Wednesday, November 20, 2013

ទេសចរ​សម្រុក​ទៅ​បណ្តា​ខេត្ត​ខណៈ​នៅ ភ្នំពេញ ស្ងប់​ស្ងាត់

0 comments
ប្រភពពី Postkhmer.com : ភ្នំពេញៈ ខណៈ​ពិធី​បុណ្យ​អុំទូក​ត្រូវ​បាន​លុប​ចោល​ជា​លើក​ទី​បី​នៅ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​បាន​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន ខេត្ត​នានា។
តាម​តំបន់​ឆ្នេរ និង​តំបន់​ប្រវត្តិសាស្រ្ត​នានា​ក្នុង​ប្រទេស​ក្នុង​រយៈ​ពេល​ឈប់​សម្រាក​បី​ ថ្ងៃ​គេ​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ជាច្រើន​ទៅ​កម្សាន្ត។
មន្ត្រី​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ផ្ទះ​សំណាក់ និង​សណ្ឋាគារ​នៅ​តាម​តំបន់​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​សុទ្ធ​តែ​មាន​ ភ្ញៀវ​ស្នាក់​នៅ​ពេញ​។ ចំណែក​តម្លៃ​ម្ហូប​អាហារ​នៅ​តំបន់​ឆ្នេរ​វិញ​បាន​ឡើង​ថ្លៃ​ប្រហែល ១០ ទៅ ២០ ភាគរយ។
លោក ឆឺយ ឆន ប្រធាន​មន្ទីរ​ទេសចរណ៍​ប្រចាំ​ខេត្ត សៀមរាប បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​បី​ថ្ងៃ​នេះ​ខេត្ត សៀមរាប ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សរុប ៦៣ ០១៦ នាក់ កើន​ឡើង​ជិត ១៧ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។
លោក​បាន​បន្ថែម​ថា ដើម្បី​អបអរ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ សហគមន៍ ចុងឃ្នៀស ភូមិ​បណ្តែត​ទឹក​នៅ​ខេត្ត សៀមរាប បាន​រៀបចំ​ការ​ប្រណាំង​ទូក​នេសាទ ១៥ គូ​រយៈ​ពេល​ពីរ​ថ្ងៃ ប៉ុន្តែ​មិន​បាន​ទាក់​ទាញ​អ្នក​ទស្សនា​ច្រើន​នោះ​ទេ​។ លោក​ថា៖ «អ្នក​ទេសចរ​ចូល​មក​ខេត្ត សៀមរាប ដើម្បី​ទស្សនា​គឺ​ប្រាសាទ​អង្គរវត្ត បាយ័ន តាព្រហ្ម និង​មក​កម្សាន្ត​នៅ​តំបន់​ផាប់ស្ទ្រីត​នៅ​ពេល​យប់»។
ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​ទៀត គឺ​ប្រាសាទ​ព្រះ​វិហារ ក៏​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន​ដែរ។ តាម​តួលេខ​បាន​មក​ពី​លោក យូ សុវណ្ណ អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ព្រះវិហារ បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ឡើង​ទៅ​ទស្សនា​ប្រាសាទ ព្រះ​វិហារ កើន​ឡើង​ដល់ ៤០០ នាក់​ក្នុង​មួយ​ថ្ងៃ​រយៈ​ពេល​បី​ថ្ងៃ​នេះ ដែល​នៅ​ថ្ងៃ​ធម្មតា​ភ្ញៀវ​ដែល​ឡើង​ទៅ​ទស្សនា​ប្រាសាទ​មាន​ត្រឹម​តែ ១០០ នាក់​ប៉ុណ្ណោះ។
លោក​បន្ត​ថា៖ «តំបន់​ប្រវត្តិសាស្ត្រ​នេះ​ទាក់​ទាញ​ភ្ញៀវ​ខ្មែរ​ច្រើន​ឯ​ភ្ញៀវ​អន្តរជាតិ​ មាន​តែ ៣០ នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ភ្ញៀវ ៤០០ នាក់»។ លោក​បាន​បន្ត​ថា នៅ​ខេត្ត ព្រះវិហារ មាន​បន្ទប់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ប្រហែល ៤០០ បន្ទប់ ហើយ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ បន្ទប់​ត្រូវ​បាន​ជួល​អស់​ប្រហែល ៨០ ភាគរយ។
សម្រាប់​ខេត្ត ព្រះសីហនុ នៅ​តែ​ជា​តំបន់​ឆ្នេរ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក។ រយៈ​ពេល​សម្រាក​បី​ថ្ងៃ​នេះ ខេត្ត ព្រះ​សីហនុ បាន​ស្វាគមន៍​ភ្ញៀវ​សរុប​ចំនួន ៧១ ៥១៧ នាក់​កើន​ឡើង ២៧ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន។ ការ​ប្រគំ​តន្ត្រី​ធ្វើ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក បាន​បន្ថែម​ភាព​អ៊ូអរ​ដល់​តំបន់​ឆ្នេរ​មួយ​នេះ។
លោក សេង ខា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ព្រះ​សីហនុ បាន​ពន្យល់​មូលហេតុ​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នេះ​ថា គឺ​មក​ពី​ស្ថានភាព​ល្អ​នៃ​ផ្លូវ​ទៅ​កាន់​ខេត្ត ព្រះ​សីហនុ រួម​ទាំង​ឆ្នេរ​ដ៏​ស្រស់​ស្អាត និង​សេវាកម្ម​ស្នាក់នៅ​ដែល​មាន​គ្រប់​គ្រាន់​នៅ​ក្នុង​ខេត្ត។ លោក​ថ្លែង​ថា៖ « បើ​ទោះ​បី​ជា តម្លៃ​ស្នាក់នៅ និង​ម្ហូប​អាហារ​នៅ​ពេល​បី​ថ្ងៃ​នេះ​បាន​កើន​ឡើង​ច្រើន​បន្តិច​មែន តែ​ភ្ញៀវ​សប្បាយ​ចិត្ត​នឹង​ការ​មក​លេង​នៅ​ខេត្ត ព្រះ​សីហនុ»។
ខេត្ត កំពត បាន​ក្លាយ​ជា​តំបន់​ឆ្នេរ​ពេញ​និយម​មួយ​កន្លែង​ទៀត​ផង​ដែរ​។ ខេត្ត​ដែល​សម្បូរ​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ​មួយ​នេះ​បាន​ទាក់​ទាញ​ភ្ញៀវ​ ទេសចរ​ចំនួន ២៨ ៩០០ នាក់។ ភ្នំ បូកគោ បាន​ស្រូប​យក​ភ្ញៀវ ១៩ ៥០០ នាក់ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ​។ ក្រៅ​ពី​នេះ​ភ្ញៀវ​ទេសចរ​បាន​ចេញ​ទៅ​ទិសដៅ​ទេសចរណ៍​ផ្សេង​ទៀត​ដែល​មាន​ក្នុង ​ខេត្ត។
លោក សយ កាណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត កំពត ឲ្យ​ដឹង​ថា ខេត្ត កំពត មិន​មាន​រៀបចំ​កម្មវិធី​អ្វី​ធំ​ដុំ​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​អុំទូក​ រយៈ​ពេល​បី​ថ្ងៃ​នេះ​ទេ តែ​ខាង​មន្ទីរ​បាន​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​បាន​ពង្រឹង​សេវាកម្ម​ទេសចរណ៍​ក្នុង​ចំណោម​អ្នក​លក់ និង​អ្នក​ផ្តល់​សេវា​ទេសចរណ៍។ លោក​បន្ត​ថា៖ «ជា​រួម​ស្ថានភាព​ទេសចរ​នៅ​ខេត្ត​ទាំង​មូល​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ អ្វីៗ​ដំណើរការ​ដោយ​រលូន​»៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន