Wednesday, May 29, 2013

មូលហេតុដែលបណ្តាលឲ្យ មានក្លិនមាត់ និង វិធីបំបាត់ក្លិនមាត់

0 comments

មនុស្សម្នាក់ៗ មិនអាចរស់នៅតែឯកឯង ដោយគ្មានការទំនាក់ទំនង ជាមួយមនុស្សខាងក្រៅ នោះឡើយ។ ចាំបាច់ត្រូវតែមានការប្រាស្រ័យ ទាក់ទងរវាងគ្នានឹងគ្នា ហើយការធ្វើឱ្យមានសម្ព័ន្ធភាព នៅក្នុងសង្គម ពិតជារឿងសំខាន់ណាស់ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ទាំងនេះគឺអាស្រ័យទៅលើ កត្ដាច្រើនយ៉ាង ដូចជាការគួរសម ភាពរួសរាយរាក់ទាក់ ការមានសន្ដានចិត្ដ ការប្រើប្រាស់ពាក្យសម្ដី ផ្អែមល្ហែមជាដើម។ ឯបញ្ហាក្លិនមាត់ក៏ជាផ្នែកមួយ ក្នុងចំណោមចំណុចសំខាន់ៗទាំងនោះដែរ ប្រសិនបើមានក្លិនមាត់មិនល្អ ក៏នាំឱ្យការទាក់ទងជាមួយសមាជិកក្នុងសង្គម និងក្នុងគ្រួសារត្រូវជួបនូវវិបត្ដិផងដែរ។
ដើម្បីឱ្យកាន់តែមាន ភាពស្និទ្ធស្នាលជាមួយអ្នកដទៃ កត្ដាចម្បងត្រូវបំបាត់ក្លិនមាត់ជាមុនសិន។ គេហទំព័រសុខភាពកម្ពុជា (www.healthcambodia.com)  បានជួបសម្ភាសន៍ជាមួយទន្ដបណ្ឌិត ញាណ ភីរម្យ ប្រធានក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាលធ្មេញបស្ចឹម ដើម្បីស្រាយបំភ្លឺអំពីបញ្ហានេះ ជូនមិត្ដអ្នកអាន។
ក្លិនមាត់ ជាអ្វី?
ក្លិនមាត់ គឺចង់សំដៅទៅលើមាត់ដែលមានក្លិនមិនល្អ។ ហើយក្លិនដែលមិនល្អនេះបណ្ដាលមកពីកត្ដាបីយ៉ាង គឺបញ្ហាមាត់ខ្លួន ឯងផ្ទាល់ បញ្ហាច្រមុះ និងបញ្ហាក្រពះ។ មូលហេតុទាំងបីនេះបានបង្កធ្វើឱ្យមាត់មានក្លិនមិនល្អ ដែលពិបាកក្នុងការធ្វើទំនាក់ទំនងជាមួយ អ្នកដទៃ។ ព្រោះនៅពេលដែលនិយាយទៅកាន់អ្នកណាម្នាក់ ខ្យល់ដែលបញ្ចេញទៅនោះជាខ្យល់ដែលមានក្លិនមិនល្អទៅលើអ្នកដែល នៅជុំវិញខ្លួន ពិសេសអ្នកដែលនិយាយទៅកាន់តែម្ដង។
មូលហេតុនាំឱ្យមានក្លិនមាត់
កត្ដាបីយ៉ាងដែលបណ្ដាលឱ្យមានក្លិនមាត់ គឺបញ្ហាមាត់ធ្មេញ បញ្ហាច្រមុះ និងបញ្ហាក្រពះ។
1. បញ្ហាមាត់ធ្មេញ ៖ ធ្មេញដែលមានប្រហោង ឬធ្មេញពុកច្រើនបណ្ដាលមកពីមិនបានសម្អាតឱ្យបានល្អ។ កាកសំណល់ អាហារដែលនៅជាប់នឹងធ្មេញ ក្រោយរយៈពេល៦ម៉ោង បំលែងទៅជាអាស៊ីដ មានប្រតិកម្មជាមួយជាតិកាល់ស្យូមនៃធ្មេញ ធ្វើឱ្យធ្មេញ ខូច។ ហើយកាកសំណល់ដែលនៅជាប់ នឹងប្រហោងធ្មេញខូចនោះ នឹងធ្វើឱ្យមាន បញ្ហាក្លិនមាត់នេះឡើង។ កាកសំណល់ចំណីអាហារ ដែលនៅជាប់នឹងអណ្ដាត មិនបានសម្អាតក៏បណ្ដាលឱ្យមានបញ្ហាក្លិនមាត់ដែរ។ ម្យ៉ាងទៀត ការដាក់ធ្មេញមិនបានល្អត្រឹមត្រូវក៏អាចធ្វើ ឱ្យមាត់មានក្លិនមិនល្អដែរ ពិសេសការដាក់ធ្មេញដែលមានជាតិប្លាស្ទិក។ ព្រោះប្រភេទធ្មេញដាក់នេះអាចជ្រាបទឹកបាន ប៉ុន្ដែទឹកមិន អាចចេញវិញបានទេ។ ហើយទឹកដែលជ្រាបចូលទៅក្នុងប្រហោងធ្មេញយូរទៅ ធ្វើឱ្យមានក្លិនមិនល្អកើតឡើង។
2. បញ្ហាច្រមុះ ៖ ច្រមុះដែលមាន បញ្ហា ដូចជាការរលាកជាដើម ក៏អាចបណ្ដាលឱ្យមានក្លិនមាត់ដែរ។ ទោះបីមិនបង្កជា បញ្ហាក្លិនខ្លាំងក៏ដោយ ក៏ជាកត្ដារួមផ្សំដែលអាច ធ្វើឱ្យមានក្លិនកាន់តែខ្លាំង។
៣. បញ្ហាក្រពះ ៖ បញ្ហាមានក្លិន មាត់មិនល្អ ក៏អាចបណ្ដាលមកពីមានជម្ងឺរលាកក្រពះផងដែរ។ កាលណាមានជម្ងឺរលាក ក្រពះធ្វើឱ្យមានក្លិនមិនប្រសើរចេញពីក្រពះមកមាត់ ហើយធ្វើឱ្យមាត់មានក្លិនមិនល្អ។ ក្លិនមាត់មិនល្អនេះពិបាកក្នុងការធ្វើទំនាក់ ទំនង។
ផលប៉ះពាល់ដែលបណ្ដាល មកពីមានក្លិនមាត់
ចៀសមិនផុតពីការធ្វើឱ្យ មានផលប៉ះពាល់នោះឡើយ ប្រសិនបើមានបញ្ហាក្លិនមាត់មិនល្អ។ ហើយការប៉ះពាល់ទាំងនោះ តែងតែផ្ដល់ជាគុណវិបត្ដិយ៉ាងធ្ងន់ធ្ងរ សម្រាប់អ្នកដែលមានបញ្ហា ក្លិនមាត់នេះ។
•    ក្លិនមាត់ប៉ះពាល់ដល់ការប្រាស្រ័យ ទាក់ទងជាមួយដៃគូសន្ទនា ព្រោះនៅពេលមានបញ្ហាក្លិនមាត់កើតឡើង ក្លិនដែលមិន ល្អនោះអាចធ្វើឱ្យអ្នកដទៃ មិនចង់មានទំនាក់ទំនងជាមួយ ឱកាសនៃការធ្វើសម្ព័ន្ធភាព ដទៃទៀតជាមួយបុគ្គលក្នុងសង្គមនឹងត្រូវបាត់ បង់។
•    ក្លិនមាត់អាចមានផលប៉ះពាល់ ចំពោះសុខភាពទូទៅ ជាពិសេសបញ្ហាក្លិនមាត់ដែលបណ្ដាល មកពីការមានកាកសំណល់នៅ ជាប់នឹងធ្មេញ អណ្ដាត និងនៅក្នុងប្រហោង ធ្មេញដែលខូច។ កាកសំណល់អាហារទាំងនេះ យូរទៅនឹងបង្កឱ្យកើតជាមេរោគដែលអាច ជ្រាបចូលទៅក្នុងសរសៃឈាម ឬប្រព័ន្ធសរសៃឈាមតាមរយៈ ទឹកមាត់ដែលប៉ះនឹងស្នាមដាច់ ឬរបួសក្នុងមាត់។ កត្ដាទាំងនេះអាចធ្វើ ឱ្យមានបញ្ហាដល់បេះដូង ពិសេសនៅពេលដែលឈានចូលដល់វ័យកាន់តែចាស់ទៅ។
វិធីបំបាត់ក្លិនមាត់
ដើម្បីបំបាត់បញ្ហាក្លិនឱ្យទទួលបានជោគជ័យ ជាចាំបាច់ត្រូវរកឬសគល់ និងមូលហេតុឱ្យឃើញច្បាស់ជាមុនសិន។
•    យ៉ាងណាម៉ិញ ប្រសិនបើមានបញ្ហាជាជម្ងឺដំបៅក្រពះ ត្រូវទៅព្យាបាលក្រពះ។
•    បើមានបញ្ហារលាកច្រមុះ ត្រូវទៅព្យាបាលច្រមុះជាមួយនឹង គ្រូពេទ្យដែលមានជំនាញពិតប្រាកដ ដើម្បីទទួលបាននូវជោគជ័យកាន់តែប្រសើរ។
•    ដោយឡែកបញ្ហាក្លិនមាត់ដែល បណ្ដាលមកពីមាត់ធ្មេញខ្លួនឯងផ្ទាល់ ត្រូវទៅពិគ្រោះ និងព្យាបាលជាមួយអ្នកដែលមាន ឯកទេសពិតប្រាកដដើម្បីសម្អាត និងព្យាបាលធ្មេញខូចដែល បង្កឱ្យមានបញ្ហាក្លិនមាត់នេះ។ ប៉ុន្ដែប្រការសំខាន់ដែលចាំបាច់គួរធ្វើដោយ ខានពុំបាន គឺខ្លួនឯងផ្ទាល់ត្រូវធ្វើអនាម័យធ្មេញឱ្យបានល្អ ដុសសម្អាតកម្ទេចកម្ទីចំណី អាហារដែលនៅជាប់នឹងធ្មេញឱ្យបានស្អាត និង ត្រឹមត្រូវ ដើម្បីកុំឱ្យធ្មេញខូច និងមានប្រហោង។
ដំបូន្មានអ្នកជំនាញ
បច្ចុប្បន្ននេះប្រជាពលរដ្ឋ មានការយល់ដឹងច្រើន អំពីការថែរក្សាធ្មេញ និងសម្អាតធ្មេញ ប៉ុន្ដែទោះបីជាយ៉ាងណាក៏សំណូមពរ ឱ្យលោកអ្នកបន្ដការថែរក្សា និងស្វែងយល់ឱ្យបានច្រើន អំពីកត្ដាដែលធ្វើឱ្យមានបញ្ហាក្លិនមាត់។ សូមកុំបណ្ដោយទុកឱ្យការមានបញ្ហា ក្លិនមាត់តទៅទៀត ព្រោះអាចមានផលមិនល្អចំពោះខ្លួន និងអ្នកដទៃ ពិសេសក្នុងការធ្វើទំនាក់ទំនង។ គួរប្រញាប់ទៅរកគ្រូពេទ្យជំនាញដើម្បីប្រឹក្សា និងព្យាបាល។ កត្ដាសំខាន់មួយទៀតត្រូវស្វែងរកឱ្យ ឃើញពីមូលហេតុដែលបណ្ដាលឱ្យមាន បញ្ហាក្លិនមាត់ ដូចជាជម្ងឺ ដំបៅក្រពះ រលាកច្រមុះ ឬបញ្ហាមាត់ធ្មេញផ្ទាល់ ហើយព្យាបាលនូវចំណុចទាំងនេះ នោះបញ្ហាក្លិនមាត់នឹងលែងកើតមានចំពោះខ្លួន លោកអ្នកទៀតដែរ៕
អត្ថបទ រក្សាសិទ្ធិដោយ  www.healthcambodia.com 
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន