Monday, August 19, 2013

មន្ត្រីអង្គការវ៉ាយអេដ យកកាំភ្លើងភ្ជង់ ប្រជាពលរដ្ឋ ដូចចោរប្លន់ កណ្ដាលព្រៃ

0 comments
ប្រភព Dap-news កោះកុង មន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅវ៉ាយអេដ បានដកកាំភ្លើងភ្ជង់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ដូចចោរ ប្លន់ ធ្វើឲ្យប្រជាពលរដ្ឋមួយគ្រួសារធ្វើដំណើរ តាមរថយន្ត មានការភ័ខ្លាចជាខ្លាំង កាលពីម៉ោង ៩និង ៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ លើផ្លូវជាតិលេខ៤៨ នៅចំណុចចំណោទឬស្សី ឃុំត្រញំរូង ស្រុកកោះកុង ខេត្ត កោះកុង ចន្លោះគីឡូម៉ែត្រ ១០០ និង១០១។
បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះ លោក ហ៊ីម សិទ្ធី រួមនិង ភរិយា ព្រមទាំងកូនតូចពីរនាក់ បានជិះរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពាក់ស្លាកលេខបណោ្ដះអាសន្ន ៩០ ៦២ ពណ៌ទឹកប្រាក់ តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅទីរួមខេត្តកោះកុង។ លុះដល់ ចំណុចកើតហេតុ ស្រាប់តែក្រុមមន្ត្រីអង្គការវ៉ាយអេដ បានជិះរថយន្តដេញតាម និងកៀរឲ្យឈប់ក្រោមលេសឆែក ឆេរខ្លាចជាប់ពាក់ព័ន្ធបទល្មើសជួញដូរសត្វព្រៃ។
លោក ហ៊ីម សិទ្ធី ដែលត្រូវមន្រ្តីអង្គការវ៉ាយដកកាំភ្ជង់ និងស្ទាក់ចាប់រថយន្តទាំងយប់នេះ រស់នៅភូមិ២ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។
លោក ហ៊ីម សិទ្ធី បានប្រាប់អ្នកយកព័ត៌មានឲ្យមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលប្រចាំនៅខេត្តកោះកុងថា មុន ពេលកើតហេតុ រូបលោក និងគ្រួសារ បានធ្វើដំណើរពីរាជធានីភ្នំពេញ វិលត្រឡប់ទៅលំនៅដ្ឋានវិញ។ លុះដល់ ចំណុចកើតហេតុ ក្រុមមន្រ្តីអង្គការវ៉ាយអេដ ជិះរថយន្តដេញកៀរថយន្ដរបស់លោកឱ្យឈប់ ពេលលោកឈប់ ហើយ ក្រុមមន្ត្រីទាំងនោះបាន យកកាំភើងភ្ជង់ឱ្យបើកគូទរថយន្ដ តែគាត់មិនព្រមបើកនោះទេ ព្រោះចាំសមត្ថកិច្ច មកដល់ ទើបចុះនិយាយគ្នាឱ្យដឹងហេតុផល។
លោក ហ៊ីម សិទ្ធី បានហៅករណីខាងលើនេះថា មិនមែនជាករណីឆែកឆេរនោះទេ គឺជាករណីប្លន់រថយន្ដតែម្ដង ពីព្រោះការឆែកឆេរគេពុំបានយករថយន្ដដេញទេ ហើយគេពុំដែលធ្វើនៅកណា្ដលព្រៃស្ងាត់ ដោយគ្មានការសហ កាជាមួយអាជ្ញាធរដែនដីអ្វីទាំងអស់។
ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ត្រី ស៊ុន ឃៀម អធិការស្រុកកេះកុង បានឱ្យដឹងនៅថ្ងៃទី១៨ ខែសីហា ផងដែរ ថា នៅម៉ោង ៩ និង១៧នាទីយប់ លោកបានទទួលព័ត៌មានតាមទូរស័ព្ទពីជនរងគ្រោះ សុំឱ្យកម្លាំងនគរបាលរបស់ លោកជួយអន្ដរាគមន៍ ជួយដល់ពួកគាត់ ព្រោះមានរថយន្ដ១គ្រឿង ដេញកៀររថយន្ដរបស់គាត់ ឱ្យឈប់នៅ កណ្ដាលព្រៃស្ងាត់ តាមដងផ្លូវជាតិលេខ៤៨ ដែលស្ថិតនៅចំណុចខាងលើ។
ក្រោយទទួលបានកិច្ចសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ លោកអធិការក៏បានបញ្ជាកម្លាំង ចេញភ្លាមទៅតាមគោលដៅ។ ពេលដល់កន្លែងកើតហេតុ លោកក៏បានឃើញក្រុមមេព្រៃអង្កការសម្ព័នមិត្ដសត្វព្រៃ វ៉ាយអេដ មានកាំភ្លើងគ្រប់ដៃ ព័ទ្ធជុំវិញរថយន្ដជនរងគ្រោះ ។
លោកវរសេនីយ៍ត្រី ស៊ុន ឃៀម បានបន្ដថា ពេលឃើញហេតុការណ៍ដូចចោរប្លន់យ៉ាងនេះ លោកក៏បានសួរថា ហេតុអ្វីបានជាឃាត់រថយន្ដប្រជាពលរដ្ឋនៅកណា្ដលព្រៃស្ងាត់ ហើយកណ្ដាលអាធ្រាត្រទៀត។
ក្រុមមន្ត្រីអង្គការវ៉ាយអេដឆ្លើយថា ឃាត់រថយន្ដនេះ ដើម្បីរកបទល្មើស។ ពេលឃើញកម្លាំងនគរបាលចុះអន្តរា គមន៍បែបនេះ ក្រុមមន្រ្តីអង្គការវ៉ាយអេដ បានទូរស័ព្ទហៅបក្ខពួកមួយក្រុមទៀត នៅតាតៃ ដើម្បីជួយអន្ដរាគមន៍វិញផងដែរ។
លោកវរសេនីយ៍ត្រី ស៊ុន ឃៀម បន្តថា ដោយឃើញកម្លាំងរបស់លោកចុះទៅដល់ មា្ចស់រថយន្ដជាជនរងគ្រោះ បានចុះពីលើរថយន្ដ ហើយព្រមឱ្យកម្លាំងទាំងពីរឆែកឆេរ។ មុនពេលឆែកឆេរម្ចាស់រថយន្ត បានឱ្យក្រុមសម្ព័ន្ធមិត្ដ សត្វព្រៃធ្វើកំណត់ហេតុមួយ ប៉ុន្តែក្រុមមន្ត្រីអង្គការវ៉ាយអេដ និងមេព្រៃមិនព្រមទេ ចំណែកម្ចាស់រថយន្ដ ក៏មិនព្រម ឱ្យឆែកឆេរដែរ។ ការជជែកគ្នា បានអូសបន្លាយរហូតដល់ម៉ោង ២ រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែសីហា ទើបកំលាំងក្រុមសម្ព័ន្ធមិត្ដសត្វព្រៃអនុញ្ញាតឱ្យម្ចាស់រថយន្ត ធ្វើដំណើរទៅលំនៅដ្ឋាន។
ទោះបីជាក្រុមមន្ត្រីអង្គការអនុញ្ញាតយ៉ាងនេះក្តី តែភាគីម្ចាស់រថយន្តមិនព្រមទៅនោះទេ គឺនៅរកទាមទារកខុសត្រូវ ព្រោះមិនសុខចិត្តចំពោះទង្វើរបស់កម្លាំងវ៉ាយអេដ ដែលឃាត់រថយន្ដគាត់ទាំងគ្មានកំហុស។
ក្រោយពេលចរចាមិនត្រូវគ្នាកម្លាំងនគរបាលស្រុកកោះកុង ក៏បានដេកយាមរថយន្ដរហូតដល់ព្រឹកចំណែកក្រុម មន្រ្តីអង្គការវ៉ាយអេដ បានលួចបើករថយន្ដទៅបាតស្រមោលនៅម៉ោងជា ៤ទៀបភ្លឺ។ ចំណែកភាគីជនរងគ្រោះ ត្រូវបានបងប្អូនមកទទួលយកទៅលំនៅដ្ឋាននៅទីរួមខេត្តបាត់ទៅ។
នៅក្នុងរថយន្តលោក ហ៊ីម សិទ្ធី សមត្ថកិច្ច និងអាជ្ញាធរឆែករកឃើញមានតែកាបូបខោអាវ១ ផ្លែឈើចំនួន២ថង់ និងស្បោងដាក់ភួយ១តែប៉ុណោ្ណះ ពោលគ្មានបទល្មើសអ្វីដូចមន្ត្រីអង្គការវ៉ាយអេដសង្ស័យនោះទេ។ ក្រោយឆែក ឆេរ សមត្ថកិច្ចបានប្រគល់រថយន្ដទៅឱ្យមាស់វិញនៅព្រឹកថ្ងៃទី១៨ ខែសីហា វិញផងដែរ។
ទោះជាយ៉ាងណា ចំពោះសកម្មភាព ដែលប្រជាពលរដ្ឋ ខេត្តកោះកុងហៅថា ជាទង្វើដ៏ព្រៃផ្សៃ និងបង្កភាពភ័យ ខ្លាច ចំពោះប្រជាពលរដ្ឋស្លូតត្រង់នេះ លោក ហ៊ីម សិទ្ធី មិនបានលើកឡែងនោះទេ ពោលលោកបានប្តឹងឈ្មោះ ឈន ហុង ប្រធានស្នាក់ការចំណុះឃុំត្រពាំងរូង និងឈ្មោះ សាល មេព្រៃ ព្រមទាំងបក្ខពួកមួយចំនួនទៀត ទៅ កាន់អធិការដ្ឋានស្រុកកោះកុង ដើម្បីរកខុសត្រូវទៅតាមច្បាប់ រកភាពស្អាតស្អំជូនរូបគាត់ជាជនរងគ្រោះ៕






No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន