ក្រុងហ្សឺណែវៈ វែកសៃ (Versailles) គឺជាទឹកដីនៃវិមានដ៏ល្អប្រណីត និងមានសម្រស់ផូរផង់ដូចរាជវាំងស្តេចមួយសម្រាប់ក្រុមគ្រួសារ ត្រកូលអភិជននៅឯប្រទេសបារាំង។
ដូច្នេះដើម្បីឲ្យសមសួនទៅនឹង ទឹកដីនៃវិមានដ៏ស្រស់ស្កឹមស្កៃនោះ ការផលិតរថយន្តលក់ឲ្យពួកគេក៏ត្រូវតែសម្រិតសម្រាំងល្អឆើតឆាយ ដែរ។
ជាការពិតណាស់តាមរយៈរថយន្តស៊េរីថ្មីឆ្នាំ២០១៤ម៉ាក Carlsson CS50 Versailles ដែលក្រុមហ៊ុនអាល្លឺម៉ង់បានយកទៅដាក់បង្ហាញនៅឯកន្លែងពិព័រណ៍រថយន្តក្រុងហ្សឺណែវនោះ វាពិតជាម៉ាករថយន្តមួយប្រភេទដែលទំនើប និងទាន់សម័យណាស់។ វាត្រូវបានគេរចនាវាឡើងយកលំនាំតាមរថយន្តម៉ាកមែរសឺដេសបេនហ្ស៍ Mercedes-Benz S600។
គ្រាន់តែផ្នែកខាងក្រៅរថយន្តនេះត្រូវបាន គេពាសសុទ្ធតែមាសសន្លឹកចំនួន ១០០០បន្ទះឯណោះដោយវាមានតម្លៃ២៥ម៉ឺនដុល្លារ។
ក្រុមហ៊ុន អាល្លឺម៉ង់ដែលផលិតរថយន្តម៉ាក Carlsson CS50 បានអះអាងថា រថយន្តនេះទទួលបានការពេញនិយមច្រើនក៏ដោយសារតែមានឈ្មោះវាដូច វិមានវែកសៃដ៏ល្បីនៅប្រទេសបារាំងនោះផងដែរ តែក្រុមហ៊ុនរបស់យើងក៏មានអតិថិជនចិនជាច្រើនមានការពេញនិយម ម៉ាក Carl-sson CS50នេះដែរ។
ក្រុមហ៊ុន Carlsson បានបន្តថា យើងបានទទួលអតិថិជនចិនកម្ម៉ង់ទិញចំនួន១០នាក់ហើយសម្រាប់គម្រោង ផលិតរថយន្តពាសមាសកំណត់ត្រឹមតែចំនួន២៥គ្រឿង។
រថយន្ត Carlsson CS50 ត្រូវបានគេប្រើពេលវេលាចំនួន២០០ម៉ោងក្នុងការបិទពាសមាស សន្លឹកចំនួន១០០០បន្ទះនៅផ្នែកខាងក្រៅរថយន្តទាំងមូល។ ចំណែកកង់រថយន្តវិញមានសភាពភ្លឺចិញ្ចែងចិញ្ចាច រលើបរលោងដូចជាកញ្ចក់ឆ្លុះមុខអ៊ីចឹង ដែលរចនាប័ទ្មនេះ គេយកលំនាំតាមរាជវាំងវែកសៃ។
ដោយឡែកការតុបតែង និងរចនាផ្នែកខាងក្នុងរថយន្តវិញគេបានបិទសន្លឹកមាសចំនួន២៧៨ បន្ទះដោយចំណាយកម្លាំងពលកម្មមនុស្សរយៈពេលដល់ទៅ១០០ម៉ោង។
សម្រាប់ការ គណនាតម្លៃ បើមិនទាន់គិតថ្លៃពន្ធដារ តម្លៃដើមរបស់រថយន្តម៉ាក Carlsson CS50 នេះលក់ក្នុងតម្លៃ៥៤៦០០០ដុល្លារ។ ចំណែកតម្លៃលក់មានជាប់ពន្ធដារវិញនោះជាពិសេសទីផ្សារនៅប្រទេសចិន វាអាចថ្លៃដល់ទៅ៩៧១០០០ដុល្លារ ឬជាង១លានដុល្លារឯណោះ។
រថយន្ត Carlsson CS50 នេះមានកម្លាំងម៉ាស៊ីនមែរសឺដេសបេនហ្ស៍ ដែរគឺប្រភេទ twin-turbocharged 6.0 V12 និងមានជម្រើសម៉ាស៊ីន 4.7liter V8ទៀតផង ទើបអាចស៊ូនឹងទម្ងន់មាសជាប់នឹងរថយន្តបាន៕ PR
No comments:
Post a Comment