Wednesday, May 22, 2013

មូលហេតុ៧យ៉ាង ​​​​ដែលស្ដ្រី​​​​មិនព្រម​​​រៀបការ

0 comments
ធម្មជាតិ បង្កើតមនុស្សលោកមក តម្រូវឱ្យមានគូ ហើយនរណាក៏ទន្ទឹងការ មកដល់នៃថ្ងៃរៀបការ ដើម្បីបានបុរសម្នាក់ មករួមសុខរួមទុក្ខ ជាមួយគ្នាអស់មួយ ជីវិតដែរ។ ប៉ុន្ដែមានស្ដ្រីមួយចំនួនសុខចិត្ដជ្រើសរើស យកការរស់ម្នាក់ឯង ទៅវិញ ។ មានហេតុផលជាច្រើនដែលជាកត្ដាលីករ ជំរុញឱ្យស្ដ្រី មួយចំនួន ព្រមទទួលយកជីវិតនៅលីវ អស់មួយជីវិត ទៅតាម ព្រេងវាសនា ព្រហ្មលិខិត ចារមក។
តាមស្ថិតិស្រាវជ្រាវបានឱ្យដឹងថា មានស្ដ្រីរហូតដល់ទៅ២៧.៦ភាគរយ ឬច្រើនជាង១ភាគ៤នៃស្ដ្រីអាយុ៥០ឆ្នាំ ពុំមាន គូគ្រង។ អ្នកខ្លះសម្លឹងរកបុរសក្នុង សុបិនដែរ តែមិនជួបទាល់តែសោះ។ តើមកពីមូលហេតុអ្វីទៅ? សូមលោកអ្នកតាម ដានអំពី មូលហេតុមួយចំនួនដែលស្ដ្រីមិនព្រម រៀបការ។
មូលហេតុដែលស្ដ្រីមិនព្រមរៀបការ
មិនមែនជាការមិនព្រមឬមិនចង់រៀបការនោះទេ ស្ដ្រីមួយចំនួនចង់ណាស់ តែគ្មានឱកាសដើម្បីរៀបការទាល់តែសោះ ។ នៅលើលោកយើងទោះបីជាស្ដ្រី ដែលមានរូបរាងអាក្រក់ យ៉ាងណាក៏ ទីបំផុតនៅតែមានបុរសម្នាក់ ព្រមរួមរស់ជាមួយ នាងដែរ គ្រាន់តែបុរសនោះ សមបំណង សមចិត្ដនាងដែរ ឬអត់ប៉ុណ្ណោះ។ ខាងក្រោមនេះជាការ សិក្សាស្រាវជ្រាវអំពី មូលហេតុមួយចំនួន ដែលជាដើម ចមឱ្យស្ដ្រីព្រមរស់នៅ ម្នាក់ឯង ៖
១ . ឈឺហើយរាងមួយជីវិត ៖ មានស្ដ្រីមួយចំនួនក្រោយពីបាន ឆ្លងកាត់ ទុក្ខសោកនិង ការឈឺចាប់ចំពោះរឿងស្នេហា ធ្វើឱ្យមានការរាងចាល ជារៀងរហូត។ ស្នេហាបែកបាក់បាន ធ្វើឱ្យស្ដ្រីខ្លាច ស្នេហា ខ្លាចប្រវត្ដិសាស្ដ្រច្រំដែល ហេតុ នេះធ្វើឱ្យនាង ពិបាកក្នុងការ សម្លឹងរកស្នេហាថ្មី ឬក៏បើកបេះដូង សេពគប់នរណាឱ្យ អស់ពីចិត្ដឡើយ។
២ . គ្មានជំនឿលើខ្លួនឯង ៖ ដោយសាររូបរាងមិនស្អាត ការងារមិនសូវល្អ ប្រាក់ចំណូលតិច បានធ្វើឱ្យស្ដ្រីមួយ ចំនួន ខ្សឹប ប្រាប់ខ្លួនឯងថា “តើមាននរណាមក ស្រឡាញ់ខ្ញុំទៅ បើខ្ញុំមិនមាន អ្វីសោះបែបនេះ”។ សូមសុភាពនារីគិតថា នាង ត្រូវតែមានការ ជឿជាក់លើខ្លួនឯង ដើម្បីស្វែងរក ស្នេហាមួយដែល សមបំណង។
៣ . គំនិតអគតិប្រុសល្អគ្មានទេ ៖ គំនិតអាចកើតចេញពីហេតុផល ដំបូងដែលនាង មានការឈឺចាប់ក្នុងអតីតកាល។ ប៉ុន្ដែក៏នៅមានហេតុផល ផ្សេងៗទៀតដែរ ដូចជានាងលើកតម្កើងខ្លួនឯងហួសហេតុ ពេក អ្នកក្រមិនហ៊ាន អ្នកមាន មិនមក។ តាមពិតទៅបុរសល្អ មានច្រើនណាស់ គ្រាន់តែនាងសម្លឹង មិនទាន់ចំតែប៉ុណ្ណោះ។
៤ . គ្មានពេលសម្រាប់ស្នេហា ៖ ជាស្ដ្រីសម័យថ្មីដែលត្រូវក្រោកពីព្រឹក ទៅធ្វើការមកដល់ផ្ទះ នៅពេលយប់ មាន អារម្មណ៍ អស់កម្លាំងល្ហិតល្ហៃ ជាដើមហេតុធ្វើឱ្យស្ដ្រីគ្មានពេលចេញទៅ សង្គមខាងក្រៅ ដើម្បីសេពគប់នរណាម្នាក់ ឱ្យដល់ឫសគល់ ពិតប្រាកដ នោះទេ។
៥ . ព្រហ្មលិខិតជាអ្នកសម្រេច ៖ ស្ដ្រីមួយចំនួនគិតគូព្រេង មិនចាំបាច់ដើររកទេ ឱ្យតែដល់ពេលនឹង មកដោយខ្លួនឯង ព្រោះទេវតាឬព្រហ្មលិខិត បានកម្រិតពីធម្មជាតិ រួចទៅហើយ។ ហេតុនេះហើយ ទើបបានជាស្ដ្រីមួយចំនួន ដេកចាំ ព្រេងវាសនា ធ្លាក់មក ពីលើមេឃ។ ជួនកាលនោះគ្រាន់តែ ជាសុបិនប៉ុណ្ណោះ ហេតុនេះនាងត្រូវតែរកឱកាស ដើម្បីឱ្យ ការសុបិននោះ ក្លាយជាការពិត។
៦ . ខ្លាចដូចគេ ៖ មានស្ដ្រីមួយចំនួនដោយតែមើលឃើញ ពីហេតុការណ៍ អាក្រក់ផ្សេងដែលកើតមាន ឡើងនៅក្នុង សង្គម គ្រួសារខ្លួនឯង ដូចជាឪពុកប្រើហិង្សា ទៅលើម្ដាយនិងកូនៗ គ្មានសុភមង្គល ការលែងលះ ជាហេតុធ្វើឱ្យរអាក្នុង ការរៀបការ ព្រោះ ខ្លាចជីវិតនាងដូចពួកគេ ទាំងនោះ។
៧ . ចង់បានសេរីភាព ៖ ស្ដ្រីខ្លះយល់ថា ការរស់នៅម្នាក់ឯងអាចធ្វើឱ្យ នាងបានសម្រាកកាយ មានសេរីភាព និង អាចត្រួតត្រា ខ្លួនឯងបាន ចង់ទៅណាស្រេចនឹងចិត្ដ។ ការរស់នៅម្នាក់ឯងព្រោះមិនចង់ជាប់ចំណងអាពាហ៍ពិពាហ៍ កូនចៅរញ៉េរញ៉ៃច្រើន អាចរស់ យ៉ាងស្ងប់ស្ងាត់តែម្នាក់ឯង។
អ្វីដែលលើកមកជម្រាបជូននៅពេលនេះ គ្រាន់តែជាមូលហេតុ ខ្លះប៉ុណ្ណោះទេ នៅមានមូលហេតុ ផ្សេងៗជាច្រើនទៀត ដែលធ្វើឱ្យសុភាពស្ដ្រីទាំងឡាយ សុខចិត្ដនៅលីវ អស់មួយជីវិត។
រស់នៅម្នាក់ឯងក៏មានសេចក្ដីសុខ
ទោះបីជាអ្នកនាងព្រមទទួលយកការរស់នៅម្នាក់ឯង អស់មួយជីវិត ក៏អ្នកនាងអាច ធ្វើឱ្យជីវិតរបស់ខ្លួនមាន សេចក្ដីសុខ បាន ដែរ។ អ្នកនាងអាចធ្វើឱ្យជីវិត ប្រចាំថ្ងៃរបស់អ្នកនាង បានរីករាយ ដោយគ្រាន់តែឆ្លៀតពេល សម្រាកពីការងារ ៖
- ហាត់ប្រាណ ៖ ការហាត់ប្រាណនៅតាមទីសាធារណៈ ឬទីធ្លាស្រឡះណាមួយ ដូចជារត់ ដើរ ជិះកង់ វាយកូនគោល ឬជិះសេះ នឹងអាចផ្ដល់ភាពស្រស់ស្រាយ យ៉ាងពិសេស ព្រោះវាបានបង្ហាញនូវ អារម្មណ៍សេរីភាពមួយ យ៉ាងពិត ប្រាកដ។
- ដើរមើលរបស់ល្អៗ ៖ ទៅតាមហាងធំៗរកមើល សម្ភារៈតុបតែង ផ្ទះស្អាតៗ ឬក៏ម៉ូត ខោអាវថ្មីៗ ហើយបើមានអ្វី ជក់ ចិត្ដនោះ អ្នកអាចចំណាយពេលធ្វើឬ នៅជាមួយវាពេញ មួយថ្ងៃក៏បាន ដើម្បីកាត់ បន្ថយភាពអផ្សុកបានខ្លះ។
- ចេញទៅជួបមិត្ដភក្ដិ ៖ អ្នកនាងអាចចំណាយពេលដើរកម្សាន្ដ ជាមួយមិត្ដភក្ដិ ឬក៏ធ្វើទេសចរណ៍ទៅតំបន់ឆ្ងាយៗ ដើម្បី ជួយឱ្យជីវិតរីករាយឡើង។
- រកការងារដែលពេញចិត្ដ ៖ ដើម្បីកាត់បន្ថយអារម្មណ៍ ស្រងេះស្រងោច អ្នកនាងគប្បី រកការងារដែលខ្លួនពេញ ចិត្ដ ធ្វើក្នុង គោលដៅធ្វើខ្លួនឱ្យក្លាយទៅ ជាអ្នករវល់ម្នាក់។ ការទុកខ្លួនឱ្យនៅទំនេរ អ្នកនឹងគិតកាន់តែវែងឆ្ងាយ នាំតែពិបាក ចិត្ដ ឥតប្រយោជន៍។
ការប៉ះពាល់នៃការរស់នៅម្នាក់ឯង
បើទោះជានៅពេលបច្ចុប្បន្ននេះមិនទាន់មានការស្រាវជ្រាវ ណាមួយ អំពីផលប៉ះពាល់ នេះក៏ដោយ។ ប៉ុន្ដែមានសិក្សា មួយបាន បង្ហាញថា អ្នកដែលនៅលីវមាន អត្រាប្រឈមមុខនឹង ជម្ងឺផ្លូវចិត្ដច្រើនជាងអ្នក ដែលមានគូ។ ក្រៅពីនេះ បើ ស្ថានភាពនៃការរស់នៅ ម្នាក់ឯងរបស់វប្បធម៌ខ្មែរ យើងគឺពិតជាមានការពិបាក នៅពេលដែលអ្នកនាង មានវ័យកាន់តែ ចាស់ទ្រុឌទ្រោម ពេលមានជម្ងឺគ្មាន អ្នកមើលថែជាដើម។
បណ្ដាំផ្ញើ
មិនមែនអ្នកដែលមិនមានគូសុទ្ធតែជាជនបរាជ័យនោះទេ ព្រោះមានមនុស្សស្រីមួយ ចំនួនក៏រស់នៅក្នុង សភាពមេម៉ាយ ដែរ។ បែបនេះមិនមែន មានន័យថា ជំរុញឱ្យអ្នកនាង រស់នៅម្នាក់ឯងនោះទេ សំខាន់នៅលើការពិចារណា ផ្ទាល់របស់ អ្នកនាងមាន ឬគ្មានប្ដីល្អជាង ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com

ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន