Monday, December 23, 2013

ក្រុមហ៊ុន​ទូរស័ព្ទ​ទាំង ៩ គ្រោង​បង្កើត​សមាគម​ប្រតិបត្តិករ​ទូរគមនាគមន៍

0 comments
លោក Thomas Hundt អគ្គនាយក​ក្រុមហ៊ុន Smart​​។ រូបថត ហុង មិនា
ប្រភពពី postkhmer.com : ភ្នំពេញៈ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ម្សិលមិញ​ទទួល​បាន​ពី​និយតករ​ ទូរគមនាគមន៍​កម្ពុជា (TRC) ប្រតិបត្តិករ​សេវា​ទូរស័ព្ទ ៩ របស់​កម្ពុជា​គ្រោង​នឹង​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​ដើម្បី​ពិភាក្សា​អំពី បញ្ហា​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។
សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​សមាគម​ប្រតិបត្តិករ​ទូរគមនាគមន៍​កម្ពុជា ឬ​ហៅ​កាត់​ថា ATC ត្រូវ​បាន​យល់​ព្រម​ជា​គោលការណ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ TRC កាល​ពី​ថ្ងៃ ទី១៣ ខែ ធ្នូ។
សមាគម​ថ្មី​នេះ​ត្រូវ​បាន​ពណ៌នា​ថា​ជា​ការ​ផ្ដល់ «សំឡេង​តែ​មួយ​សម្រាប់​ការ​ពិភាក្សា និង​ដើម្បី​កែលម្អ​ការ​ពិភាក្សា​ជាមួយ TRC។
លោក Thomas Hundt អគ្គ​នាយក​ក្រុមហ៊ុន Smart បាន​ថ្លែង​ថា សម្រាប់ ATC គំនិត​នេះ​ត្រូវ​បាន​ពិភាក្សា​គ្នា​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​វា​មិន​ដែល​ទទួល​បាន​ផ្លែ​ផ្កា​ទេ។
ទោះ​ជា ATC នឹង​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​រវាង​ក្រុមហ៊ុន​គូ​ប្រជែង​លើ​បញ្ហា​ជាច្រើន ​ដូច​ជា​បទប្បញ្ញត្តិ​តម្លៃ ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា និង​ច្បាប់​ទូរគមនាគមន៍​កម្ពុជា​ក្តី ក៏​លោក Hundt ថ្លែង​ថា វា​មិន​អាច​ដោះស្រាយ​រាល់​ជម្លោះ​របស់​ឧស្សាហកម្ម​នេះ​ទេ។
លោក​មាន​ប្រសាសន៍​ថា៖ «មិន​មាន​មធ្យោបាយ​ណា​អាច​បញ្ចេញ​សំឡេង​រួម​ត្រូវ​បាន​ធានា​ដោយ ATC ទេ។ វា​គឺ​មិន​ទំនង​ថា បញ្ហា​ភាគ​ច្រើន​នឹង​ត្រូវ​បាន​យល់​ព្រម​នោះ​ដែរ។ ជា​ចុង​ក្រោយ​យើង​គឺជា​គូ​ប្រកួត​ប្រជែង​ទាំង​អស់​គ្នា»។ លោក​បាន​សង្កត់​ធ្ងន់​ថា ស្ថាប័ន​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើ​ផែន​ការ​នៅ​ឡើយ​ហើយ​មិន​មាន​ការ​ ផ្តួច​ផ្ដើម​កិច្ច​ប្រជុំ ឬ​ការ​កំណត់​ពេល​ត្រូវ​បាន​កំណត់​នោះ​ទេ។
ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដូច​គ្នា​នេះ​ដែរ និយតករ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិករ​ទាំង ៩ បាន​យល់​ព្រម «ធ្វើ​តាម​និង​អនុវត្ត» តាម​បទប្បញ្ញត្តិ​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​ប្រកាស​លេខ ២៣២ ក្នុង​ការ​អនុវត្ត​តាម​តម្លៃ​ទូរស័ព្ទ​ថេរ​ពោល​គឺ​ក្នុង​ប្រព័ន្ធ ៤,៥ សេន​ក្នុង​មួយ​នាទី​និង​ក្រៅ​ប្រព័ន្ធ ៥,៩៥ សេន​ក្នុង​មួយ​នាទី។
កាល​ពី​ថ្ងៃ ទី២៨ ខែ វិច្ឆិកា រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត​ជា​ថ្មី​នូវ​អត្រា​តម្លៃ​អប្បបរមា ពោល​គឺ​ជាង​បី​ឆ្នាំ​បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​ព្រាង​ក្នុង​បំណង «ធានា​ពី​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌»។ ការ​ប្រកាស​បាន​ទទួល​ការ​តបត​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​ ទូរស័ព្ទ និង​ប្រតិបត្តិករ​ទូរគមនាគមន៍​នៅ​ដើម​ខែ​នេះ។
កាល​ពី​ម្សិលមិញ ប្រតិបត្តិករ​ទូរគមនាគមន៍​ពីរ​រួម​ទាំង​ក្រុមហ៊ុន Smart ត្រូវ​បាន​គេ​រក​ឃើញ​ថា​កំពុង​ផ្ដល់​ការ​បន្ថែម​ទឹក​ប្រាក់ ១០០ ភាគរយ​នៅ​ពេល​បញ្ចូល​ប្រាក់​គឺជា ផ្នែក​មួយ​នៃ​ការ​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែល​ហាក់​ដូច​ជា​ផ្ទុយ​ នឹង​ប្រកាស​លេខ ២៣២។
ប៉ុន្តែ​លោក Hundt បាន​និយាយ​ថា ការ​បន្ថែម​ទឹក​ប្រាក់​គឺ​ស្រប​ជាមួយ​នឹង​ច្បាប់​របស់​និយតករ ដែល​អនុញ្ញាត​ឲ្យ​ផ្សព្វ​ផ្សាយ​ក្នុង​អំឡុង​ពេល​ថ្ងៃ​សម្រាក។
លោក​បន្ត​ថា៖ «ប្រកាស​លេខ ២៣២ ចែង​អំពី​ការ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ក្នុង​ឱកាស​ពិសេស។ ការ​ផ្ដល់​ជូន​ការ​បន្ថែម​ទឹក​ប្រាក់​របស់​យើង​គឺ​ស្រប​ជាមួយ​នឹង​ បទប្បញ្ញត្តិ​នេះ»។
លោក ម៉ៅ ចរិយា អគ្គ​នាយក TRC បាន​និយាយ​ថា និយតករ​នឹង​បើក​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​មួយ​នៅ​ថ្ងៃ​ចន្ទ ដើម្បី​ត្រួត​ពិនិត្យ​ពី​ស្ថានការណ៍​របស់​ឧស្សាហកម្ម​នេះ និង​តម្លៃ​អប្បបរមា។
លោក​បាន​ថ្លែង​បន្ត​ថា ការ​ពិភាក្សា​នឹង​មាន​លទ្ធផល​ក្នុង​ការ​ស្វែង​រក «អ្វី​ដែល​យើង​នឹង ផ្លាស់​ប្តូរ​ក្នុង​ការ​ធ្វើ​ឲ្យ​ត្រូវ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​សម្រាប់ ​ការ​ផ្ដល់​ផល​ប្រយោជន៍​ដល់​អតិថិជន»៕ PB

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន