Saturday, March 9, 2013

កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​លើ​បញ្ហា​តម្លាភាព

0 comments

ភ្នំពេញៈ យោង​តាម​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​រដ្ឋាភិបាល​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក ទាក់​ទិន​នឹង​ការ​បើក​ចំហ និង​តម្លាភាព​ដែល​រដ្ឋាភិបាល​រៀប​ចំ និង​ផ្សព្វ​ផ្សាយ​ថវិកា​ជាតិ​ហើយ​កម្ពុជា​ពុំ​រីក​ចម្រើន​ទាល់​តែ​សោះ​ចាប់​តាំង​ពី​ឆ្នាំ ២០១០​មក​។
របាយការណ៍​មួយ​ពី​អង្គការ​ភាព​ជា​ដៃ​គូ​ថវិកា​អន្តរជាតិ ដែល​បាន​បង្ហាញ​នៅ​សន្និសីទ​មួយ​ដោយ​សម្ព័ន្ធភាព​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​នោះ​មាន​អង្គការ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា និង​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​ប្រទេស​កម្ពុជា​ជាប់​ពិន្ទុ ១៥ នៃ​ពិន្ទុ ១០០ដូច​ឆ្នាំ ២០១០​នៅ​ចម្លោះ​ប្រទេស​នីហ្សេរីយ៉ា និង​អេហ្ស៊ីប ក្នុង​ចំណោម​ប្រទេស​ផ្តល់​ព័ត៌មាន​តិច​បំផុត ឬ​គ្មាន​ផ្តល់​ព័ត៌មាន​សោះ​អំពី​ថវិកា​ជាតិ​របស់​ខ្លួន។
របាយការណ៍​បាន​បន្ត​ថា​ពិន្ទុ​ធ្លាក់​ចុះ​នេះ គឺ​ដោយ​សារ​តែ​ការ​ខក​ខាន​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​ឯកសារ​ថវិកា ដូច​ជា​សេចក្តី​ព្រាង​ច្បាប់​ថវិកា និង​របាយការណ៍​សវនកម្ម​ឲ្យ​បាន​ត្រឹម​ត្រូវ​មាន​ប្រយោជន៍ និង​មាន​ជូន​សាធារណជន។លោក ព្រាប កុល នាយក​ប្រតិបតិ្ត​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​អះអាង​ថា៖ «ការ​ផ្សព្វ​ផ្សាយ​របាយការណ៍​[ថវិកា] ធ្វើ​ឲ្យ​មាន​តម្លាភាព​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ដំណើរ​ការ​ប៉ុណ្ណោះ»
លោក​បាន​បន្ថែម​ថា ការ​ខក​ខាន​មិន​ផ្សព្វ​ផ្សាយ​«អាច​បង្កើត​សញ្ញា​សួរ​មួយ​ទាក់​ទង​នឹង​ថា​តើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឬ​យ៉ាង​ណា?»។ លោក កុល ក៏​បាន​គាំទ្រ​វិធីសាស្រ្ត​រង់​ចាំ​មើល​ដោយ​លោក​កត់​សម្គាល់​ថា ការ​ស្ទង់​មតិ​ឆ្នាំ ២០១៤​«នឹង​ប្រាប់​ថា​តើ​មាន​ឆន្ទៈ​នយោបាយ ឬ​អត់​
ទន្ទឹម​នឹង​នេះ លោក អ៊ិន សំរិទ្ធី មក​ពី​អង្គការ​ភាព​ជា​ដៃ​គូ​អប់រំ បាន​កត់​សម្គាល់​ថា ភាព​មិន​ច្បាស់​លាស់​លើ​ថវិកា​ក្នុង​ចំណោម​គ្រូ​បង្រៀន​បាន​បង្ក​ការ​រាំង​ស្ទះ​រួច​ហើយ​ក្នុង​វិស័យ​អប់រំ ហើយ​លោក​ស្រី រស់ សុភាព មក​ពី​អង្គការ​យេនឌ័រ និង​ការ​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ក៏​បាន​លើក​ឡើង​អំពី​កង្វះ​នៃ​ព័ត៌មាន​លម្អិត​សម្រាប់​បញ្ហា​ពាក់​ព័ន្ធ​នឹង​ស្រ្តី​ក្នុង​ថវិកា​ជាតិ​ផង​ដែរ។
លោក ឈិត សំអាត នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា បាន​និយាយ​នៅ​ក្នុង​សនិ្នសីទ​សារព័ត៌មាន​ពី​ម្សិល​មិញ​ថា អង្គការ​សង្គម​ស៊ីវិល​ពិត​ជា​លំបាក​ក្នុង​ការ​ទទួល​បាន​ឯកសារ​លម្អិត​ស្តី​ពី​ការ​ចាត់​ចែង​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ បើ​ទោះ​បី​ជា​លោក​ព្យាយាម​ទៅ​ស្ថាប័ន​សំខាន់​ជា​ច្រើន​របស់​រដ្ឋ​ក៏​ដោយ។ លោក​បាន​ថ្លែង​ថា៖ «តាម​ពិត​ទៅ​ឯកសារ​ដូច​ជា​សេចក្តី​ព្រាង​ច្បាប់​ថវិកា ជា​រៀង​រាល់​ឆ្នាំ​យើង​សុំ យើង​សរសេរ​សំបុត្រ​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ យើង​សរសេរ​សំបុត្រ​ទៅ​រដ្ឋសភា​ទៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ដើម្បី​សុំ​សេចក្តី​ព្រាង​ច្បាប់​នោះ តែ​ជា​លទ្ធផល​គឺ​មិន​ទទួល​បាន​នោះ​ទេ​»។ លោក​បាន​ប្រាប់​ថា ជា​ការ​ឆ្លើយ​តប​ស្ថាប័ន​ថា្នក់​ជាតិ​ទាំង​នោះ​បាន​ត្រឹម​ឆ្លើយ​តប​ថា គេ​មិន​អាច​ចែក​ជូន​បាន​នោះ​ទេ​។
យោង​តាម​លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង បាន​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ថវិកា​កម្ពុជា​ពុំ​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ឲ្យ​តំណាង​រាស្រ្ត​ដទៃ​ទៀត​ដឹង​ឡើយ លើក​លែង​តែ​តំណាង​រាស្រ្ត​មួយ​ក្រុម​តូច ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​។
លោក​បាន​លើក​ឡើង​ថា៖ «គ្មាន​អ្នក​ណា​ម្នាក់​នៅ​ក្រៅ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សិទិ្ធ​ដឹង ឬ​មាន​សិទិ្ធ​សម្រេច​លើ​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ឡើយ»ហើយ​លោក​បាន​កត់​សម្គាល់​ថា អំពើ​ពុករលួយ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ថវិកា​ជាតិ រាប់​រយ​លាន​ដុល្លារ​អាមេរិក​រៀង​រាល់​ឆ្នាំ។ លោក​បាន​បន្ត​ថា៖ «យើង​ងងឹត​ឈឹង។ យើង​តំណាង​គ្រប់​ខេត្ត​តែ​យើង​មិន​ដឹង​ថា​តើ​ពួក​គេ​កំពុង​ធ្វើ​អ្វី​នៅ​ភ្នំពេញ​ទេ​»
ទោះ​ជា​យ៉ាង​ណា លោក ហ្វិញ រិទ្ធិពល ប្រធាន​ការិយាល័យ​ក្នុង​នាយកដ្ឋាន​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចូល​រួម​ជា​អធិបតី​ក្នុង​សន្និសីទ​កាល​ពី​ម្សិល​មិញ បាន​និយាយ​ថា ការ​ផ្សព្វ​ផ្សាយ​ឯកសារ​ថវិកា​ជាតិ​មិន​មែន​ជា​ការ​សម្ងាត់​នោះ​ទេ​តែ​ការ​បោះ​ពុម្ព​ផ្សាយ ពិត​ជា​មាន​កម្រិត​ដោយ​សារ​គ្មាន​ថវិកា​គ្រប់​គ្រាន់​។​
លោក​ថ្លែង​ថា៖«យើង​មិន​ដែល​លាក់​បាំង​ទេ រដ្ឋាភិបាល​ចេញ​ឲ្យ​តែ​រហូត​»។ លោក​ឲ្យ​ដឹង​ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បោះ​ពុម្ព​សៀវ​ស្តីពី​ថវិកា​ជាតិ​នេះ​ចំនួន​បួន​ដែល​មាន​កម្រាស់​ជាង​រយ​ទំព័រ​ក្នុង​មួយ​ក្បាលៗ​ដូច​ជា​ក្បាល​ទីមួយ​និយាយ​ពី​ច្បាប់​អនុវត្ត​ថវិកា​ប្រចាំ​ឆ្នាំ ក្បាល​ទីពីរ​និយាយ​ពី​ថវិកា​នៅ​ក្រសួង​ស្ថាប័ន ក្បាល​ទីបី និយាយ​ពី​ថវិកា​នៅ​មន្ទីរ​ជំនាញ​តាម​រាជធានី និង ខេត្ត ចំណែក​ក្បាល​ទី​បួន​និយាយ​ពី​ថវិកា​តាម​មូលដ្ឋាន​៕ TK
http://postkhmer.com/

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន