សំណួរនេះមើលទៅគឺពិតជាសំណួរមួយដ៏សែនសាមញ្ញ ប៉ុន្តែ ពិបាកនឹងផ្តល់ចម្លើយមួយឲ្យត្រឹមត្រូវឥតខ្ចោះណាស់។ ប្រសិនបើយើងយកសំណួរនេះទៅសួរ ប្រាកដជាមានមនុស្សមួយចំនួនគិតថា យើងមិនគ្រប់ទឹកផងក៏មិនដឹង។ ប៉ុន្តែ សំណួរ “មាន់ និងស៊ុតមាន់មួយណាកើតមុន” គឺជាសំណួរមួយ ដែលអ្នកវិទ្យាសាស្ត្របានព្យាយាមធ្វើការឆ្លើយជាយូរណាស់មកហើយ។ ដូចនេះ គេហទំព័រ«គំនិត»សូមលើកយកប្រធានបទនេះមកចែករំលែកមិត្តអ្នកអាន អំពីការរកឃើញចុងក្រោយបំផុតពីបញ្ហានេះរបស់អ្នកវិទ្យាសាស្ត្រ។
សំណួរទាក់ទងនឹងមាន់ និងស៊ុតមាន់ គឺមានលើកឡើងតាំងពីជំនាន់មុនគ្រឹស្គសករាជមកម្ល៉េះដោយ អ្នកទស្សនវិទូដ៏ល្បីល្បាញម្នាក់ឈ្មោះអារីស្តូតដែលគាត់បានលើកឡើងថា “វាគួរតែមានបក្សីមួយដែលផ្តល់កំណើតដល់ស៊ុតសម្រាប់បក្សីណាដែល មានកំណើតចេញពីស៊ុត”។ មិនត្រឹមតែទស្សនវិទូអារីស្តូតនោះទេ មានមនុស្សជាច្រើនដែលបានធ្វើការឆ្លើយសំណួរនេះ តួរយ៉ាងអ្នករូបវិទូដ៏ល្បីល្បាញក្នុងសម័យបច្ចុប្បន្នបណ្ឌិត ’Stephen William Hawking ក៏បានចូលរួមចំណែកក្នុងការឆ្លើយនូវសំណួរខាងលើផងដែរ។ លោកបានលើកឡើងថាស៊ុតមាន់គឺមានកំណើតមុន។ ចំណែកឯទ្រឹស្តីនៃការវិវដ្ដន៍វិញក៏បានលើកឡើងផងដែរថា ស៊ុតត្រូវតែមានកំណើតមុន តែទ្រឹស្តីក៏បានបញ្ចាក់ថា ស៊ុតនោះគឺជាស៊ុតទូទៅមិនមែនជាស៊ុតដែលភ្ញាស់ចេញជាមាន់នោះទេ។ សម្រាប់ទ្រឹស្តីដែលចេញពីសាសនាវិញដូចជាសាសនាព្រះពុទ្ធ និងសាសនាហិណ្ឌូដែលជឿលើការចាប់ជាតិជាថ្មីនោះ បានកំណត់ថា មាន់ និងស៊ុតមាន់គ្មានមួយណាដែលកើតមុននោះទេ។
ទ្រឹស្តីនៃការវិវដ្តន៍បានបញ្ចាក់ថា ភាវរស់គឺមានបម្លាស់ប្តូរតាមរយៈពេលវេលាដោយដំណើរលាស់ថ្មី និងការបន្តពូជ។ ដោយសារតែDNAអាចធ្វើការផ្លាស់ប្តូរបានតែនៅមុននឹងការចាប់កំណើត ដំណើរលាស់ថ្មីនៃភាវរស់ត្រូវបានបង្កើតឡើងដោយភាវរស់មួយប្រភេទដែល ស្រដៀងនឹងសត្វមាន់ ប៉ុន្តែមិនមែនសត្វមាន់នោះទេ ដែលជាអ្នកបង្កើតស៊ុតមាន់។ ស៊ុតមាន់ទាំងនេះហើយដែលជាអ្នកបង្កើតសត្វមាន់ដែលមានវត្តមានមក ទល់នឹងសព្វថ្ងៃនេះដោយឆ្លងតាមការវិវដ្ដន៍ជាច្រើនដំណាក់កាល។ សរុបសេចក្តីមក ឆ្លងតាមការបន្តពូជ និងការវិវដ្តន៍ជាបន្តបន្ទាប់ធ្វើឲ្យយើងទទួលបានស៊ុតដែលក្នុងនោះ មានផ្ទុកអំប្រ៊ីយ៉ូ (ទារក)នៃសត្វមាន់ដំបូងបង្អស់។ ដូច្នេះ ស៊ុតមាន់ត្រូវតែមានកំណើតមុនសត្វមាន់។
ផ្ទុយទៅវិញ នៅឆ្នាំ២០១០អ្នកវិទ្យាសាស្ត្ររបស់ចក្រភពអង់គ្លេសដែលបានអះអាងពីភាព ជោគជ័យនៃការបំបែកប្រស្នាស្តីពី មាន់និងស៊ុតមាន់នោះបានបញ្ចាក់ថា សត្វមាន់មានកំណើតមុន។ នេះជាការលើកឡើងរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Sheffield និងWarwick។
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យទាំងពីរខាងលើបានរកឃើញថា ប្រូតេអ៊ីនដែលរកឃើញនៅក្នុងអូវ៉ែររបស់សត្វមាន់គឺមានសារៈសំខាន់ណាស់ សម្រាប់ការកកើតឡើងនៃស៊ុតមាន់ ហេតុនេះហើយអ្នកវិទ្យាសាស្ត្រខាងលើបានអះអាងថា ស៊ុតមាន់មានវត្តមានលុះត្រាណាតែមានវត្តមានសត្វមាន់ជាមុនសិន។
ប្រូតេអ៊ីននោះគឺជាភ្នាក់ងារបង្កើនល្បឿនការវិវដ្តន៍របស់សំបកស៊ុត ដែលជាភ្នាក់ងារដ៏មានសារៈសំខាន់សម្រាប់ការពារពងក្រហម និងអង្គធាតុរាវដែលនៅខាងក្នុងស៊ុតខណៈពេលដែលកូនមាន់កំពុងតែមានការ វិវដ្តន៍នៅក្នុងសំបក។
ឆ្លងតាមការលើកឡើងរបស់អ្នកវិទ្យាសាស្ត្រនានា យើងពិបាកនឹងធ្វើការសន្មតឲ្យបានត្រឹមត្រូវ១០០%ណាស់ថាតើសត្វមាន់ ឬក៏ស៊ុតមាន់មានកំណើតមុន។ ប៉ុន្តែ ការលើកឡើងរបស់ទ្រឹស្តីនៃការវិវដ្តន៍ហាក់ដូចជាមានភាពសមហេតុផល ច្រើនជាង។ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណា?
http://kumnit.com
ឯកសារយោង៖
http://www.nbcnews.com/
http://articles.cnn.com/_s=PM:WORLD
http://www.icr.org/
http://en.wikipedia.org/
http://science.howstuffworks.com/
No comments:
Post a Comment