Monday, November 4, 2013

ផលិតកម្ម សាន់ដេ បង្ហាញមុខតារាសម្ដែង ក្នុងរឿង "ព្រាយក្បាល៨" មុនចាប់ផ្ដើមបញ្ចាំង​ (Trailer Inside)

0 comments
ប្រភពពី lookingtoday.com : ភ្នំពេញ៖ នៅពេលខ្សែភាពយន្តរឿង "ព្រាយក្បាល៨" ជាវណ្ណកម្មទី៤ របស់ផលិតកម្ម សាន់ដេ ត្រៀងនឹងចាក់បញ្ចាំង នៅថ្ងៃទី៨ និងទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ ក្រុមតារាសម្ដែងល្បីៗទាំងប្រុស ទាំងស្រី ប្រចាំក្នុងផលិតកម្ម ក៏បានបង្ហាញវត្តមានជាសាធាណៈ ប្រាប់ពីអារម្មណ៍ និងសកម្មភាពសម្ដែងក្នុងខ្សែភាពយន្តនេះ ដែលពួកគេ បានប្រឹងប្រែងបញ្ចេញអស់នូវ ទេពកោសល្យ កំលាំងកាយចិត្តរៀងៗខ្លួន ដើម្បីជាថ្នូរមកវិញ នូវការគាំទ្រខ្លាំងពីមហាជន ទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាជួយឲ្យខ្សែភាពយន្តខ្មែរ កាន់តែមានគុណភាពខ្ពស់។
ជាការកត់សម្គាល់ នៅក្នុងសន្និសីទបង្ហាញមុខតារាចម្រៀង ដែលបានក្លាយជាតារាសម្ដែង ក្នុងខ្សែភាពយន្តរឿង "ព្រាយក្បាល៨" ទាំងអស់នេះ គេបានសង្កេតឃើញថា ផលិតកម្មសាន់ដេ បានរៀបចំឡើង នៅមុខបរិវេណផ្សារទំនើបសុវណ្ណា ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក ឡាយ សុខហុក ចាងហ្វាងផលិតកម្ម លោក ឡាយ សុខចំរើន ប្រធានគ្រប់គ្រងទូទៅ លោក ខេមរៈ ភារុណ អ្នកនិពន្ធបទភ្លេង និងចាត់ការទូទៅ ក្នុងផលិតកម្ម ព្រមទាំងតារាសម្ដែង ក្នុងរឿងនេះ ជាច្រើនដួងទៀត។
លោក ឡាយ សុខចំរើន ប្រធានគ្រប់គ្រងទូទៅ ក្នុងផលិតកម្ម បានថ្លែងថា "ថ្ងៃនេះ ក្រុមហ៊ុន សាន់ដេ ភាពយន្ដមានកិត្តិយស បានប្រារព្ធពិធីសន្និសីតសារព័ត៌មាន ស្ដីអំពីការដាក់បញ្ចាំងខ្សែ ភាពយន្ដខ្នាតធំ ដែលជាវណ្ណាកម្មទី៤របស់ខ្លួន បន្ទាប់ពីរឿង វិញ្ញាណបិសាច ជញ្ជក់ឈាម" ។
លោកបន្តថា "ក្នុងនាមផលិតកម្ម សាន់ដេ យើងខ្ញុំ មានក្ដីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនទស្សនិកជន នឹងបានទស្សនានូវខ្សែភាពយន្ដនេះ ធានាថាល្អមើល បើបានទស្សនា ហើយនឹងចង់ទស្សនាម្ដងទៀត ។ ក្នុងនាមលោក តំណាងឲ្យផលិតកម្ម សាន់ដេ ទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ទស្សនិកជនទាំងអស់ ដែលបានគាំទ្រ នូវបទចម្រៀងខារ៉ាអូខេ និងខ្សែភាពយន្ដរបស់ផលិតកម្ម សាន់ដេ តាំងពីដើមរហូតដល់ពេលនេះ ។ យើងខ្ញុំសង្ឃឹម និងជឿជាក់ថា ទស្សនិកជន នឹងបន្ដការគាំទ្រចំពោះស្នាដៃរបស់ផលិតកម្មយើងខ្ញុំ ទៅថ្ងៃមុខទៀតជាក់ជាមិនខាន "។
ក្រោយពីបានថ្លែងចប់ តារាសម្ដែងក្នុងខ្សែភាពយន្តនេះ ក៏បានបញ្ចេញចំណាប់អារម្មណ៍របស់ពួកគេ រៀងៗខ្លួន ដោយមាន លោក មូល សុវណ្ណគិរី និង កញ្ញា នី មុនីនាថ ជាអ្នកសម្របសម្រួល ក្នុងកម្មវិធី ហើយតារាសម្ដែងទាំងអស់ បានបញ្ជាក់ស្រដៀងៗគ្នាថា ខ្សែភាពយន្តរឿង "ព្រាយក្បាល៨" ធានាថា ពិតជាល្អមើល ពិតជាផ្ទុះសំណើចហើបគូថពីកៅអី ភ័យរន្ធត់ តក់ស្លុត ព្រោះទាំងតារាសម្ដែង ទាំងអ្នកដឹកនាំរឿង បានប្រឹងប្រែងសម្រិតសម្រាំងយ៉ាងពិសេស បំពេញអារម្មណ៍អ្នកទស្សនា មិនឲ្យខកបំណងឡើយ។
គួរបញ្ជាក់ថា ផលិតកម្ម សាន់ដេ នឹងត្រៀមចាក់បញ្ចាំងរឿងថ្មី មានចំណងជើងថា "ព្រាយក្បាល ៨" ដែលជាស្នាដៃទី ៤ របស់ខ្លួន នៅរោងមហោស្រពចេនឡា ថ្ងៃទី ៨ និងថ្ងៃទី៩ វិច្ឆិកា នៅរោងភាពយន្តលុច្យ បន្ទាប់ពីស្នាដៃទាំង ៣ កន្លងមក ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន។
ផលិតកម្ម សាន់ដេ បានទទួលជោគជ័យក្នុងចាក់បញ្ចាំង ខ្សែភាពយន្តជាច្រើនរឿងរួចមកហើយ ដូចជារឿង អង្គុលីមា រឿង ព្រាយដែកគោល និង រឿង វិញ្ញាណបិសាចជញ្ជក់ឈាម ជាដើម ហើយក្នុងស្នាដៃទី៤ គឺរឿង ព្រាយក្បាល៨ នេះ ក៏ជាក្ដីរំពឹងថ្មីមួយទៀត របស់ផលិតកម្ម សាន់ដេ ក៏ដូចជាមហាជន ដែលតែងតែគាំទ្រផលិតកម្មដ៏ធំមួយនេះ ខណៈតារាសម្ដែងក្នុងរឿង និងទិដ្ឋភាពទូទៅ គឺ បែបខ្មោច ព្រាយ បិសាច និងកំប្លុកកំប្លែងតាំងពីដើមរហូតដល់ចប់៕








No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន