ភ្នំពេញៈ តំណាងមកពីក្រុមហ៊ុនធំៗមួយចំនួនរបស់ជប៉ុន បាននិងកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។
បណ្តាក្រុមហ៊ុនដែលដឹកនាំដោយលោក Hidetoshi Nishimura នាយកប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)កំពុងវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាទំនើប អាជីវកម្មបរិស្ថាន ត្បូង និងគ្រឿងអលង្ការ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម។
ថ្លែងក្នុងកិច្ចប្រជុំជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃអង្គារនៅវិមានសន្តិភាព លោក Hidetoshi Nishimura បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា ក្នុងគោលបំណងសិក្សាអំពីវិស័យដែលមានសក្តានុពលនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។ លោកថ្លែងថា ក្រុមហ៊ុនទាំងនោះ ដឹងថា កម្ពុជាមានស្ថិរភាពនយោបាយនិងសន្តិសុខព្រមទាំងបរិយាកាសអាជីវកម្មប្រកបដោយភាពអំណោយផល។
លោក ហ៊ុន សែន បានឲ្យដឹងថា ប្រទេសកម្ពុជាមានស្ថិរភាពនយោបាយពេញលេញនិងម៉ាក្រូសេដ្ឋកិច្ចព្រមទាំងមានច្បាប់និងបទប្បញ្ញត្តិអនុគ្រោះដល់វិនិយោគិនផងដែរ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមានសក្តានុពលខ្លាំងសម្រាប់វិនិយោគិនក្នុងវិស័យឧស្សាហកម្មវិស័យកសិកម្ម ទេសចរណ៍ រ៉ែ ប្រេង និងឧស្ម័ន ថាមពល ការដឹកជញ្ជូន និងទូរគមនាគមន៍។
កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនរបស់ជប៉ុនជាច្រើន បានមកបណ្តាក់ទុននៅកម្ពុជា ភាគច្រើនក្នុងវិស័យឧស្សាហកម្ម។
លោកPeter Brimble អនុប្រធានប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីពេលថ្មីៗនេះថាលំហូរវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ជួយធ្វើពិពិធកម្មការនាំចេញរបស់កម្ពុជា។
លោកបានលើកឡើងថា៖ «កាលពីឆ្នាំមុន យើងសង្កេតឃើញមានការធ្វើពិពិធកម្ម ហើយយើងក៏ឃើញមានក្រុមហ៊ុនជប៉ុនជាច្រើន កំពុងចូលមកកម្ពុជាផងដែរ។ ខ្ញុំចង់មានន័យថា ក្រុមហ៊ុនទាំងនោះ កំពុងបោះជំហានមកកាន់ទីនេះ ដោយពួកគេ សាងសង់រោងចក្ររួចរាល់ហើយ ហើយចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួន បន្ទាប់មក សាងសង់រោងចក្រមួយទៀតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅកោះកុង និងតំបន់ផ្សេងៗទៀត។ ខ្ញុំគិតថា ការណ៍នេះនឹងជះឥទ្ធិពលខ្លាំងទៅលើការនាំចេញ និងសេដ្ឋកិច្ចនៅឆ្នាំ២០១៣»។
កាលពីខែធ្នូ ឆ្នាំមុន សាជីវកម្មYazaki Corporation ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តនៅតូក្យូ បានបណ្តាក់ទុន២០លានដុល្លារអាមេរិក លើការសាងសង់រោងចក្រផលិតគ្រឿងបន្លាស់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង។
កាលពីខែកញ្ញាឆ្នាំមុន ក្រុមហ៊ុនAEONបានបណ្តាក់ទុន២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្សារទំនើបកម្ពស់៤ជាន់នៅភ្នំពេញ។ កាលពីចុងឆ្នាំ២០១១ក្រុមហ៊ុន Minebea បានបណ្តាក់ទុនចំនួន ៦០លានដុល្លារអាមេរិក លើការសាងសង់រោងចក្រឧស្សាហកម្មផលិតម៉ូទ័រធុនតូច និងមធ្យម៕ប្រភពមកពី ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment