Saturday, January 26, 2013

ពោត​ខ្មែរ​សង្ឃឹម​គោល​នយោបាយ​ថៃ​

0 comments
130125_11

ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយថៃ ដែលប្រកបមុខរបរ ជាកិសរ​ធ្វើកសិក្មម ជាពិសេសគឺវិស័យនំចូលពោត ដែលនឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយថ្មីរបស់ថៃ លើការនាំចូលពោតសម្រាប់ផលិតចំណីសត្វ។
 យោង​តាម​គេហ​ទំព័រ​បាងកក​ប៉ុស្តិ៍ បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា​ថា​គណៈ​រដ្ឋ​មន្ត្រី​ថៃ​បាន​អនុម័ត​ឲ្យ​នាំ​ចូល​ពោត​គ្មាន​ពន្ធ​គយ​ចំនួន​៤៥ម៉ឺន​តោន​ពី​ប្រទេស​កម្ពុជា​និង​ឡាវ​ក្នុង​នោះ​ថៃ​គ្រោង​នាំ​ចូល​ពី​ប្រទេស​កម្ពុជា ២៥​ម៉ឺន​តោន​។ មន្ត្រី​កសិកម្ម​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ផលិត​ផល​ពោត​កម្ពុជា​អាច​ឡើង​ថ្លៃ​ដោយ​សារ​តែ​គោល​នយោបាយ​នេះ​។ លោក ថោង ស៊ីណា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា​៖​«​វា​នឹង​មាន​ឥទ្ធិពល​មក​លើ​តម្លៃ​ពោត​នៅ​ប្រទេស​របស់​យើង​ប៉ុន្តែ​ធំ​ឬ​ក៏​តូច​វា​អាស្រ័យ​ទៅ​លើ​បរិមាណ​ទិន្នផល​។​ប្រសិន​បើ​ទីផ្សារ​ត្រូវ​ការ​ច្រើន​តម្លៃ​ពោត​និង​ឡើង​ខ្ពស់​»​។ បើ​តាម​កាសែត​បាងកក ប៉ុស្តិ៍ ថៃ នឹង​ចាប់​ផ្តើម​នាំ​ចូល​ពី​កម្ពុជា​ចំនួន​១០​ម៉ឺន​តោន​នៅ​ខែ​សីហា និង​១៥​ម៉ឺន​តោន​នៅ​ចុង​ឆ្នាំ​នេះ​និង​ដើម​ឆ្នាំ​២០១៤​។



រដ្ឋាភិបាល​ថៃ​ជា​ទូទៅ​តែង​តែ​លើក​កម្ពស់​គោល​នយោបាយ​កសិករ​របស់​ខ្លួន​ក្នុង​ការ​រក​ទីផ្សារ​ប៉ុន្តែ​កសិករ​ខ្មែរ​ជា​រឿយៗ​តែង​តែ​ចាំ​ត្រង​ឥទ្ធិពល​ពី​ប្រទេស​ជិត​ខាង​ឬ​ពឹង​លើ​ទីផ្សារ​ក្រៅ​ប្រទេស​។ ថ្មីៗ​នេះ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចេញ​ពី​តំណែង ដោយ​ហេតុ​ផល​ថា​អសមត្ថភាព​ក្នុង​ការ​រក​ទីផ្សារ​ជូន​កសិករ​។ ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា​មិន​នឹង​នរ​និង​មិន​ច្បាស់​លាស់​ហើយ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ឈ្មួញ​។ របាយ​ការណ៍​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង នេសាទ ថា កសិករ​កម្ពុជា​បាន​ដាំ​ដុះ​ពោត​នៅ​លើ​ផ្ទៃ​ដី​១៨៤ ៨៧២ ហិក​តា​នៅ​ក្នុង​ឆ្នាំ​២០១២ ហើយ​ប្រមូល​ផល​បាន​៧៧០ ៨៦០​តោន​។ របាយ​ការណ៍​បញ្ជាក់​ថា​ខេត្ត​ដែល​មាន​ដាំ​ពោត​ច្រើន​មាន​ខេត្ត​បាត់​ដំបង ព្រះវិហារ កណ្តាល កំពង់​ចាម ប៉ៃ​លិន បន្ទាយ​មាន​ជ័យ និង​ពោធិ៍សាត់​។ ចរន្ត​នៃ​ការ​ដាំ​ពោត​បាន​ធ្លាក់​ចុះ​ខណៈ​ទីផ្សារ​ដំឡូង​មី​បាន​ហក់​ឡើង​តែ​មួយ​ឆាវ​នោះ​។ លោក ថោង ស៊ីណា និយាយ​ថា កសិករ​បាន​ងាក​ទៅ​ដាំ​ដំឡូងមី​កាន់​តែ​ច្រើន​ដោយ​សារ​វា​ងាយ​ស្រួល​ដាំ ខណៈ​ពោត​ជា​ប្រភេទ​ដំណាំ​ត្រូវ​ការ​ទុន​ច្រើន​។​លោក​បន្ត​ថា​៖ «​ពោត​ត្រូវ​ចំណាយ​បី​ដង​លើស​ដាំ​ដំឡូង។ ប្រសិន​ខ្ញុំ​ព្យាករ​ទៅ​ពេល​នេះ​ទិន្នផល​ពោត​ធ្លាក់​ចុះ​ដូច​នេះ​តម្លៃ​នឹង​កើន​ទៅ​ក្នុង​ថ្ងៃ​អនាគត​»។ លោក សុខ សាធីម អនុ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន បាន​និយាយ​ថា​បច្ចុប្បន្ន​តម្លៃ​ស្ថិត​នៅ​ចន្លោះ​៨០០​ទៅ​៩០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​ដែល​តម្លៃ​មិន​មាន​ការ​ប្រែប្រួល​នៅ​ឡើយ​ទេ​។ ការ​ដាំ​ពោត​របស់​កសិករ​នៅ​ខេត្ត​ប៉ៃលិន​បាន​ធ្លាក់​មក​នៅ​ត្រឹម​៣០​ភាគ​រយ​នៃ​ចំនួន​សរុប​ខណៈ​កសិករ​ដាំ​ដំឡូងមី​មាន​រហូត​ដល់​៧០​ភាគ​រយ​ក្នុង​ឆ្នាំ​២០១២​។ រីឯ​ឆ្នាំ​២០១១​កសិករ​ដាំ​ដុះ​ពោត​មាន​៤០​ភាគ​រយ​។ កសិករ មាស លឿន ដែល​ប្រកប​របរ​ដាំ​ពោត និង ដំឡូង​មី​លើ​ផ្ទៃ​ដី​៥០​ហិកតា​នៅ​ខេត្ត​ប៉ៃលិន​និយាយ​ថា​គោល​នយោបាយ​ថៃ​នេះ​មិន​មាន​អ្វី​ថ្មី​សម្រាប់​កសិករ​កម្ពុជា​នៅ​តាម​ជាយ​ដែន​ទេ​ព្រោះ​ពួក​គេ​តែង​តែ​បង្ក​បញ្ហា​ពេល​កសិករ​ខ្មែរ​ប្រមូល​ផល​ដូច​ជា​ហាម​ឃាត់​ក្នុង​ការ​នាំ​ចូល​ទៅ​ប្រទេស​គេ​ជា​ដើម​។ លោក​បាន​បន្ត​ថា៖​«គេ​តែង​តែ​ចេញ​គោល​នយោបាយ​ថ្មី​ប៉ុន្តែ​កសិករ​តែង​តែ​ប្រឈម​ការ​លំបាក​រហូត​»​៕ ប្រភពមកពី ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន