តើឪពុកម្តាយរបស់អ្នក មានដែលស្តីបន្ទោសអ្នកដែរឬទេ? តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលគាត់ស្តីបន្ទោសដូច្នេះ? សារជាតិធម្មជាតិរបស់លោកទាំងពីរគឺតែងតែស្រឡាញ់ បារម្ភ និងចង់ឲ្យកូនៗរបស់គាត់ល្អជានិច្ច។ ថ្ងៃនេះគេហទំព័រ«គំនិត»សូមចែករំលែករឿងមួយ គឺ”មីមួយចានពីអ្នកដ៏ទៃ”។ តើរឿងនេះមានអត្ថន័យយ៉ាងណាដែរ? សូមអញ្ចើញទៅតាមដានទាំងអស់គ្នា!
មានយប់មួយ នីកាបានឈ្លោះប្រកែកជាមួយនឹងម្តាយរបស់នាង។ ដោយសារតែខឹងនឹងម្តាយនាងខ្លាំពេកនាងក៏រត់ចេញពីផ្ទះហើយចេញក្រៅទាំងយប់។ នៅពេលកំពុងដើរនៅតាមផ្លូវ ទើបនាងដឹងខ្លួនថា នាងមិនបានជាប់យកលុយមកជាមួយសម្បីតែមួយរៀល។
រំពេចនោះ នាងក៏បានដើរកាត់ហាងមីមួយនៅតាមដងផ្លូវ។ ដោយសារតែក្លិនដ៏ឆ្ងុយដែលភាយចេញពីហាងមីនោះ ធ្វើឲ្យនាងមានអារម្មណ៍ឃ្លានជាខ្លាំង។ នាងចង់ចូលទៅញ៉ាំខ្លាំងណាស់ ប៉ុន្តែជាអកុសលនាងមិនមានលុយជាប់នឹងខ្លួននាងឡើយ។
ថៅកែហាងមីនោះ បានឃើញសភាពស្ទាក់ស្ទើររបស់នាង ក៏បានបន្លឺសួរទៅកាន់នាងថា៖
-ក្មួយស្រី! តើក្មួយចង់ញ៉ាំមីមែនទេ?
- ប៉ុន្តែ…ខ្ញុំមិនបានជាប់លុយមកជាមួយនោះទេពូ! នាងឆ្លើយទាំងមានការខ្មាសអៀន។
- មិនអីទេ! ពូមិនយកលុយក្មួយទេ! ចូលមកក្នុងមក ពូនឹងទៅចម្អិនមីឲ្យក្មួយញ៉ាំ។
ប៉ុន្មាននាទីក្រោយមកថៅកែហាងក៏យកមីមួយចានដែលទើបនឹងចម្អិនហើយមកឲ្យនាង។ ញ៉ាំបានប៉ុន្មានម៉ាត់ នីកាក៏យំ។
-តើមានរឿងអ្វីហ្នឹង? ហេតុអ្វីទើបក្មួយយំ? ថៅកែហាងបានចោទសួរ
- គ្មានរឿងអីទេពូ។ ខ្ញុំគ្រាន់តែរំជួលចិត្តនូវទង្វើដ៏ល្អរបស់ពូតែប៉ុណ្ណោះ។ នីកានិយាយទាំងអួលដើមក៏ ព្រមជាមួយនឹងកាយវិការជូតទឹកភ្នែក។
- សូម្បីតែមនុស្សដែលមិនដែលស្គាល់គ្នាផងបានឲ្យមីខ្ញុំមួយចាន។ ប៉ុន្តែម្តាយខ្ញុំវិញ គ្រាន់តែទាស់សម្តីនឹងគាត់បន្តិចបន្តួច គាត់បានបណ្តេញខ្ញុំចេញពីផ្ទះ។ គាត់ពិតជាអាក្រក់ណាស់!!!
ថៅកែហាងដកដង្ហើមធំហើយនិយាយថា៖
-ក្មួយស្រី ហេតុអ្វីបានជាក្មួយគិតដូច្នេះ? ក្មួយសាកគិតម្តងទៀតទៅមើល! ពូគ្រាន់តែឲ្យមីក្មួយមួយចានប៉ុណ្ណោះ ធ្វើឲ្យក្មួយមានអារម្មណ៍បែបនេះ។ ម្តាយរបស់ក្មួយវិញបានចិញ្ចឹមបីបាច់ក្មួយតាំងតែពីក្មួយនៅជាទារិកា ហេតុអ្វីបានជាក្មួយមិនដឹងគុណម្តាយ ហើយមិនស្តាប់សម្តីគាត់អញ្ចឹង?
នីកាមានអារម្មណ៍ភ្ញាក់ខ្លួនបន្ទាប់ពីបានឮសម្តីរបស់ម្ចាស់ហាងមី។
“ហេតុអ្វីបានជាខ្ញុំមិនគិតដល់រឿងហ្នឹងដូច្នេះ? មីមួយចានបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាជំពាក់គុណ។ រីឯម្តាយរបស់ខ្ញុំវិញគាត់ខិតខំបីបាច់ចិញ្ចឹមខ្ញុំតាំងពីតូច ខ្ញុំមិនមានអារម្មណ៍បែបនេះសូម្បីតែបន្តិច!”
នៅតាមផ្លូវទៅផ្ទះវិញ នីកាបានសញ្ចឹងគិតថាតើគួរនិយាយអ្វីនៅពេលដែលនាងទៅដល់ផ្ទះវិញ៖ “ម៉ាក់! ឲ្យកូនសុំទោស។ កូនដឹងខុសហើយ លើកលែងទោសឲ្យកូនម្តងទៅ…”
នៅពេលដែលនីកាឈានចូលទៅក្នុងផ្ទះ នាងបានឃើញម្តាយរបស់នាងកំពុងតែមានសភាពភ័យព្រួយ និងបារម្ភពីនាងជាខ្លាំង។ គាត់មើលទៅហាក់អស់កម្លាំងជាខ្លាំងដោយសារតែខិតខំដើររកនីកា។ នៅពេលដែលគាត់បានឃើញនីកាមកវិញ គាត់បាននិយាយដោយសម្តីស្រទន់ថា “នីកា ចូលមកកូនសម្លាញ់។ កូនប្រាកដជាឃ្លានខ្លាំងហើយមែនទេ? ម៉ាក់បានរៀបចំបាយទឹកឲ្យកូនរួចហើយ តោះទៅញ៉ាំទៅកូន ទាន់នៅក្តៅៗ…!”
នីកាទប់អារម្មណ៍មិនបាន នាងក៏យំរួចក៏រត់ទៅឱបម្តាយរបស់នាង។
នៅក្នុងជីវិតប្រចាំថ្ងៃ ពេលខ្លះយើងមានការដឹងគុណ និងរីករាយចំពោះទង្វើបន្តិចបន្តួចរបស់អ្នកនៅជុំវិញខ្លួនយើង។ ប៉ុន្តែសម្រាប់សាច់ញាតិ ជាពិសេសឪពុកម្តាយរបស់យើងវិញ យើងគិតថាការលះបង់របស់ពូកគាត់គឺជាកាតព្វកិច្ចដែលធម្មជាតិតម្រូវឲ្យធ្វើ……
ក្តីស្រឡាញ់របស់ឪពុកម្តាយ និងការព្រួយបារម្ភរបស់ពួកគាត់ចំពោះកូនៗគឺជាវត្ថុដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានដែលយើងរាល់គ្នាមានសំណាងទទួលបានតាំងពីយើងកើតមក។
ឪពុកម្តាយរបស់យើងទាំងអស់គ្នា មិនរំពឹងថាយើងនឹងតបស្នងនូវអ្វីៗដែលគាត់បានធ្វើចំពោះយើងនោះទេ… ប៉ុន្តែតើយើងមានដែលឲ្យតម្លៃ និងដឹងគុណចំពោះការលះបង់ដោយឥតលក្ខខណ្ឌនេះដែរឬទេ? ប្រភពមកពី គំនិត
No comments:
Post a Comment