Wednesday, January 30, 2013

អ្នក​លក់​កាត​កោស​អឹមហ្វូន​កំពុង​តែ​បារម្ភ

0 comments

130129_13a

ភ្នំពេញៈ អ្នក​លក់​កាត​កោស​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​អឹម​ហ្វូន​កំពុង​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​ខាត​បង់​ខណៈ​ក្រុមហ៊ុន​នេះ​បាន​ផ្ទេរ​ស៊ីម​កាត​របស់​ខ្លួន​ទៅ​ក្នុង​ប្រព័ន្ធ​ក្រុមហ៊ុន​សែល​កាត របស់​ម៉ូប៊ីតែល។
អតិថិជន​លក់​រាយ​និង​លក់​ដុំ​ជា​ច្រើន​សុទ្ធ​តែ​មាន​ក្តី​កង្វល់​ចំពោះ​ការ​ខាត​បង់​ទឹក​ប្រាក់​ដែល​បាន​ទិញ​កាត​ទូរស័ព្ទ​យក​មក​លក់​ខណៈ​អតិថិជន​របស់​អឹម​ហ្វូន​ទាំងអស់​ត្រូវ​ប្តូរ​ទៅ​ប្រើ​ប្រព័ន្ធ​សែល​កាត​វិញ​។
លោក​ស្រី​សរ សុគន្ធា អ្នក​លក់​រាយ​កាត​ទូរស័ព្ទ​គ្រប់​ប្រភេទ​ជិត​២​ឆ្នាំ​នៅ​ខាង​ជើង​ផ្សារ​បឹង​កេង​កង​បាន​ឲ្យ​ដឹង​ថា​អ្នក​ស្រី​នៅ​សល់​កាត​កោស​អឹម​ហ្វូន​ចំនួន​៧០​ដុល្លារ​ដែល​លក់​មិន​ចេញ​។
អ្នក​ស្រី​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​បើ​គេ​មិន​មាន​ដំណោះ​ស្រាយ​ឲ្យ​គឺ​វា​អយុត្តិធម៌​ណាស់​។​ខ្ញុំ​យល់​ថា​បើ​មាន​ដំណោះ​



ស្រាយ​ដោះ​ដូរ​កាត​គឺ​ល្អ​។​ខ្ញុំ​ស្តាយ​លុយ​តែ​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​»។
អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ធ្លាប់​បាន​ទាក់​ទង​ទៅ​ក្រុមហ៊ុន​អឹម​ហ្វូន​ដោយ​ផ្ទាល់​ដែរ​ថ្មីៗ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ផ្តល់​ដំណោះ​ស្រាយ​ថា​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​នោះ​ទេ​។ អ្នក​ស្រី​បន្ត​ថា ប្រាក់​៧០​ដុល្លារ​ជា​ចំនួន​ច្រើន​សម្រាប់​រូប​គាត់​ជា​អ្នក​លក់​រាយ​ហើយ​ថា​នេះ​វា​ជា​អំពើ​អយុត្តិធម៌​មួយ​ដែល​មិន​គួរ​កើត​ឡើង​សម្រាប់​អតិថិជន​នោះ​ទេ​។
បច្ចុប្បន្ន​ក្រុមហ៊ុន​អឹម​ហ្វូន​បាន​ផ្ទេរ​អតិថិជន​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ម៉ូប៊ីតែល​ដោយ​សារ​តែ​ក្រុមហ៊ុន​កំពុង​ជួប​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​និង​បណ្តឹង​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ជំពាក់​បំណុល​។
ម្ចាស់​ហាង​លក់​ទូរស័ព្ទ យីហោ លីណា ស្ថិត​តាម​បណ្តោយ​មហា​វិថី​ព្រះ​នរោត្តម​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា​អ្នកស្រី​ជា​អ្នក​លក់​ដុំ​សម្រាប់​ចែក​ចាយ​ដល់​អ្នក​លក់​រាយ​នៅ​ប្លុក​ក្បែរៗ​នេះ​។ អ្នក​ស្រី​បន្ត​ថា​អ្នក​ស្រី​បាន​ទៅ​សួរ​ក្រុមហ៊ុន​ផ្ទាល់​តែ​គេ​ឆ្លើយ​ថា មិន​ទាន់​មាន​ដំណោះ​ស្រាយ។
អ្នក​ស្រី​បន្ត​ថា​អ្នក​លក់​រាយ​តែង​តែ​មក​សួរ​អំពី​បញ្ហា​នេះ​៖
« មួយ​ថ្ងៃៗ​ហត់​ចង់​ងាប់​ហើយ​រឿង​ឆ្លើយ​ប្រាប់​គេ​។​យើង​បារម្ភ​ចំពោះ​ការ​បាត់​បង់​ព្រោះ​គេ​ប្រាប់​ថា​ចាំ​ដោះ​ស្រាយ​តាម​ក្រោយ»​។
បច្ចុប្បន្ន​អ្នក​ស្រី​សល់​កាត​របស់​ក្រុម​ហ៊ុន​អឹម​ហ្វូន​ជាង​៣០០​ដុល្លារ​។ អ្នក​ស្រី​បាន​ស្នើ​ឲ្យ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ចាត់​ការ​ចំពោះ​ករណី​នេះ​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​កេង​ចំណេញ​ពី​អ្នក​ប្រើ​ប្រាស់​ដោយ​អំពើ​អយុត្តិធម៌​បែប​នេះ​។
លោក សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពីថ្ងៃ​ចន្ទ​ថា​ក្រុមហ៊ុន​ទាំង​ពីរ​និង​ក្រសួង​កំពុង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​។​លោក​ថ្លែង​ថា៖​«​យើង​បាន​ប្រជុំ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​អតិថិជន​ខាត​បង់​ផល​ប្រយោជន៍​ទេ។​តុលាការ​សម្រេច​ជា​ការ​ខាត​បង់​ប្រយោជន៍​របស់​ក្រុមហ៊ុន​តែ​មិន​ប៉ះ​ពាល់​អតិថិជន​ទេ​»​។
ចាប់​តាំង​ពី​ការ​ប្រកាស​ផ្ទេរ​អតិថិជន​អឹមហ្វូន​ទៅ​សែល​កាត មក​កាត​កោស​របស់​អឹមហ្វូន​មិន​ត្រូវ​បាន​លក់​ចេញ​ទេ។
អ្នក​ស្រី​គង់ វត្តី អាយុ ៤០​អ្នក​លក់​កាត​កោស​តាម​រយៈ​ប្រតិ​បត្តិ​ការ​របស់ Wing ម្នាក់​និយាយ​ថា​គ្មាន​អតិថិជន​ណា​សួរ​រក​ទិញ​កាត​បញ្ចូល​របស់​ក្រុមហ៊ុន អឹម​ហ្វូន​ទេ​ក្នុង​ពេល​នេះ​។
អ្នក​យក​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍​បាន​ទៅ​ដល់​ការិយាល័យ​ក្រុមហ៊ុន​តាម​ការ​ណាត់​ជួប​របស់​មន្ត្រី​ក្រុមហ៊ុន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​តែ​ទី​បំផុត​ត្រូវ​មន្ត្រី​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​ថា គេ​គ្មាន​ព័ត៌មាន​អ្វី​ត្រូវ​ផ្តល់​ជូន​ទេ។​បុគ្គលិក​រូប​នោះ​និយាយ​ថា​៖ «​ក្រុមហ៊ុន​គ្មាន​ព័ត៌មាន​អ្វី​ប្រាប់​ទៅ​ខាង​បង​ទេ។​ក្រុមហ៊ុន​កំពុង​មាន​ចំណាត់​ការ​របស់​គេ​។ ក្រុមហ៊ុន​គេ​ប្រាប់​មក​ខ្ញុំ​អ៊ីចឹង​ឲ្យ​ខ្ញុំ​ប្រាប់​បង​អ៊ីចឹង​»​។
ដោយ​ឡែក​បុគ្គលិក​បម្រើ​សេវា​អតិថិជន​របស់​ក្រុមហ៊ុន ម៉ូប៊ីតែល បាន​ឲ្យ​ដឹង​ថា​ម៉ូប៊ីតែល ទទួល​ស្គាល់​តែ​ទឹក​លុយ​ដែល​មាន​នៅ​ក្នុង​ស៊ីមកាត​ប៉ុណ្ណោះ​ហើយ​ទឹក​ប្រាក់​ដែល​មាន​គឺ​ប្រើ​បាន​តែ​ក្នុង​ប្រព័ន្ធ​តែ​ប៉ុណ្ណោះ។
បច្ចុប្បន្ន​ក្រុមហ៊ុន​អឹម​ហ្វូន​កំពុង​ជាប់​បណ្តឹង​ពាក់​ព័ន្ធ​នឹង​បំណុល​ជា​ច្រើន​លាន​ដុល្លារ​៕ ប្រភពមកពី​ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន