Wednesday, May 22, 2013

វិធីថែទាំ​សុខភាព របស់​ស្ដ្រីមានស្វាមី

0 comments
ការថែរក្សា សុខភាពរបស់ស្ដ្រី មានស្វាមី គឺមានការខុសគ្នាខ្លះ ពីស្ដ្រីនៅលីវ។ ព្រោះថាអ្នកមានស្វាមី អាចនឹងមានជំងឺ ផ្លូវភេទម្យ៉ាង ហៅថាជំងឺកាមរោគ ដែលឆ្លងពីស្វាមី។ ជំងឺនេះ ចំពោះបុរសជាស្វាមីមិនមានរោគសញ្ញា អ្វីស្ដែងចេញ ឡើងទេ។ ប៉ុន្ដែ ចំពោះស្ដ្រី  ដែលមាន លក្ខណៈទន់ខ្សោយជាង បុរស មានរោគសញ្ញាឱ្យដឹង ដូចជាការធ្លាក់ស មាន រមាស់ជាដើម។
ស្ដ្រីមានស្វាមីត្រូវយល់ដឹងសុខភាពរបស់ខ្លួនបែបណា?
ស្ដ្រីដែលមានស្វាមីហើយ ងាយនឹងមានបញ្ហាសុខភាពណាស់ ហើយច្រើនតែជា បញ្ហាធ្ងន់ធ្ងរទៀតផង។ លោកស្រី វេជ្ជបណ្ឌិត ជូ ពិន បានមានប្រសាសន៍ ណែនាំស្ដ្រីខ្មែរទាំងឡាយ ឱ្យបានស្វែងយល់ដឹងនូវការ ថែទាំសុខភាព របស់ គាត់។
- ប្រការទី១ ៖ ស្ដ្រីគួរយល់ដឹងអំពីការធ្លាក់សរបស់គាត់ ប្រការនេះមិនខុស ពីការថែទាំសុខភាពរបស់ស្ដ្រីនៅលីវទេ គឺ គាត់ត្រូវ ពិនិត្យទៅលើសភាព សរបស់គាត់ថា សធម្មតា និងមិនធម្មតា មានសភាពបែបណា។ ការធ្លាក់សធម្មតា គឺមាន ពណ៌ធម្មតា និងមានលក្ខណៈ អន្លាយៗដូចសម្បោរ។ ចំណែកសមិនធម្មតា គឺមានលក្ខណៈដុំៗ មានពណ៌លឿង ពណ៌បៃតង ហើយរមាស់។
- ប្រការទី២ ៖ ស្ដ្រីត្រូវយល់ដឹងអំពីការបាត់រដូវ គឺត្រូវដឹងពីថ្ងៃដែលគាត់ មករដូវចុងក្រោយ បំផុត។ មាននារី មានស្វាមី ខ្លះ នៅ ពេលបាត់រដូវ គាត់ច្រើនតែទិញឧបករណ៍ មួយសម្រាប់ជ្រលក់ទឹកនោម ដើម្បីពិនិត្យមើលថា គាត់មាន គភ៌ ឬទេ។ នៅពេលគាត់ជ្រលក់ ទឹកនោម ទៅគាត់ឃើញ មានសញ្ញាក្រហម ពីរនៅលើឧបករណ៍នោះ មានន័យថាគាត់ មានផ្ទៃពោះហើយ គាត់មិនត្រូវគេងចាំតែថ្ងៃ សម្រាលនោះទេ។ ផ្ទុយទៅវិញ កាលដែលឃើញក្រហម ពីរបែបនេះ មិនមែនមានន័យថា គាត់សុទ្ធតែមានផ្ទៃពោះ ហើយរង់ចាំតែថ្ងៃ សម្រាលនោះទេ។ ឃើញ សញ្ញានោះ គឺមានន័យ ថាគាត់ ត្រូវប្រញាប់មកមន្ទីរពេទ្យ។ ការមកមន្ទីរពេទ្យ និងជួបអ្នកជំនាញដើម្បីធ្វើការវិនិច្ឆ័យ ថាគាត់មានទម្ងន់មែន ឬ ទេ។ ហើយការមានផ្ទៃពោះអាច មានកូននៅក្នុងស្បូន ឬកូននៅក្រៅស្បូន។
- ប្រការទី៣ ៖ ប្រសិនបើគាត់រួមដំណេកទៅ មានការធ្លាក់ឈាម គាត់ក៏ត្រូវទៅជួប គ្រូពេទ្យដែរ។ ព្រោះការរួមដំណេក ជាមួយគ្នា មានការធ្លាក់ឈាម គឺជួនកាលប្រហែល ជាស្បូនរបស់គាត់មានបញ្ហា ដូចជាដុះសាច់នៅមាត់ស្បូនជាដើម។
ប្រការគួរចៀសវាង
នៅពេលរួមភេទរួច មានការធ្លាក់ទឹកកាមចេញ មកខាងក្រៅ ស្ដ្រីត្រូវចៀសវាង ការលូកលាងខាងក្នុងស្បូន ដោយខ្លួន ឯង ។  គឺត្រូវ លាងតែផ្នែកខាងក្រៅ ឬក៏អាចយកក្រណាត់ស្អាតមកជូតសម្អាតតែប៉ុណ្ណោះ។ ចៀសវាងការបើកស្បូន មួយខែម្ដងៗ។ ការពិនិត្យសុខភាព មួយខែម្ដងៗក៏មិនចាំបាច់ដែរ លើកលែងតែពេលមាន បញ្ហាដូចបានជម្រាបខាងលើ ទើបយើងមកជួបជាមួយគ្រូពេទ្យតែម្ដង ហើយត្រូវធ្វើ តាមការណែនាំ របស់គ្រូពេទ្យ។ នៅពេលពិគ្រោះជាមួយគ្រូពេទ្យ ហើយ ស្ដ្រីខ្លះគ្រូពេទ្យឱ្យ៣ខែ មកពិនិត្យសុខភាពម្ដង ស្ដ្រីខ្លះទៀត៦ខែ ឬមួយឆ្នាំទើបមកពិនិត្យម្ដង ទៅតាមស្ថានភាព ជំងឺ និងសុខភាពរបស់គាត់។
ផលវិបាកនៃការធ្វេសប្រហែសចំពោះសុខភាព
ប្រសិនបើបងប្អូនស្ដ្រីមិនធ្វើការប្រុងប្រយ័ត្នក្នុងការ ថែទាំសុខភាពទេ គាត់នឹងប្រឈមមុខ នឹងជំងឺមួយចំនួន ដូចជាជំងឺ មហារីកដៃ ស្បូន មហារីកសុដន់ មហារីកស្បូន មហារីកមាត់ស្បូន ជាដើម។ ជំងឺមហារីកស្បូន មិនឱ្យដឹងរោគសញ្ញា ជាមុនទេ ចាប់ផ្ដើមដំបូងឡើយ គឺធ្លាក់ សធុំក្លិន អ្នកខ្លះធ្លាក់ឈាមតែម្ដង។ ប្រសិនបើយើងពិនិត្យ ដឹងអាការមុន យើង អាចរកវិធីទប់ស្កាត់ បានទាន់ពេលវេលា។ ជាឧទាហរណ៍ គាត់ ទើបនឹងធ្លាក់សធុំក្លិន គាត់បានទៅពិនិត្យ សុខភាព គ្រូ ពេទ្យ នឹងប្រាប់ពីវិធីបង្ការខ្លះៗ។ ប្រសិនបើគាត់មិនចាប់អារម្មណ៍ នឹងការធ្លាក់ស គាត់ បណ្ដែតបណ្ដោយឱ្យការ ធ្លាក់ស ធុំក្លិន ទុកយូររហូតដល់មានធ្លាក់ឈាម នោះជាដំណាក់កាល ពិបាកក្នុងការធ្វើការព្យាបាលណាស់។
ដំបូន្មានរបស់គ្រូពេទ្យជំនាញ
ស្ដ្រីខ្មែរមានការយល់ដឹង នៅមានកម្រិតទាបទាក់ទងទៅនឹង ការពិនិត្យសុខភាព មើលផ្ទៃពោះ មើលស្បូន។ លោកស្រី វេជ្ជបណ្ឌិត ជូ ពិន ចូលរួមជាដំបូន្មាន ដល់ស្ដ្រីខ្មែរថា សូមឱ្យស្ដ្រីស្គាល់ថ្ងៃមករដូវចុងក្រោយបំផុត របស់ខ្លួនឯង ស្គាល់ សភាពស ចេះធ្វើអនាម័យ កុំស្លៀក ខោដែលស្អុះស្អាប់ពេក និងកុំស្លៀកខោសើម។ ទាំងស្ដ្រីមានគ្រួសារក្ដី មិនមាន គ្រួសារ ក្ដី នៅពេលវ័យកាន់តែចាស់ចាប់ ពីអាយុ៣៥ឆ្នាំឡើងទៅ ត្រូវតែទៅពិនិត្យសុខភាព ដូចជាពិនិត្យស្បូន និង សុដន់ ឱ្យបានរាល់៦ខែម្ដង យ៉ាងយូរបំផុត១ឆ្នាំម្ដង ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន