Monday, March 17, 2014

តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់

0 comments
ភ្នំពេញ ៖ ស្រ្តី២នាក់រងរបួស ម្នាក់បាក់ក ជើងខាងស្តាំ និងម្នាក់ទៀត គ្រេចកជើងខាងស្តាំ បន្ទាប់ពី ជួបនូវឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ រថយន្តកាមរីឆ្លាម បើកបត់ ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក ម៉ូតូមួយគ្រឿង ជិះឌុបគ្នា កាលពីវេលាម៉ោង ៥និង០០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៣ មុខច្រកចូល វិទ្យាស្ថាន វិទ្យាសាស្រ្ត សុខាភិបាល កងយោធពលខេមរភូមិន្ទ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីមន្រ្តី នគរបាល ចុះទៅអន្តរាគមន៍ កន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ អ៊ួយ ចាត អាយុ២៥ឆ្នាំ កម្មការនី រស់នៅ ភូមិអង្គជ័យ ឃុំអង្គជ័យ ស្រុកអង្គជ័យ ខេត្តកំពត ជាអ្នកបើកបរ ម៉ូតូ និងរួមដំណើរដោយ ស្រ្តីម្នាក់ទៀត ពុំបានប្រាប់ឈ្មោះ ត្រូវជាបងប្អូន ជីដូនមួយនឹងគ្នា ។
ចំណែកឯភាគី ខាងរថយន្តបង្កហេតុ មិនហ៊ានប្រាប់ឈ្មោះ ប្រាប់អាស័យដ្ឋានទេ ខ្លាចអ័ព្វ បាក់មុខ ដែលខ្លួនជាតារាចម្រៀង មួយរូប ដែលមិនសូវ ចេញមុខ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញ រថយន្តកាមរីឆ្លាម មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-2709 ជិះដោយស្រ្តីម្នាក់ ដែលគេដឹងថា ជាតារា ចម្រៀង មិនដែលឃើញមុខ បើករថយន្ត ពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ រថយន្តបានបត់ត្រឡប់ក្រោយ ហើយបើកលើ ផ្លូវបញ្ច្រាសទិស ដោយបើកខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូ ជិះដោយស្រ្តី២នាក់ បណ្តាលឲ្យរងរបួស ។
ក្រោយកើតហេតុ ភាគីសងខាង សម្របសម្រួលគ្នា ដោយមិនបានពឹងពាក់ទៅលើ នគរបាលឡើយ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព ៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ។
ដោយឡែក ស្រ្តី បើកបររថយន្តបង្ក ដែលអះអាងថា ជាតារាចម្រៀង ប្រញាប់ធ្វើដំណើរទៅច្រៀងនោះ ក៏បានបើករថយន្ត ចាកចេញទៅបាត់ នៅតែសាច់ញាតិ ទុកឲ្យចរចារ ជាមួយភាគីរងគ្រោះ ៕






No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន