Monday, August 26, 2013

ប៉ែន ចំរុង ទទួលពានពីរ ដោយសារប៉ិនសម្តែងឡប់ៗ និងប៉េដេ

0 comments
ប្រភព CEN : ភ្នំពេញ: តារា​សម្តែង និង​ជា​ពិធីករ ពូកែ​វោហារ​កំប្លែង លោក ប៉ែន ចំរុង បានឈ្នះ​ពាន​ពីរ​ម្នាក់ឯង ពី​កម្មវិធី​អាណាចក្រ​តារា ឆ្នាំ​២០១៣ ។ ពាន​ដែល​លោក​ទទួលបាន គឺ​ពាន​តួឯក​ឆ្នើម​ប្រចាំឆ្នាំ (​ទេពកោសល្យ ដែល​បោះឆ្នោត​ដោយ​គណៈកម្មការ​) និង​ពាន​ប្រជាប្រិយភាព​ប្រចាំឆ្នាំ (​បោះឆ្នោត​ពី​មហាជន​) ។​ 
ពិធីករ លោក ប៉ែន ចំរុង បាន​ឲ្យ​ដឹងថា "​និយាយ​តាម​ត្រង់ ពេល​បាន​ពាន​ទី​១ អារម្មណ៍​ខ្ញុំ មិនជា​រំភើប​ណាស់ណា​ទេ ។ ព្រោះ​ខ្ញុំ​ហាក់​មាន​ជំនឿ​លើ​ខ្លួនឯង តាំងពី​ដំបូង​ថា អាច​នឹង​ឈ្នះ ម្យ៉ាង​ពេល​ប្រិយមិត្ត​អ្នកគាំទ្រ ពួកគាត់​និយាយ​ដែរ​ថា ខ្ញុំ​ប្រាកដជា​ឈ្នះ ។ ប៉ុន្តែ​ពាន​ទី​២ ខុសគ្នា​ដាច់ ខ្ញុំ​ស្ទើរ​ហោះ​ផុតពី​ដី ការរំភើប​របស់ខ្ញុំ​ពេលនោះ មិនដឹងថា យក​អ្វី​មក​និយាយ​ឲ្យ​ត្រូវ​ទេ ។ បើ​ពេលនោះ ឱកាស ក៏ដូចជា​កាលៈទេសៈ អាច​ឲ្យ​ខ្ញុំ​ស្តែងចេញ​បាន​តាមតែ​ចិត្ត​ខ្ញុំ​នោះ ប្រិយមិត្ត​ប្រហែលជា​បានឃើញ​ពី​ភាព​ឆ្កួត​លីលា​របស់ខ្ញុំ​មិន​ខាន​"​។​ 
​ក្រោយពី​ទទួល​ជ័យលាភី គួរ​ឲ្យ​មោទនៈ​នេះ លោក​បាន​បន្តថា ដូចជា​មិនមាន​រៀបចំ​យុទ្ធសាស្ត្រ ដើម្បីឱ្យ​ទស្សនិកជន គាត់​គាំទ្រ​លោក​ទេ ប៉ុន្តែ​លោក​ចូលចិត្ត​ធ្វើ​អ្វីៗ ដើម្បីឱ្យ​មនុស្ស​ទាំងអស់គ្នា សប្បាយចិត្ត នៅពេល​ធ្វើជា​ពិធីករ និង​សម្ដែង​រឿង​នានា  ម្យ៉ាងទៀត តែង​រិះរក​អ្វីដែល​ថ្មីៗ ដើម្បី​បម្រើ​អារម្មណ៍​ដល់​ទស្សនិកជន ដូចជា​ពេល​សម្ដែង​ភាពយន្ត តែង​ធ្វើ​ឡប់ៗ ធ្វើជា​ប៉េ​ដេ​(​ភេទ​ទី​៣) ដើម្បីឱ្យ​មហាជន គាត់​សប្បាយចិត្ត នៅពេល​បាន​ទស្សនា​។ ហើយ​ពេលធ្វើ​ពិធីករ​នៅតាម​កម្មវិធី​ម្ដងៗ លោក​តែង​ធ្វើ​កំប្លុកកំប្លែង ដើម្បី​ធ្វើឱ្យ​អ្នកទស្សនា​សប្បាយចិត្ត​។ និយាយ​រួម ដើរ​ក៏​រក​នឹក ដេក​ក៏​រក​នឹក សូម្បីតែ​ឆ្កែ​រត់​បុក​ធុង ក៏​គិតពី​ភាព​ដែល​អាច​នាំ​ទស្សនិកជន​សប្បាយ​ដែរ ។ ចំណុច​ទាំងនេះ ធ្វើឱ្យ​មហាជន​ទូទៅ គាត់​ស្រឡាញ់ និង​ចូលចិត្ត​លោក ហើយ​ជួយ​គាំទ្រ ។​ 

តារា​សម្បូរ​ពាក្យ​កំប្លុកកំប្លែង លោក ប៉ែន ចំរុង បាន​បញ្ជាក់ថា នៅពេល​លោក​ទទួលបាន​ពាន​ពីរ​ម្នាក់ឯង ក្នុង​កម្មវិធី​អាណាចក្រ​តារា ឆ្នាំ​២០១៣ មិនមែនជា​រឿង​ចៃដន្យ​ទេ ។ ភាពជោគជ័យ មិនដែល​រត់​មករក​អ្នក​ដេក​ស្ងៀម​ទេ និង​ក៏​មិន​ចៃដន្យ​ដែរ​។ នៅក្នុង​ភាពជោគជ័យ ប្រាកដ​ជាមាន​ចំណុច​ពិសេស​អ្វីមួយ​នៅ​ពីក្រោយ​។ ដោយឡែក រូបលោក​វិញ ចំណុច​នេះ សុំ​មិន​និយាយ​ទេ ទុក​ឲ្យ​ប្រិយមិត្ត​អ្នកគាំទ្រ ពុក​ម៉ែ បងប្អូន​វាយតម្លៃ​ទៅ​ចុះ ។​
​ចំណែក​រឿង​មួយទៀត លោក ប៉ែន ចំរុង មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកស្រី ពាន់ ភួង​បុប្ផា ជា​ផលិតករ និង​ជា​គណៈកម្មការ​មួយរូប នៅក្នុង​កម្មវិធី​អាណាចក្រ​តារា​។ ហើយ​លោក​បាន​បញ្ជាក់ថា ពិតមែន​ហើយ ពួកគាត់​អាច​យល់​បែបនេះ ព្រោះ​នោះ​ជា​សិទ្ធិ​របស់គាត់ ប៉ុន្តែ​យើង​ក្រឡេក​មក​មើល​វិញ​ថា អាណាចក្រ​តារា មាន​គណៈកម្មការ​ប៉ុន្មាន​នាក់ គឺ​១២​រូប ។ ដូច្នេះ​សួរថា បើ​អ្នកស្រី បុប្ផា តែ​ម្នាក់ អាច​បោះឆ្នោតឱ្យ​ជាប់​បានទេ ចុះបើ​១១​នាក់​ផ្សេងទៀត មិន​បោះឆ្នោតឱ្យ​? ម្យ៉ាងទៀត មាន​មិត្ត​សិល្បករ​យើង​ច្រើនណាស់​ដែល​ស្និទ្ធ និង​មាន​ភាពល្បីល្បាញ​ជាមួយ​អ្នកស្រី មិនមែន​មានតែ​លោក​ទេ ។ ដូច្នេះ​ទាំងនេះ គឺជា​ចំណុច​ខុសគ្នា ដែល​អាច​ប្រៀបធៀប​បាន​៕



No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន