ណោះ។ អ្នកស្រីបានបន្តថា៖ «ខ្ញុំអាចនិយាយបានថា ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ក្រុមហ៊ុនរបស់យើងទទួលបានជោគជ័យដោយសារតែយើងអាចដាំម្រេច ច្រើន ហើយតម្លៃម្រេចកើនឡើងផងដែរ»។
តម្លៃពីសមាគមកសិករ លើកកម្ពស់ម្រេចកំពត (KPFA) ត្រឹម ១១ ដុល្លារក្នុងមួយគីឡូក្រាមមិនថ្លៃនោះទេ ដោយសារម្រេចទាំងនោះមានគុណភាពខ្ពស់។ ជាមួយគ្នានោះ ក្រុមហ៊ុនអ្នកស្រីបានលក់ក្នុងតម្លៃ ៣៥ ដុល្លារក្នុងមួយ គីឡូក្រាមសម្រាប់ម្រេចខ្មៅ។ អ្នកស្រីនិយាយថា៖ «ពេលនេះ KFPA មានក្ដីសប្បាយរីករាយជាមួយនឹងក្រុមហ៊ុនជាច្រើនក្នុងការធ្វើកិច្ចសន្យាជាមួយខ្លួន ប៉ុន្តែពួកគេមិនសប្បាយចិត្តដោយសារពួកគេមិនមានម្រេចគ្រប់គ្រាន់ដើម្បីលក់។ ឆ្នាំក្រោយ ខ្ញុំគ្រោងនឹងទិញពីពួកគេប្រហែល ១០ តោន។ ខ្ញុំជឿថា កសិផលម្រេចខេត្ត កំពតនឹងទទួលជោគជ័យដោយសារតែខ្ញុំអាច មើលឃើញថាក្នុងរយៈពេលមិនដល់មួយឆមាសនោះទេ ខ្ញុំមិនមានកសិផលម្រេចសម្រាប់ការលក់តាមការបញ្ជាទិញពីបរទេសនោះទេ»។
ភាគច្រើននៃម្រេចរបស់ក្រុមហ៊ុនអ្នកស្រី ត្រូវបាននាំចេញទៅប្រទេស អាល្លឺម៉ង់ កាណាដា អាមេរិក បារាំង អង់គ្លេស រុស្ស៊ី និង អូស្ដ្រាលី ដែលមានចំនួនប្រហែលពី ៧ ទៅដល់ ៨ តោន។
ថ្មីៗនេះ ហ៊ីម អាណា បានដំណើរការហាងចំនួន ៣ នៅទីក្រុង ភ្នំពេញ សៀមរាប និង កំពត ក្នុងការដាក់បង្ហាញផលិតផលកសិកម្ម ភាគច្រើនក្នុងចំណោមផលិតផលទាំងនោះគឺម្រេចកំពត។ អ្នកស្រីក៏បានផ្តល់ការងារចំនួនប្រហែល ៤០ នាក់ ក្នុងនោះ ២៥ នាក់ធ្វើការនៅចម្ការម្រេច និង ១៥ នាក់ធ្វើការងារផ្នែកវេចខ្ចប់នៅភ្នំពេញ។ កម្មករទទួលបានប្រាក់ខែចាប់ពី ៧៥ ដុល្លារដល់ ១៧០ ដុល្លារ។ អ្នកស្រីបន្តថា៖ «យើងមានជំនឿចិត្ត និងមោទនភាពយ៉ាងខ្លាំងសម្រាប់ម្រេចយើង។ ខ្ញុំពិតជាស្រឡាញ់ម្រេចយើង ហើយមានការគាំទ្រយ៉ាងខ្លាំងពីជនបរទេស»៕
No comments:
Post a Comment