ភ្នំពេញៈ ទោះបីជាធនាគារពិភពលោក បានកាត់បន្ថយការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះក្តី របាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារនេះ បានបង្ហាញថា ការព្យាករចំពោះកំណើនផលិតផលក្នុងស្រុកសរុប(GDP) របស់កម្ពុជា នៅតែស្ថិតក្នុងអត្រា៦,៧ភាគរយ។
ធនាគារពិភពលោកព្យាករថាGDPកម្ពុជា នៅតែបន្តកើនឡើង៧ភាគរយ ក្នុងឆ្នាំ២០១៤ និង៧ភាគរយនៅឆ្នាំ២០១៥។
ធនាគារពិភពលោក បានលើកឡើងថា៖ «កំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត (ប្រហែល៧ភាគរយ)គឺដោយសារផលិតកម្មស្រូវខ្ពស់ជាងមុន លំហូរវិនិយោគទុនបរទេសចូលក្នុងឧស្សាហកម្មកាត់ដេរដែលកំពុងរីកចម្រើន និងកំណើនក្នុងឧស្សាហកម្មទេសចរណ៍»។
ទោះបីជាយ៉ាងណាក៏ដោយ កំណើននេះ មិនមែនកើតឡើងដោយគ្មានហានិភ័យនោះទេ ដោយធនាគារពិភពលោក បានឲ្យដឹងថា តំបន់អាស៊ីប៉ាស៊ីហ្វិក (EAP) នៅតែងាយរងគ្រោះនឹងវិបត្តិនៅអឺរ៉ុប និងភាពតានតឹងផ្នែកហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិក ដែលបញ្ហាទាំងពីរនេះ អាចគំរាមកំហែងដល់ការនាំចេញរបស់តំបន់EAP និងលំហូរដើមទុនមកក្នុងតំបន់នេះ។
ស្របតាមការព្យាកររបស់ធនាគារពិភពលោកដដែលថា សេដ្ឋកិច្ចកម្ពុជាមានកំណើន៦,៧ភាគរយនោះ លោក Hiroshi Suzuki ប្រធានសេដ្ឋវិទូប្រចាំវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា កម្ពុជាកំពុងខិតខំកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក និងអឺរ៉ុប តាមរយៈការធ្វើពិពិធកម្មលើការនាំចេញ និងដៃគូពាណិជ្ជកម្ម។
លោក Suzuki បានលើកឡើងថា៖ «ការធ្លាក់ចុះការនាំចេញសម្លៀកបំពាក់ទៅកាន់អឺរ៉ុបនិងសហរដ្ឋអាមេរិក អាចបណ្តាលមកពីការថយចុះផ្នែកនាំចេញគ្រឿងបន្លាស់រថយន្តទៅកាន់ជប៉ុន និងប្រទេសជិតខាង ដែលផលិតដោយរោងចក្រជប៉ុន ដូចជា ក្រុមហ៊ុន Minebea ក្រុមហ៊ុន Sumitomo និងក្រុមហ៊ុន Yazaki»។
លោកស្រី ងួន សុខា អគ្គនាយកធនាគារជាតិនៃកម្ពុជា(NBC) មានទំនុកចិត្តថា ប្រព័ន្ធធនាគារនៅកម្ពុជា មិនទទួលរងផលប៉ះពាល់ពីភាពមិនច្បាស់លាស់នៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោកឡើយ។ លោកស្រី បានលើកឡើងថា៖ «ប្រព័ន្ធធនាគារនៅកម្ពុជា មិនធ្វើសមាហរណកម្មខ្លាំងជាមួយនឹងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិឡើយ»។
លោកស្រីបានលើកឡើងថា៖ «ធនាគាររបស់យើងពឹងផ្អែកលើដើមទុនផ្ទាល់ខ្លួន និងប្រាក់បញ្ញើសម្រាប់បញ្ចេញឥណទាន និងប្រតិបត្តិការរបស់ខ្លួន ដូច្នេះពួកគេមិនពឹងផ្អែកខ្លាំងលើដើមទុនពីប្រទេសលោកខាងលិចឡើយ ជាពិសេសប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូ»។
លោកស្រី ងួន សុខា បានថ្លែងថា៖ «ខណៈវិបត្តិពីរបានកើតឡើង គឺវិបត្តិសេដ្ឋកិច្ចអាស៊ី និងវិបត្តិនៅឆ្នាំ១៩៩៧-១៩៩៨ យើងស្ទុះងើបយ៉ាងខ្លាំងពីផលលំបាកនៃម៉ាក្រូសេដ្ឋកិច្ចពិភពលោក ដែលកើតមានឡើងនៅក្រៅប្រទេសកម្ពុជា»។
ថ្លែងទៅកាន់កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីខែមុន ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា លោក Faisal Ahmed មានទំនុកចិត្តចំពោះចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីការធ្លាក់ចុះសេដ្ឋកិច្ច។
លោកបានថ្លែងថា៖ «បើទោះជាសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក្តី ក៏សេដ្ឋកិច្ចកម្ពុជានៅតែខ្លាំង ដោយសារការនាំចេញខ្លាំង វិស័យទេសចរណ៍ និងសំណង់ដ៏រឹងមាំ ជាមួយនឹងកំណើនសញ្ញាពិពិធកម្មសេដ្ឋកិច្ច»។
លោក Faisal Ahmed បានបន្ថែមថា៖ «យើងស្វាមន៍ចំពោះការបង្កើនទុនបម្រុងកាតព្វកិច្ច ដែលជាជំហានដំបូងក្នុងការការពារស្ថិរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់ការគ្រប់គ្រងធនាគាររបស់ធនាគារជាតិនៃកម្ពុជា។ ដូចទៅនឹងប្រព័ន្ធហិរញ្ញវត្ថុដែលកំពុងរីកចម្រើនក្នុងប្រទេសកំពុងអភិវឌ្ឍន៍នានាដូច្នេះដែរ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ រួមទាំងការបន្ទាបកំណើនឥណទាន និងការបន្តពង្រឹងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុ នឹងនៅតែជាបញ្ហាសំខាន់»។
រដ្ឋាភិបាលកម្ពុជាព្យាករថាកំណើនសេដ្ឋកិច្ចរបស់ខ្លួនមានកម្រិត៧ភាគរយ ដែលខ្ពស់ជាងការព្យាកររបស់ធនាគារពិភពលោក។
លោក ស្រី ងួន សុខា បានថ្លែងថា៖ «ចក្ខុវិស័យកំណើនសេដ្ឋកិច្ចរបស់យើង នឹងនៅតែបន្តពឹងផ្អែកលើមូលដ្ឋានសំខាន់ៗចំនួនបួន គឺវិស័យកសិកម្ម សំណង់ទេសចរណ៍ និងផលិតកម្មរដ្ឋាភិបាល»៕ ប្រភពមកពី ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment