Sunday, January 27, 2013

ជន​ពិការ​ពីរ​នាក់​ពូ និង​ក្មួយ​បង្កើត​ឧបករណ៍​ចម្លែក​ដើម្បី​ចិញ្ចឹម​ឆ្នាំង​

0 comments

130125_22a

មណ្ឌលគិរីៈ អង្គុយ​លើ​ដុំ​ថ្ម​នៅ​ប្រប​នឹង​ផ្លូវ​ចុះ​ទៅ​កាន់​រមណីយ​ដ្ឋាន​ទឹក​ជ្រោះ ប៊ូស្រា បុរស​ពិការ​ភ្នែក​ជន​ជាតិ​ភាគ​តិច​ព្នង​ពីរ​នាក់​ពូ និង​ក្មួយ​ដែល​អាស្រ័យ​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ប្រគំ​បទ​ភ្លេង ច្រៀង និង​រាំ តាម​បែប​ចង្វាក់​ជន​ជាតិ​របស់​គេ​ដើម្បី​ដូរ​នូវ​ការ​អាណិត​អាសូរ​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​គ្រាន់​បាន​លុយ​កាក់​ខ្លះ​យក​ទៅ​ទិញ​អង្ករ​បាយ​ម្ហូប​ចិញ្ចឹម​គ្រួសារ​នៅ​ផ្ទះ​នោះ​មាន​សមត្ថភាព​កែ​ច្នៃ​ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​យ៉ាង​ចម្លែក​។
បុរស​ពិការ​ភ្នែក​ជា​ក្មួយ​មាន​ឈ្មោះ ច្រាប់ ឆយ អាយុ​៤៦​ឆ្នាំ​មាន​ប្រពន្ធ​និង​មាន​កូន​ចំនួន​៥​នាក់ ចំណែក​ឯ​បុរស​ត្រូវ​ជា​ពូ​មាន​ឈ្មោះ ងែល ចែស ទើប​តែ​មាន​អាយុ​៣៥​ឆ្នាំ​ទេ​រស់​នៅ​ជាមួយ​បង​ប្រុស​ពួក​គាត់​ដែល​ទាំង​នាក់​សុទ្ធ​តែ​កំព្រា​ឪពុក​តាំង​តូចៗ​ដូច​គ្នា​។
ជាមួយ​ទឹក​មុខ​ស្រពាប់​ស្រពោន​ដៃ​កេះ​ឧបករណ៍​ភ្លេង​លោក ច្រាប់ ឆយ​ជា​ក្មួយ​បាន​បន្លឺ​សម្តី​មួយៗ​ថា៖​«មិន​ដឹង​ជា​បុណ្យ​កម្ម ពី​បុព្វេ​យ៉ាង​ណា​ទេ? បាន​ជា​ជាតិ​នេះ​ពួក​ខ្ញុំ​ពីរ​នាក់​ពូ និង​ក្មួយ​បាន​ជា​កើត​មក​ទទួល​


វាសនា​អភ័ព្វ​យ៉ាង​នេះ​នោះ​។​២៤​ម៉ោង ទល់​២៤​ម៉ោង​ពួក​ខ្ញុំ​រស់​នៅ​តែ​ក្នុង​ភព​ងងឹត​មិន​ដែល​ស្គាល់​ភព​មាន​ពន្លឺ​ជាមួយ​ដំណើរ​ទទីម​ទទើម​រាវ​ឆ្វេង​រាវ​ស្តាំ​និង​ជីវភាព​រស់​នៅ​បាន​ព្រឹក​ខ្វះ​ល្ងាច​»។
លោក​បន្ត​ថា​៖​«ជីវិត​ពួក​ខ្ញុំ​ពីរ​នាក់​ពូ​ក្មួយ​រួម​ជាមួយ​គ្រួសារ​នៅ​ផ្ទះ​សព្វ​ថ្ងៃ​រស់​អាស្រ័យ​ដោយ​របរ​លេង​ភ្លេង​ច្រៀង​រាំ របស់​ពួក​ខ្ញុំ​ពីរ​នាក់​នេះ​ដើម្បី​កំដរ​អារម្មណ៍​ភ្ញៀវ​ទេសចរ ជាតិ​និង​អន្តរជាតិ ដែល​បាន​មក​ទស្សនា​នៅ​រមណីយ​ដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា​នេះ​ដែល​ភ្ញៀវ​ឃើញ​អាណិត​ដាក់​ទាន​ម្នាក់​១០០-២០០-៥០០រៀល តែ​ប៉ុណ្នឹង​ទេ​មិន​មាន​អ្វី​ជាទី​ពឹង​ក្រៅ​ពី​នេះ​ឡើយ​»។
លោក ច្រាប់ ឆយ ឲ្យ​ដឹង​បន្ត​ថា៖ «​ថ្ងៃ​ណា​មាន​ភ្ញៀ​វ​ចិត្ត​ល្អ​ច្រើន​ពួក​ខ្ញុំ​ពីរ​នាក់​ពូ​ក្មួយ​ក៏​រក​លុយ​បាន​ច្រើន អាច​ថា១​ម៉ឺន​ទៅ​២ម៉ឺន​អ៊ីចឹង​ទៅ តែ​ថ្ងៃ​ណា​មិន​សូវ​មាន​ភ្ញៀវ​ចិត្ត​ល្អ​បាន​តែ​៥០០០រៀល​ទៅ​៦០០០​រៀល​ក៏​មាន​ដែរ​»។
ប៉ុន្តែ​ដំណើរ​ស្វែង​មក​រក​លុយ​តាម​រយៈ​ការ​លេង​ភ្លេង ច្រៀង​រាំ​នៅ​រមណីយ​ដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា​នោះ​មិន​បាន​ទៀង​ទាត់​រាល់​ថ្ងៃ​ឡើយ ។ លោក ច្រាប់ ឆយ បាន​បញ្ជាក់​ថា ថ្ងៃ​ណា​មាន​ឧបសគ្គ​ភ្លៀវ​ធ្លាក់​ឬក៏​មិន​សូវ​ស្រួល​ខ្លួន​ពួក​លោក​មិន​បាន​មក​លេង​តន្រ្តី​នៅ​ទី​រមណីយ​ដ្ឋាន​ប៊ូស្រា​នេះ​គ្រួសារ​របស់​លោក​ពិត​ជា​មាន​បញ្ហា​មិន​ខាន មិន​មាន​លុយ​កាក់​ណា​ឲ្យ​ប្រពន្ធ​កូន​ហូប​បាយ​ទេ​។
ដោយ​ក្តី​ងងឹត​ស្លុង​លោក ច្រាប់ ឆយ បាន​និយាយ​ថា៖ «ព្រឹក​ឡើង​មុន​មក​ដល់​ទី​ឆាក​សម្តែង​សិល្បៈ​ប្រគំ​បទ​ភ្លេង​ច្រៀង​រាំ​នៅ​ទី​រមណីយ​ដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា​ដើម្បី​សុំ​ការ​អាណិត​អាសូរ​ពី​ភ្ញៀវ​នេះ​ពួក​ខ្ញុំ​ពី​នាក់​ពូ​ក្មួយ​ត្រូវ​ដឹក​ដៃ​គ្នា​ដើរ​កាត់​ព្រៃ​ពី​ភូមិ​មក​ចម្ងាយ​៣​គីឡូម៉ែត្រ ក្នុង​រយៈ​ពេល​ជិត​មួយ​ម៉ោង​ទើប​បាន​មក​ដល់។ លុះ​ពេល​ល្ងាច​ពួក​ខ្ញុំ​ក៏​ត្រូវ​ដឹក​ដៃ​គ្នា​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​»។ លោក ឆយ ឲ្យ​ដឹង​ថា៖ «មាន​ថ្ងៃ​ខ្លះ​ខ្ញុំ និង​ពូ ដើរៗ​វង្វេង​ផ្លូវ​មួយ​ម៉ោង​ពីរ​ម៉ោង​ក៏​មាន​ដែរ ទាន់​តែ​អ្នក​ភូមិ​ឃើញ​ទើប​ជូន​ទៅ​ដល់​កន្លែង​»។
ថ្លែង​ពី​ភាព​លំបាក​វេទនា​យ៉ាង​ដូច​នេះ​បុរស​ពិការ​ភ្នែក​វ័យ​៤៦​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា ពួក​លោក​ទាំង​ពីរ​នាក់​លេង​សិល្បៈ​នៅ​ប៊ូស្រា​នោះ​អស់​រយៈ​ពេល​ជិត​១០ឆ្នាំ​ជាមួយ​នឹង​ឧបករណ៍​ភ្លេង​កែ​ច្នៃ​យ៉ាង​ចម្លែក​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា «គង​រេង» ហើយ​បើ​កុំ​បាន​គង​រេង​នេះ​ពួក​លោក​មិន​ដឹង​ដាច់​បាយ​តាំង​ពី​ពេល​ណា​នោះ​ទេ។
បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ឆយ នោះ​ថា​ក្នុង​ចំណោម​ពីរ​នាក់​ពូ​ក្មួយ​នេះ លោក​ជា​អ្នក​មាន​សំណាង​ជាង​ពូ​ដែល​កើត​មក​បាន​ស្គាល់​ពន្លឺ​ថ្ងៃ​រយៈ​ជិត​២០​ឆ្នាំ​ដែរ​ទើប​ជួប​ភាព​ងងឹត​សូន្យ​នេះ​ហើយ​ក៏​មាន​គ្រួសារ មាន​កូន​គ្រាន់​ដឹក​ដៃ​។ តែ​ចំណែក ពូ ងែល ចែស វិញ​មាន​កំណើត​ថ្ងៃ​ណា​ស្គាល់​តែ​ភព​ងងឹត​ថ្ងៃ​នោះ ។
បុរស​ពិការ​ភ្នែក​ដែល​ជា​ក្មួយ​បាន​រៀប​រាប់​បន្ត​ថា៖​«​ខ្ញុំ​ទើប​តែ​ពិការ​ភ្នែក​នៅ​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​គឺ​នៅ​ឆ្នាំ​១៩៩៦​ដោយ​ជំងឺ​កញ្ជ្រឹល​ខណៈ​ខ្ញុំ​បាន​រៀបការ​ប្រពន្ធ​មាន​កូន​មួយ​ទៅ​ហើយ ហើយ​មក​ដល់​ពេល​នេះ​ខ្ញុំ​មាន​កូន​ចំនួន​៥នាក់​។ ចំណែក​ឯ ពូ​គាត់​ងងឹត​តាំង​ពី​កំណើត​ពោល​គឺ​៣៥​ឆ្នាំ​មក​នេះ​គាត់​មិន​ដែល​បាន​បើក​ភ្នែក​មើល​ឃើញ​អ្វី​នៅ​លើក​លោក​នេះ​ទេ​បាន​ស្គាល់​ត្រឹម​តែ​ស្ទាប​អង្អែល​»។
ប៉ុន្តែ ទី​បញ្ចប់​ដំណើរ​ជីវិត​របស់​ពួក​លោក​ទាំង​ពីរ​អភ័ព្វ​ដូច​តែ​គ្នា​ទេ​មិន​ត្រឹម​តែ​មាន​ឈ្មោះ ជា​បុរស​ពិការ​ភ្នែក​ទាំង​ពីរ​នាក់​ពូ​ក្មួយ​នោះ​ទេ​ហើយ​សុទ្ធ​សឹង​តែ​ជា​កូន​កំព្រា​ឪពុក​ម្តាយ​តាំង​ពី​នៅ​តូចៗ​ដូច​គ្នា​ទៀត​។
ទាក់​ទិន​នឹង​ការ​ចេះ​ជំនាញ​លេង​ភ្លេង​និង​ចេះ​លេង​ឧបករណ៍​កែ​ច្នៃ​«គងរេង» នេះ លោក​ច្រាប់ ឆយ បាន​អះអាង​ថា លោក​ចេះ​ពី​ពូ​របស់​លោក ងែល ចែស ក្រោយ​ពេល​ដែល​លោក​ពិការ​ភ្នែក​មិន​អាច​ទៅ​រៀន​ជំនាញ​អ្វី​នោះ ពូ​ក៏​បង្រៀន​ឲ្យ​ចេះ​ច្រៀង​និង​លេង​ឧបករណ៍​ភ្លេង គង​រេង ជាមួយ​គាត់ ហើយ​ក៏​ចាប់​របរ​ទៅ​លេង​ភ្លេង​នៅ​ទឹក​ជ្រោះ​ប៊ូស្រា តាំង​ពី​ពេល​នោះ​មក។
លោក ឆយ បាន​បន្ត​ថា ពូ​របស់​លោក ឈ្មោះ ចែស នេះ​គាត់​ចេះ​លេង​ឧបករណ៍ គងរេង​តាំង​ពី​គាត់​នៅ​ក្មេងៗ​ខណៈ​គាត់​កែ​ច្នៃ​ឧបករណ៍​ដោយ​ខ្លួន​ឯង​និង​បង្កើត​បទ​ភ្លេង​គងរេង​ក៏​ដោយ​ការ​រក​នឹក​ដោយ​ខ្លួន​ឯង​ដែរ​។
លោក ឆយ បាន​បញ្ជាក់​ថា៖​«បទ​ភ្លេង គង​រេង ជា​ភាសា​របស់​ជន​ជាតិ​របស់​ខ្ញុំ​និយាយ​រៀប​រាប់​ពី​ជីវិត​ក្មេង​កំព្រា​គ្មាន​ឪពុក​ម្តាយ​រស់​ស៊ី​អត់​ស៊ី​ឃ្លាន​ដេក​តាម​ព្រៃ​ភ្នំ​ហើយ​ក៏​រៀប​រាប់​ស្តែង​ចេញ​ពី​ជីវិត​កូន​កំព្រា​របស់​ពួក​ខ្ញុំ​ដែរ​»៕ ប្រភពពី ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន