ប្រភពពី Postkhmer.com : ភ្នំពេញៈ
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាថ្មីម្តងទៀតបានអំពាវនាវឲ្យសហគ្រាស
ក្នុងស្រុកពង្រឹងគុណភាព និងបង្កើនផលិតភាព
ដើម្បីប្រកួតប្រជែងជាមួយលំហូរផលិតផលក្រៅស្រុកពេលសមាហរណកម្ម
សេដ្ឋកិច្ចអាស៊ានដែលចូលមកដល់នៅឆ្នាំ ២០១៥។
ការអំពាវនាវនេះធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិ
ស្តីពីប្រព័ន្ធគ្រប់គ្រង សុវត្ថិភាព
ម្ហូបអាហារបែបទំនើបកាលពីម្សិលមិញនៅរាជធានីភ្នំពេញ។
ការចូលមកដល់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ ២០១៥ មានន័យថា
ទំនិញក្នុងប្រទេសអាស៊ានទាំង ១០
និងត្រូវចរាចរកាត់ព្រំដែនដោយមិនជាប់ពន្ធ។
រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម រ៉ែ និង ថាមពល លោក ចម ប្រសិទ្ធ យល់ថា
វាជាឱកាស ប៉ុន្តែបានចោទសួរថា
តើទំនិញកម្ពុជាត្រៀមខ្លួនសម្រាប់ការបញ្ជូនទៅក្រៅស្រុកហើយ ឬនៅ
ខណៈចង្វាក់ផលិតកម្មក្នុងស្រុកនៅមានកម្រិតទាំងគុណភាព
និងស្តង់ដារនៅឡើយនោះ។
លោកថ្លែងថា៖
«កិច្ចការដែលយើងត្រូវប្រឹងប្រែងគឺសហគ្រាសរបស់យើងត្រូវចាប់ផ្តើម
ពង្រឹងខ្លួនយើងពីឥឡូវទៅបង្កើនផលិតភាពរបស់យើង
បង្កើនភាពប្រកួតប្រជែង ពីឥឡូវទៅទើបបាន»។ លោកបានបង្ហាញ
សុទិដ្ឋិនិយមថា ក្នុងរយៈពេលពីរឆ្នាំ
ទំនិញកម្ពុជាអាចពង្រឹងខ្លួនដើម្បីទៅប្រកួតប្រជែងបើសហគ្រាសក្នុង
ស្រុកមានឆន្ទៈក្នុងការធ្វើឲ្យប្រសើរឡើងនូវស្តង់ដារ
និងការផលិតរបស់ខ្លួន។
យោងតាមលោក ចម ប្រសិទ្ធ សហគ្រាសធុនតូច និងមធ្យមមានប្រមាណ ៩៩
ភាគរយនៃចំនួនសហគ្រាស និងឧស្សាហកម្មទូទាំងប្រទេស
ដែលភាគច្រើននៅមានកម្រិតក្នុងសមត្ថភាពផលិតនៅឡើយ។
លោក ហ៊ឹម ផានិត មន្រ្តីជំនាញនៅមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា
(NPCC) បានឲ្យដឹងថា
នៅមានឧបសគ្គច្រើនក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។
លោកបន្តថា មានក្រុមហ៊ុនច្រើនដែលចង់ទទួលវិញ្ញាបនបត្រ HACCP និង ISO
22000
ប៉ុន្តែមានកត្តាបីដែលរារាំងអ្នកផលិតក្នុងការទទួលបាន
វិញ្ញាបនបត្រ និងអនុវត្តឲ្យសមស្របតាមស្តង់ដារ។
លោកបន្ថែមថា៖
«បញ្ហាទីមួយគឺធនធានមនុស្សដោយសារសហគ្រាសភាគច្រើនអនុវត្តជា
គ្រួសារ។ ទីពីរ
គឺទុនវិនិយោគសម្រាប់កែលម្អស្ថានភាពបច្ចុប្បន្នស្របតាមស្តង់ដារមាន
ដូចជា ការកែលម្អ ការសង់អគារឡើងវិញ ការបាំងបន្ទប់ការដាក់កញ្ចក់
និងដំឡើងសម្ភារមួយចំនួន។ វាតម្រូវឲ្យមានទុនវិនិយោគ
និងជាចុងក្រោយ
គឺកង្វះអ្នកផ្គត់ផ្គង់ជំនាញទៅដល់ក្រុមហ៊ុនដោយសារអ្នកជំនាញមាន
តិចជាងចំនួនសហគ្រាស»។
ដើម្បីនាំផលិតផលម្ហូបអាហារចេញទៅក្រៅស្រុកបានសហគ្រាសឬ
ក្រុមហ៊ុនផលិតត្រូវការវិញ្ញាបនបត្របញ្ជាក់ថា
ទំនិញដែលនាំចេញនោះនឹងមិនបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ
ឡើយ។
Ly Ly Food Industry
គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបីនៅក្នុងឧស្សាហកម្ម
អាហារដែលទទួលវិញ្ញាបនបត្រ HACCP
ដែលទទួលជំនួយបច្ចេកទេសពីមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា (NPCC)
និងអង្គការផលិតភាពអាស៊ី (APO)។ លោកស្រី កែវ មុំ
ជាអគ្គនាយករបស់ក្រុមហ៊ុននេះបានថ្លែងថា ដើម្បីបានវិញ្ញាបនបត្រ
HACCP នេះ គឺវាទាមទារពេលវេលា និងទុនវិនិយោគ។
លោក ចម ប្រសិទ្ធ ថ្លែងថា
សហគ្រិនក្នុងស្រុកធ្វើយ៉ាងណាត្រូវតែត្រៀមខ្លួនដើម្បីឈរជើង
ឲ្យជាប់ក្នុងទីផ្សាររួមរបស់អាស៊ាន។ លោកបានបន្តថា៖
«ក្នុងការប្រកួតប្រជែងសកលមានតែអ្នកខ្លាំងអ្នកពូកែប៉ុណ្ណោះដែល
នឹងរស់»។
នាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យមសរុបចំនួន ៥០៥ ១៣៤៕ PB
Thursday, December 19, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment