ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទាន ២៣០ ដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍលើគម្រោងចំនួន៦។
កិច្ចព្រមព្រៀងផ្តល់កម្ចីនេះត្រូវបានចុះហត្ថលេខារវាងលោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Eric Sidgwick នាយកប្រចាំប្រទេសរបស់ ADB នៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ថវិកា២៣០លានដុល្លារនេះ រួមមានកម្ចីសម្បទាន ២១៨,៤៦លានដុល្លារ និងជំនួយឥតសំណង ១១,៧លានដុល្លារ។ គម្រោងអភិវឌ្ឍន៍ទាំង៦នោះរួមមានការលើកកម្ពស់កម្មវិធីធ្វើពិពិធកម្មសេដ្ឋកិច្ច កម្មវិធីកំណែទម្រង់មជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ អភិវឌ្ឍវិស័យអប់រំជំហានទីបី គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងភាពរាំងស្ងួតនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ គម្រោងពង្រីកបណ្តាញអគ្គិសនីតង់ស្យុងមធ្យមនិងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចច្រករបៀងខាងត្បូង។
ពិធីចុះហត្ថលេខានៅថ្ងៃនេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីភាពជាដៃគូល្អរវាងរដ្ឋាភិបាល និង ADB។
លោក គាត ឈន់ លើកឡើងថា៖ «ការគាំទ្រហិរញ្ញវត្ថុដល់គម្រោងខាងលើ គឺជាការឆ្លើយតបបានទាន់ពេលវេលាដល់តម្រូវការអភិវឌ្ឍក្នុងបរិបទពិភពលោក ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍយូរអង្វែង»។
លោក Eric Sidgwick នាយកប្រចាំប្រទេសរបស់ ADB នៅកម្ពុជា បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំជាបន្តបន្ទាប់របស់ ADB ក្នុងការសម្រេចបានកំណើនជារួមតាមរយៈការពង្រឹងនិងការអន្តរាគមន៍ជាច្រើន។ លោកបន្តថា៖ «គម្រោងផ្តួចផ្តើមទាំងនេះនឹងលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយជួយរដ្ឋាភិបាលអនុវត្តកំណែទម្រង់គោលនយោបាយ និងថ្លឹងថ្លែងដើម្បីពង្រីកពាណិជ្ជកម្ម និងវិនិយោគជួយផ្លាស់ប្តូរកម្ពុជាឲ្យទៅជាសេដ្ឋកិច្ចបើកទូលាយ និងផ្អែកលើទីផ្សារ»។
លោក គាត ឈន់ ឲ្យដឹងថា មកទល់នឹងពេលនេះ កម្ចី និងជំនួយឥតសំណងរបស់ ADB ដែលបានផ្តល់មកដល់កម្ពុជាកើនដល់ ១ ៨៤៩លានដុល្លារក្នុងនោះ ADB បានផ្តល់ហិរញ្ញប្បទានចំនួន១ ៤៩៨លានដុល្លារសម្រាប់គម្រោង ៦៣គម្រោង និង ៣៥១លានដុល្លារអាមេរិក៕ ប្រភពមកពីភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment