Sunday, April 21, 2013

បុរសធាត់ និងសុខភាពផ្លូវភេទ

0 comments
បច្ចុប្បន្ន នេះធាត់កំពុងតែរីករាលដាល ជាខ្លាំងសម្រាប់សុខភាពសាធារណៈ។ លោកអ្នកដែលកើតជម្ងឺ ធាត់តែងតែប្រឈមមុខ ជាមួយជម្ងឺជាច្រើន ជាពិសេសគឺជម្ងឺរ៉ាំរ៉ៃតែម្ដង ដូចជាជម្ងឺបេះដូង ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម លើសពីនេះធាត់ក៏ អាចបង្កឱ្យមានផលប៉ះពាល់ដែលទាក់ទង ជាមួយនឹងសុខភាព ផ្លូវភេទផងដែរ។
HealthCambodia ជួបសម្ភាសលោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យព្យាបាលជម្ងឺទូទៅ និងផ្នែកសុខភាពបុរស នៃសមាគមកម្ពុជា ហៅកាត់ថា“រ៉ាក់” នឹងធ្វើការពន្យល់អំពីបុរសធាត់ និងសុខភាពផ្លូវភេទនេះជូនមិត្ដអ្នកអានដូចតទៅ។
ធាត់ ឬមិនធាត់?
ដើម្បីឱ្យដឹងច្បាស់ថា លោកអ្នកកើតមានជម្ងឺធាត់ ឬមិនធាត់នោះ គឺត្រូវគិតទៅតាមអំពី វាជាខ្នាតអន្ដរជាតិមួយដែល អាចបញ្ជាក់បានយ៉ាងច្បាស់ អំពីភាពធាត់នេះ ដែលមានដូចជា ៖
BMI ស្មើទម្ងន់ខ្លួនគិតជាគីឡូក្រាម ចែកជាមួយកម្ពស់គិតជាម៉ែត្រលើកជាការេ។
BMI¬ = ទម្ងន់(គក) ចែកនឹង (កម្ពស់)²
ដើម្បីយល់កាន់តែច្បាស់ សូមលោកអ្នកក្រឡេកមើលឧទាហរណ៍ខាងក្រោមនេះ ៖
BMI = Weight (Kg)/ (H)²
W = 80Kg
H = 1.58m
BMI = 80/(1.58)2 = 32.06
BMI = 32.06 ធាត់ដំណាក់កាលទី១
- BMI ទាបជា១៨.៥ទម្ងន់ក្រោមធម្មតា
- BMI ១៨.៥ ទៅដល់ ២៤.៩ ទម្ងន់ធម្មតា
- BMI ចន្លោះពី២៥ទៅដល់២៩.៩ លើសទម្ងន់
- BMI ចាប់ពី៣០ទៅដល់៣៤.៩ ធាត់ដំណាក់កាលទី១
- BMI ចន្លោះពី៣៥ទៅដល់៣៩.៩ ធាត់ដំណាក់កាលទី២
- BMI លើសពី៤០ធាត់ខ្លាំង ឬក៏ធាត់ដំណាក់កាលទី៣
មូលហេតុដែលបណ្ដាលឱ្យ កើតជម្ងឺធាត់លើសទម្ងន់
ចំពោះមូលហេតុដែលបណ្ដាលឱ្យ កើតមានជម្ងឺធាត់លើសទម្ងន់នេះ មានច្រើនកត្ដាដូចជា :
- បុគ្គលដែលចូលចិត្ដទទួលទានអាហារច្រើន ឬក៏ទទួលទានញឹកញាប់ ឬក៏ទទួលទានមិនឈប់
- បុគ្គលដែលចូលចិត្ដទទួលទានអាហារបំប៉នច្រើន
- បុគ្គលដែលចូលចិត្ដទទួលទានអាហារ ដែលសម្បូរទៅដោយជាតិសាច់ហើយនឹងខ្លាញ់
- បុគ្គលដែលផ្ដាច់ការជក់បារី (ប៉ុន្ដែមិនមែនលើកទឹកចិត្ដបុគ្គលទាំងនេះ ឱ្យបន្ដការជក់បារីវិញនោះទេ)
- បុគ្គលដែលជាពីជម្ងឺ
- បុគ្គលដែលមិនសូវធ្វើពលកម្មបញ្ចេញញើស។
ទំនាក់ទំនងបញ្ហាធាត់ជាមួយ សុខភាពផ្លូវភេទបុរស
នៅពេលដែលបុគ្គលកើតជម្ងឺធាត់លើសទម្ងន់ សុខភាពផ្លូវភេទអាចមិនប្រកតី ដូចបុគ្គលដែលមានទម្ងន់ខ្លួន ធម្មតានោះទេ។ ព្រោះបុរសដែលធាតុលើសទម្ងន់អាចឆាប់ហត់នៅពេលដែលរួមភេទជាមួយដៃគូ នេះជាហេតុដែលធ្វើឱ្យបុគ្គល ប្រភេទនេះមិនសូវជា ចូលចិត្ដការរួមភេទនោះទេ។ ប៉ុន្ដែបញ្ហាអន់ថយចំពោះសុខភាពផ្លូវភេទនេះ ក៏មិនអាចបញ្ជាក់ថា បណ្ដាលមកពីបញ្ហាធាត់លើស ទម្ងន់តែមួយមុខនោះទេ វាអាចបណ្ដាលមកពីការរួមផ្សំជាមួយនឹងកត្ដាជាច្រើន ដែលបណ្ដាលមកពីជម្ងឺធាត់នេះ ដែលមានដូចជា ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ជម្ងឺសន្លាក់ ជម្ងឺបេះដូង និងជម្ងឺលើសជាតិខ្លាញ់ជាដើម។
វិធីព្យាបាលបុរសធាត់ហើយមានបញ្ហាផ្លូវភេទ
ប្រសិនបើបុគ្គលដែលធាត់លើសទម្ងន់ ហើយមានការថយចុះនូវសមត្ថភាពផ្លូវភេទ បុគ្គលប្រភេទនេះគួរតែទៅពិភាក្សា ជាមួយគ្រូពេទ្យឯកទេស ដើម្បីស្វែងរកជម្ងឺផ្សេងក្រៅពីជម្ងឺធាត់នេះ។ ប្រសិនបើពិនិត្យឃើញថា លោកអ្នកកើតមានជម្ងឺផ្សេងៗទៀត ដែលបណ្ដាលមកពីជម្ងឺធាត់នេះ ឬក៏បណ្ដាលមកពីកត្ដាផ្សេងៗ គ្រូពេទ្យនឹងធ្វើការព្យាបាល ទៅតាមអាការរោគរបស់អ្នកជម្ងឺ ក្រោយពី ការព្យាបាលនេះហើយ គឺអាចដោះស្រាយបញ្ហាសមត្ថភាពផ្លូវភេទបាន។ ប្រសិនបើរកមូលហេតុមិនឃើញ ក្រៅពីភាពធាត់លើសទម្ងន់ នេះ គឺត្រូវព្យាបាលដោយការបញ្ចុះទម្ងន់ ឱ្យចុះទម្ងន់មកធម្មតាវិញ ទាំងនេះគឺអាចជាការព្យាបាលសមត្ថភាពផ្លូវភេទបាន។
ផលប៉ះពាល់នៃបុរសដែលកើតមានរោគធាត់
ជម្ងឺធាត់បង្កផលប៉ះពាល់ជាច្រើន ដែលលោកអ្នកមួយចំនួន កំពុងតែព្រួយបារម្ភជាខ្លាំង ព្រោះជម្ងឺធាត់ធ្វើឱ្យបាត់បង់នូវ សោភ័ណភាពនៃរូបរាង បង្កឱ្យមានជម្ងឺសរសៃឈាមបេះដូង ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ដែលជាជម្ងឺរ៉ាំរ៉ៃអាចបណ្ដាលឱ្យអ្នក ជម្ងឺបាត់បង់នូវសមត្ថភាព ផ្លូវភេទរួមទាំងជីវិតថែមទៀតផង។
វិធីការពារដើម្បីកុំឱ្យកើតមានបញ្ហាធាត់ ហើយចុះខ្សោយនូវសមត្ថភាពផ្លូវភេទ
ដើម្បីការពារកុំឱ្យកើតមានជម្ងឺធាត់ លើសទម្ងន់ ហើយបង្កឱ្យកើតមាន នូវបញ្ហាផ្លូវភេទនេះ លោកអ្នកត្រូវតែធ្វើការកំណត់ នូវពេលវេលាឱ្យបានច្បាស់លាស់នៅក្នុងការទទួលទានអាហារ ហើយមិនគួរទទួលទាន ទៅតាមចិត្ដចង់នោះទេ។ ជាពិសេសត្រូវចៀស វាងចំពោះអាហារដែល សម្បូរទៅដោយជាតិខ្លាញ់ ជាតិស្ករ អាហារដែលសម្បូរទៅដោយសារជាតិបំប៉ន និងប៊ឺរខ្លាំងពេក ព្រោះអាហារ ទាំងនេះអាចបង្កឱ្យឡើងទម្ងន់ យ៉ាងឆាប់រហ័ស។ ត្រូវចៀសវាងចំពោះការទទួលទានគ្រឿងស្រវឹង ព្រោះគ្រឿងស្រវឹងក៏អាចធ្វើឱ្យ លោកអ្នកដុះក្បាលពោះ អ្វីដែលល្អបំផុតនោះគឺត្រូវធ្វើការហាត់ ប្រាណឱ្យបានទៀងទាត់ ដើម្បីការពារកុំឱ្យកើតមានជម្ងឺផ្សេងៗ ជាពិសេសជម្ងឺធាត់។
ដំបូន្មានអ្នកជំនាញ
ប្រជាពលរដ្ឋទូទៅគួរតែការពារខ្លួន ធ្វើយ៉ាងណាកុំឱ្យកើតមានជម្ងឺធាត់ ព្រោះជម្ងឺធាត់នេះបង្កឱ្យកើតមានជម្ងឺជាច្រើនផ្សេង ទៀត ភាគច្រើនសុទ្ធតែជាជម្ងឺដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលត្រូវចំណាយពេលនៅក្នុងការព្យាបាលយូរ ដែលធ្វើឱ្យខាតបង់ទាំងថវិកា និងពេលវេលាផងដែរ។ ប្រសិនបើលោកអ្នកមានឪពុកម្ដាយបងប្អូនកើតមានជម្ងឺធាត់នេះ ឬក៏មានជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ជម្ងឺលើសជាតិខ្លាញ់ លោកអ្នកគួរតែមានវិធីបង្ការការពារ ដើម្បីកុំឱ្យកើតមានជម្ងឺទាំងនេះ អ្វីដែលសំខាន់បំផុតនោះគឺត្រូវតែ ចៀសវាងការកើតមានបញ្ហាធាត់៕
អត្ថបទ និងរូបភាព រក្សាសិទ្ធិដោយ  www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

Photo by LookingTODAY

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន