កម្មការិនីទាំងពីរនាក់ដែលមុខរបស់ពួកគាត់
សរសេរនិមិត្តសញ្ញាដុល្លារ ចូលរួមនៅក្នុងទិវាពលកម្មអន្តរជាតិ ១
ឧសភា នៅឯសួនសេរីភាព រាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ។ រូបថត ហេង
ជីវ័ន
មនុស្សប្រមាណជាង ៥០០០ នាក់បានប្រមូលផ្តុំគ្នានៅខាងមុខរដ្ឋសភាដែលពួកគេបានដាក់ញត្តិ ជូនតំណាងរាស្រ្ត ដែលទាមទារលក្ខខណ្ឌការងារប្រសើរជាងមុន។ ស្លាកសរសេរដៃមួយរបស់កម្មករម្នាក់បានសរសេរថា៖«គ្រប់រោងចក្រកាត់ ដេរទាំងអស់ត្រូវតែមានវេជ្ជបណ្ឌិតជំនាញ»។ ស្លាកមួយទៀតសរសេរថា៖«រដ្ឋាភិបាលត្រូវចាត់ការដើម្បីគ្រប់គ្រងលើ តម្លៃថ្លៃឈ្នួលផ្ទះជុំវិញរោងចក្រ»។ កម្មករបានថ្លែងថា ការរើសអើងប្រឆាំងបុរសក្នុងវិស័យកាត់ដេរ និងការយាយីផ្លូវភេទលើស្រ្តី ចាំបាច់ត្រូវដោះស្រាយ ហើយកិច្ចសន្យាមានថិរវេលាកំណត់ចាំបាច់ត្រូវបោះបង់ចោល។
ស្ត្រីផ្សព្វផ្សាយស្រាបៀរបានបង្ហាញផលិតផលរបស់ខ្លួនជាស្រាបៀរ មិនមែនខ្លួនប្រាណរបស់ពួកគេទេ ចំណែកឯស្រ្តីរកស៊ីផ្លូវភេទគ្រាន់តែចង់បាននូវការគោរព ប៉ុណ្ណោះ។គណបក្សនយោបាយក៏កំពុងខិតខំចង់បានចំណុចដូចគ្នានេះដែរ។ ក្នុងរយៈពេលតិចជាង ៣ ខែ រហូតដល់ការបោះឆ្នោតតំណាងរាស្រ្តនាខែកក្កដាខាងមុខគណបក្សនយោបាយ បានលើកឡើងពីគោលនយោបាយរបស់ខ្លួនលើលក្ខខណ្ឌការងារនិងប្រាក់ឈ្នួល ដែលទាំងនេះជាបញ្ហាដែលក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ព្យាករថា នឹងជាចំណុចសំខាន់។
ច្បាស់ណាស់ ដោយដឹងអំពីចំណុចនេះក្រុមសហជីពបានអំពាវនាវដល់កម្មករឲ្យគិតគូរ ពិចារណាក្នុងការបោះឆ្នោតនៅ ថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានថ្លែងថា នេះពាក់ព័ន្ធជាពិសេសចំពោះមន្រ្តីរាជការដែលជាញឹកញាប់ទទួលបាន ប្រាក់ខែតិចជាង ៧៥ ដុល្លារ ក្នុងមួយខែ ដែលប្រាក់ ៧៥ ដុល្លារនេះ គឺជាប្រាក់ឈ្នួលអប្បបរមាថ្នាក់ថ្មីសម្រាប់វិស័យកាត់ដេរ។ លោកថ្លែងថា៖ «យើងប្រើរយៈពេល២០ឆ្នាំ ទាមទារលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលកាន់តែល្អប្រសើរ...ប៉ុន្តែពួកគេនៅតែមិនទទួលបាន លក្ខខណ្ឌការងារ និងប្រាក់ឈ្នួលកាន់តែប្រសើរឡើយ។ យើងគិតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្មានគំនិតថ្មីទេ ហើយនេះ គឺជាពេលវេលាក្នុងការរកមេដឹកនាំថ្មី»។
លោក អាត់ ធន់ ប្រធានសហភាពកម្មករកម្ពុជា បានថ្លែងថា អ្នកណាក៏ដោយដែលឈ្នះការបោះឆ្នោត ត្រូវតែដាក់ឲ្យអនុវត្តនូវប្រាក់ឈ្នួលអប្បបរមា១៥០ ដុល្លារក្នុងមួយខែហើយដំឡើងប្រាក់ខែមន្រ្តីរាជការរហូតដល់យ៉ាង តិច២៥០ ដុល្លារក្នុងមួយខែ។
លោកបន្តថា៖ «រដ្ឋាភិបាលថ្មីក៏ត្រូវលុបបំបាត់ការប្រើប្រាស់តុលាការប្រឆាំងនឹង សហជីពនិងអ្នកតវ៉ា ហើយបង្កើតតុលាការការងារ»។
លោកបន្ថែមថា កម្មករត្រូវការយុតិ្តធម៌សម្រាប់កម្មករកាត់ដេរបីនាក់ដែលត្រូវលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតបាញ់កាលពីឆ្នាំមុន។
អ្នកស្រី ស៊ីនឿន កម្មករកាត់ដេរ អាយុ ២៦ ឆ្នាំ ថ្លែងថា អ្នកស្រីបានបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល ហើយចង់ឲ្យមានការផ្លាស់ប្តូរដើម្បីធ្វើឲ្យស្ថានភាពរស់នៅរបស់ នាងក៏ដូចជាកម្មករដទៃទៀតបានប្រសើរឡើង។ អ្នកស្រី ស៊ីនឿន ថ្លែងថា អ្នកស្រីនឹងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឬគណបក្សហ៊្វុនស៊ិនប៉ិច ដែលគណបក្សទាំងពីរសុទ្ធតែបានថ្លែងទៅកាន់ក្រុមកម្មករកាលពីម្សិល មិញ។
លោក កឹម សុខា ប្រធានស្តីទី នៃគណបក្សសង្គ្រោះជាតិបានថ្លែងថា គណបក្សរបស់លោកនឹងដោះស្រាយលក្ខខណ្ឌការងារប្រសិនបើគណបក្សលោកឈ្នះ ។
លោកបញ្ជាក់ថា៖ «គណបក្សសង្គ្រោះជាតិនឹងការពារសិទិ្ធកម្មករពង្រឹងការអនុវត្ត ច្បាប់ការងារនិងដំឡើងប្រាក់ឈ្នួលអប្បបរមាដល់១៥០ ដុល្លារ»។
លោក ទេព នន្នរី តំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងថា លោកគាំទ្រកម្មករ រាប់ទាំងការទាមទាររបស់ពួកគេលើប្រាក់ឈ្នួលអប្បបរមា១៥០ ដុល្លារ។
ក្នុងខេត្តព្រះសីហនុ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនក៏បានថ្លែងអំពីលក្ខខណ្ឌការងារផងដែរ។ លោកបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាបានកើនពី៥០ ដល់៧៥ ដុល្លារ ហើយដោយសារមូលហេតុនេះ គណបក្សកាន់អំណាចមានជំហរល្អក្នុងការធ្វើសេចក្តីសម្រេចអំពី លក្ខខណ្ឌការងារ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងថា៖ «ខ្ញុំគិតថា បញ្ហាការងារវាជាបញ្ហាធំព្រោះបក្សប្រឆាំងបានប្រកាសប្រាក់ឈ្នួល ខ្ពស់។ វាធ្វើឲ្យបក្សកាន់អំណាចត្រូវការពារខ្លួន ហើយប្រសិនបើកម្មករអាចបន្តទាមទារប្រាក់ឈ្នួលវានឹងមានសម្ពាធ»។ លោកថ្លែងថា ការទាមទាររបស់កម្មករគឺសមហេតុផលដោយសារការរីកចម្រើនសេដ្ឋកិច្ច៕ TK
Postkhmer.com
No comments:
Post a Comment