ប្រភព CEN : ខេត្តសៀមរាប: បុរសវ័យចំណាស់ម្នាក់ឈ្មោះង្វៀង បាំងកុង អាយុ៥៨ឆ្នាំមានដើមកំណើត ជាជនជាតិវៀតណាម ដែលជាអាណិកជន មកពីសហរដ្ឋអាមេរិកត្រូវបានជនមិនស្គាល់មុខ ចាក់ជាច្រើនកាំបិត ចំដើមទ្រូងប៉ងសំលាប់ ប៉ុន្ដែមិនបានសំរេច។ សមត្ថកិច្ច កំពុងតែយកចិត្ដទុកដាក់ ហើយបើកការ ស៊ើបអង្កេតជាបន្ដបន្ទាប់ ដើម្បីឈានទៅវែកមុខជនដៃដល់ យកមកកាត់ទោសទៅតាមច្បាប់។
ប៉ុន្ដែនៅថ្ងៃកើតហេតុនោះដែរ ជនរងគ្រោះបានរើបំរះ ហើយជនមិនស្គាល់មុខបានគេចខ្លួនបាត់ ធ្វើឲ្យជនរងគ្រោះ រួចផុតពីការស្លាប់ និងបន្ទាប់មកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗនោះដែរ ដើម្បីធ្វើការសង្គ្រោះ។
ក្រោយពីកើតហេតុ ជនជាតិវៀតណាម សញ្ជាតិអាមេរិក ឈ្មោះង្វៀង បាំងកុង បានទូរស័ព្ទទៅកាន់ ស្ថានទូតអាមេរិក ហើយរឿងនេះក៏បានបែកធ្លាយធ្វើឱ្យសមត្ថកិច្ចស្វះស្វែងដើម្បីក្នុងរឿងដ៏រសើបមួយនេះជាមួយនឹង បណ្ដឹង របស់ក្រុមគ្រួសាររងគ្រោះដាក់ទៅកាន់សង្កាត់រដ្ឋបាលនគរបាលប៉ុសិ៍្ដ ស្លក្រាម របស់ក្រុងសៀមរាប ផងដែរ។
ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះត្រូវបានស្ថានទូតអាមេរិកទាក់ទង បំពេញបែបបទ ដើម្បីនាំជនរងគ្រោះចាកចេញពីខេត្ដសៀមរាបវិលទៅកាន់សហរដ្ឋអាមេរិកវិញ ដើម្បីការពារជីវិត ខ្លាចក្រែង ជនដៃដល់រៀបចំសំលាប់ជនរងគ្រោះបន្ដទៀត។
ប្រភពគ្រួសារបានបន្តទៀតថា នៅម៉ោង៨ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ គឺក្រោយមួយថ្ងៃនៃការកើតហេតុ ជនរងគ្រោះង្វៀង បាំងកុង ត្រូវបានឡើងយន្ដហោះនៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប ក្នុងគោលបំណង ត្រលប់ទៅកាន់ សហរដ្ឋអាមេរិកដោយសុវត្ថិភាព ទោះបីជនរងគ្រោះរងរបួសក៏ដោយ ហើយបន្សល់ទុកនៅតែបណ្ដឹង តែប៉ុណ្ណោះ។
ក្រុមគ្រួសាររងគ្រោះមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ CEN ឲ្យដឹងថា បន្ទាប់ពីជនរងគ្រោះមិនត្រូវបាន
សំលាប់តាមការគ្រោងទុកអំពីគំរោងរបស់ជនដៃដល់គឺគ្រួសារជនរងគ្រោះមួយរូប ត្រូវបានជនមិនស្គាល់មុខ បានទូរស័ព្ទមកគំរាម ដើម្បីសំលាប់បន្ថែមទៀត។
ករណីគំរាមគ្រួសារជនរងគ្រោះពីជនមិនស្គាល់មុខធ្វើឲ្យជនរងគ្រោះដែលគេគំរាមបានដាក់ពាក្យបណ្ដឹងបន្ថែមទៀត មកសមត្ថកិច្ច មានន័យថា បណ្ដឹងកើតមានរហូតដល់ទៅ២ ដែលសុទ្ធសឹងជាបទល្មើសប៉ុនប៉ងធ្វើឃាត។
ដោយឡែកសមត្ថកិច្ចមួយរូបបាននិយាយថាករណីចាក់នៅជនជាតិវៀតណាម សញ្ជាតិអាមេរិកនៅផ្សារសាមគ្គី ខេត្ដ សៀមរាប សមត្ថកិច្ចកំពុង ស្រាវជ្រាវករណីនេះក្នុងការឈានទៅរកកំណត់មុខសញ្ញាដើម្បីចាប់ខ្លួន យកមកផ្ដន្ទា ទោសទៅតាមផ្លូវច្បាប់។ សមត្ថកិច្ចបន្ដថាករណីនេះដែរគឺជំនាញបានកំណត់មុខសញ្ញា បានយ៉ាងវិជ្ជមាន មួយចំនួនធំហើយ ហើយនឹងបន្ដបើកករណីនេះរហូតដល់ទីបញ្ចប់។
សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះង្វៀង បាំងកុង បានធ្វើដំណើរពីសហរដ្ឋអាមេរិកមកកាន់ខេត្ដសៀមរាបនៅថ្ងៃទី២២
ខែឧសភា ឆ្នាំ២០១៣ ហើយមកស្នាក់នៅសណ្ឋាគារស្កាយវ៉េ ក្នុងភូមិបន្ទាយចាស់ ក្រុង-ខេត្ដសៀមរាបជិតផ្សារសាមគ្គី។ ជនរងគ្រោះមកកាន់ខេត្ដសៀមរាប គឺមកក្នុងនាមជា សប្បុរសជនមួយរូប ហើយកំពុងជួយអគារសិក្សាមួយខ្នង នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ប៉ុន្ដែសាលានេះទើបធ្វើបានមួយចំនួនធំជនរងគ្រោះក៏លេចឡើង នៅការប៉ង ធ្វើឃាត ពីជនមិនស្គាល់ មុខតែម្ដង។
ទោះបីជាយ៉ាងណាក្ដី គេមិនទាន់ដឹងថា ជនរងគ្រោះដែលគេប៉ងធ្វើឃាតគឺមានទំនាស់ ឬក៏គុំគួនជាមួយនឹងជនដៃដល់ រឺ យ៉ាងណានោះទេ ព្រោះជនរងគ្រោះបានទៅដល់សហរដ្ឋអាមេរិកហើយ ហើយជនដៃដល់ក៏មិនទាន់ចាប់ខ្លួនបាននៅឡើយ។
ករណីនេះដែរ ខាងក្រុមគ្រួសារជនរងគ្រោះក៏បានសំនូមពរ និងសង្ឃឹមយ៉ាងមុតមាំថា សមត្ថកិច្ចនឹងស្រាវជ្រាវ ចាប់ខ្លួន ជនដៃដល់ នៅពេលឆាប់ៗខាងមុខជាក់ជាពុំខាន៕
No comments:
Post a Comment