Tuesday, August 20, 2013

ស្រ្តីម្នាក់បាក់ជើងម្ខាង ដោយសារម៉ូតូបុកម៉ូតូ

0 comments
ប្រភព  CEN : ភ្នំពេញ: ស្ត្រី​ម្នាក់​បាន​បាក់ជើង​ម្ខាង បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ម៉ូតូ កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣ នៅ​ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​ម៉ៅ​សេទុង (​ស្តុ​ប​បូកគោ​) ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បាន​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​៧០ ពណ៌​ទឹក​ប៊ិក ពាក់​ស្លាក​លេខ ណ​៦២១៩-​ភព​១ បើកបរ​ដោយ​ស្ត្រី​ម្នាក់ ដោយ​ដឹក​ផ្លែឈើ​មាន​ចំនួន​៤​ខេង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស យកទៅលក់​នៅ​ផ្សារ​នាគ​មាស ។ ពេលមកដល់​ចំណុច​ស្តុ​ប​បូកគោ ក៏បាន​បត់​ឆ្វេង​ទៅតាម​ផ្លូវ​ម៉ៅ​សេទុង ស្រាប់​តែមាន​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1AS-9525 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ពី​ត្បូង​ទៅ​ជើង មក​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្ត្រី​ខាងលើ រងរបួស​ធ្ងន់ បាក់​កំភួនជើង​ស្ដាំ ។ ចំណែក​បុរស​ដែល​ជិះ​ម៉ូតូ​ហុងដា​សេ ១២៥ រងរបួស​ស្រាល ។​
 
​ក្រោយពេល​កើតហេតុ ភាគី​ទាំងសងខាង បាន​ព្យាយាម​ធ្វើការ​ចរចា​គ្នា ដើម្បី​បញ្ចប់រឿង តែ​មិនត្រូវ ក៏ត្រូវ​សមត្ថកិច្ច​ចុះមក​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ដោះស្រាយ​៕



No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន