ភ្ញៀវទេសចរដែលទៅទស្សនាប្រាសាទអង្គរវត្តនាពេលកន្លងមក
។ ខែក្រោយបក្សប្រឆាំង គ្រោងនឹងធ្វើបាតុកម្មនៅតំបន់មុខអង្គរវត្ត។
រូបថត ហេង ជីវ័ន
រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ លោក ថោង ខុន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃ ១០ ធ្នូ អាចនឹងប៉ះពាល់ដល់ការរកស៊ីរបស់អ្នកជំនួញ និងប្រជាពលរដ្ឋដែលរស់នៅខេត្ត សៀមរាប បើបាតុកម្មនោះមិនដំណើរការតាមអ្វីដែលបានចែងក្នុងច្បាប់។
លោកថ្លែងថា៖ «មានគេប្រាប់ខ្ញុំដែរថា មាន Tour ទេសចរណ៍ខ្លះ ត្រូវលុបការធ្វើដំណើរវិញ ជាពិសេសខាង វៀតណាម គេអត់មកទេ។ នៅទូទាំងប្រទេស ភ្ញៀវវៀតណាមមានចំនួនច្រើនទីមួយមកទស្សនាកម្ពុជា»។
គណៈបក្សសង្គ្រោះជាតិ បានបដិសេធភ្លាមៗមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលបានរៀបចំកាលពី ថ្ងៃ ទី២៨ កក្កដា ដោយលើកហេតុផលថា មានភាពមិនប្រក្រតីជាច្រើនកើតឡើងនៅថ្ងៃបោះឆ្នោតហើយស្នើសុំឲ្យ មានការបង្កើតគណៈកម្មការឯករាជ្យដើម្បីស្វែងរកការពិតចេញពីភាពមិន ប្រក្រតីទាំងនោះ។ ចាប់ពីពេលនោះមកគណៈបក្សប្រឆំាងមួយនេះក៏បានរៀបចំធ្វើបាតុកម្ម ជាច្រើនដងនៅរាជធានីភ្នំពេញកន្លងមក។
ឆ្លើយតបទៅនឹងការបារម្ភថា ការធ្វើបាតុកម្មនឹងធ្វើឲ្យភ្ញៀវទេសចរភ័យខា្លចមិនហ៊ានចូល ទស្សនាប្រទេសកម្ពុជានោះ លោកស្រី កែ សុវណ្ណរតន៍ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ នៅខេត្ត សៀមរាប និយាយថា មិនមានអ្វីត្រូវបារម្ភនោះទេ ដោយសារការធ្វើបាតុកម្មនេះនឹងត្រូវបានធ្វើឡើងដោយអហិង្សា។
លោកស្រីបន្តថា៖ «វាអាចបង្កទៅជាហិង្សាឬអត់គឺអាស្រ័យលើនគរបាលនិងអាជ្ញាធរ។ ប្រសិនបើ អាជ្ញាធរនិងនគរបាលមិនបង្ហាញអំពើហិង្សាឬសាច់ដុំដាក់ប្រជាពលរដ្ឋ និងក្រុមបាតុករនោះ ការប្រមូលផ្ដុំតវ៉ានេះនឹងប្រព្រឹត្តទៅដោយមិនមានហិង្សាអ្វីទាំង អស់»។ លោកស្រីលើកឡើងថា ការបង្ហាញអំពើហិង្សាពីសំណាក់អាជ្ញាធរនោះទេ ដែលជាមូលហេតុបំភ័យភ្ញៀវទេសចរនោះ។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៍លើកឡើងថា វិស័យឯកជនកំពុងព្រួយបារម្ភទាក់ទងព័ត៌មានពីព្រឹត្តិការណ៍រៀបចំ បាតុកម្មនេះ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់បានពីទំហំប៉ះពាល់ជាក់ស្តែងថា នឹងមានកម្រិតប៉ុនណានៅឡើយទេ លុះត្រាដឹងច្បាស់ពីទីតាំងជាក់លាក់ដែលនឹងរៀបចំពីព្រឹត្តិការណ៍ នេះជាមុនសិន។
លោកបន្តថា៖ «នៅពេលដែលមានបញ្ហាគ្រប់ៗគ្នាគួរតែអង្គុយជាមួយគ្នាហើយស្វែងរក ដំណោះស្រាយរួមមួយដើម្បីឈ្នះៗសម្រាប់ទាំងអស់គ្នា»។ លោកអំពាវនាវឲ្យភាគីទាំងពីរមកចរចាគ្នាដើម្បីស្វែងរកដំណោះស្រាយ នយោបាយដើម្បីបញ្ចៀសការប៉ះពាល់អវិជ្ជមានណាមួយដល់បរិយាកាស ពាណិជ្ជកម្ម។
សៀមរាបគឺជាទិសដៅទេសចរណ៍សំខាន់នៅកម្ពុជាដែលកំពុងទាក់ទាញភ្ញៀវ ទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ ភ្ញៀវទេសចរមកកាន់សៀមរាបបានកើនឡើងដល់ ១,៧ លាននាក់នៅក្នុងរយៈពេល ១០ ខែដំបូងនៅឆ្នាំនេះ។ មកដល់ពេលនេះគណបក្សសង្គ្រោះជាតិនៅមិនទាន់កំណត់ទីតាំងធ្វើ បាតុកម្មនេះនៅឡើយទេ ប៉ុន្តែបើតាមលោក ថោង ខុន ការប្រមូលផ្តុំទំនងជាត្រូវរៀបចំនៅតំបន់មុខប្រាសាទ អង្គរវត្ត៕ PB
No comments:
Post a Comment