Wednesday, January 30, 2013

សាកល​វិទ្យាល័យ​ថៃ និង​វិទ្យាស្ថាន​នៅ​កម្ពុជា​ចុះ​MOU ពង្រឹង​ជំនាញ​វិជ្ជា​ជីវៈ

0 comments

130129_11

ភ្នំពេញៈ សាកល​វិទ្យាល័យ​បចេ្ចក​ទេស រ៉ាចាម៉ាងហ្គាឡា (Rajamangala) របស់​ថៃ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​(MOU)​ជាមួយ​វិទ្យាស្ថាន បច្ចេកទេស​ពីរ​របស់​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ពង្រឹង​គុណភាព​ធន​ធាន​មនុស្ស​លើ​ជំនាញ​វិជ្ជា​ជីវៈ​ដែល​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​នៅ​កម្ពុជា។
រដ្ឋ​លេខាធិការ​ក្រសួង​ការងារ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ លោក ពេជ្រ សោភ័ន ដែល​បាន​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ឲ្យ​ដឹង​ថា ខណៈ​យុវជន​កម្ពុជា​កាន់​តែ​ច្រើន​កំពុង​ទទួល​ការ​អប់រំ​កាន់​តែ​ខ្ពស់​មាន​និសិ្សត ជា​ច្រើន​ហាក់​មើល​រំលង​អត្ថ​ប្រយោជន៍​នៃ​ការ​ទទួល​ការ​បណ្តុះ​បណ្តាល​ខាង​ផ្នែក​បច្ចេក​ទេស​វិជ្ជា​ជីវៈ​ដែល​កំពុង​មាន​ឱកាស​ការ​ងារ​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។
លោក​ថ្លែង​ថា​៖ «​យើង​សង្កេត​ឃើញ​មាន​ការ​វិនិយោគ​បរទេស​កាន់​តែ​ច្រើន​កំពុង​ចូល​មក​វិនិយោគ​នៅ​



កម្ពុជា​ជា​ពិសេស​ខាង​វិស័យ​ឧស្សាហកម្ម​។​ដោយ​ហេតុ​ដូច្នេះ​ហើយ​បច្ចុប្បន្ន​អ្នក​ដែល​បាន​បញ្ចប់​ការ​សិក្សា​ខាង​ផ្នែក​បច្ចេក​ទេស​ពី​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​មាន​ឱកាស​ការងារ​ច្រើន​និង​មាន​ការ​ប្រកួត​ប្រជែង​តិច​ជាង​អ្នក​ដែល​ចេញ​ពី​សាកល​វិទ្យាល័យ»។
កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា និង វិទ្យាស្ថាន​ជាតិ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​។
ភាគី​ទាំង​ពីរ​មិន​បាន​បង្ហាញ​ពី​ទំហំ​ទឹក​ប្រាក់​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ឡើយ​។
លោក Numyoot Songthanapitak នាយក​សាកល​វិទ្យាល័យ រ៉ាចាម៉ាងហ្គាឡា​បាន​ឲ្យ​ដឹង​ថា​ភាគី​ទំាង​ពីរ​នឹង​ជជែក​គ្នា​លម្អិត​ក្នុង​ការ​រៀប​ចំ​កាល​វិភាគ​សិក្សា​និង​ជ្រើស​រើស​ជំនាញ​ដែល​រោងចក្រ​ឧស្សាហកម្ម​កំពុង​ត្រូវ​ការ​។​លោក​បន្ត​ថា​គ្រូ​ជំនាញ​ពី​វិទ្យាស្ថាន​ទាំង​ពីរ​នឹង​ត្រូវ​បាន​ទទួល​ការ​អប់រំ​បន្ថែម​ហើយ​សិស្ស​កាន់​តែ​ច្រើន​នឹង​ទទួល​បាន​ឱកាស​ទៅ​សិក្សា​នៅ​ថៃ​។ លោក​បន្ថែម​ថា៖ «កិច្ច​សហការ​នេះ​នឹង​ជួយ​បង្កើន​គុណភាព​អប់រំ​របស់​សាកល​វិទ្យាល័យ​ទាំង​ពីរ​និង​រួម​ចំណែក​ពង្រឹង​គុណភាព​ធនធាន​មនុស្ស​ក្នុង​វិស័យ​ឧស្សាហកម្ម​»។
លោកស្រី ទេព ម៉ូណា ប្រធាន​ក្រុមហ៊ុន SHRM &P ដែល​ផ្តោត​លើ​ការ​គ្រប់​គ្រង​ធន​ធាន​មនុស្ស​និង​បង្កើន​ផលិតភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​ឲ្យ​ដឹង​ថា​សិស្ស​ដែល​មាន​ជំនាញ​ខាង​បច្ចេក​ទេស​ខាង​ដំឡើង​ឬ​បញ្ជា​ម៉ាស៊ីន​គ្រប់​គ្រង​ចង្វាក់​ផលិតកម្ម​ឬ​គ្រប់​គ្រង​ដំណើរ​ការ​ម៉ាស៊ីន​តែង​ទទួល​បាន​ការងារ​ជា​អ្នក​គ្រប់​គ្រង​ថ្នាក់​កណ្តាល​ឬ​ប្រធាន​ផ្នែក​។
លោក​បន្ត​ថា៖ «ខ្ញុំ​គិត​ថា​អ្នក​ដែល​មាន​ជំនាញ​ខាង​បច្ចេក​ទេស​ខាង​វិស័យ​ឧស្សាហកម្ម​ជា​ជនជាតិ​ខ្មែរ​នៅ​មាន​ចំនួន​តិច​ណាស់​ដូច្នេះ​យើង​ត្រូវ​ពង្រឹង​សមត្ថភាព​បើ​មិន​ដូច្នេះ​ទេ​យើង​អាច​នឹង​បាត់​បង់​ការ​ប្រកួត​ប្រជែង​នៅ​ពេល​ដែល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចូល​មក​ដល់​»​។
យោង​តាម​លោក ពេជ្រ សោភ័ន ការ​អភិវឌ្ឍ​ជំនាញ​ខាង​បច្ចេកទេស​មាន​សារៈ​សំខាន់​ក្នុង​កាលៈ​ទេសៈ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ពេល​បច្ចុប្បន្ន​។
លោក​បន្ត​ថា​៖ «ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ដូចជា​កូរ៉េ​ខាង​ត្បូង​និង​សិង្ហបុរី​សុទ្ធ​តែ​មាន​ធន​ធាន​មនុស្ស​ដែល​មាន​គុណភាព​ខ្ពស់​ខាង​បច្ចេកវិទ្យា​»៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន