Wednesday, August 21, 2013

ក្រុមប្រឹក្សាធម្មនុញ្ញ បើកទ្វារ ២៤ លើ ២៤ ដើម្បី​ទទួល​បណ្តឹង​បដិសេធ​លទ្ធផល​បោះឆ្នោត ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២​សីហា​

0 comments

ប្រភព CEN : ភ្នំពេញ: ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​កំពូល​ចុងក្រោយ​ដោះស្រាយ​បណ្តឹង​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២០​សីហា​ម្សិលមិញ បានប្រកាសថា ខ្លួន​បើកទ្វារ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បី​ទទួល​ពាក្យបណ្តឹង​របស់​គណបក្ស​នយោបាយ ដែល​បដិសេធ​នឹង​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ដែល​គជប បានប្រកាស កាលពី​ថ្ងៃ​ទី​១២​សីហា​។​

​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​២០​សីហា ឆ្នាំ​២០១៣ បង្ហាញថា ចាប់ពី​ថ្ងៃ​អង្គារ ទី​២០​សីហា រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២២​សីហា អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រៀម ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បី​ទទួល​ពាក្យបណ្តឹង​របស់​គណបក្ស​នយោបាយ  ដែល​មិន​សុខចិត្ត នឹង​សេចក្តីសម្រេច​របស់​គជ​ប ក្នុងដំណាក់កាល នៃ​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥​។

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៣ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ប្រជុំ និង​ចេញ​សេចក្ដីសម្រេច​លើ​បណ្តឹង​បោះឆ្នោត ចំនួន ៦ បណ្តឹង​។ ៥ បណ្តឹង នៅ​ភ្នំពេញ និង​មួយ​បណ្តឹង នៅ​ខេត្ត​កំពង់ឆ្នាំង​។

​ជា​ការសម្រេច​បដិសេធ មិន​ចាត់កា​រលើ​ពាក្យបណ្ដឹង​ទាំងនោះ ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​មាន​សមាសភាព ៩ រូប បាន​អះអាង​ថា សេចក្ដីសម្រេច​របស់​គ​ជ​ប មាន​លក្ខណៈ​ត្រឹមត្រូវ ស្របតាម​ច្បាប់​ហើយ​។​

​ជា​ការកត់សម្គាល់ គណបក្ស​សង្គ្រោះ​ជាតិ យ៉ាងហោចណាស់ បាន​ដាក់​ពាក្យបណ្តឹង​ចំនួន ១៧ រួចហើយ ទៅ​កាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ ផ្តល់​នូវ​ភាពយុត្តិធម៌​ដល់​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។

​ចំពោះ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប បានប្រកាស កាលពី​ថ្ងៃ​ទី​២០​សីហា​ថា គជប នឹង​ប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត ការ​បែងចែក​អាសនៈ និង​ការកំណត់​បេក្ខជន​ជាប់ឆ្នោត បន្ទាប់​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយ​បណ្ដឹង​ចប់​ជា​ស្ថាពរ​។

​តាម​កាលវិភាគ សេចក្តីប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ នឹង​ត្រូវ​គជប ប្រកាស មិន​ហួស​ថ្ងៃទី​៨ ខែកញ្ញា​ឡើយ​៕​

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន