សមត្ថកិច្ចចម្រុះ ចាប់បានជនសង្ស័ យប្លន់លុយធនាគារអេស៊ីលីដា (ACLEDA) សាខាក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៦នាក់ ក្រោយពេលពួកគេ បានសម្រុករត់ចេញ ពីអគារធនាគារចូលទៅលាក់ខ្លួន ក្នុងចំការកៅស៊ូ កាលពីយប់ថ្ងៃទី២៣ មករា។
មានចំណុចសង្ស័យជាច្រើនទៀត ដែលតម្រូវឲ្យ អាជ្ញាធរខេត្តកំពង់ចាម បើកការស៊ើបអង្កេតជុំវិញ ករណីប្លន់ធនាគារអេស៊ីលីដា នៅផ្សារបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
នៅបន្ទាប់ពីកម្លាំងចម្រុះចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ ក្នុងនោះ ៥នាក់ជាបុគ្គលិកធនាគារអេស៊ីលីដា ទី១ ឈ្មោះ ស៊ិន គឹមថាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជាប្រធានបេឡា និងជាមេខ្លោងក្នុងរឿងប្លន់នេះ។ ទី២ ឈ្មោះ ស៊យ ឌីណា អាយុ ២០ឆ្នាំ ជាប្រធានស្ដីទីនៃបេឡា ទី៣ ឈ្មោះ អាន ម៉ាត់លី អាយុ ២៤ឆ្នាំ ជាបុគ្គលិកធនគារ ជាអ្នករត់រួចដោយយកលុយ ៥៧លានរៀល។ ទី៤ ឈ្មោះ ទីន គុយហេង និងទី៥ ឈ្មោះ រឿន សុជាតិ អាយុ ២៩ឆ្នាំ ជាបុគ្គលិកធនាគារអេស៊ីលីដា។ ទី៦ ឈ្មោះ ស៊ឹម តុលា ហៅជែម អាយុ ២៨ឆ្នាំ ទៅពីភ្នំពេញ ជាអ្នកយកកាំភ្លើងម៉ាកកា៥៤ ដើម្បីរៀបគម្រោងប្លន់យកលុយក្នុងធនាគារ។
ឆ្លើយនឹងសំណួរអ្នកកាសែត ស្នងការរងនគរបាល ខេត្តកំពង់ចាម ទទួលបន្ទុកកណ្ដាលយុត្តិធម៌ លោក ជឹម សេងហុង នៅថ្ងៃទី២៤ មករា មានប្រសាសន៍ថា បុគ្គលិកធនាគារអេស៊ីលីដា ៥នាក់ និងបក្សពួកម្នាក់ជាក្រុមជនសង្ស័យប្លន់ ដែលមានគម្រោងរួចស្រេចជា មុន ប៉ុន្តែមានបញ្ហាកើតឡើងខ្លះដែលសមត្ថកិច្ចមិន ទាន់អធិប្បាយបាន។
លោកបន្តថា ចំណុចដែលគួរឲ្យសង្ស័យបន្តទៀតនោះ នៅត្រង់ថា ក្រុមចោរសហការគ្នាទាំងអស់ តាំងពីយប់ថ្ងៃទី២២ ខែមករា ប៉ុន្តែពួកគេពន្យារពេលរហូតដល់ថ្ងៃទី២៣ ទើបនាំឲ្យផ្អើលដល់សមត្ថកិច្ចតែម្ដង។
លោក ជឹម សេងហុង បញ្ជាក់ថា មនុស្សមួយចំនួនទៀតនឹងអាចត្រូវសាកសួរជាបន្តទៀត ដើម្បីរកប្រភពដើមនៃម្ចាស់កាំភ្លើងមួយដើម និងស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់មួយចំនួនទៀត៖ «អាហ្នឹងជា ជំនាញរបស់ពួកយើងខ្ញុំដែលត្រូវតែធ្វើ ព្រោះឥឡូវហ្នឹង គឺយើងបិទទាំងអស់ មិនឲ្យមានការចេញចូលទេ ទាល់តែសមត្ថកិច្ចខ្ញុំទៅពិនិត្យទាំងអស់គ្នា អ៊ីចឹងបានខ្ញុំប្រាប់ថា វានៅច្រើន ហើយសមត្ថកិច្ចនឹងធ្វើបន្តទៀត»។
លោក ជឹម សេងហុង បន្តថា សមត្ថកិច្ចនឹងនាំខ្លួនប្រពន្ធរបស់ប្រធានបេឡាធនាគារ និងស្វែងរកចាប់ខ្លួនប្អូនប្រុសជនសង្ស័យម្នាក់ ដែលកំពុងតែរត់គេចខ្លួន និងមានប្រាក់ក្នុងដៃរាប់ម៉ឺនដុល្លារ។
ទាក់ទិនទៅនឹងបញ្ហានេះ ប្រធាន និងអគ្គនាយកធនាគារអេស៊ីលីដា លោក អ៊ិន ចន្នី បំភ្លឺថា ធនាគារបញ្ឈប់បុគ្គលិកទាំងប្រាំនាក់ រួចបន្តនីតិវិធីប្ដឹងទៅតុលាការពីបទចាប់ជំរិត ប្លន់ និងរំលោភសេចក្ដីទុកចិត្ត។លោកបន្តថា រឿងរ៉ាវប្លន់ធនាគារដោយបុគ្គលិកខ្លួនឯងនេះ តិច ឬច្រើន នឹងអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័នហិរញ្ញវត្ថុមួយនេះ ប៉ុន្តែធនាគារនឹងលើកយុទ្ធសាស្ត្របន្ត ដើម្បីកសាងកេរ្តិ៍ឈ្មោះឡើងវិញ។
លោក អ៊ិន ចន្នី៖ «កេរ្តិ៍ឈ្មោះហ្នឹងយើងខំកសាងអស់រយៈពេលជាង ២០ឆ្នាំហើយ យើងក៏មិនអប់រំឲ្យមនុស្សធ្វើខុសដែរ។ នៅក្នុងប្រព័ន្ធ កាលណាដើរមិនស្រួលយើងកែ ចំពោះមនុស្សដើរមិនត្រឹមត្រូវយើងក៏កែដែរ ដោយបង្កើនឲ្យមានការធ្វើអធិការកិច្ចការត្រួតពិនិត្យឲ្យបានច្រើន ជាងមុន។ យើងបញ្ចប់ដំណាក់កាលកិច្ចសន្យាភ្លាម ទី២ គឺប្ដឹងគាត់ទៅតុលាការ»។
ទោះយ៉ាងណាក្ដី គេមិនទាន់បញ្ជាក់ពីតួលេខទេថា ទំហំទឹកប្រាក់ដែលបាត់បង់ទាំងអស់មានចំនួនប៉ុន្មាននោះទេ។ ចំណែកឯទឹកប្រាក់ដែលជាប់នឹងខ្លួនជនសង្ស័យ ក៏មានការអះអាងខុសគ្នាដែរ ដោយនៅក្នុងសន្និសីទកាសែត ស្នងការរងនគរបាល ជឹម សេងហុង បញ្ជាក់ថា រឹបអូសប្រាក់ពីក្រុមជនសង្ស័យបានតែ ៥៧លានរៀល។ ប៉ុន្តែស្នងការនគរបាល លោក ឆេង គឹមស៊ុន ប្រាប់ថា មានប្រាក់ដុល្លារមួយចំនួនទៀតបន្ថែមពីលើចំនួនលុយខ្មែរដែលរឹប អូសបានពីជនសង្ស័យ។
ការបង្ក្រាបក្រុមសង្ស័យប្លន់នេះ មិនបានបង្កឲ្យមានជនណាម្នាក់រងរបួសដោយគ្រាប់កាំភ្លើងពីសំណាក់ សមត្ថកិច្ចទេ ដោយក្រុមមន្ត្រីនាយកដ្ឋានបង្ក្រាបភេរវកម្មប្រាប់ថា ពួកគេចង់ឲ្យចំណាប់ខ្មាំងមានសុវត្ថិភាព ប៉ុន្តែក្រោយមកអ្នកទាំងនោះ ត្រូវគេសង្ស័យថា គឺជាជនល្មើសរួមដៃគ្នារៀបគម្រោងប្លន់ទាំងអស់គ្នា។ ចំណែកឯជនសង្ស័យម្នាក់ក្នុងចំណោម ៦នាក់ ត្រូវរងរបួសហើមមុខ ដោយមិនមាននរណាបញ្ជាក់ពីមូលហេតុនោះទេ រាប់ទាំងជនសង្ស័យផង៕ ដោយៈ វណ្ណ វិចារ - RFA
No comments:
Post a Comment